អានតួអត្ថបទ
កម្ពុជា

ការងារ​វាស់វែង​ព្រំដែន​បើក​ច្រក​ស្ទឹងបត់​ចប់​មុន​កំណត់

ក្រុម​ការងារ​វាស់វែង​ព្រំដែន​ដើម្បី​បើក​ច្រក​ព្រំដែន​ស្ទឹងបត់​បាន​បញ្ចប់​ការងារ​របស់​ខ្លួន​ហើយ។ ហើយ​ភាគី​កម្ពុជា​និង​ថៃ​គ្រោង​ចុះ​ហត្ថលេខា​ស្តី​ពី​លទ្ធផល​នៃ​ការងារ​វាស់វែង​ព្រំដែន​នេះ​នៅ​ចុងខែ​មេសា​នេះ។ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គីមហុង​បាន​អះអាង​ថា ការងារ​បើក​ច្រក​ព្រំដែន​ស្ទឹងបត់​កំពុង​ដំណើរការ​យ៉ាង​ល្អ។

លោក វ៉ា គីមហុង​ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន
លោក វ៉ា គីមហុង​ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន © ចាន់ណា/rfi
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ថ្ងៃ​ទី​៥​ខែ​មិនា​មក​ក្រុម​ការងារ​ចម្រុះ​កម្ពុជា​ថៃ បាន​ចាប់ផ្តើម​ធ្វើ​ការងារ​បើក​ច្រក​ព្រំដែន​ស្ទឹងបត់​ក្នុង​ខេត្ត​បន្ទាយមានជ័យ​របស់​កម្ពុជា​ដែល​ឈម​ជាមួយ​ខេត្ត​ស្រះកែវ​របស់​ថៃ។ រដ្ឋាភិបាល​កម្ពុជា និង​ថៃ​បាន​សម្រេច​បង្កើត​ច្រក​ព្រំដែន​អន្តរជាតិ​ស្ទឹងបត់​នេះ​សម្រាប់​ការ​ផ្លាស់ប្តូរ​ទំនិញ ដោយ​ទុក​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ជា​ច្រក​ទេសចរណ៍។ ទេសរដ្ឋ​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គីមហុង​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ​ថា ក្រុម​ការងារ​វាស់វែង​ព្រំដែន​បាន​បញ្ចប់​ការងារ​របស់​ខ្លួន​ហើយ។ ហើយ​ថា ភាគី​កម្ពុជាថៃ​គ្រោង​នឹង​ចុះ​ហត្ថលេខា​នៅចុង​ខែ​មេសា​នេះ លើ​ឯកសារ​ស្តី​ពី​លទ្ធផល​នៃ​ការងារ​វាស់វែង​ព្រំដែន​នេះ។ លោក​វ៉ា គីមហុង​បញ្ជាក់​ថា ការងារ​បោសសំអាត​មីន​ក៏​ត្រូវ​បាន​បញ្ចប់​រួចរាល់​ហើយ​ដែរ។

ទន្ទឹម​នឹង​ការ​អះអាង​ថា ការងារ​បើក​ច្រក​ព្រំដែន​ស្ទឹងបត់​នេះ​ រហូត​ដល់​ពេល​នេះ​កំពុង​ប្រព្រឹត្តិទៅ​យ៉ាង​ល្អ​នោះ លោក​ទេសរដ្ឋ​មន្ត្រី​បញ្ជាក់​ថា ក្រុម​ការងារ​ទាំង​ពីរ​បាន​ធ្វើ​ការ​ចប់​មុន​ផែនការ​ដែល​ត្រូវ​បាន​គ្រោង​ទុក​សម្រាប់​៦០​ថ្ងៃ​នោះ។ ក្រោយ​ពី​បញ្ចប់​ការងារ​វាស់វែង​ព្រំដែន​នេះ ការងារ​បន្ទាប់​នោះ គឺ​កំណត់​ទីតាំង​ច្រក​ទ្វារ​ព្រំដែន និង​ការ​សាងសង់​ស្ពាន​ឆ្លងកាត់​ស្ទឹង​ស៊ីសុផុន​នៅ​ចន្លោះ​ច្រក​ទ្វារ​ទាំងពីរ។ គួរ​បញ្ជាក់​ថា ក្រោយ​ពី​បញ្ចប់​ការងារ​វាស់វែង​ព្រំដែន​ច្រក​ស្ទឹងបត់​នេះ​ហើយ ក្រុម​ការងារ​នេះ​នឹង​ចាប់​ផ្តើម​ការងារ​ស្វែងរក​បង្គោល​ព្រំដែន​​នៅ​ច្រក​ជាំ​សាង៉ាម​ក្នុង​ស្រុក​អន្លង់វែង ដែល​នេះ​គឺ​ជា​ការងារ​បន្ត​នៃ​ការ​ស្វែងរក​បង្គោល​ព្រំដែន​ចាស់​របស់​កម្ពុជាថៃ​សល់​ពី​សម័យ​បារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ