វិបត្តិសេដ្ឋកិច្ចក្រិកបន្តធ្វើឲ្យទីផ្សារហិរញ្ញវត្ថុភ័យស្លន់ស្លោ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:២៩
ក្រុម Eurogroupe បានស្នើឲ្យប្រទេសជាសមាជិករៀបចំប្រុងប្រៀបខ្លួននៅករណីដែលប្រទេសក្រិកចាកចេញពីតំបន់ចាយប្រាក់អឺរ៉ូ។ មូលហេតុនេះបានធ្វើឲ្យប្រាក់អឺរ៉ូធ្លាក់ស្រុតមកនៅ១,២៥ដុល្លារ នៅថ្ងៃព្រហស្បតិ៍ទី២៤ឧសភាឆ្នាំ២០១២នេះដែលជាកម្រិតមួយដ៏ទាបបំផុតចាប់តាំងពីឆ្នាំ២០១០មក។
វិបត្តិសេដ្ឋកិច្ចនិងវិបត្តិហិរញ្ញវត្ថុនៃប្រទេសក្រិកបានបន្តធ្វើឲ្យទីផ្សារហិរញ្ញវត្ថុភ័យស្លន់ស្លោយ៉ាងខ្លាំង ហើយសេចក្តីថ្លែងប្រកាសដ៏ចម្រូងចម្រាសរបស់ប្រមុខដឹកនាំនៃប្រទេសជាសមាជិកនៃក្រុម Eurogroupe ក៏ជាកត្តាអវិជ្ជមានមកបន្ថែមធ្វើឲ្យទីផ្សារហិរញ្ញវត្ថុរឹតតែភ័យបារម្ភកាន់តែខ្លាំងឡើងបន្ថែមទៀត។
ទីផ្សារមូលបត្រនៅអឺរ៉ុបបានស្គាល់ការធ្លាក់ស្រុតចុះខ្លាំងនៅថ្ងៃពុធម្សិលមិញ ទោះបីជានៅថ្ងៃព្រហស្បតិ៍ទី២៤ឧសភានេះបានងើបមុខឡើងបន្តិចឡើងវិញក៏ដោយ។ ទាំងនេះក៏ដោយហេតុតែទីផ្សារហិរញ្ញវត្ថុគ្មានជំនឿថា ជំនួបប្រជុំនៃប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលអឺរ៉ុបនៅល្ងាចថ្ងៃពុធម្សិលមិញនៅទីក្រុងព្រុចសែលនឹងអាចជួយរិះរកដំណោះស្រាយឲ្យវិបត្តិសេដ្ឋកិច្ចនិងវិបត្តិហិរញ្ញវត្ថុនៅប្រទេសក្រិក ហើយនិងនៅប្រទេសអេស្ប៉ាញបានឡើយ។ ជាពិសេសកង្វះឯកភាពនៃជំហររបស់ប្រមុខដឹកនាំនៃប្រទេសសមាជិកនៃក្រុម Eurogroupe ។
រូបិយបណ្ណអឺរ៉ុបបានធ្លាក់មកនៅប្រមាណ១,២៥ដុល្លារក្នុង១អឺរ៉ូនៅថ្ងៃពុធម្សិលមិញនិងនៅថ្ងៃព្រហស្បតិ៍ទី២៤ឧសភានេះ ដែលជាកម្រិតមួយដ៏សែនទាប បើគិតចាប់តាំងពីខែកក្កដាឆ្នាំ២០១០មក។ ហើយគេអាចយល់ដឹងណាស់ថា វិនិយោគិនភ័យបារម្ភពីវិបត្តិសេដ្ឋកិច្ចនិងវិបត្តិហិរញ្ញវត្ថុនៃប្រទេសក្រិក ជាពិសេសនៅពេលដែលថ្ងៃទី១៧មិថុនាឆ្នាំ២០១២ដែលជាថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកសភាក្រិកខិតកាន់តែជិតមកដល់។ ទាំងនេះក៏ពីព្រោះតែប្រជាជនក្រិកនិងអ្នកនយោបាយក្រិកជាច្រើនលែងចង់អនុវត្តនយោបាយថវិកាត្បិតត្បៀតដ៏សែនតឹងរ៉ឹងទៀតហើយ។ រីឯអ្នកដឹកនាំក្រិកសំខាន់ៗមួយចំនួន មានដូចជាមេដឹកនាំបក្សឆ្វេងនិយមដាច់ខាតក្រិកលោក Alexis Tsipras ដែលគេប្រមាណថា អាចជាអ្នកឈ្នះឆ្នោតឡើងមកបង្កើតរដ្ឋាភិបាលក្រិក ក្រោយពីការបោះឆ្នោតសភានៃថ្ងៃទី១៧មិថុនាឆ្នាំ២០១២ បានថ្លែងប្រកាសឲ្យដឹងថា លោកនឹងដាក់ប្រទេសក្រិកឲ្យឋិតនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូដដែល។
មូលហេតុដែលប្រជាជនក្រិកនិងអ្នកនយោបាយក្រិកលែងចង់អនុវត្តនយោបាយថវិកាត្បិតត្បៀតទៀតនោះហើយដែលបាននាំឲ្យប្រមុខដឹកនាំនៃប្រទេសអឺរ៉ុបសំខាន់ៗលេងស្នៀតប្រើធម៌ក្តៅផងនិងប្រើធម៌ត្រជាក់ផងជាមួយប្រទេសក្រិក ដោយក្រុម Eurogroupe បានស្នើឲ្យប្រទេសជាសមាជិករបស់ខ្លួនរៀបចំប្រុងប្រៀបនៅករណីដែលប្រទេសក្រិកចាកចេញពីតំបន់ចាយប្រាក់អឺរ៉ូ។ ទន្ទឹមគ្នានេះ គេឃើញលោកប្រធានាធិបតីបារាំងហ្វ្រង់ស័រហូឡង់និងនាយករដ្ឋមន្ត្រីអាល្លឺម៉ង់លោកស្រីអង់ហ្គែឡាមែរគែលថ្លែងបញ្ជាក់ពីសារៈសំខាន់នៃការរក្សាទុកប្រទេសក្រិកឲ្យឋិតនៅក្នុងតំបន់អឺរ៉ូ។
សំណួរមួយបានលេចឡើងចោទសួរថា តើមានសារៈសំខាន់អ្វីខ្លះ បានជា លោកប្រធានាធិបតីបារាំងនិងលោកស្រីនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ចង់រក្សាទុកប្រទេសក្រិកឲ្យឋិតនៅក្នុងតំបន់អឺរ៉ូយ៉ាងដូច្នេះ?
មូលហេតុគឺគេខ្លាចវិបត្តិសេដ្ឋកិច្ចនិងវិបត្តិហិរញ្ញវត្ថុក្រិក ហើយនិងការដើរចាកចេញរបស់ប្រទេសក្រិកពីតំបន់ចាយប្រាក់អឺរ៉ូ អាចឆ្លងរីករាលដាលដល់ប្រទេសអឺរ៉ុបសំខាន់ៗឯទៀតដែលកំពុងរងគ្រោះដោយវិបត្តិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានដូចជាប្រទេសអេស្ប៉ាញ ប្រទេសព័រទុយហ្កាល ឬប្រទេសអ៊ីតាលី។ ហើយបើប្រទេសទាំងប៉ុន្មានខាងលើនេះធ្លាក់លង់ខ្លួនដូចប្រទេសក្រិកមែន នោះវាជានាទីអវសានរបស់តំបន់អឺរ៉ូ។
បើយោងតាមសេចក្តីថ្លែងការណ៍ផ្សាយឲ្យដឹង ក្រោយពីជំនួបកំពូលនៅទីក្រុងព្រុចសែលកាលពីយប់ថ្ងៃពុធម្សិលមិញ លោកប្រធានាធិបតីបារាំងហ្វ្រង់ស័រហូឡង់បានទាមទារឲ្យមានវិធានការគាំទ្រ “យ៉ាងឆាប់រហ័ស”ដល់កំណើនសេដ្ឋកិច្ចនៃប្រទេសក្រិក។ សហភាពអឺរ៉ុបវិញចង់ឲ្យប្រទេសក្រិកឋិតនៅក្នុងតំបន់អឺរ៉ូ ក៏ប៉ុន្តែឲ្យគោរពកិច្ចព្រមព្រៀងទាំងប៉ុន្មានរបស់ខ្លួន ក្រោយពីការបោះឆ្នោតសភានៅថ្ងៃទី១៧មិថុនាឆ្នាំ២០១២ខាងមុខនេះ។
រីឯនាយករដ្ឋមន្ត្រីអាល្លឺម៉ង់លោកស្រីអង់ហ្គែឡាមែរគែលបានទាមទារ ឲ្យប្រទេសក្រិកគោរពកិច្ចសន្យារបស់ខ្លួន មានជាអាទិ៍ ការកាត់បន្ថយឧនភាពថវិកា ធ្វើកំណែទម្រង់ទៅលើរចនាសម្ព័ន្ធ ជាមុនសិន មុននឹងគិតសម្រេចពីការរក្សាទុកប្រទេសក្រិកឲ្យឋិតនៅក្នុងតំបន់អឺរ៉ូ។៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ