អានតួអត្ថបទ
ក្រិក

វិបត្តិ​នយោបាយ​ក្រិក៖ ឱកាស​ចុងក្រោយ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល

ប្រធានាធិបតី​ក្រិក​​បាន​កោះ​ប្រជុំ​គណបក្ស​ធំៗ​ទាំង៣ នៅថ្ងៃ​អាទិត្យ​នេះ ដើម្បី​ស្វះស្វែង​រក​ការ​សម្របសម្រួល​គ្នា ក្នុងការ​បង្កើត​រដ្ឋាភិបាល និង​បញ្ចៀស​វិបត្តិ​នយោបាយ។ នេះ​គឺ​ជា​ឱកាស​ចុងក្រោយ។ ប្រសិនបើ​គណបក្ស​ទាំង៣ មិន​ស្រុះស្រួលគ្នា​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​មួយទេ ក្រិក​នឹង​ត្រូវ​រៀបចំ​​បោះឆ្នោត​សាជាថ្មី​ម្តងទៀត នៅ​ខែ​មិថុនា។ វិបត្តិ​នយោបាយ​នេះ​អាច​នឹង​​ជំរុញ​ឲ្យ​អឺរ៉ុប​ផ្អាក​ជំនួយដែល​បាន​ព្រមព្រៀងគ្នា​ជាមួយ​ក្រិក។

ប្រធានាធិបតី​ក្រិក (ឆ្វេង) ជួប​ជាមួយ​ប្រមុខដឹកនាំ​គណបក្ស​ឆ្វេងនិយម ថ្ងៃ​អាទិត្យ ១៣ ឧសភា ២០១២
ប្រធានាធិបតី​ក្រិក (ឆ្វេង) ជួប​ជាមួយ​ប្រមុខដឹកនាំ​គណបក្ស​ឆ្វេងនិយម ថ្ងៃ​អាទិត្យ ១៣ ឧសភា ២០១២ REUTERS/Aris Messinis
ផ្សាយពាណិជ្ជកម្ម

គណបក្ស​នយោបាយ​ធំៗ​ទាំង៣​របស់​ក្រិក គឺ​គណបក្ស​ស្តាំនិយម “ប្រជាធិបតេយ្យ​ថ្មី” (New Democracy) គណបក្ស​ឆ្វេងនិយម​ជ្រុល Syriza និង​គណបក្ស​សង្គមនិយម Pasok បាន​ទទួល​សំឡេង​នាំមុខគេ ក្នុងការ​បោះឆ្នោត​សភា កាល​ពីថ្ងៃ​ទី៦ ឧសភា កន្លងទៅនេះ។ ក៏ប៉ុន្តែ មិនមាន​គណបក្ស​ណាមួយ​ទទួល​បាន​សំឡេង​គ្រប់គ្រាន់ ដើម្បី​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់​ឯង។ គណបក្ស​ទាំង៣​នេះ បានប្តូរ​វេនគ្នាម្តងម្នាក់ ដើម្បី​ព្យាយាម​រៀបចំ​រដ្ឋាភិបាល​ចម្រុះ ក៏ប៉ុន្តែ មិនបាន​ជោគជ័យ។

ជាឱកាស​ចុងក្រោយ មុននឹង​ប្រកាស​រៀបចំ​ការ​បោះឆ្នោត​សាជាថ្មី ប្រធានាធិបតី​ក្រិក​បាន​កោះ​ប្រជុំ​គណបក្ស​ទាំង៣​រួមគ្នា ដើម្បី​ព្យាយាម​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​បណ្តោះ​អាសន្ន​មួយ សម្រាប់​រយៈពេល ២ឆ្នាំ ចៀសវាង​​កុំ​ឲ្យ​វិបត្តិ​នយោបាយ​នេះ​អូសបន្លាយ​តទៅទៀត។

គួរ​បញ្ជាក់ថា ​ទាល់​តែ​​គណបក្ស​ទាំង៣​នេះ​ស្រុះស្រួល​​គ្នា​ ទើប​គេ​អាច​រកសំឡេង​គ្រប់គ្រាន់ ក្នុង​រដ្ឋសភា ដើម្បី​បង្កើត​រដ្ឋាភិបាល​បាន។ បើ​សិន​ជាមាន​​តែ​គណបក្ស​ណាមួយ​មិន​ចូលរួម រដ្ឋាភិបាល​នឹង​មិន​អាច​បង្កើត​ឡើង​បានទេ។

បើ​តាម​មើលទៅ គេ​មិនរំពឹង​ថា គណបក្ស​ឆ្វេងនិយម​ជ្រុល (Syriza) នឹង​សុខចិត្ត​ចូលរួម​បង្កើត​រដ្ឋាភិបាល​រួបរួមជាតិនេះទេ។ ម្យ៉ាង គណបក្ស Syriza ប្រឆាំង​នឹង​នយោបាយ​​របស់​អឺរ៉ុប ដែល​តម្រូវ​ឲ្យ​ក្រិក​កាត់បន្ថយ​ការ​ចំណាយ​សាធារណៈ ជា​ថ្នូរ​នឹង​ជំនួយ។ ម្យ៉ាងទៀត យោងតាម​ការ​ស្ទាបស្ទង់មតិ​ថ្មីៗ​នេះ គណបក្ស Syriza អាច​នឹង​ទទួល​បាន​សំឡេង​ច្រើន​ជាងគេ ប្រសិន​បើ​មាន​ការ​បោះឆ្នោត​ម្តងទៀត នៅ​ខែមិថុនា​ខាងមុខនេះ។

គណបក្ស​ឆ្វេងនិយម​ជ្រុល​ក្រិក នៅតែ​បន្ត​ដាក់​លក្ខខណ្ឌ​យ៉ាងដាច់ណាត់​ថា ពួកគេ​សុខចិត្ត​ចូលរួម​បង្កើត​រដ្ឋាភិបាល​ចម្រុះ លុះត្រាតែ​​រដ្ឋាភិបាល​ថ្មីនេះ​​​​លុបកិច្ចព្រមព្រៀង​ជាមួយ​អឺរ៉ុប និង​មូលនិធិរូបិយវត្ថុ​អន្តរជាតិ ​ជុំវិញ​ការ​ផ្តល់​ជំនួយ ជាថ្នូរ​នឹង​ការ​កាត់បន្ថយ​ការ​ចំណាយ។ ចំណែក​ប្រមុខដឹកនាំ​​​អឺរ៉ុប​វិញ​បាន​នាំគ្នា​ព្រមាន​ថា ប្រសិនបើ​ក្រិក​មិន​គោរព​កិច្ចព្រមព្រៀង​នេះ​ទេ ក្រិក​ត្រូវ​តែ​ចាកចេញ​ពី​តំបន់​អឺរ៉ូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ