អានតួអត្ថបទ
លីប៊ី

ពួកឧទ្ទាម​គ្រោង​ចាក់គ្រឹះ​ប្រជាធិបតេយ្យ​នៅ​លីប៊ី ក្រោយ​សករាជ​កាដាហ្វី

ទ័ព​ឧទ្ទាម​ប្រឆាំង​នឹង​របប​កាដាហ្វី​នៅ​លីប៊ី កំពុង​មាន​សង្ឃឹម​កាន់​តែ​ខ្លាំង​ថា​នឹង​អាច​រំដោះ​រដ្ឋធានី​ទ្រីប៉ូលី​បាន នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ នៅ​ក្នុង​បរិបទ​បែប​នេះ ពួក​គេ​បាន​ផ្សព្វផ្សាយ​ផែនទី​ចង្អុល​ផ្លូវ​មួយ​ថ្មី​កាល​ពី​ថ្ងៃ​ពុធ​ទី​១៧​សីហា​ម្សិលមិញ ដើម្បី​រៀប​ចំ​ចាក់​គ្រឹះ​ប្រជាធិបតេយ្យ​នៅ​លីប៊ី ក្រោយ​សករាជ​កាដាហ្វី។

ទាហាន​ឧទ្ទាម​ហែក​រូប​របស់​លោក​កាដាហ្វ៊ី
ទាហាន​ឧទ្ទាម​ហែក​រូប​របស់​លោក​កាដាហ្វ៊ី REUTERS/Bob Strong
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​ឯកសារ​មួយ​ដែល​មាន​កម្រាស់​ជាង​ដប់​ទំព័រ ក្រុមប្រឹក្សា​អន្តរកាល​ជាតិ​CNT ដែល​តំណាង​ទ័ព​ព្រៃ​លីប៊ី បាន​លាត​ត្រដាង​ឲ្យ​ដឹង​នូវ​ផែនការ​របស់​គេ ក្រោយ​ពី​រំដោះ​ប្រទេស​ហើយ។ យោង​ទៅ​តាម​ឯកសារ​នោះ CNT​នឹង​រើ​ទីតាំង​ពី​ទីក្រុង​Benghazi ទៅ​ទីក្រុង​ទ្រីប៉ូលី។ រួច​ហើយ ក្នុង​អំឡុង​ពេល​យ៉ាង​យូរ​៣០​ថ្ងៃ ក្រុម​ប្រឹក្សា​នឹង​តែងតាំង​រដ្ឋាភិបាល​ស្តី​ទី​មួយ។ រដ្ឋាភិបាល​នេះ នឹង​មាន​ពេល​តែ​ប្រាំបី​ខែ​ប៉ុណ្ណោះ ដើម្បី​រៀបចំ​បោះឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​ចំនួន​២០០​នាក់​សម្រាប់​រដ្ឋសភា​ជាតិ​មួយ។ គឺ​នៅ​ពេល​នោះ​ហើយ ដែល​ក្រុម​ប្រឹក្សា​អន្តរកាល​ជាតិ​CNT នឹង​ត្រូវ​រំលាយ​ចោល ដើម្បី​ទុក​ភារកិច្ច​ឲ្យ​រដ្ឋសភា​ជាតិ​ថ្មី​បោះ​ឆ្នោត​តែងតាំង​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស។ នៅ​ទី​បញ្ចប់ រដ្ឋាភិបាល​ថ្មី​នឹង​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​អ្នក​តំណាង​រាស្រ្ត ដើម្បី​ទទួល​ទំនុកទុក​ចិត្ត​ពី​រដ្ឋសភា​ជាតិ។

ផែនទី​ចង្អុល​ផ្លូវ​និង​ចង្អុល​ទិស​ប្រជាធិបតេយ្យ​របស់​CNT​ត្រូវ​បាន​ផ្សព្វផ្សាយ ជួន​ចំ​ពេល​មួយ​ដែល​ពួក​ទ័ព​ឧទ្ទាម​កំពុង​មាន​ប្រៀប​ខ្លាំង​នៅ​លើ​សមរភូមិ។ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ទ័ព​ឧទ្ទាម​បាន​ប្រឹងប្រែង​ផ្តាច់​ផ្លូវ​និង​ច្រក​ចេញ​ចូល​ជុំវិញ​ទីក្រុង​ទ្រីប៉ូលី។ គោលដៅ​គឺ​ខ្ទប់​កុំ​ឲ្យ​ការ​ដឹង​ជញ្ជូន​ស្បៀង​អាហារ​និង​ប្រេងសាំង​ទៅ​ក្នុង​រដ្ឋធានី​អាច​ប្រព្រឹត្ត​ទៅ​បាន។ ទន្ទឹម​នេះ កាល​ពី​ម្សិលមិញ ទ័ព​ឧទ្ទាម​បាន​បើក​ការ​វាយលុក​ទៅ​លើ​ទីក្រុង​Zawiyah ដើម្បី​ដណ្តើម​យក​រោងច័ក្រ​ចម្រាញ់​ប្រេងកាត​ឲ្យ​បាន​មក​វិញ។ ក្នុង​ពេល​នេះ ទីក្រុង​Zawiyah បន្ត​ឋិត​នៅ​ក្រោម​ការ​បាញ់​ផ្លោង​របស់​ទ័ព​កាដាហ្វី ប៉ុន្តែ​ពួក​ឧទ្ទាម​កាន់កាប់​ទីក្រុង​បាន​មួយ​ផ្នែក​ធំ។ នេះ​បើ​យោង​ទៅ​តាម​ប្រភព​ព័ត៌មាន​ស្និទ្ធ​នឹង​ពួក​ឧទ្ទាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ