អានតួអត្ថបទ
ចិន-បារាំង

ហ្វ្រង់ស័រ ហូឡង់​ទៅចិន​ដើម្បី​រឹតចំណង​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​នយោបាយ

លោក​ប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ ហូឡង់ បាន​ធ្វើ​ដំណើរទៅដល់​ប្រទេស​ចិន នៅថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ក្នុង​ដំណើរទស្សនកិច្ច​រយៈពេល ២ថ្ងៃ ក្នុងគោលដៅ​ជាអាទិភាពចំនួន ២ គឺ​រឹតបន្តឹង​ទំនាក់ទំនង​ផ្នែក​នយោបាយ និង​​ស្វះស្វែង​ឲ្យ​ចិន​បើក​ចំហ​ទីផ្សារ សម្រាប់​លក់​​ទំនិញ​បារាំង។ ចំណែក​បញ្ហា​សិទ្ធិមនុស្ស ដែល​ធ្លាប់​តែ​ជា​រឿង​ចម្រូងចម្រាស​នោះ លោក​ប្រធានាធិបតី​បារាំង​ទំនង​ជា​នឹង​មិន​លើកយក​មកធ្វើ​ជា​រឿង​សំខាន់​នោះទេ។

លោក​ហ្វ្រង់ស័រ ហូឡង់ និង​លោក​ស៊ី ជីនពីង នៅ​ក្នុង​ពិធីចុះហត្ថលេខា រវាង​រដ្ឋមន្រ្តី​ចិន និង​បារាំង
លោក​ហ្វ្រង់ស័រ ហូឡង់ និង​លោក​ស៊ី ជីនពីង នៅ​ក្នុង​ពិធីចុះហត្ថលេខា រវាង​រដ្ឋមន្រ្តី​ចិន និង​បារាំង REUTERS/Yohsuke Mizuno/Pool
ផ្សាយពាណិជ្ជកម្ម

លោក​ហ្វ្រង់ស័រ ហូឡង់ គឺ​ជា​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​លោក​ខាងលិចទីមួយ ដែល​លោក​ស៊ី ជីនពីង ប្រធានាធិបតី​ថ្មី​របស់​ចិន ទទួល​ស្វាគមន៍ នៅ​ក្នុង​ទីក្រុង​ប៉េកាំង។ នៅ​ក្នុង​ដំណើរទស្សនកិច្ច ២ថ្ងៃ​នេះ លោក​ហ្វ្រង់ស័រ ហូឡង់ និង​លោក​ស៊ី ជីនពីង គ្រោង​នឹង​ជួបគ្នា រហូតដល់​ទៅ ៣លើក។

គេនៅចាំបាន​ថា នៅ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី កាល​ពី​ឆ្នាំ​ទៅមិញ លោក​ហ្វ្រង់ស័រ ហូឡង់ បាន​រិះគន់​ចិន​យ៉ាងច្រើន ជាពិសេស ជុំវិញ​​ការ​ដែល​រដ្ឋាភិបាល​ចិន​​ធ្វើ​អន្តរាគមន៍ ដើម្បី​ទប់លុយ​យ័ន​មិន​ឲ្យ​ឡើង​ថ្លៃ និង​វិធានការ​ជាច្រើន​ផ្សេងទៀត ដែល​អាជ្ញាធរ​ចិន​បាន​ដាក់ចេញ ដើម្បី​ព្យាយាម​រារាំង​មិន​ឲ្យ​ទំនិញ​បរទេស ចូល​មក​ប្រកួតប្រជែង​ជាមួយ​ទំនិញ​ចិន នៅ​ក្នុង​ទីផ្សារ​ក្នុង​ស្រុកចិន។

នៅ​ក្រោយ​ពេល​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី លោក​ហ្វ្រង់ស័រ ហូឡង់ ប្រាកដ​ជា​បាន​មើល​ឃើញ​ច្បាស់ អំពី​សារៈសំខាន់ ដែល​មិន​អាច​ខ្វះបាន នៃ​ទំនាក់ទំនង​បារាំង-ចិន។ សារៈសំខាន់ នៃ​ដំណើរទស្សនកិច្ច​របស់​លោក​ហូឡង់ ទៅកាន់​ប្រទេស​ចិន នៅពេលនេះ ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាងច្បាស់ តាមរយៈ គណៈប្រតិភូ ដែល​អមដំណើរ​របស់​លោក គឺ​រួមមាន​រដ្ឋមន្រ្តី​យ៉ាងតិច ៨រូប និង​ប្រធាន​ក្រុមហ៊ុន​បារាំង រហូតដល់​ទៅ​ប្រមាណ​ជា ៦០នាក់។

សម្រាប់​លោក​ហូឡង់ ការ​បង្កើន​ទំនាក់ទំនង​នយោបាយ និង​សេដ្ឋកិច្ចជាមួយចិន គឺ​ជា​អាទិភាព​ដ៏​ចម្បងបំផុត ពីព្រោះ​ថា បារាំង​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ចិន​តិចតួចណាស់ បើធៀប​នឹង​ប្រទេស​មហាអំណាច​លោកខាងលិច​ផ្សេងទៀត ដូចជា អាល្លឺម៉ង់​ជាដើម។ ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ចិន និង​បារាំង គឺ​មាន​តែ​ប្រមាណ​តែ​ជាង ១%​ប៉ុណ្ណោះ នៃ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់ចិន ក្នុង​ពេល​ដែល​ការដោះដូរ​ពាណិជ្ជកម្ម​ចិន-​អាល្លឺម៉ង់ មាន​ដល់​ទៅ ៥%។ ជាងនេះ​ទៅទៀត នៅ​ក្នុង​ការដោះដូរ​ពាណិជ្ជកម្ម​ជាមួយ​ចិន​នេះ បារាំង​ក៏​នៅ​មាន​ការ​យឺតយ៉ាវ​ខ្លាំង​ដែរ ពោលគឺ បារាំង​​នាំទំនិញ​ចេញទៅលក់​នៅ​ចិន តិច​ជាង​ការនាំចូល​ទំនិញ​ពី​ចិន រហូតដល់​ទៅ ២៦ពាន់លាន​អឺរ៉ូ ក្នុងមួយឆ្នាំៗ។

នៅ​ក្នុង​ពេល​ដែល​សេដ្ឋកិច្ច​របស់​បារាំង​កំពុងតែ​ត្រដរខ្យល់​ ដូចជា​ពេល​បច្ចុប្បន្ន​នេះ ការ​ស្វះស្វែង​ឲ្យ​ចិន​បើក​ចំហ​ទីផ្សារ ដើម្បី​លក់​ទំនិញ​បារាំង គឺ​ជា​អាទិភាព​ដ៏​ចម្បងមួយ​របស់​រដ្ឋាភិបាល​លោក​ហ្វ្រង់ស័រ ហូឡង់។

នៅ​ក្នុង​ដំណើរទស្សនកិច្ច នៅ​ពេលនេះ ក្រៅពី​ការ​ព្យាយាម​ស្វែងយល់គ្នា​ជាមួយ​នឹង​មេដឹកនាំ​ចិន ដើម្បី​រឹតចំណង​ទាក់ទងគ្នា សម្រាប់​រយៈពេល​វែង លោក​ហ្វ្រង់ស័រ ហូឡង់ និង​គណៈប្រតិភូ​អមដំណើរ ក៏​នឹង​ព្យាយាម​ផងដែរ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​កិច្ចសន្យា​មួយចំនួន ជាពិសេស ការ​លក់​យន្តហោះ​ប្រភេទ Airbus 320 និង​កិច្ចសន្យា​ក្នុង​វិស័យ​នុយក្លេអ៊ែរ​ស៊ីវិល។

ចំណែក​រឿង​គោរពសិទ្ធិមនុស្ស នៅ​ចិន​វិញ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​បារាំង​បាន​អះអាង កាល​ពី​មុន​ចេញ​ដំណើរទៅចិន​ថា លោក​ហ្រ្វង់ស័រ ហូឡង់ ប្រាកដ​ជា​នឹង​លើកយក​រឿងនេះ​ទៅ​ជជែក​ជាមួយ​មេដឹកនាំ​ចិន ក៏ប៉ុន្តែ លោក​ប្រមុខការទូតបារាំង​ក៏​បាន​បង្ហើប​ឲ្យដឹង​ផងដែរ​ថា ការលើកឡើង​ពី​បញ្ហា​សិទ្ធិមនុស្ស​នេះ​ លោក​ប្រធានាធិបតី​បារាំង​នឹង​ធ្វើ​ដោយ​ប្រយ័ត្នប្រយែង ដើម្បី​ចៀសវាង​កុំ​ឲ្យ​ចិន​អាក់អន់ចិត្ត ដែល​អាច​នាំ​ឲ្យ​ខូច​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ