អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ការបោះឆ្នោត​នៅ​ម៉ាលី៖ ឱកាស​វិល​ត្រឡប់​ទៅរក​គន្លង​ប្រជាធិបតេយ្យ​ឡើងវិញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​អាទិត្យ​ចុងសប្តាហ៍​​នេះ ក្រៅពីការបោះឆ្នោត​ជាតិ​នៅ​កម្ពុជា នៅមាន​ការ​បោះឆ្នោត​សំខាន់​មួយ​ទៀត​នៅ​អាហ្វ្រិក គឺ​ការ​បោះឆ្នោត​ប្រធានាធិបតី​ នៅ​ក្នុង​ប្រទេស​ម៉ាលី។ ការបោះឆ្នោត ដែល​ជា​ឱកាស​មួយ សម្រាប់​ឲ្យ​ប្រទេស​ក្រីក្រ​មួយ​នេះ​វិលត្រឡប់​ទៅ​រក​គន្លង​ប្រជាធិបតេយ្យ និង​ស្គាល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឡើងវិញ។

ម៉ាលី​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​ជុំទីមួយ នៅថ្ងៃ​អាទិត្យ ២៨ កក្កដា ២០១៣
ម៉ាលី​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​ជុំទីមួយ នៅថ្ងៃ​អាទិត្យ ២៨ កក្កដា ២០១៣
ផ្សាយពាណិជ្ជកម្ម

ម៉ាលី ស្ថិត​នៅ​ក្នុង​តំបន់​អាហ្វ្រិក​ខាងលិច ក៏ដូចជា​ប្រទេស​ជាច្រើន​ផ្សេងទៀត​នៅ​អាហ្វ្រិក គឺ​ជា​អតីត​ប្រទេស​ស្ថិត​ក្រោម​អាណានិគម​បារាំង។ ក្រោយ​ពី​ទទួល​បាន​ឯករាជ្យ​ពី​បារាំង នៅ​ឆ្នាំ​១៩៦០ ម៉ាលី​ត្រូវ​ធ្លាក់​ទៅក្នុង​ស្ថានភាព​តោកយ៉ាក ប្រឈមមុខ​នឹង​គ្រោះ​រាំងស្ងួត អំពើ​បះបោរ​ក្នុង​ប្រទេស រដ្ឋប្រហារ​យោធា និង​ការដឹកនាំ​បែប​ផ្តាច់ការ​យោធា​អស់រយៈពេល ២៣ឆ្នាំ។

នៅ​ឆ្នាំ​១៩៩២ របបសឹក​ត្រូវ​បាន​ផ្តួលរំលំ ហើយ​ការបោះឆ្នោត​ប្រជាធិបតេយ្យ​មួយ​ក៏​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង ដើម្បី​ជ្រើសរើស​ប្រធានាធិបតី ដែល​មាន​អាណត្តិ ៥ឆ្នាំ ហើយ​​ដែល​មាន​ការ​កំណត់​រយៈពេល​កាន់អំណាច​ ត្រឹម​ពីរ​អាណត្តិ។

ចាប់តាំង​ពីពេលនោះមក ម៉ាលី​ស្គាល់​នូវ​ការរីកចម្រើន​ខាងលទ្ធិប្រជាធិបតេយ្យ ការផ្លាស់ប្តូរ​មេដឹកនាំ​ពីមួយទៅមួយ​បាន​ធ្វើឡើង​ដោយ​សន្តិវិធី តាមរយៈ​ការ​បោះឆ្នោត សេដ្ឋកិច្ច​ក៏​មាន​អត្រា​កំណើន​ខ្ពស់ ហើយ​សង្គម​ក៏​មាន​ស្ថិរភាព។

ក៏ប៉ុន្តែ មកដល់​ឆ្នាំ​២០១២ ម៉ាលី​ក៏​ត្រូវ​ធ្លាក់​ទៅក្នុង​ភាព​ចលាចល និង​អនាធិបតេយ្យ​ឡើងវិញ។ ដើមឆ្នាំ​២០១២ ក្រុមឧទ្ទាម​ Touareg បាន​បើក​ការ​វាយប្រហារ​ដណ្តើម​កាន់កាប់​តំបន់​ប៉ែក​ខាងជើង​ម៉ាលី ហើយ​ក្នុង​ពេល​ជាមួយគ្នា នៅ​ឯបាម៉ា​កូឯណេះវិញ នៅ​សល់តែ​មួយខែ​ទៀត​ត្រូវ​ដល់​ពេល​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី ស្រាប់​តែ​ប្រធានាធិបតី​ចាស់​ដែល​ផុតអាណត្តិ ត្រូវ​បាន​ក្រុម​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​តំណែង។

វិបត្តិនយោបាយ​នេះ​ធ្វើ​ឲ្យ​ម៉ាលី​ត្រូវ​បាត់បង់​ការគ្រប់គ្រង​ទាំងស្រុង នៅ​ប៉ែក​ខាង​ជើង​ប្រទេស។ សូម្បីតែ​រដ្ឋធានីបាម៉ាកូ​ក៏​ត្រូវ​ក្រុមឧទ្ទាម​ប៉ងវាយកាន់កាប់​ដែរ បើ​សិន​ជា​គ្មាន​អន្តរាគមន៍​យោធា​របស់​បារាំង។ ភាពចលាចល​ក្នុង​រយៈពេល ១៨ខែ​កន្លងទៅនេះ ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ម៉ាលី​ត្រូវ​ធ្លាក់​ដុនដាប​យ៉ាងខ្លាំង។ អ្នក​ទេសចរ​ក៏​លែង​មាន​ធ្វើ​ឲ្យ​ប្រជាជន​បាត់បង់​ចំណូល អ្នកវិនិយោគបរទេស​ក៏នាំគ្នា​ផ្អាក​ការរកស៊ី​ ហើយ ដោយសារ​តែ​មាន​រដ្ឋប្រហារ ​ជំនួយ​អន្តរជាតិ​ស្ទើរតែ​ទាំងអស់​​ក៏​ត្រូវ​កាត់ផ្តាច់។ ប្រជាជន​ម៉ាលី ដែល​កំពុង​ប្រឈមមុខ​នឹង​ភាព​ក្រីក្រ​ខ្លាំង​ស្រាប់ ក៏​កាន់តែមាន​ជីវភាព​ធ្លាក់ចុះ​ដុនដាប​ខ្លាំងឡើង​ថែមទៀត។ អត្រា​នៃ​ភាព​ក្រីក្រ​នៅ​ម៉ាលី ក្នុង​ពេល​បច្ចុប្បន្ន​នេះ ​មាន​​រហូតដល់​ទៅ​ជិត ៤៣% មានន័យថា ក្នុង​ចំណោម​ប្រជាជន​ម៉ាលី​សរុបទាំង ១៥លាននាក់ មាន​រហូត​ដល់​ទៅ​ជិត​ពាក់​កណ្តាល ដែល​កំពុ​ង​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ។

នៅពេលនេះ ក្រោម​ជំនួយ​ពី​កងទ័ព​បារាំង និង​កងទ័ព​មក​ពី​ប្រទេស​ផ្សេងទៀត​នៅ​អាហ្វ្រិក តំបន់​ខាងជើង​ម៉ាលី​ត្រូវ​បាន​រំដោះ​ចេញ​ពី​ដៃ​ពួក​ភេរវជន និង​ក្រុម​ឧទ្ទាម​មកវិញ ហើយ​ក្រោម​សម្ពាធ​របស់​បារាំង អាជ្ញាធរ​ម៉ាលី​ក៏​បាន​សុខចិត្ត​រៀបចំ​ធ្វើការ​បោះឆ្នោត​​ប្រធានាធិបតី​ឡើងវិញ។ នៅ​ថ្ងៃ​អាទិត្យ​​នេះ ពលរដ្ឋ​ម៉ាលី ចំនួន ៧លាននាក់ ដែល​គ្រប់​អាយុ​បោះឆ្នោត​ នឹង​ត្រូវ​ចេញ​ទៅ​បោះឆ្នោត ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​របស់​ខ្លួន ហើយ​ប្រសិនបើ​គ្មាន​បេក្ខជន​ណាមួយ​ទទួល​បាន​សំឡេង​គាំទ្រ​លើស​ពី ៥០%​ទេ ការបោះឆ្នោត​​ជុំទីពីរ នឹង​ត្រូវ​រៀបចំ​ធ្វើ​ នៅ​ថ្ងៃទី១១ ខែ​សីហា​ខាងមុខ។

ការបោះឆ្នោត​នេះ គឺ​ជា​ឱកាស​ដ៏សំខាន់​មួយ សម្រាប់​ម៉ាលី ក្នុងការ​វិលត្រឡប់​ទៅ​រក​គន្លង​ប្រជាធិបតេយ្យ​ឡើងវិញ បាន​ទទួល​ជំនួយ​អន្តរជាតិ​ឡើងវិញ និង​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ឡើងវិញ ដើម្បី​ឈាន​ទៅ​កាត់បន្ថយ​ភាព​ក្រីក្រ។

ក៏ប៉ុន្តែ អ្នក​សង្កេតការណ៍​ជាច្រើន​បាន​បង្ហាញ​នូវ​ក្តីព្រួយបារម្ភ ចំពោះ​ដំណើរការ​បោះឆ្នោត​នៅ​ម៉ាលី​ពេលនេះ ដោយសារ​តែ​គេមើលឃើញ​ថា ការបោះឆ្នោត​នេះ​ហាក់ដូចជា​រៀបចំ​ធ្វើ​ដោយ​តក់ក្រហល់​ខ្លាំង​ពេក ដោយ​មិនមាន​ពេល​រៀបចំ​ឲ្យ​បាន​​ស្រួលបួល។ បញ្ហា​សន្តិសុខ​នៅ​តែ​ចោទ​ឡើងខ្លាំង ដោយ​នៅ​តំបន់​ខ្លះ ទាហាន​រដ្ឋាភិបាល​ម៉ាលី នៅតែ​មិន​ទាន់​អាច​គ្រប់គ្រង​បាន​ពេញលេញ​នៅឡើយ។ ចំណែក​ឯ​ការ​រៀបចំ​​បញ្ជី​ឈ្មោះ​អ្នក​​បោះឆ្នោត​វិញ ក៏​មាន​បញ្ហា​ចម្រូងចម្រាស​ច្រើន​ ក្នុង​ចំណោម​បេក្ខជន​ប្រធានាធិបតី។

បញ្ហា​ទាំងនេះ ធ្វើ​ឲ្យ​គេ​មាន​ការ​ព្រួយបារម្ភ​​ខ្លាចក្រែង​មាន​ការ​តវ៉ា​​​ផ្ទុះឡើង នៅ​ក្រោយ​ការ​បោះឆ្នោត ដែល​អាច​នឹង​រុញ​ម៉ាលី​ឲ្យ​ធ្លាក់ទៅ​ក្នុង​វិបត្តិ​នយោបាយ​សាជាថ្មីទៀត ហើយ​ម៉ាលី​អាច​នឹង​ត្រូវ​បាត់បង់​ឱកាស ក្នុងការ​វិលត្រឡប់​ទៅ​រក​គន្លង​ប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ