អានតួអត្ថបទ
ថៃ

លោកស្រី​យីងឡាក់​ចូលខ្លួន​ឆ្លើយ​បំភ្លឺ​រឿង​ពុករលួយ​នៅ​ចំពោះ​មុខ​គណៈកម្មការ​ប្រឆំាងអំពើពុករលួយ

នៅ​ថ្ងៃ​ចន្ទ ទី៣១ មីនា​នេះ លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ​យីងឡាក់​បាន​ចូល​ការពារ​ខ្លួន​នៅ​ចំពោះ​មុខ​គណៈកម្មការ​ប្រឆំាង​អំពើពុករលួយ​ដែល​បាន​ចោទ​លោកស្រី​ពី​បទ​ធ្វេសប្រហែស​នៅ​ក្នុង​កម្មវិធី​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ដល់​ប្រជាកសិករ។ ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ក្រោយ​ពី​មាន​បាតុកម្ម​តវ៉ា​របស់​ប្រជាកសិករ​ដែល​បាន​ចោទ​រដ្ឋាភិបាល​របស់​លោកស្រី​យីងឡាក់​ពី​បទ​មិន​បាន​គោរព​តាម​ពាក្យសន្យា។ នេះ​ជា​សំណុំរឿង​មួយ​ដែល​នឹង​អាច​ឈាន​ដល់​ការ​ទម្លាក់​លោកស្រី​ចេញ​ពី​អំណាច​ដូច​ដែល​ក្រុមប្រឆំាង​ចង់​បាន។

លោកស្រី​យីងឡាក់​ចូលខ្លួន​ឆ្លើយ​បំភ្លឺ​រឿង​ពុករលួយ​នៅ​ចំពោះ​មុខ​គណៈកម្មការ​ប្រឆំាងអំពើពុករលួយ
លោកស្រី​យីងឡាក់​ចូលខ្លួន​ឆ្លើយ​បំភ្លឺ​រឿង​ពុករលួយ​នៅ​ចំពោះ​មុខ​គណៈកម្មការ​ប្រឆំាងអំពើពុករលួយ Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ទីបំផុត និង​បើ​ទោះ​បី​ជា​កំពុង​មាន​របួស​ជើង​ដើរ​ខ្លួន​ឯង​មិន​រួច​ក៏​ដោយ ក៏​លោកស្រី​យីងឡាក់​បាន​សម្រេច​ចិត្ត​ជិះ​រទេះ​រុញ​ចូល​ក្នុង​អគារ​របស់​គណៈកម្មការ​ប្រឆំាង​អំពើពុករលួយ​តាម​ដីកា​កោះហៅ។ អមដំណើរ​ដោយ​មេធាវី​មួយ​ក្រុម​របស់​លោកស្រី លោកស្រី​យីងឡាក់​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ជាមួយ​ក្រុមអ្នកកាសែត​ដែល​បាន​ឈរ​ត្រៀបត្រា​នៅ​ពី​មុខ​អគារ​របស់​គណៈកម្មការ​ប្រឆំាង​អំពើ​ពុករលួយ​នោះ​ទេ។ បន្ទាប់​ពី​បាន​មាន​វត្តមាន​ប្រមាណ​ជា ១០នាទី​នៅ​ចំពោះ​មុខ​គណៈកម្មការ និង​ទុក​សំណុំឯកសារ​ជា​ច្រើន​កេះ​ឲ្យ​គណៈកម្មការ​រួច​មក លោកស្រី​យីងឡាក់​ក៏​បាន​ធ្វើ​ដំណើរ​ចេញ​មក​ក្រៅ​វិញ​ដោយ​មិន​បាន​និយាយ​ស្តីអ្វី​ទំាង​អស់។ តែ​លោក​ប៉ាឌី ប៉ូធីស៊ីរី សមាជិក​ម្នាក់​នៃគណៈកម្មការ​ប្រឆំាង​អំពើ​ពុករលួយ​បាន​ពន្យល់​បក​ស្រាយ​ថា លោកស្រី​យីងឡាក់​បាន​ស្នើសុំ​គណៈកម្មការ​ឲ្យ​ទុក​ពេល​បន្ថែម​ទៀត​សម្រាប់​ក្រុមមេធាវី​របស់​លោកស្រី​ក្នុង​ការ​កសាង​សំណុំរឿង​ឲ្យ​បាន​គ្រប់គ្រាន់ ពិសេស​លោកស្រី​ត្រូវ​ការ​សួរ​សាក្សី​ចំនួន ១០នាក់​បន្ថែម​ទៀត។

គួរ​រម្លឹក​ជូន​ថា គណៈកម្មការ​ប្រឆំាង​អំពើពុករលួយ​បាន​ចោទ​ប្រកាន់​លោកស្រី​យីងឡាក់​ពីបទ​ធ្វេសប្រហែស​នៅ​ក្នុង​កម្មវិធី​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ដល់​ប្រជាកសិករ។ យោង​តាម​គណៈកម្មការ កម្មវិធី​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ដល់​ប្រជាកសិក តាមរយៈ​ការ​ជួយ​ទិញ​អង្ករ​ពី​ប្រជាជន​ក្នុង​តម្លៃ ថ្លៃ​ជាង​តម្លៃទីផ្សារ​ជាង​៥០​ភាគរយ​នោះ បាន​ជំរុញ​ឲ្យ​មាន​កំណើន​អំពើ​ពុករលួយ និង​បាន​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកា​រាប់ពាន់​លាន​ដុល្លារ ព្រម​ទំាង​បាន​ធ្វើ​ឲ្យ​ថៃ​បាត់បង់​ឈ្មោះ​ជា​ប្រទេស​ទីមួយ​នាំ​អង្ករ​ចេញ​ក្នុង​លោក​ទៀត​ផង។ ជាមួយ​គ្នា​នេះ អង្ករ​ដែល​រដ្ឋាភិបាល​បាន​ទិញ​ស្តុក​ទុក​ចំនួន​ជាង ១៨លានតោន​ក៏​មិន​អាច​លក់​ចេញ​ដែរ ដោយសារ​តែ​មាន​តម្លៃ​ថ្លៃ​ខ្ពស់​ពេក។

នៅ​ក្នុង​សំណុំរឿង​ដ៏​ស្មុគស្មាញ​នេះ លោកស្រី​យីងឡាក់​ក៏​ធ្លាប់​បាន​ចេញ​មុខ​អះអាង​ម្តង​ជា​ពីរ​ដង​ថា លោកស្រី​ជា​មនុស្ស​ស្អាតស្អំ មិន​មាន​ជាប់ពាក់ព័ន្ធ​នឹង​រឿង​ពុករលួយ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ កាល​ពី​សប្តាហ៍​កន្លង​មក លោកស្រី​យីងឡាក់​បាន​សរសេរ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​បរិហារ​ពី​ភាព​លំអៀង​របស់​គណៈកម្មការ​ប្រឆំាង​អំពើពុករលួយ។ តែ​យ៉ាង​ណា​ក៏​ដោយ ដំណើរការ​តាម​និតិវិធី​ច្បាប់​នេះ​នឹង​អាច​ធ្វើ​ឲ្យ​លោកស្រី​យីងឡាក់​ខ្ទាត​ចេញ​ពី​តំណែង​នាយករដ្ឋមន្រ្តី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ