អានតួអត្ថបទ
ថៃ

បក្សប្រឆាំង​ថៃ​មិន​គាំទ្រ​ការ​បោះឆ្នោត​សាថ្មី​ហើយ​ទាមទារ​ឲ្យ​លោកស្រី​យីងឡាក់​ចុះ​ពី​តំណែង

គណបក្ស​ប្រឆាំង​ថៃ គឺ​គណបក្ស​ប្រជាធិបតេយ្យ​ ដឹកនាំ​ដោយ​លោក​អតីត​នាយករដ្ឋមន្រ្តី​អាភិស៊ីត វេចាជីវ៉ា បានប្រកាស​ច្រានចោល​ផែនការ​របស់​រដ្ឋាភិបាល ក្នុងការ​រៀបចំ​​ការ​បោះឆ្នោត​​ឡើង​វិញ ដែល​នឹង​ត្រូវ​ធ្វើ​នៅខែ​កក្កដា​ខាងមុខនេះ​។ ផ្ទុយទៅវិញ មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​បាន​ទាមទារ​​ឲ្យ​លោកស្រី​នាយករដ្ឋមន្រ្តី​​យីងឡាក់ ចុះចេញ​ពី​តំណែង ហើយ​បង្កើត​រដ្ឋាភិបាល​បណ្តោះអាសន្ន​មួយ​​ឲ្យ​គ្រប់គ្រង​ប្រទេស​ជំនួស​វិញ។

លោក​អាភិស៊ីត វេចាជីវ៉ា នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ថ្ងៃ​សៅរ៍ ៣ឧសភា ២០១៤
លោក​អាភិស៊ីត វេចាជីវ៉ា នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ថ្ងៃ​សៅរ៍ ៣ឧសភា ២០១៤ REUTERS/Chaiwat Subprasom
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​ និង​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​ថៃ បាន​សម្រេច​ កាលពីថ្ងៃ​ពុធ ថា នឹង​រៀបចំ​ការ​បោះឆ្នោត​សាជាថ្មី​ឡើងវិញ នៅថ្ងៃ​ទី២០ ខែកក្កដា ខាងមុខ​នេះ ក្រោយ​ពី​ការ​បោះឆ្នោត កាល​ពី​ខែកុម្ភៈ​ ត្រូវ​តុលាការ​ធម្មនុញ្ញ​ប្រកាស​ទុក​ជា​មោឃៈ។ ការបោះឆ្នោត ដែល​កាលណោះ​ត្រូវ​ទទួល​រងនូវ​ការ​រំខាន​ពី​សំណាក់​ក្រុម​បាតុករ​ស្និទ្ធ​នឹង​បក្ស​ប្រឆាំង ហើយ​គណបក្ស​ប្រជាធិបតេយ្យ​ផ្ទាល់​ក៏​បាន​ធ្វើ​ពហិការ​មិន​ចូលរួម។

ចំពោះ​ការ​បោះឆ្នោត​ឡើងវិញ នៅ​ខែ​កក្កដា​ខាងមុខនេះ គណបក្ស​ប្រឆាំង​ថៃ​ក៏​បាន​ប្រកាស​ច្រានចោល​ជាមុន​ផងដែរ ដោយ​នៅថ្ងៃ​សៅរ៍​នេះ ​លោក​អាភិស៊ីត វេចាជីវ៉ា ប្រមុខដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ បាន​ទាមទារ​ឲ្យ​លោកស្រី​យីងឡាក់​ចុះចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្រ្តី​ចាំផ្ទះ ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​បង្កើត​រដ្ឋាភិបាល​បណ្តោះអាសន្ន​មួយជំនួសវិញ។

តាមគំនិត​របស់​លោក​អាភិស៊ីត រដ្ឋាភិបាល​បណ្តោះអាសន្ន​នេះ​នឹង​ចាត់ចែង​ឲ្យ​មាន​ការ​ជជែក​ពិភាក្សា​លើ​កំណែទម្រង់​ប្រព័ន្ធនយោបាយ​ស៊ីជម្រៅ ដើម្បី​ដាក់​ឲ្យ​ប្រជាពលដ្ឋ​អនុម័ត​តាម​រយៈ​ការ​បោះឆ្នោត​ប្រជាមតិ ហើយ​បន្ទាប់​មក ទើប​រៀបចំ​ការ​បោះឆ្នោត​តំណាងរាស្រ្ត​ជាក្រោយ។

តាមពិត​ សំណើ​របស់​ប្រមុខបក្ស​ប្រឆាំង​ថៃ​នេះ មិនខុស​ពី​ការ​ទាមទារ​របស់​មេដឹកនាំ​ក្រុម​បាតុករ​អាវលឿង​នោះដែរ។ កន្លងមក មេដឹកនាំ​ក្រុម​បាតុករ​អាវលឿង គឹ​លោក​ស៊ូថេប ធឿកស៊ូបាន ​​ តែងតែ​បាន​ទាមទារ​ឲ្យ​លោកស្រី​យីងឡាក់​ ប្រគល់​អំណាច​ទៅ​ឲ្យ “ក្រុមប្រឹក្សា​ប្រជាជន” មួយ ដែល​ជា​ស្ថាប័ន​មិនកើត​ចេញ​ពី​ការ​បោះឆ្នោត ដើម្បី​ជា​អ្នក​រៀបចំ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​នយោបាយ។

គួររំឭកឡើងវិញ​ថា លោក​អាភិស៊ីត ព្រមទាំង​គណបក្ស​ប្រជាធិបតេយ្យ​ ធ្លាប់​ទទួល​រងនូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​រួចមកហើយ នៅ​ពេល​ដែល​គណបក្ស​នេះ​​​ធ្វើ​ពហិការ​មិនចូលរួម​​ក្នុងការ​បោះឆ្នោត​​ កាលពី​ខែ​កុម្ភៈ​កន្លងទៅ ដោយ​អ្នក​រិះគន់​បាន​លើកឡើង​ថា ការធ្វើ​ពហិការ​របស់​បក្ស​ប្រឆាំង​កំពុងតែ​ធ្វើ​ឲ្យ​វិបត្តិ​នយោបាយ​ថៃ​អូសបន្លាយ​ពេល​កាន់តែ​យូរ​ដោយ​គ្មាន​ដំណោះស្រាយ ហើយ​លទ្ធិប្រជាធិបតេយ្យ​ថៃ ដែល​កំពុងតែ​ផុយស្រួយ​ស្រាប់ ក៏​កាន់តែ​រង្គោះរង្គើ​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ