អានតួអត្ថបទ
អឺរ៉ុប

ទីផ្សារ​ហិរញ្ញវត្ថុ​កំពុង​ទន្ទឹង​រង់ចាំ​មើល​លទ្ធផល​ប្រជុំ​របស់​ធនាគារ​កណ្តាល​អឺរ៉ុប

ក្រុមប្រឹក្សា​ភិបាល​នៃ​ធនាគារ​កណ្តាល​សហភាព​អឺរ៉ុប​ត្រូវ​ជួប​ប្រជុំគ្នា នៅថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​​កំណត់​នយោបាយ​រូបិយវត្ថុ​របស់​តំបន់​ចាយលុយ​អឺរ៉ូ ហើយ​មជ្ឈដ្ឋាន​ទីផ្សារ​ហិរញ្ញវត្ថុ​រំពឹង​ថា ធនាគារ​កណ្តាល​អឺរ៉ុប​នឹង​ចាត់​​​វិធានការ ​​ជួយ​សម្រាល​បន្ទុក​ប្រទេស​ជា​សមាជិកមួយ​ចំនួន​ ជាពិសេស អេស្ប៉ាញ ដែល​កំពុង​ជួប​វិបត្តិ ដោយសារ​តែ​​អត្រាការប្រាក់​នៃ​មូលបត្រ​បំណុល​រដ្ឋ​កំពុង​កើនឡើង​ខ្លាំង។

លោក​ Mario Draghi អគ្គទេសាភិបាល​នៃ​ធនាគារ​កណ្តាល​សហភាព​អឺរ៉ុប
លោក​ Mario Draghi អគ្គទេសាភិបាល​នៃ​ធនាគារ​កណ្តាល​សហភាព​អឺរ៉ុប Reuters
ផ្សាយពាណិជ្ជកម្ម

ជាទូទៅ នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍​នេះ ធនាគារ​កណ្តាល​អឺរ៉ុប​តែងតែ​ប្រកាស​អំពី​ការ​កំណត់​អត្រាការប្រាក់​របស់​ធនាគារ​កណ្តាល​ថា តើ​ត្រូវ​ទុក​ឲ្យ​នៅ​ដដែល ដំឡើង ឬ​ក៏​ត្រូវ​បញ្ចុះ? ក៏ប៉ុន្តែ ដោយ​មើល​ទៅលើ​ស្ថានភាព​វិបត្តិ​ក្នុង​តំបន់​អឺរ៉ូ​នៅពេលនេះ គ្រប់គ្នា​គិត​ថា ការ​បញ្ចុះ​អត្រាការ​ប្រាក់​របស់​ធនាគារ​កណ្តាល​អឺរ៉ុប​ វា​មិន​គ្រប់គ្រាន់ ដើម្បី​បន្ធូរបន្ថយ​វិបត្តិ​នេះ​ទេ។

អ្នក​វិនិយោគ ក៏​ដូចជា មន្រ្តី​រដ្ឋាភិបាល​នៅ​ក្នុង​តំបន់​អឺរ៉ូ​រំពឹង​ថា ក្រុមប្រឹក្សា​ភិបាល​ធនាគារ​កណ្តាល​អឺរ៉ុប​នឹង​សម្រេច​ចាត់វិធានការ​ធំៗ​លើស​ពី​សព្វមួយដង ជាពិសេស គេ​រំពឹង​ថា ធនាគារ​កណ្តាល​អឺរ៉ុប​នឹង​សម្រេច​បញ្ចេញ​លុយ​មក​ទិញ​មូលបត្រ​បំណុល​របស់​រដ្ឋ​ជា​សមាជិក​ឡើង​វិញ ដើម្បី​​ជួយ​ឲ្យ​អត្រាការប្រាក់​មូលបត្រ​បំណុល​រដ្ឋ​ជា​សមាជិក ដូចជា អេស្ប៉ាញ​ជាដើម ដែល​កំពុង​តែ​កើនឡើង​កប់ពពក អាច​នឹង​ធ្លាក់ចុះ​មក​នៅ​កម្រិត​មួយ​សមរម្យ​វិញ។

គួរបញ្ជាក់ថា ការ​ប្រមូលទិញ​មូលបត្រ​បំណុលរដ្ឋ​ជាសមាជិក​នៅលើ​ទីផ្សារ​មូលបត្រ ធ្លាប់​ត្រូវ​បាន​ធនាគារ​កណ្តាល​អឺរ៉ុប​ធ្វើ​រួចមកហើយ ក៏ប៉ុន្តែ បាន​ផ្អាក​ទៅវិញ ដោយ​មាន​ភាព​ចម្រូងចម្រាស​​ក្នុង​ចំណោម​រដ្ឋ​ជាសមាជិក ជាពិសេស គឺ​​មាន​ការ​ជំទាស់​ពី​អាល្លឺម៉ង់។ ក៏ប៉ុន្តែ គេនាំគ្នា​រំពឹង​ទុក​ថា ធនាគារ​កណ្តាល​អឺរ៉ុប​អាច​នឹង​ចាប់ផ្តើម​ការប្រមូលទិញ​មូលបត្រ​បំណុលរដ្ឋ​សមាជិក​នេះ​ឡើង​វិញ ក្រោយ​ពី​លោក Mario Draghi អគ្គទេសាភិបាល​ធនាគារ​កណ្តាល​អឺរ៉ុប បាន​ប្រកាស​ថា ធនាគារ​នឹង “​ចាត់​គ្រប់​វិធានការដែល​ចាំបាច់​” ដើម្បី​ការពារ​លុយ​អឺរ៉ូ។

យោងតាម​កាសែត​អាល្លឺម៉ង់ នៅ​ក្នុង​កិច្ចប្រជុំ​ថ្ងៃ​ព្រហស្បតិ៍​នេះ ធនាគារ​កណ្តាល​អឺរ៉ុប​អាច​នឹង​សម្រេច​​ដាក់ចេញ​នូវ​វិធានការ​ពីរ​ព្រមគ្នា គឺ ទីមួយ បញ្ចេញលុយ​​ខ្លួនឯង ដើម្បី​ទិញ​មូលបត្រ​បំណុល​របស់​រដ្ឋ​ជាសមាជិក​ផង និង​​ចេញ​អាជ្ញាប័ណ្ណ​​​​​​ធនាគារ​ឲ្យ​មូលនិធិ​អឺរ៉ុប (Fonds européens de stabilité financière និង Méchanisme européen de stabilité) ផង ដើម្បី​ឲ្យ​មូលនិធិ​នេះ​អាច​បញ្ចេញ​លុយ​មក​​​ជួយ​ទិញ​មូលបត្រ​បំណុល​របស់​រដ្ឋ​ជាសមាជិក ដែល​កំពុង​ជួប​វិបត្តិ​ ដូចជា អេស្ប៉ាញ ជាដើម។

ក៏ប៉ុន្តែ នេះ​គ្រាន់តែ​ជា​ការ​រំពឹង​ទុក​ប៉ុណ្ណោះ។ តើ​ធនាគារ​កណ្តាល​អឺរ៉ុប​នឹង​ចាត់វិធានការ​អ្វីខ្លះ​ពិតប្រាកដ? គេ​ត្រូវ​រង់ចាំ​លទ្ធផល​ប្រជុំ ដែល​នឹង​ប្រកាស​ឲ្យដឹង​ក្នុង​សន្និសីទ​កាសែត ក្នុង​ពេល​ប្រមាណ​ជា​កន្លះ​ម៉ោង​ខាងមុខនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ