អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អេហ្ស៊ីប៖លោក​ហូស្ន៊ី មូបារ៉ាក់​បាន​រួច​ខ្លួន សុបិន​របស់​អ្នកចង់​បាន​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិសេរីភាព​ក៏​ត្រូវ​ចប់​ត្រឹម​នេះ !

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ថ្ងៃ​សៅរ៍ ទី២៩ វិច្ឆិកា​កន្លង​ទៅ តុលាការកំពូល​ក្នុង​ប្រទេស​អេហ្ស៊ីប​បាន​លើកលែង​ការ​ចោទប្រកាន់​ចំពោះ​លោក​អតីតប្រធានាធិបតី​ហូស្ន៊ី មូបារ៉ាក់។ លោក​មូបារ៉ាក់​ដែល​បាន​ជាប់​ចោទ​នៅ​ក្នុង​ការ​ស្លាប់​បាតុករ​ប្រមាណ​ជា ១០០នាក់​ក្នុង​អំឡុង​ពេល​បាតុកម្ម​ទាមទារ​ឲ្យ​លោក​ចុះចេញ​ពី​អំណាច​កាល​ពី​ឆ្នំា ២០១១ និង​ដែល​ត្រូវ​បាន​តុលាការ​ទីក្រុង​គែរ​កាត់ទោស​ដាក់​គុក​លោក​អស់​មួយ​ជីវិត​កាល​ពី​ខែ​មិថុនា ឆ្នំា ២០១២។ ក្រៅ​ពី​រួច​ខ្លួន​នៅ​ក្នុង​បទ​ចោទប្រកាន់​សម្លាប់​មនុស្ស លោក​មូបារ៉ាក់​ក៏​បាន​រួច​ខ្លួន​នៅ​ក្នុង​រឿងអាស្រូវ​ផ្សេង​ដែរ ពិសេស​ក្នុង​រឿង​ពុករលួយ។ តែ​សំណួរ​ដែល​គ្រប់​គ្នា​កំពុង​ចោទ​នៅ​ពេល​នេះ គឺ​ទាក់ទង​នឹង​តម្លាភាព និង​ភាព​យុត្តិធម៌​របស់​តុលាការ ព្រោះ​ថា ទន្ទឹម​នឹង​ការ​សម្រេច​ឲ្យ​លោក​មូបារ៉ាក់​រួច​ខ្លួន តុលាការ​បែរ​ជា​បន្ត​តាម​ធ្វើ​ទុកបុកម្នេញ​សកម្មជន​បក្សប្រឆំាង​ទៅ​វិញ ពិសេស​ពួក​ភាតរអ៊ីស្លាម។

អេហ្ស៊ីប៖លោក​ហូស្ន៊ី មូបារ៉ាក់​បាន​រួច​ខ្លួន សុបិន​របស់​អ្នកចង់​បាន​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិសេរីភាព​ក៏​ត្រូវ​ចប់​ត្រឹម​នេះ !
អេហ្ស៊ីប៖លោក​ហូស្ន៊ី មូបារ៉ាក់​បាន​រួច​ខ្លួន សុបិន​របស់​អ្នកចង់​បាន​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិសេរីភាព​ក៏​ត្រូវ​ចប់​ត្រឹម​នេះ ! REUTERS/Asmaa Waguih
ផ្សាយពាណិជ្ជកម្ម

វិលចុះ វិលឡើង ប្រជាជន​អេហ្ស៊ីប​បាន​នំា​គ្នា​មក​ធ្វើ​បាតុកម្ម​ជា​ថ្មី​នៅ​ទីលាន​តារៀ​ក្នុង​ទីក្រុង​គែរ ដូច​ដែល​ពួក​គេ​ធ្លាប់​បាន​ធ្វើ​កាល​ពី ៣ឆ្នំា​មុន ពោល​ក្នុង​ឆ្នំា ២០១១។ តែ​អ្វី​ដែល​ខុស​គ្នា​រវាង​បាតុកម្ម​លើក​នេះ និង ៣ឆ្នំា​មុន​នៅ​ត្រង់​ថា នៅ​ឆ្នំា ២០១១ ពួក​គេ​បាន​នំា​គ្នា​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​លោក​ប្រធានាធិបតី​ហូស្ន៊ី មូបារ៉ាក់​ចុះចេញ​ពី​មុខ​តំណែង តែ​នៅ​ថ្ងៃ​នេះ ពួក​គេ​បាន​ធ្វើ​បាតុកម្ម​ប្រឆំាង​នឹង​តុលាការ​ដែល​បាន​សម្រេច​ឲ្យ​លោក​មូបារ៉ាក់​រួច​ខ្លួន​ពី​ការ​ចោទប្រកាន់​នានា ពិសេស​រឿង​ការ​ស្លាប់​បាតុករ​ជា​ច្រើន​រយនាក់​កាល​ពី​បាតុកម្ម​ក្នុង​ឆ្នំា ២០១១ នោះ​ឯង។ គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា នៅ​ក្នុង​សវនាការ​កាត់ទោស​លោក​អតីតប្រមុខ​រដ្ឋ​មូបារ៉ាក់​ក្នុង​ឆ្នំា ២០១២ តុលាការ​ទីក្រុង​គែរ​បាន​សម្រេច​ដាក់ទោស​លោក​មូបារ៉ាក់​ឲ្យ​ជាប់គុក​អស់​មួយ​ជីវិត​ពី​បទ​បាន​ចេញ​បញ្ជា​ឲ្យ​ប៉ូលីស​ធ្វើ​ការ​បាញ់​រះ​លើ​ហ្វូងបាតុករ។ ទន្ទឹម​នឹង​ជាប់ចោទ​ក្នុង​រឿង​សម្លាប់​មនុស្ស លោក​មូបារ៉ាក់​ក៏​បាន​ទទួល​ទោស​នៅ​ក្នុង​រឿង​អំពើពុករលួយ​ដែរ។

ទម្ងន់ទោស​ដែល​ក្រុម​មេធាវី​របស់​លោក​មូបារ៉ាក់​បាន​សម្រេច​ប្តឹង​ឧទ្ធរណ៍ និង​ដែល​ទីបំផុត​នៅ​ថ្ងៃ​សៅរ៍ ទី២៩ វិច្ឆិកា​នា​ចុង​សប្តាហ៍​កន្លង​ទៅ​ថ្មីៗ​នេះ តុលាការកំពូល​បែរ​ជា​បាន​សម្រេច​លើកលែង​ការ​ចោទ​ប្រកាន់​ទំាង​អស់​លើ​រូប​លោក​មូបារ៉ាក់​ទៅ​វិញ និយាយ​តាម​បែប​សាមញ្ញ គឺ​សម្រេច​ឲ្យ​លោក​មូបារ៉ាក់​រួចខ្លួន​ពី​ការ​ចោទប្រកាន់​កន្លង​មក ពិសេស​ក្នុង​រឿង​សម្លាប់​មនុស្ស​ដែល​តុលាការ​ទីក្រុង​គែរ​បាន​កាត់ទោស​ឲ្យ​លោក​ដេក​ក្នុង​គុក​អស់​មួយ​ជីវិត​រួច​ទៅ​ហើយ។ វា​ពិត​ណាស់​ថា រឿង​តុលាការ​វា​ជា​រឿង​របស់​តុលាការ​ដែល​តាម​ធម្មតា គ្មាន​អំណាច​ណា​មួយ​អាច​លូកដៃ​ចូល​ជ្រៀតជ្រែក​បាន​ឡើយ តែ​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប ប្រព័ន្ធ​តុលាការ​ត្រូវ​បាន​គេ​ចោទ​ថា មាន​លក្ខណៈ​នយោបាយ ពោល​មិន​បាន​សម្រេច​រឿង​ក្តី​ដោយ​ផ្អែក​លើ​យុតិធម៌​ទេ តែ​បែរ​ជា​ផ្អែក​លើ​ពណ៌សម្បុរ​នយោបាយ​ទៅ​វិញ។

ដើម្បី​អាច​បញ្ជាក់​ពី​ចំណុច​នេះ​បាន គេ​គួរ​តែ​វិល​ក្រោយ​ទៅ​និយាយ​ពី​រឿង​អតីតកាល​បន្តិច ពោល​ក្រោយ​ការ​ធ្លាក់​ពី​អំណាច​របស់​លោក​ហូស្ន៊ី មូបារ៉ាក់​ក្នុង​ឆ្នំា ២០១១។ គឺ​ជា​ឆ្នំា​ដែល​ប្រជាជន​អេហ្ស៊ីប​បាន​ធ្វើ​បដិវត្តន៍ ដោយ​ចម្លង​យក​តាម​បដិវត្តន៍​អារ៉ាប់​ដែល​មាន​ប្រភពកំណើត​ចេញ​មក​ពី​ប្រទេស​ទុយនីស៊ី។ បន្ទាប់​ពី​បាន​កំចាត់​លោក​មូបារ៉ាក់​ចេញ​ពី​អំណាច​ផ្តាច់ការ​ជាង ៣០ឆ្នំា​រួច​ហើយ ការ​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ក៏​ត្រូវ​បាន​រៀបចំ​ឡើង​តាម​បែប​ប្រជាធិបតេយ្យ​ជា​លើកទី១ នា​ពាក់​កណ្តាល​ឆ្នំា ២០១២។ នៅ​ពេល​នោះ លោក​ម័រស៊ី​មក​ពី​គណបក្ស​ភាតរៈអ៊ីស្លាម​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី។ តែ​កាន់​អំណាច​មិន​បាន​ប៉ុន្មាន​ផង ក៏​ស្រាប់​តែ​ប្រជាជន​បាន​នំា​គ្នា​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​លោក​ម័រស៊ី​ចុះ​ចេញ​ពី​តំណែង​វិញ។ ការ​បះបោរ​របស់​ប្រជាជន​បាន​ឈាន​ដល់​ដំណាក់កាល​មួយ​ដែល​ជម្រុញ​ឲ្យ​លោក​ឧត្តមសេនីយ​អាល់ស៊ីស៊ី​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ម័រស៊ី​ក្នុង​ខែ​កក្កដា ឆ្នំា ២០១៣។ បន្ទាប់​មក គឺ​រូប​មេ​រដ្ឋប្រហារ​អាល់ស៊ីស៊ី​នេះ​ឯង​ដែល​បាន​ឡើង​កាន់តំណែង​ប្រធានាធិបតី​អេហ្ស៊ីប​មក​ដល់​សព្វថ្ងៃ។

ត្រឡប់​ទៅ​និយាយ​ពី​កិច្ចការ​របស់​តុលាការ​វិញ​ម្តង នៅ​ក្នុង​សម័យ​អន្តរកាល​រយៈពេល ៣ឆ្នំា​ចុង​ក្រោយ​នេះ ពោល​តំាង​ពី​ក្រោយ​ការ​ធ្លាក់​ពី​អំណាច​របស់​លោក​មូបារ៉ាក់ ការ​ឡើង​កាន់​អំណាច​របស់​លោក​ម័រស៊ី បន្ទាប់​មក ការ​ធ្លាក់​ពី​អំណាច​របស់​លោក​ម័រស៊ី ព្រម​ទំាង​ការ​ឡើង​កាន់​តំណែង​ប្រធានាធិបតី​របស់​លោក​អាល់ស៊ីស៊ី​ថ្មីៗ​នេះ​មក តុលាការ​មិន​ចេះ​ខ្វះ​ការងារ​ធ្វើ​ទេ ពិសេស​ក្នុង​សំណុំរឿង​លោក​មូបារ៉ាក់ និង​បក្សពួក​លោក​មូបារ៉ាក់ និង​បន្ត​ដោយ​សំណុំរឿង​លោក​ម័រស៊ី ព្រម​ទំាង​ក្រុមសកម្មជន​ភាតរៈអ៊ីស្លាម។ តែ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​តំាង​ពី​លោក​អាល់ស៊ីស៊ី​បាន​ឡើង​កាន់​តំណែង​ប្រធានាធិបតី​មក តុលាការ​បែរ​ជា​ជាប់ដៃ​ខ្លំាង​នៅ​ក្នុង​យុទ្ធនាការ​កាត់ទោស​ញាត់គុក​ដោយ​មិន​រើស​មុខ​នូវ​ក្រុមភាតរៈអ៊ីស្លាម​របស់​លោក​ម័រស៊ី​ទៅ​វិញ និយាយ​ឲ្យ​ស្រួល​យល់ តុលាការ​កំពុង​ចាត់​វិធានការ​សម្រប​តាម​រដ្ឋាភិបាល​របស់​លោក​អាលស៊ីស៊ី​ដែល​កំពុង​បន្ត​ប្រម៉ាញ់​ពួក​ប្រឆំាង​ខ្លួន។

ការ​ហ៊ាន​និយាយ​យ៉ាង​ដូច​នេះ ព្រោះ​នៅ​ក្នុង​សប្តាហ៍​ដែល​តុលាការ​បាន​លើកលែង​ការ​ចោទ​ប្រកាន់​លើ​រូបលោក​មូបារ៉ាក់ តុលាការ​បែរ​ជា​បាន​កាត់ទោស​ក្មេង​មិន​ទាន់​ពេញវ័យ​ចំនួន ៧៨នាក់​ឲ្យ​ដេក​ក្នុង​គុក​ពី ២ ទៅ ៥ឆ្នំា ដោយ​បាន​ចោទ​ពួក​នេះ​ពី​បទ​បាន​គំាទ្រ​ចលនា​ភារតៈអ៊ីស្លាម។ នេះ​ដោយ​មិន​បាន​រាប់បញ្ចូល​នូវ​សកម្មជន​អ្នកគំាទ្រ​លោក​ម័រស៊ី​រាប់រយនាក់​ផ្សេង​ទៀត​ដែល​បាន​ទទួល​ទោស​ប្រហារ​ជីវិត និង​ដែល​កំពុង​ស្ថិត​ក្នុង​គុក​នា​ពេល​សព្វ​ថ្ងៃ​ទេ។ វា​ពិត​ណាស់​ថា ការ​ដែល​តុលាការ​បាន​សម្រេច​ឲ្យ​លោក​មូបារ៉ាក់​រួច​ខ្លួន​ពេល​នេះ បាន​ធ្វើ​ឲ្យ​មាន​អ្នក​សប្បាយចិត្ត​ផង និង​អ្នក​ក្តៅក្រហាយ​ផង។ រីឯ​លោក​ប្រធានាធិបតី​អាល់ស៊ីស៊ី​ដែល​ព្យាយាម​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​រឿង​តុលាការ​គ្រាន់​តែ​បាន​ធានា​ថា ប្រទេស​អេហ្ស៊ីប​កំពុង​ធ្វើ​ដំណើរ​ទៅ​មុខ កំពុង​សម្លឹង​ទៅ​អនាគត និង​មិន​អាច​ត្រឡប់​ក្រោយ​វិញ​បាន​ឡើយ។

តាម​រយៈ​ពាក្យសម្តី​របស់​អតីតឧត្តមសេនីយ និង​ជា​ប្រធានាធិបតី​រូប​នេះ​នំា​ឲ្យ​ប្រជាជន​អេហ្ស៊ីប​អ្នក​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ និង​ចង់​បាន​សេរីភាព​យល់​បាន​ភ្លាម​ថា សុបិន​របស់​ពួក​គេ​កាល​ពី ៣ឆ្នំា​មុន​ក៏​បាន​ឈាន​ដល់​ទីបញ្ចប់​នៅ​ក្នុង​ថ្ងៃ​ដែល​តុលាការ​បាន​កាត់ទោស​ឲ្យ​លោក​ហូស្ន៊ី មូបារ៉ាក់​រួច​ខ្លួន​នោះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ