អានតួអត្ថបទ
អេហ្ស៊ីព្ទ

ការ​សន្យា​មិន​ឈរឈ្មោះ​អាណត្តិ​ថ្មី​របស់​លោក​មូបារ៉ាក់​មិន​បាន​រំងាប់​កំហឹង​ក្រុម​ប្រឆាំង

កាល​ពី​យប់​ថ្ងៃ​អង្គារ ១ កុម្ភៈ ២០១១​នេះ ក្រោយ​ពី​បាតុករ​ជាង​១លាននាក់​ចេញ​ធ្វើ​បាតុកម្ម​នៅទូទាំង​ប្រទេស​ អេហ្ស៊ីព្ទ លោក​ហូស្នី មូបារ៉ាក់ បាន​​ប្រកាស​ថា លោក​នឹង​មិនចុះចេញ​ពីតំណែង​ឥឡូវនេះ​ទេ ក៏ប៉ុន្តែ លោក​ក៏​នឹង​មិនឈរឈ្មោះ​ជាប្រធានាធិបតី​ទៀត​ដែរ ពេល​អាណត្តិ​របស់​លោក​ត្រូវ​ផុត នៅខែ​កញ្ញា ២០១១​ខាងមុខនេះ។ ការសន្យា​នេះ​មិន​បាន​ធ្វើ​ឲ្យ​បាតុករ​ស្ងប់ចិត្ត​នោះទេ។ ពួក​គេ​នៅតែ​បន្ត​​ធ្វើ​បាតុកម្ម ដោយ​ទាមទារ​ឲ្យ​លោក​មូបារ៉ាក់​ចុះចេញ​ពីតំណែង​ឥឡូវនេះ។

បាតុកម្ម​ប្រឆាំង​លោក​មូបារ៉ាក់ កាល​ពី​ថ្ងៃ​អង្គារ ១កុម្ភៈ ២០១១
បាតុកម្ម​ប្រឆាំង​លោក​មូបារ៉ាក់ កាល​ពី​ថ្ងៃ​អង្គារ ១កុម្ភៈ ២០១១ ©Reuters
ផ្សាយពាណិជ្ជកម្ម

តើ​មាន​សេណារីយ៉ូអ្វី​បើ​មូបារ៉ាក់​ចុះពីអំណាច​ពេលនេះ?
05:58

បទវិភាគ​របស់ សេង ឌីណា

ក្រុមប្រឆាំង​បាន​ប្តេជ្ញា​ថា​នឹង​ប្រមូល​មនុស្ស​ឲ្យ​បាន​១លាន​នាក់​ចេញ​ ធ្វើ​បាតុកម្ម នៅថ្ងៃ​អង្គារ ម្សិលមិញ។ យោងតាម​ទូរទស្សន៍​អាល់ហ្សាហ្សេរ៉ា ​មនុស្ស​ចេញ​មក​ធ្វើ​បាតុកម្ម​មាន​ចំនួន​លើស​ពី​១លាន​នាក់​ទៅទៀត។

កងទ័ព​អេហ្ស៊ីព្ទ ដែល​បាន​ប្រកាស​ទទួលស្គាល់ថា បាតុកម្ម​ប្រឆាំង គឺ​ជា​រឿង​ត្រឹមត្រូវ ហើយ​​​ថានឹង​មិនប្រើ​កម្លាំង​បង្ក្រាប​បាតុករ ពិត​ជា​បាន​ធ្វើ​តាម​​ពាក្យ​សន្យា​នេះ​មែន។ មិនតែ​ប៉ុណ្ណោះ កងទ័ព​ថែម​ទាំង​​ត្រូវ​បាន​ដាក់ពង្រាយ ដើម្បី​រក្សា​សុវត្ថិភាព​របស់​បាតុករ​ទៀតផង ដោយ​បាន​ឆែកឆេរ​ហាម​ឃាត់​មិន​ឲ្យ​មាន​អាវុធ​ចូល​ក្នុង​កន្លែង​បាតុកម្ម។ ក្រុម​ប៉ូលិស ដែល​ធ្លាប់​តែ​ជា​អ្នក​បង្រ្កាប​បាតុកម្ម ក៏​មិនត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​កន្លែង​បាតុកម្ម​ដែរ។ ចាប់ពី​ពេល​ចាប់ផ្តើម​មាន​ចលនា​ប្រឆាំង​រដ្ឋាភិបាល​អេហ្ស៊ីព្ទ​មក មាន​តែ​​នៅ​​ថ្ងៃ​អង្គារ ម្សិលមិញ​នេះ​ទេ ដែល​បាតុកម្ម​បាន​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ការ​បង្រ្កាប​ពី​អាជ្ញាធរ។

នៅយប់​ថ្ងៃ​អង្គារ លោក​មូបារ៉ាក់​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​មួយ​តាមទូរទស្សន៍​ជាតិ​ ដោយ​មាន​ចាក់ផ្សាយ​បន្ត​នៅ​ទីកន្លែង​បាតុកម្ម​ផង។ លោក​មូបារ៉ាក់​បាន​ប្រកាស​រំឭក​អំពី​គុណបំណាច់​របស់​លោក​ចំពោះ​អេហ្ស៊ីព្ទ និង​អំពី​​ស្នាដៃ​ដែល​លោក​សម្រេច​បាន ក្នុង​ពេល​កាន់​អំណាច ហើយ​បាន​ប្រកាសថា លោក​នឹង​មិនចុះចេញ​ពី​តំណែង​នៅពេលនេះ​ទេ។ ក៏ប៉ុន្តែ លោក​បាន​ប្តេជ្ញាថា​នឹង​​ធ្វើ​កំណែទម្រង់ ដែល​លោក​បាន​សន្យា ហើយ​ថា លោក​នឹង​មិន​ឈរឈ្មោះ​ជាប្រធានាធិបតី​ទៀតទេ នៅពេល​លោក​ផុតអាណត្តិ នៅខែ​កញ្ញា ២០១១​ខាងមុខ។

ការសន្យា​មិនឈរឈ្មោះ​អាណត្តិ​ថ្មីនេះ មិនបាន​ធ្វើ​ឲ្យ​បាតុករ​ប្រឆាំង​ស្ងប់ចិត្ត​នោះទេ។ ពួកគេ​បាន​ស្រែកទាមទារ​ឲ្យ​លោក​មូបារ៉ាក់​ចុះចេញ​ពីតំណែង​ភ្លាមៗ នៅពេលនេះ ដោយ​មិនចាំ​ដល់​ផុតអាណត្តិ​ទេ។ បាតុករ​រាប់ពាន់​នាក់​បាន​បន្ត​​ស្ថិត​នៅ​ “ទីលានសេរីភាព” ពេញ​មួយយប់​ថ្ងៃ​អង្គារ។ ពេលព្រឹកឡើង ពួក​គេ​ក៏​បាន​ចាប់ផ្តើម​ការតវ៉ា​បន្តទៀត ដោយ​​ស្រែក​ទាមទារ​​ឲ្យ​លោក​មូបារ៉ាក់​ចុះចេញ​ពីតំណែង។

ក្រុម​អ្នកនយោបាយ​ប្រឆាំង​ក៏​បាន​ប្រកាស​​ដែរថា គេ​នឹង​មិន​បើក​ការ​ចរចា​ជាមួយ​រដ្ឋា​ភិបាល​ទេ ដរាបណា​លោក​មូបារ៉ាក់​នៅបន្ត​កាន់តំណែង។ ពួក​គេ​គ្រោង​នឹង​រៀបចំ​បាតុកម្ម​ដ៏ធំ​ម្តងទៀត នៅថ្ងៃ​សុក្រ​ខាងមុខ។

នៅយប់​ថ្ងៃ​អង្គារ ម្សិលមិញ ក្រោយ​ពី​សេចក្តី​ថ្លែងការណ៍​របស់​លោក​មូបារ៉ាក់ លោក​អូបាម៉ា​ក៏​បាន​​ធ្វើ​សេចក្តី​ថ្លែងការណ៍​មួយ​ ទាមទារ​ឲ្យ​លោក​មូបារ៉ាក់​ចាប់ផ្តើម​រៀបចំ​ផ្ទេរ​តំណែង ពី​ពេល​ឥឡូវ​នេះ​ទៅ។ ប្រធានាធិបតី​បារាំង និង​នាយករដ្ឋមន្រ្តី​អង់គ្លេស​ក៏​បាន​​ធ្វើការទាមទារ​ ប្រហាក់ប្រហែលគ្នា​នេះដែរ។

នៅថ្ងៃ​ពុធ​នេះ ក្នុង​ពេល​ដែល​ក្រុមប្រឆាំង​នៅបន្ត​ធ្វើ​បាតុកម្ម គេ​ឃើញ​មាន​ក្រុម​អ្នកគាំទ្រ​លោក​មូបារ៉ាក់​រាប់ពាន់នាក់ ក៏បាននាំគ្នា​​ចេញ​មកធ្វើ​បាតុកម្ម​ដែរ ដើម្បី​គាំទ្រ​ឲ្យ​លោក​មូបារ៉ាក់​បន្ត​កាន់តំណែង​តទៅទៀត។ បាតុកម្ម​ទាំងពីរ​ក្រុម​ក៏​បាន​ប៉ះទង្គិចគ្នា នៅ​ “ទីលាន​សេរីភាព”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ