អានតួអត្ថបទ
អេហ្ស៊ីប

លោក​អតីតប្រធានាធិបតី​អេហ្ស៊ីប​មូបារ៉ាក់​បាន​រួចខ្លួន​ពី​ការចោទប្រកាន់​ក្នុង​រឿង​​សម្លាប់​មនុស្ស

នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប ទីបំផុត តុលាការកំពូល​បាន​លើកលែង​ការ​ចោទ​ប្រកាន់​លើ​លោក​អតីត​ប្រធានាធិបតី​ហូស្នី មូបារ៉ាក់​ពី​បទ​ទទួល​ខុសត្រូវ​លើ​ការ​ស្លាប់​បាតុករ​ប្រមាណ​ជា ១០០នាក់​នា​សម័យ​បដិវត្តន៍​បះបោរ​កាល​ពី​ខែ​មករា ឆ្នំា ២០១១។ គួរ​រម្លឹក​ជូន​ថា ការ​សម្រេច​របស់​តុលាការកំពូល​ពេល​នេះ គឺ​ជា​ការ​ទាត់​ចោល​សេចក្តីសម្រេច​របស់​តុលាការ​ដែល​បាន​កាត់ទោស​លោក​ប្រមុខរដ្ឋ​ធ្លាក់​ពី​អំណាច​មូបារ៉ាក់​ឲ្យ​ជាប់គុក​អស់​មួយ​ជីវិត។ ទន្ទឹម​គ្នា​នេះ តុលាការកំពូល​ក៏​បាន​ច្រើន​ចោល​ការ​ចោទប្រកាន់​លើ​រូប​លោក​មូបារ៉ាក់​ពី​រឿងអាស្រូវ​ពុករលួយដែរ ដោយ​សំអាង​ថា​គ្មាន​ភស្តុតាង​ច្បាស់លាស់។

លោក​អតីតប្រធានាធិបតី​អេហ្ស៊ីប​មូបារ៉ាក់​បាន​រួចខ្លួន​ពី​ការចោទប្រកាន់​ក្នុង​រឿង​​សម្លាប់​មនុស្ស
លោក​អតីតប្រធានាធិបតី​អេហ្ស៊ីប​មូបារ៉ាក់​បាន​រួចខ្លួន​ពី​ការចោទប្រកាន់​ក្នុង​រឿង​​សម្លាប់​មនុស្ស REUTERS/Amr Abdallah Dalsh
ផ្សាយពាណិជ្ជកម្ម

 

គ្មាន​ការ​ចោទ​ប្រកាន់ គឺ​គ្មាន​ការ​ផ្តន្ទាទោស។ នៅ​ទីបំផុត តុលាការកំពូល​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​លើ​រូប​លោក​អតីត​ប្រធានាធិបតី​អេហ្ស៊ីប​ហូស្នី មូបារ៉ាក់​ដោយ​យល់​ឃើញ​ថា សុទ្ធសឹង​ជា​ការ​ចោទប្រកាន់​មាន​លក្ខណៈ​នយោបាយ និង​ដែល​តុលាការកំពូល​មិន​អាច​ធ្វើ​ចំណាត់ការ​លើ​ការ​ចោទ​ប្រកាន់​របៀប​នេះ​បាន​ទេ។ គួរ​ជម្រាប​ជូន​ថា​នា​ពេល​កន្លង​មក លោក​មូបារ៉ាក់​ត្រូវ​បាន​តុលាការ​ទីក្រុង​គែរ​កាត់ទោស​ដាក់​គុក​អស់​មួយ​ជីវិត​ពី​បទ​ទទួល​ខុសត្រូវ​លើ​ការ​ស្លាប់​បាតុករ​ប្រមាណ​ជា ១០០នាក់​នៅ​ក្នុង​ក្បួនបាតុកម្ម​បះបោរ​ប្រឆំាង​រដ្ឋាភិបាល​កាល​ពី​ថ្ងៃទី ២៥ មករា ឆ្នំា ២០១១។ ក្បួនបាតុកម្ម​ដែល​ឈាន​ដល់​ការ​ទម្លាក់​លោក​មូបារ៉ាក់​ចេញ​ពី​អំណាច និង​ដែល​បដិវត្តន៍​របស់​ប្រជាជន​កាល​ណោះ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​សរុប​ជិត ៨៥០នាក់។

ឥឡូវ​នេះ ក្រុមមេធាវី​ការពារ​លោក​មូបារ៉ាក់​កំពុង​ស្វែង​រក​លទ្ធភាព​ក្នុង​ការ​ដោះលែង​កូនក្តី​របស់​ខ្លួន​ដែល​ត្រូវ​បាន​តុលាការ​កាត់ទោស​ដាក់​គុក​ចំនួន ៣ឆ្នំា​នៅ​ក្នុង​រឿង​ផ្សេង​ទៀត ព្រោះ​បើ​គិត​មក​ដល់​ថ្ងៃ​នេះ លោក​មូបារ៉ាក់​បាន​ស្ថិត​ក្នុង​គុក​អស់​រយៈពេល​ជាង ៣ឆ្នំា​មក​ហើយ។ ទន្ទឹម​គ្នា​នេះ លោក​មូបារ៉ាក់​ក៏​ត្រូវ​បាន​តុលាការកំពូល​សម្រេច​ឲ្យ​រួច​ខ្លួន​នៅ​ក្នុង​រឿងអាស្រូវ​ពុករលួយ​ដែរ ពិសេស​ទាក់ទង​នឹង​ការ​លក់​ឧស្ម័នហ្គាស​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល។ រឿង​អាស្រូវ​នេះ​ក៏​មាន​ជាប់ពាក់ព័ន្ធ​នឹង​កូនប្រុស​ពីរ​នាក់​របស់​លោក​មូបារ៉ាក់ តែ​ក៏​ត្រូវ​បាន​តុលាការកំពូល​សម្រេច​ឲ្យ​រួច​ខ្លួន​ទំាង​ពីរ​នាក់។ ដោយឡែក និង​ក្រៅ​ពី​រូបលោក​មូបារ៉ាក់ តុលាការកំពូល​ក៏​បាន​ច្រើន​ចោល​ការ​ចោទ​ប្រកាន់​លើ​អតីត​រដ្ឋមន្រ្តី​ម្នាក់​ក្នុង​ជំនាន់​លោក​មូបារ៉ាក់​ដែរ គឺ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ដែល​បាន​ទទួល​ការ​ចោទប្រកាន់​ពី​បទ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​បាតុករ​ដូច​លោក​មូបារ៉ាក់​ដែរ។

ក្រោយ​ពី​រួច​ការ​ចោទ​ប្រកាន់​ភ្លាម លោក​មូបារ៉ាក់​បាន​ផ្តល់​បទសម្ភាសន៍​ឲ្យ​ទូរទស្សន៍​ដោយ​បញ្ជាក់​ថា លោក​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ។ ក្រុមសកម្មជន​អ្នក​គំាទ្រ​លោក​មូបារ៉ាក់​បាន​សម្តែង​ក្តី​សប្បាយ​រីករាយ ដោយ​នំា​គ្នា​រំាលេង​តាម​ដង​ផ្លូវ។ តែ​សម្រាប់​ក្រុមគ្រួសារ​ជនរងគ្រោះ​វិញ ពួក​គេ​បាន​សម្តែង​កំហឹង​ក្តៅក្រហាយ និង​ចាត់​ទុក​ការ​សម្រេច​របស់​តុលាការកំពូល​ថា មិន​យុត្តិធម៌។ គួរ​រម្លឹក​ជូន​ថា មាន​អាយុ ៨៦ឆ្នំា លោក​មូបារ៉ាក់​បាន​កាន់​អំណាច​ផ្តាច់ការ​រយៈពេល ៣០ឆ្នំា មុន​នឹង​ត្រូវ​កម្លំាង​មហាជន​ទាញ​ទម្លាក់​ក្នុង​ឆ្នំា ២០១១៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ