អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រោយ​បរាជ័យ​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​ប៉ាឡេស្ទីន​នឹង​សុំ​ចូល​ជា​សមាជិក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ម៉ះមូដ អាបាស់ ប្រមុខដឹកនាំ​ប៉ាឡេស្ទីន​នឹង​សុំ​ចូល​ជា​សមាជិក​តុលាការ​អន្តរជាតិ នៅថ្ងៃ​ពុធ​នេះ ក្រោយ​ពី​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប​ច្រានចោល​សេចក្តីសម្រេច​លើ​ដំណោះស្រាយ​សន្តិភាព​ជាមួយ​អ៊ីស្រាអែល​ ដែល​ស្នើឡើង​ដោយ​ប៉ាឡេស្ទីន និង​ក្រុមប្រទេស​អារ៉ាប់។

លោក​ម៉ះមូដ អាបាស់ (Mahmoud Abbas) ប្រធានាធិបតី​ប៉ាឡេស្ទីន នៅ​ពេល​ថ្លែង​ក្នុង​មហាសន្និបាត​អ.ស.ប ថ្ងៃ​ទី២៦ កញ្ញា ២០១៤
លោក​ម៉ះមូដ អាបាស់ (Mahmoud Abbas) ប្រធានាធិបតី​ប៉ាឡេស្ទីន នៅ​ពេល​ថ្លែង​ក្នុង​មហាសន្និបាត​អ.ស.ប ថ្ងៃ​ទី២៦ កញ្ញា ២០១៤ REUTERS/Mike Segar
ផ្សាយពាណិជ្ជកម្ម

លោក​ម៉ះមូដ អាបាស់ នឹង​កោះ​ប្រជុំ​មន្រ្តី​កំពូលៗ នៅ​ល្ងាច​ថ្ងៃ​ពុធ នៅវេលាម៉ោង ៦និង៣០នាទី​ម៉ោង​ក្នុងស្រុក ត្រូវ​នឹង​ម៉ោង ១១និង៣០នាទី​យប់ ម៉ោង​នៅ​ប្រទេស​កម្ពុជា ដើម្បី​ជជែក​អំពី​ជំហាន​ដែល​ត្រូវ​ធ្វើ ក្រោយ​ពី​បរាជ័យ នៅ​ក្រុមប្រឹក្សា​សន្តិសុខ។

​មន្រ្តី​ជាន់ខ្ពស់​ប៉ាឡេស្ទីន​បាន​បង្ហើប​ឲ្យដឹង​ថា លោក​អាបាស់​នឹង​ចុះហត្ថលេខា​លើ​អនុសញ្ញា​អន្តរជាតិ​មួយចំនួន ក្នុងនោះ​ក៏​មាន​លក្ខន្តិកៈ​ក្រុងរ៉ូម​ផងដែរ ដើម្បី​ឲ្យ​ប៉ាឡេស្ទីន​អាច​ក្លាយ​ជា​សមាជិក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។

ការ​ចូល​ជា​សមាជិក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នឹង​ផ្តល់​សិទ្ធិ​ឲ្យ​ប៉ាឡេស្ទីន​​អាច​ប្តឹង​ទៅតុលាការ​ឲ្យ​បើក​ការ​ស៊ើបអង្កេត​ និង​ជំនុំជម្រះ​លើ​ឧក្រិដ្ឋកម្ម​សង្រ្គាម ឬ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ដែល​អ៊ីស្រាអែល​ប្រព្រឹត្ត​លើ​ពលរដ្ឋ​ប៉ាឡេស្ទីន ​ឬ​នៅលើ​ទឹកដី​ប៉ាឡេស្ទីន។ ក៏ប៉ុន្តែ មេដឹកនាំ និង​ពលរដ្ឋ​ប៉ាឡេស្ទីន​ខ្លួនឯង​ក៏​អាច​នឹង​ត្រូវ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នាំខ្លួន​យក​ទៅ​កាត់ទោស​បាន​ដែរ។

កាល​ពីល្ងាច​ថ្ងៃ​អង្គារ​ ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប​បាន​ច្រានចោល​សេចក្តីព្រាង​មួយ ដែល​ស្នើ​ឡើង​ដោយ​ប្រទេស​ហ្សកដានី ក្នុង​នាម​ប៉ាឡេស្ទីន ដោយ​ក្នុង​​ក្នុង​សេចក្តីព្រាង​នេះ​មាន​ចែង​ពី​ចំណុច​សំខាន់ៗ​ពីរ។ ទីមួយ ​ដាក់​កំហិត​ឲ្យ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ចរចា​គ្នា​ឲ្យ​ចេញ​ជា​កិច្ចព្រមព្រៀង​សន្តិភាព​​​ឲ្យ​បាន​​ក្នុងរយៈពេល​យ៉ាងយូរ​បំផុត​ ១ឆ្នាំ ដើម្បី​​ឈាន​ទៅ​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន​ឯករាជ្យ ដោយ​យក​ក្រុង​ហ៊្សេរុយសាឡឹម​ខាង​កើត​ជា​រដ្ឋ​ធានី​។ ទីពីរ ​ទាមទារ​ឲ្យ​អ៊ីស្រាអែល​ដក​កងទ័ព​ទាំងអស់ និង​បញ្ចប់​រាល់​ការ​ដាក់​អាណានិគម​លើ​ទឹកដី​ប៉ាឡេស្ទីន ត្រឹម​ឆ្នាំ​២០១៧។

​ក៏ប៉ុន្តែ ការទាមទារ​របស់​ប៉ាឡេស្ទីន​ត្រូវ​ទទួល​បរាជ័យ ដោយ​​សេចក្តីសម្រេច​​នេះ​មិន​ទទួល​បាន​សំឡេង​គាំទ្រ​គ្រប់គ្រាន់ នៅ​ក្រុមប្រឹក្សា​សន្តិសុខ ដោយ​មាន​ប្រទេស​តែ ៨​ ប៉ុណ្ណោះ ដែល​បោះឆ្នោត​គាំទ្រ (បារាំង រុស្ស៊ី ចិន លុចសំបួ ហ្សកដានី អាហ្សង់ទីន ឈីលី និង​ឆាដ)។ ប្រទេស​ចំនួន ២ បោះឆ្នោត​ប្រឆាំង (អាមេរិក និង​អូស្រ្តាលី) ចំណែក​ប្រទេស​ ៥​ ផ្សេងទៀត​​អនុប្បវាទ (អង់គ្លេស កូរ៉េ​ខាង​ត្បូង លីទុយអានី នីហ្សេរីយ៉ា និង​រវ៉ាន់ដា)។

គួរបញ្ជាក់ថា នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ ដើម្បី​ឲ្យ​សេចក្តីសម្រេច​មួយ​អាច​អនុម័ត​ចេញរួច ទាល់តែ​​បំពេញ​នូវ​លក្ខខណ្ឌ​ចាំបាច់​ពីរ៖ ទីមួយ ត្រូវ​មាន​សំឡេង​គាំទ្រ​យ៉ាងតិច ៩សំឡេង និង​ទីពីរ ​គ្មាន​ប្រទេស​ជា​សមាជិក​អចិន្រ្តៃយ៍​ណាមួយ​បោះឆ្នោត​ប្រឆាំង ដែល​គេ​ហៅ​ថា បោះឆ្នោត​វ៉េតូ។

នៅ​ពេល​ដាក់សេចក្តីព្រាង​នេះ​ឲ្យ​ក្រុមប្រឹក្សា​បោះឆ្នោត ប៉ាឡេស្ទីន រំពឹង​ថា យ៉ាងហោចណាស់នឹង​អាច​​រក​សំឡេង​គាំទ្រ​ឲ្យ​បាន​គ្រប់ ៩សំឡេង ដើម្បី​បង្ខំ​ឲ្យ​អាមេរិក​ប្រើ​សិទ្ធិវ៉េតូ។

ប្រសិនបើ​មាន​សំឡេង​គាំទ្រ​គ្រប់ ៩សំឡេង​ហើយ តែ​សេចក្តីសម្រេច​នេះ​នៅតែ​អនុម័ត​ចេញ​មិន​រួច ដោយសារ​តែ​អាមេរិក​ប្រើ​សិទ្ធិវ៉េតូ គេ​អាច​ទម្លាក់​ការ​ទទួលខុសត្រូវ​ទៅលើ​​អាមេរិក​ថា​ជា​អ្នក​ធ្វើ​ឲ្យដំណោះស្រាយ​នេះ​ត្រូវ​ទទួលបរាជ័យ ដែល​អាច​ជា​សម្ពាធ​ធំមួយ​ដល់​អាមេរិក ពីព្រោះ វា​អាច​​​ធ្វើ​ឲ្យ​ប៉ះពាល់ទៅដល់​ទំនាក់ទំនង​ រវាង​អាមេរិក និង​បណ្តា​ប្រទេស​អារ៉ាប់ ជាពិសេស ប្រទេស​ដែល​កំពុង​ចូលរួម​គាំទ្រ​អាមេរិក​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ពួកជីហាត​រដ្ឋ​អ៊ីស្លាម​នៅ​អ៊ីរ៉ាក់ និង​ស៊ីរី។ ក៏ប៉ុន្តែ នៅទីបំផុត សេចក្តីសម្រេច​នេះ​រក​សំឡេង​គាំទ្រ​មិន​គ្រប់ ៩សំឡេង ហើយ​អាមេរិក​ក៏​មិន​ចាំបាច់​ត្រូវ​ប្រើ​សិទ្ធិវ៉េតូ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ