អានតួអត្ថបទ
អ.ស.ប-ប៉ាឡេស្ទីន

អង្គការ​សហប្រជាជាតិ​មិន​អនុម័ត​លើ​សេចក្តីព្រាង​​ដំណោះស្រាយ​​សន្តិភាពអ៊ីស្រាអែល-ប៉ាឡេស្ទីន

ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ត្រូវបាន​អំពាវនាវ​ឱ្យ​មានការបោះឆ្នោត​លើ​ពង្រាង​ដំណោះស្រាយ​សន្តិភាព​រវាង​ប៉ាលេស្ទីន​និង​អ៊ីស្រាអែល នៅថ្ងៃអង្គារ​ម៉ោង​៥ល្ងាច​ម៉ោង​នៅ​ទីក្រុង​ញ៉ូវយ៉ក ត្រូវនឹង​ថ្ងៃពុធ​ម៉ោង​៥ព្រឹក​ម៉ោង​នៅ​ភ្នំពេញ។ ទីបំផុត​ទៅ​នៅម៉ោង​៥និង១៨នាទី​ល្ងាច ពោល​គឺ​កាល​ពី​ពីរម៉ោង​មុននេះ ពង្រាងនេះ​មិន​ត្រូវបាន​អនុម័ត​នោះទេ ដោយសារតែ​បានទទួល​សំេលង​ឆ្នោត​គាំទ្រ​ត្រឹមតែ​៨សំលេង​លើ​១៥​ប៉ុណ្ណោះ។    

អសប
អសប REUTERS/Eduardo Munoz
ផ្សាយពាណិជ្ជកម្ម

លទ្ធផលនេះ​អាច​មិនគួរឲ្យ​ភ្ញាក់ផ្អើល​ព្រោះគេ​បានដឹង​ពីប្រតិកម្ម​របស់​សហគមអន្តរជាតិ​ជំុវិញ​ការទទូច​ដោយ​អន្ទះសារ​របស់​ប៉ាឡេស្ទីនដើម្បី​ឲ្យក្រុមប្រឹក្សា​សន្តិសុខ​អនុម័ត​លើ​ពង្រាង​ដំណោះស្រាយ​សន្តិភាព​នេះ។

អ្នកការទូត​នៃបច្ចឹមប្រទេស​ជាច្រើនរូប​បាននិយាយ​ទៅកាន់​អ្នកយកពត៌មាន Reuters ដោយ​ងឿងឆ្ងល់ ពីភាពតក់ក្រហល់​របស់​ប៉ាឡេស្ទីន​ក្នុងការដាក់​ពង្រាង​ដំណោះស្រាយ​ទៅឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ អនុម័ត។ ព្រោះ​ប៉ាឡេស្ទីន​បានជ្រើសរើស​ផ្លូវនេះ​ដោយមិន​អើពើ​ពីការ​ផ្តល់​យោបល់​នានា​ពី​ខាងក្រៅ​ដែល ភាគច្រើន​យល់ថា​គេគួរ​ផ្តល់នូវ​ពេលវេលា​បន្ថែមទៀត​សម្រាប់​ការចរចា។ ពិសេស​យោបល់​របស់​បច្ចឹម ប្រទេស​ដែល​បានដាក់ក្តីសង្ឃឹម​យ៉ាងច្រើន​នៅក្នុង​ដំណោះស្រាយ​មួយ​ឲ្យសមរម្យ​ជាង​នេះ។ ចំណែក លោកស្រី Dina Kawar អគ្គរដ្ឋទូត​នៃ​ប្រទេស​ហ្ស៊កដានី​ប្រចាំការ​នៅ​អង្គការ​សហប្រជាជាតិ បានមាន ប្រសាន៍​ថា បើទោះជា​ក្រុមប្រទេស​អារ៉ាប់គាំទ្រ​ប៉ាលេស្ទីន ប៉ុន្តែ​ប្រទេស​ហ្ស៊កដានី​វិញ​មិនចង់​ឲ្យអ្វីៗ ធ្វើ​ឡើង​ដោយ​ប្រញាប់ប្រញាល់​បែប​នេះ​ទេ ព្រោះ​ហ្ស៊កដានី​ចង់ឲ្យ​មានការពិក្សា​ឲ្យបាន​ច្រើន​ជាង​នេះ ដើម្បី​ស្នើ​នូវ​ដំណោះស្រាយ​មួយ​ដែល​សមាជិក​ទាំងដប់ប្រាំ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អាច​យល់ព្រម និង គាំទ្រ។ ព្រោះ​នេះ​ក៏ជា​គំនិត​ដែល​ប្រទេស​នៅអឺុរ៉ុប​ជាច្រើន​បានយល់ស្រប​ដែរ។

ម៉្យាងទៀត​គេក៏អាច​ដឹងដែរ​ថា​អាមេរិច ប្រាកដជា​នឹង​ប្រើសិទ្ធិ​វេតូ​របស់​ខ្លួន​មិនយល់ព្រម​លើ​ដំណោះ ស្រាយ​ដែល​ស្នើ​នេះ។ ព្រោះ​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អាមេរិក​ក៏ធ្លាប់​បាន​លើក​ឡើង​ថា អាមេរិច​មិនជឿ​ថា​ដំណោះស្រាយ​នេះ​មាន​លក្ខណៈស្ថាបនា​នោះទេ ហើយថា​ការ​រឹតត្បិត​ពេល វេលា​ដែល​បាន​កំណត់នោះ​ទំនង​ជាការរំខាន់​ដល់​ការចរចា ជាជាង​នាំទៅ​រក​ភាព​ជោគជ័យ។ ព្រោះ ពង្រាង​ដំណោះស្រាយ​នោះ មិនបាន​យកចិត្ត​ទុកដាក់​ពីតម្រូវការ​ស្រប​ច្បាប់​​របស់​អ៊ីស្រាអែល​ស្តីពី​បញ្ហា សុវត្ថិភាព និង​ការពេញចិត្ត​របស់អ៊ីស្រាអែល​ពីតម្រូវការ​ទាំង​នេះ ដែលជា​ផ្នែក​ដ៏សំខាន់​ដើម្បី ភាពយូរអង្វែង​នៃ​កិច្ចព្រមព្រៀង។

ជាលទ្ធផល​ពង្រាង​នេះទទួលបាន​ត្រឹមតែ​៨សំលេង​គាំទ្រ មិនគ្រប់​ចំនួន​៩​សំលេង ដែល​ជា​ចំនួន​ចាំបាច់ សំរាប់​ការអនុម័ត​យល់ព្រម​របស់​ក្រុមប្រឹក្សា​សន្តិសុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ