អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លីបង់៖​ប្រមុខ​ចលនា​ហេស្បូឡា​អំពាវនាវ​ពួកជីហាត​នៅ​ស៊ីរី​ឲ្យ​ឈប់​ច្បាំង និង​ទម្លាក់​អាវុធ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​សៅរ៍ ទី១៣ សីហា ប្រមុខ​ចលនា​ហេស្បូឡាលីបង់​លោក​ហាសាន ណាស្រាឡា​បាន​អំពាវនាវ​ដល់​ពួកជ្រុលនិយម​ស៊ុយនីត​នៅ​ក្នុង​ប្រទេស​ស៊ីរី​ឲ្យ​ឈប់​ច្បាំង និង​ទម្លាក់​អាវុធ​ចុះ។ ការ​អំពាវនាវ​របស់​លោក​ណាស្រាឡា​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ខួប​គម្រប់ ១០ឆ្នាំ​នៃ​សង្រ្គាម​រវាង​ចលនា​ហេស្បូឡាលីបង់ និង​អ៊ីស្រាអែល​កាល​ពី​ឆ្នាំ ២០០៦។ សូម​ជម្រាប​ជូន​ថា​តាំង​ពី​ស៊ីរី​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ មក ចលនា​មួយ​នេះ​បាន​ចេញ​មុខ​គាំទ្រ​រដ្ឋាភិបាល​ស៊ីរី​របស់​លោក​ប្រធានាធិបតី​អាសាដ និង​បាន​ប្រកាន់​ជំហរ​ម៉ឹងម៉ាត់​ប្រឆាំង​នឹង​ពួក​ជ្រុលនិយម​ស៊ុយនីត។

លីបង់៖​ប្រមុខ​ចលនា​ហេស្បូឡា​អំពាវនាវ​ពួកជីហាត​នៅ​ស៊ីរី​ឲ្យ​ឈប់​ច្បាំង និង​ទម្លាក់​អាវុធ
លីបង់៖​ប្រមុខ​ចលនា​ហេស្បូឡា​អំពាវនាវ​ពួកជីហាត​នៅ​ស៊ីរី​ឲ្យ​ឈប់​ច្បាំង និង​ទម្លាក់​អាវុធ AFP/Mahmoud Zayyat
ផ្សាយពាណិជ្ជកម្ម

ការ​ថ្លែង​អំពាវនាវ​របស់​ប្រមុខ​ចលនា​ហេស្បូឡាលីបង់​ជា​រឿង​ភ្ញាក់ផ្អើល និង​មិន​ធ្លាប់​បាន​ឮ​នា​ពេល​កន្លង​មក ពិសេស​តាំង​ពី​ស៊ីរី​បាន​ធ្លាក់​ក្នុង​វិបត្តិនយោបាយ​ហែកហួរ​គ្នា​ក្នុង​ឆ្នាំ ២០១១។ តាំង​ពី​ឆ្នាំ ២០១៣ ចលនា​ហេស្បូឡាលីបង់​បាន​បញ្ជូន​កម្លាំងប្រដាប់​អាវុធ​របស់​ខ្លួន​ជា​ច្រើន​ពាន់​នាក់​ទៅ​កាន់​ប្រទេស​ស៊ីរី​ក្រោម​ហេតុផល​ថា ដើម្បី​ការពារ​ស៊ីរី​កុំ​ឲ្យ​ធ្លាក់​ក្នុង​កណ្តាប់ដៃ​អង្គការ​រដ្ឋអ៊ីស្លាម និង​រណសិរ្យ​អាល់ ណូស្រា។ មេ​ចលនា​ហេស្បូឡា​ធ្លាប់​បាន​បញ្ជាក់​ជា​ច្រើន​ដង​ថា បើ​ស៊ីរី​ធ្លាក់​ក្នុង​កណ្តាប់ដៃ​អង្គការ​រដ្ឋអ៊ីស្លាម ឬ​រណសិរ្យ​អាល់ ណូស្រា គឺ​ជា​រឿង​មួយ​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់​ប្រទេស​លីបង់ និង​ពិភពលោក។

តែ​គឺ​ពួក​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស៊ីរី​របស់​លោក​ប្រធានាធិបតី​អាសាដ​ឯណោះ​ទេ​ដែល​កំពុង​ទទួល​រង​ការ​វាយប្រហារ​ពី​ពួក​យុទ្ធជន​ហេស្បូឡាលីបង់​ដោយ​មាន​ការ​សហការណ៍​ពី​សម្ព័ន្ធមិត្ត​អ៊ីរ៉ង់​ដែល​ជា​ក្រុម​ឈីអ៊ីត​ដូច​ហេស្បូឡា រួម​ទាំង​កម្លាំងទ័ព​អាកាស​របស់​រុស្ស៊ី។ មេចលនា​ហេស្បូឡាលីបង់​រូប​នេះ​ដដែល​ក៏​ធ្លាប់​បាន​បញ្ជាក់​ដែរ​ថា យុទ្ធជន​ហេស្បូឡា​នឹង​បន្ត​ស្ថិត​ក្នុង​ប្រទេស​ស៊ីរី​ដើម្បី​ជួយ​លោក​អាសាដ​ឲ្យ​ទទួល​បាន​ជោគជ័យ​លើ​ក្រុម​បះបោរ។ គឺ​ដោយ​មាន​ការ​គាំទ្រ​ពី​ចលនា​ហេស្បូឡាលីបង់ និង​សម្ព័ន្ធមិត្ត​មួយ​ចំនួន ពិសេស​គឺ​អ៊ីរ៉ង់​ដែល​បាន​ធ្វើ​ឲ្យ​កម្លាំង​របស់​លោក​អាសាដ​មាន​ប្រៀប​ជាង​លើ​ក្រុម​ប្រឆាំង​នៅ​លើ​សមរភូមិ។

លោក​ណាស្រាឡា៖អ៊ីស្រាអែល និង​អាមេរិក​ប្រើ​ដៃ​ពួកជ្រុលនិយម​ដើម្បី​ប្រយោជន៍​ខ្លួន

ក្រៅ​ពី​អំពាវនាវ​ឲ្យ​ពួកជីហាត​ស៊ុយនីត​ឈប់ច្បាំង និង​ទម្លាក់​អាវុធ​ចុះ លោក​ណាស្រាឡា​ក៏​បាន​លើក​ឡើង​ពី​លទ្ធភាព​ក្នុង​ការ​ផ្សះផ្សា និង​ការ​សម្រុះសម្រួល​ដែរ។ ការ​ថ្លែង​របស់​ប្រមុខ​ចលនាហេស្បូឡាលីបង់​ពេល​នេះ​បាន​ធ្វើ​ឡើង នា​ឱកាស​ខួប​គម្រប់ ១០ឆ្នាំ​នៃ​សង្រ្គាម​រវាង​ចលនា​ហេស្បូឡាលីបង់ និង​ប្រទេស​អ៊ីស្រាអែល​កាល​ពី​ឆ្នាំ ២០០៦។ សង្រ្គាម​ដែល​មាន​រយៈពេល​ដល់​ទៅ ៣៣ថ្ងៃ និង​ដែល​ចលនា​ហេស្បូឡាលីបង់​បាន​តស៊ូទ្រាំទ្រ​ទល់​នឹង​កម្លាំង​អ៊ីស្រាអែល​ដែល​មាន​ប្រៀប​ខ្លាំង។
 
យោង​តាម​លោក​ណាស្រាឡា អ៊ីស្រាអែល​ដែល​ជា​អ្នក​ចាញ់​សង្រ្គាម​កាល​ពី ១០ឆ្នាំ​មុន រួម​ជាមួយ​សម្ព័ន្ធមិត្ត​អាមេរិក​បាន​ប្រើ​ដៃ​ពួកជ្រុលនិយម​ស៊ុយនីត​ដើម្បី​កម្ទេច​ចលនា​ហេស្បូឡាលីបង់ ប្រទេស​ស៊ីរី និង​ប្រទេស​អ៊ីរ៉ង់។ លោក​ណាស្រាឡា​យល់​ឃើញ​ថា អ៊ីស្រាអែល និង​អាមេរិក​ជា​អ្នក​អុជអាល​ឲ្យ​និកាយ​ស៊ុយនីត និង​និកាយ​ឈីអ៊ីត​កាប់​ចាក់​គ្នា​ក្នុង​គោលដៅ​បំផ្លាញ​ហេស្បូឡា ស៊ីរី និង​អ៊ីរ៉ង់។
 
សម្រាប់​ប្រមុខ​ចលនាហេស្បូឡាលីបង់ ការ​តស៊ូ​របស់​ពួកជ្រុលនិយម​ស៊ុយនីត​នៅ​ក្នុង​ប្រទេស​ស៊ីរី​ជា​ល្បែង​រៀប​ចំ​ដោយ​អ៊ីស្រាអែល និង​អាមេរិក ព្រម​ទាំង​កំពុង​បម្រើ​ផលប្រយោជន៍​ឲ្យ​មហាអំណាច​ទាំង​ពីរ​នេះ។ នៅ​ក្នុង​ន័យ​នេះ លោក​ណាស្រាឡា​បាន​លើក​ឡើង​ពី​ការ​ផ្សះផ្សា និង​ការ​សម្រុះសម្រួល​ជាមួយ​ពួក​ជ្រុលនិយម​ស៊ុយនីត តែ​មិន​បាន​លំអិត​អ្វី​បន្ថែម​ពី​វិធានការ​ផ្សះផ្សា និង​សម្រុះសម្រួល​នោះ​ទេ។
 
ស្ថានការណ៍​កំពុង​ឡើង​តានតឹង​ខ្លាំង​នៅ​ទីក្រុង​អាឡិប
 
ពួក​ជ្រុលនិយម​ស៊ុយនីត​នៅ​ស៊ីរី​នៅ​មិន​ទាន់​បាន​ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​ការ​អំពាវនាវ​របស់​ប្រមុខ​ចលនាហេស្បូឡាលីបង់​ពេល​នេះ​ទេ។ តែ​បើ​តាម​មើល​ទៅ ការ​អំពាវនាវ​របស់​លោក​ណាស្រាឡា​ជា​រឿង​មួយ​ដែល​ពួក​ជ្រុលនិយម​ពិបាក​ទទួល​យក ព្រោះ​វា​បាន​កើត​មាន​ឡើង​នៅ​ក្នុង​កាលៈទេសៈ​មួយ​ដែល​ហាក់​ដូច​ជា​យឺត​ពេល​បន្តិច។ ម្យ៉ាង​ទៀត ការ​អំពាវនាវ​របស់​មេ​ចលនា​ហេស្បូឡាលីបង់​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​គ្រប់ភាគី​ជម្លោះ​នៅ​ស៊ីរី​កំពុង​ត្រៀម​កម្លាំង​ដើម្បី​វាយដណ្តើម​យក​ទីក្រុង​អាឡិប​ដែល​ជា​ទីតាំង​យុទ្ធសាស្រ្ត​មួយ​ដ៏​សំខាន់។

នៅ​ក្នុង​សង្រ្គាម​វាយ​ដណ្តើម​យក​ទីក្រុង​អាឡិប​នេះ ក្រុម​ប្រឆាំង និង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​កំពុង​កែន​ប្រមូល​កម្លាំង​មនុស្ស និង​ត្រៀម​សម្ភារៈសឹក​គ្រប់​បែបយ៉ាង។ ដូច្នេះ​សម្រាប់​ក្រុម​ឧទ្ទាម រួម​ជាមួយ​ក្រុម​ជ្រុលនិយម​ផ្សេង​ទៀត​ហាក់​ដូច​ពិបាក​ដក​ខ្លួន​ថយ ហើយ​នៅ​ខាង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​ដែល​មាន​ក្រុម​យុទ្ធជន​ហេស្បូឡា​ស្ថិត​លើ​សមរភូមិ​ជួរ​មុខ​ស្រាប់​ក៏​ពិបាក​នឹង​និយាយ​ជំនះ​លើ​ក្រុមប្រឆាំង​ដែរ។ ទន្ទឹម​គ្នា​នេះ កម្លាំង​ប្រឆាំង រួម​នឹង​កម្លាំង​ជ្រុលនិយម​ផ្សេង​ហាក់​ដូច​ជា​មាន​ប្រៀប​ជាង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី។

នៅ​ក្នុង​ន័យ​នេះ មេ​ចលនាហេស្បូឡា​លីបង់​បាន​ដឹង​ច្បាស់​ណាស់ និង​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​បន្ត​ចូល​ប្រឡូក​ក្នុង​សមរភូមិ​ទន្ទឹម​គ្នា​នឹង​ការ​អំពាវនាវ​ឲ្យ​គូប្រឆាំង​ទម្លាក់​អាវុធ។ សង្រ្គាម​វាយដណ្តើម​ទីក្រុង​អាឡិប​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ទុក​ជា​មុន​ថា នឹង​មាន​រយៈពេល​វែង និង​មាន​ការ​បង្ហូរឈាម​គ្នា​ដោយ​ចៀស​មិន​រួច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ