អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ស៊ីរី៖​ហេតុអ្វី​បាន​ជា​អង្គការ​សហប្រជាជាតិ​សម្រេច​ពន្យា​ការស៊ើបអង្កេត​រឿង​អាវុធ​គីមី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្មីៗ​នេះ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្តីសម្រេចចិត្ត​មួយ​ដែល​អនុញ្ញាត​ឲ្យ​ក្រុម​អ្នកស៊ើបអង្កត​ស្វែង​រក​អាវុធ​គីមី​បន្ត​បេសកកម្ម​របស់​ខ្លួន​មួយ​ឆ្នាំ​ថែម​ទៀត ពោល​រហូត​ដល់​ខែ​វិច្ឆិកា ឆ្នាំ ២០១៧ នៅ​ក្នុង​ប្រទេស​ស៊ីរី។ គោលដៅ គឺ​ដើម្បី​ចង់​ដឹង​ពី​បរិមាណ​អាវុធគីមី​ដែល​មាន​នៅ​ក្នុង​ទឹកដី​ស៊ីរី និង​វែក​មុខ​រក​អ្នក​ដែល​បាន​ប្រើ​អាវុធ​គីមី​សម្លាប់​ជនស៊ីវិល​ស្លូតត្រង់​ក្នុង​ឆ្នាំ ២០១៤ និង ២០១៥។ហេតុអ្វី​បាន​ជា​អង្គការ​សហប្រជាជាតិ​សម្រេច​ពន្យា​ការ​ស៊ើបអង្កេត​រឿង​អាវុធគីមី​នៅ​ស៊ីរី?

ក្រុម​អ្នក​ឯកទេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ស៊ើបអង្កេត​អាវុធ​គីមី​នៅស៊ីរី
ក្រុម​អ្នក​ឯកទេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ស៊ើបអង្កេត​អាវុធ​គីមី​នៅស៊ីរី REUTERS/Mohamed Abdullah
ផ្សាយពាណិជ្ជកម្ម

កាល​ពី​មួយ​ឆ្នាំ​មុន ពោល​ក្នុង​ខែ​សីហា ឆ្នាំ ២០១៥ អង្គការ​សហប្រជាជាតិ និង​អង្គការ​ដើម្បី​ហាម​ការ​ប្រើប្រាស់​អាវុធ​គីមី​បាន​បង្កើត​ឲ្យ​មាន​យន្តការ​ស៊ើបអង្កេត​រួម​គ្នា​មួយ​សម្រាប់​ប្រទេស​ស៊ីរី។ យន្តការ​ស៊ើបអង្កេត​រួម​គ្នា​នេះ​មាន​តួនាទី​ស្វែង​រក​អ្នក​ដែល​បាន​ប្រើ​អាវុធ​គីមី​សម្លាប់​ជនស៊ីវិល​ស្លូតត្រង់​ស៊ីរី​ក្នុង​ឆ្នាំ ២០១៤ និង ២០១៥ ពោល​ក្នុង​ពេល​ដែល​ស៊ីរី​ធ្លាក់​ក្នុង​សង្រ្គាមស៊ីវិល​រវាង​រដ្ឋាភិបាល និង​ក្រុមប្រឆាំង។ ទន្ទឹម​គ្នា​នេះ តួនាទី​របស់​យន្តការ​ស៊ើបអង្កេត​រួម​ក៏​ចង់​ដឹង​ឲ្យ​បាន​ច្បាស់​អំពី​បរិមាណ​អាវុធ​គីមី​ដែល​ស៊ីរី​មាន និង​ព្យាយាម​ធ្វើ​យ៉ាង​ណា​រារាំង​កុំ​ឲ្យ​អាវុធគីមី​ធ្លាក់​ទៅ​ក្នុង​កណ្តាប់ដៃ​ក្រុម ឬ​ចលនា​ភេរវនិយម ដូច​យ៉ាង​អង្គការ​រដ្ឋអ៊ីស្លាម​ជា​ដើម។

បន្ទាប់​ពី​បាន​បំពេញ​បេសកកម្ម​ស្រាវជ្រាវ​អស់​រយៈពេល​ជាង ១ឆ្នាំ​មក ស្ថាប័ន​យន្តការ​ស៊ើបអង្កេត​រួម​បាន​ចេញ​សេចក្តីសន្និដ្ឋាន​ដោយ​គ្មាន​អាល់អែក​ថា កងទ័ព​ស៊ីរី​ជា​អ្នក​ដែល​បាន​ប្រើ​អាវុធ​គីមី​សម្លាប់​ជនស៊ីវិល​ស៊ីរី​ស្លូត​ត្រង់ ហើយ​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ក៏​បាន​ប្រើប្រាស់​អាវុធគីមី​នៅ​ក្នុង​ការ​វាយប្រហារ​របស់​ខ្លួន​ដែរ។ នេះ​ជា​លើកទី១ ដែល​រដ្ឋាភិបាល​ស៊ីរី​របស់​លោក​ប្រធានាធិបតី​អាសាដ​បាន​រង​ការ​ចោទប្រកាន់​ចំ​មុខ ហើយ​កងទ័ព​ជា​អ្នក​ទទួល​ខុសត្រូវ​ទាំង​ស្រុង​នៅ​ក្នុង​បញ្ហា​នេះ។ គួរ​រម្លឹក​ជូន​ថា​កន្លង​មក រដ្ឋាភិបាល​ទីក្រុង​ដាម៉ាស់ និង​ក្រុម​បះបោរ​តែងតែ​ទម្លាក់​កំហុស​ដាក់​គ្នា​ទៅ​វិញ ទៅ​មក។ ទីក្រុង​ដាម៉ាស់​បាន​បញ្ជាក់​ថា ខ្លួន​ប្រើ​អាវុធគីមី​តែ​ក្នុង​ករណី​ណា​ដែល​មាន​ការ​ឈ្លានពាន​ពី​ខាង​ក្រៅ​តែ​ប៉ុណ្ណោះ។

ឥឡូវ​នេះ យន្តការ​ស៊ើបអង្កេត​រួម​មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​បញ្ជាក់​ពី​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល​ស៊ីរី តែ​សំណួរ​ដែល​កំពុង​ចោទ​ពេល​នេះ​គឺ​ថា តើ​មាន​ការងារ​អ្វី​ខ្លះ​ដែល​ត្រូវ​បន្ត​ធ្វើ?។ ក្រុម​ប្រទេស​បស្ចិមលោក​ភាគច្រើន​បាន​យល់​ឃើញ​ដូច​គ្នា​ថា គេ​ត្រូវ​តែ​ផ្តន្ទាទោស​លើ​រដ្ឋាភិបាល​ក្រុង​ដាម៉ាស់ ហើយ​បើ​អាច ត្រូវ​អូស ក​ជន​ដៃដល់​ទៅ​កាត់ទោស។ នៅ​ត្រង់​ចំណុច​នេះ ប្រទេស​បារាំង អាមេរិក និង​អង់គ្លេស​បាន​ទាមទារ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​ជា​អ្នក​ចាត់ការ។ តែ​បញ្ហា​នៅ​ត្រង់​ថា រុស្ស៊ី​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹកមិនលេច​របស់​ស៊ីរី​បាន​ចេញ​មុខ​ប្រឆាំង​រួច​ជា​ស្រេច។

រុស្ស៊ី​ដែល​សុខចិត្ត​ឲ្យ​បន្ត​បេសកកម្ម​របស់​យន្តការ​ស៊ើបអង្កេត​រួម​បាន​យល់​ឃើញ​ថា ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​គួរ​តែ​ផ្តោត ឬ​បង្វែរ​ការស៊ើបអង្កេត​របស់​ខ្លួន​ឲ្យ​បាន​ស៊ីជម្រៅ​បន្ថែម​ទៅ​លើ​ក្រុម​ជ្រុលនិយម ដូច​យ៉ាង​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ពោល​មិន​គួរ​សំដៅ​លើ​ផ្ទាំងស៊ីប​តែ​លើ​រដ្ឋាភិបាល​ស៊ីរី​មួយ​គត់​ប៉ុណ្ណោះ​ទេ។ សូម​ជម្រាប​ជូន​ថា ការ​ដែល​រុស្ស៊ី​បាន​ព្រមព្រៀង​ជាមួយ​ក្រុមប្រឹក្សាសន្តិសុខ​ឲ្យ​បន្ត​បេសកកម្ម​ស្រាវជ្រាវ​អាវុធគីមី​នៅ​ស៊ីរី​ពេល​នេះ​មិនមែន​ជា​រឿង​ចៃដន្យ​ទេ មិន​ចៃដន្យ ព្រោះ​ស៊ីរី​ជា​ប្រទេស​ស្តុក​អាវុធគីមី​មួយ​ដ៏​សំខាន់​ក្នុង​លោក។ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា គឺ​បរទេស​ជា​អ្នក​ដែល​បាន​ជួយ​បណ្តុះបណ្តាល​ស៊ីរី​ឲ្យ​ចេះ​ផលិត​អាវុធគីមី។

នៅ​ដើម​ទសវត្ស​ឆ្នំា ៨០ ពោល​បន្ទាប់​ពី​បាន​ចាញ់​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីស្រាអែល​ចំនួន ៣លើក​បន្តបន្ទាប់​គ្នា​មក ស៊ីរី​ក៏​បាន​ផ្តើម​អភិវឌ្ឍ​កម្មវិធី​អាវុធ​គីមី​ស្ងាត់ៗ​ដោយ​យក​ហេតុផល​ទៅ​ពន្យល់​ថា ដើម្បី​ការពារ​ខ្លួន​ទប់​នឹង​ការ​គំរាមកំហែង​របស់​អ៊ីស្រាអែល។ បន្តិច​ម្តងៗ និង​ដោយ​មាន​ជំនួយ​ពី​ប្រទេស​ជិតខាង ក៏​ដូច​ពី​សម្ព័ន្ធមិត្ត​អឺរ៉ុប ស៊ីរី​ក៏​បាន​ក្លាយ​ជា​ប្រទេស​ដែល​អាច​ផលិត​អាវុធគីមី​ប្រកប​ដោយ​គុណភាព​ខ្ពស់ និង​ដែល​មាន​បរិមាណស្តុក​ដ៏​សំខាន់​មួយ​ក្នុង​លោក។

បើ​តាម​ក្រុម​អ្នកឯកទេស​យោធា ស៊ីរី​ច្រើន​ស្តុក​សារធាតុគីមី​ជា​ទ្រង់ទ្រាយ​វត្ថុរាវ​នៅ​ក្រោមដី​យ៉ាង​ជ្រៅ និង​ដោយ​មាន​សន្តិសុខ​យ៉ាង​ត្រឹមត្រូវ​នៅ​តាម​មូលដ្ឋាន​យោធា​សំខាន់ៗ។ ទន្ទឹម​គ្នា​នេះ ការ​ស្តុក​ក៏​មាន​នៅ​តាម​រូងភ្នំ​ដាច់​ស្រយាល​ដែរ។ ស៊ីរី​បាន​យក​សារធាតុគីមី​ទៅ​ដាក់​នៅ​ក្នុង​ក្បាល​គ្រាប់មីស៊ីល​អន្តរទ្វីប ឬ​មួយ​នៅ​ក្នុង​ក្បាល​គ្រាប់​កំាភ្លើងត្បាល់។ តាម​ពិត​ទៅ ប្រភេទ​សារធាតុគីមី​ដែល​ស៊ីរី​បាន​ផលិត​ច្រើន​ជា​ឧស្ម័ន ពិសេស​ឧស្ម័នសារ៉ាង « Gaz sarin) ដែល​ពុលខ្លំាង និង​មាន​ប្រតិកម្ម​ផ្ទាល់​ទៅ​លើ​ប្រព័ន្ធ​សរសែប្រសាទ​របស់​មនុស្ស ក៏​ដូច​ជា​សត្វ។

តែ​អ្វី​ដែល​សហគមន៍​អន្តរជាតិ​នៅ​មិន​អាច​កំណត់​បាន​មក​ទល់​ពេល​នេះ​គឺ​ថា តើ​ស៊ីរី​មាន​ស្តុក​អាវុធគីមី​ប៉ុន្មាន​តោន និង​មាន​ប្រភេទ​អាវុធគីមី​អ្វី​ខ្លះ។ នេះ​ហើយ​ជា​បេសកកម្ម​របស់​យន្តការ​ស៊ើបអង្កេត​រួម​ដែល​ត្រូវ​បាន​ពន្យា​ពេល​រហូត​ដល់​ខែ​វិច្ចិកា ឆ្នាំ ២០១៧៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ