អានតួអត្ថបទ
ស៊ីរី

អង្គការ​​សហ​ប្រជាជាតិ​​ពន្យារ​​​ពេល​​​ស៊ើប​អង្កេត​​ការ​ប្រើប្រាស់​​អាវុធ​គីមី​ ​នៅ​​ស៊ីរី​​

ថ្ងៃព្រហស្បតិ៍​ម្សិលមិញ ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បានអនុម័ត​​សម្រេច​ពន្យារ​ពេល​ថែម១ឆ្នាំ នូវ​ការងារ​ស៊ើប​អង្កេត​​ទាក់ទង​ការ​ប្រើប្រាស់​អាវុធ​គីមី​នៅស៊ីរី។ រុស្ស៊ី​​ចង់​អោយ​ពង្រីក​ការ​ស៊ើបអង្កេត​នេះ ដល់​ប្រទេស​ជិតខាង​ស៊ីរី ដូចជា​អ៊ីរ៉ាក់​ទៀតផង។ ​ 

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ
ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ REUTERS/Brendan McDermid
ផ្សាយពាណិជ្ជកម្ម

ការងារ​ស៊ើបអង្កេត​ចំពោះ​ការប្រើប្រាស់​អាវុធ​គីមី ​​​​ត្រូវបាន​​​ពន្យារ​ពេល​ថែមមួយឆ្នាំ​ រហូត​ដល់​ខែវិច្ឆិកា ឆ្នាំ២០១៧។ ​អង្គការ​សហប្រជាជាតិ ​និង​អង្គការ​ហាមឃាត់អាវុធ​គីមី ហៅកាត់ថា ​OIAC ជាអ្នក​ដឹកនាំ​បេសកកម្ម​ស៊ើបអង្កេត​។ ​

ការ​ស៊ើបអង្កេត​​ដែល​បានធ្វើ​ជាង​១ឆ្នាំ កន្លងមក ​​​បាន​ចេញ​​​សេចក្តីសន្និដ្ឋាន​ថា ​កងទ័ព​ស៊ីរី​បា​នប្រើប្រាស់​អាវុធ​ផ្ទុកដោយ​សារធាតុ​ក្លរ ​ក្នុង​ការ​វាយប្រហារ​ចំនួន​៣ នៅ​ភាគខាងជើង​ស៊ីរី ក្នុង​ឆ្នាំ២០១៤ និង​២០១៥។​ ហើយ​ក្រុម​ភេរវជន​រដ្ឋអ៊ីស្លាម​វិញ ក៏បាន​ប្រើប្រាស់​អាវុធ​គីមី​ក្នុង​ការ​វាយប្រហារ​​មួយដែរ ក្នុង​ខែសីហា ឆ្នាំ២០១៥។

ប៉ុន្តែ ​រដ្ឋាភិបាល​លោក​អាសាដ ​បាន​បដិសេធ​ថា កងទ័ព​ខ្លួន​​មិនបាន​ប្រើ​អាវុធ​គីមី​ទេ។ រុស្ស៊ី​ដែល​ជា​មិត្ត​របស់​លោក​អាសាដ មិនសូវ​ជា​ទុកចិត្ត​សេចក្តី​សន្និដ្ឋា​ន​​នៃ​​ការ​អង្កេត​នេះទេ។ រុស្ស៊ី​​បាន​សង្កត់ធ្ងន់​ទៅលើ​ភស្តុតាង​ផ្សេងៗ ដែល​បង្ហាញ​ថា ក្រុមភេរវជនជាច្រើន​​​​បាន​នាំគ្នា​ប្រើប្រាស់​អាវុធ​គីមី។

រុស្ស៊ី​​បាន​ស្នើ​​​សុំអោយ​ក្រុម​អ្នកស៊ើបអង្កេត​​ចៀសវាង​​​វាយប្រហារ​រដ្ឋាភិបាល​ស៊ីរី ដោយសារ​តែ​​ទទួលរង​សម្ពាធ ​​ពីប្រទេស​​មួយចំនួន។ រុស្ស៊ី​ថែមទាំង​បាន​ទាត់ចោល​សំណើ​បារាំង​និងអង់គ្លេស ដែល​ចង់​ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​ស៊ីរី​ទៀតផង។ ​

គួររំលឹក​ថា កាលពី​ឆ្នាំ២០១៣ ​ក្នុង​ក្របខណ្ឌ​កិច្ចព្រមព្រៀង​​អាមេរិក-រុស្ស៊ី ចែង​ពី​​ការ​ហាមឃាត់​​អាវុធគីមី ​ស៊ីរី​​បានធ្វើការ​​កំទេច​​ស្តុក​អាវុធ​គីមីរបស់​ខ្លួន​ ​ដោយ​មាន​ការត្រួតពិនិត្យ​ពី​​​អន្តរជាតិ។ ទន្ទឹម​នេះដែរ មានការ​​គិតថា គេអាច​យក​សារធាតុ​ក្ល ពី​រោងចក្រ មក​ផលិត​​​អាវុធ​ជាតិពុលបាន​យ៉ាងងាយស្រួល។ ប្រសិន​បើ​ស៊ីរីលួច​ប្រើ​អាវុធ​គីមី បំពាន​កិច្ចព្រមព្រៀង​ហាមឃាត់​អាវុធ​គីមី ​ស៊ីរី​នឹង​ទទួលទណ្ឌកម្ម៕ 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ