អានតួអត្ថបទ
ស៊ីរី

ស៊ីរី៖​ក្រុមប្រយុទ្ធ​​អារ៉ាប់​​និង​គួដ​បើក​​​​ការ​​​​​វាយលុក​​យក​​ទីក្រុង​​រ៉ាក់កា​​ ពី​​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម​

កងកម្លាំង​ប្រយុទ្ធ​អារ៉ាប់និងគួដឌីស្ថាន​បានប្រកាស​​នៅ​ថ្ងៃអាទិត្យ​នេះ​ថា បានបើក​ប្រតិបត្តិការ​​វាយលុក​​ដណ្តើម​យក​​ក្រុង​រ៉ាក់កា នៅ​ស៊ីរី ពី​​ក្រុមជីហាត​រដ្ឋអ៊ីស្លាមមកវិញ។ រ៉ាក់កា ជារដ្ឋធានី​​​​​ក្នុង​ដែនដី​របស់​ក្រុមជីហាត​​រដ្ឋអ៊ីស្លាម។ ​ប្រតិបត្តិការ​វាយយក​រ៉ាក់កា ​ធ្វើឡើង​ទន្ទឹមគ្នា​​នឹង​ប្រតិបត្តិការ​វាយយក​មូស៊ូល​នៅ​អ៊ីរ៉ាក់​ដែរ។ ​​​មន្ត្រី​អាមេរិកមួយរូប​​​បាន​គូសបញ្ជាក់​ថា ប្រតិបត្តិការ​វាយយក​ក្រុង​រ៉ាក់កា កំពុង​តែ​ប្រព្រឹត្ត​ទៅ​នៅស៊ីរី​។

ក្រុម​​មេ​បញ្ជាការនៃ​​​ក្រុមប្រយុទ្ធ​ស៊ីរី​FDS ប្រកាស​ពី​ការបើក​ប្រតិបត្តិការ​វាយលុក​យក​ក្រុងរ៉ាក់កា
ក្រុម​​មេ​បញ្ជាការនៃ​​​ក្រុមប្រយុទ្ធ​ស៊ីរី​FDS ប្រកាស​ពី​ការបើក​ប្រតិបត្តិការ​វាយលុក​យក​ក្រុងរ៉ាក់កា REUTERS/Rodi Said
ផ្សាយពាណិជ្ជកម្ម

ប្រតិបត្តិការ​វាយលុក​យក​ក្រុងរ៉ាក់កា ​​​បាន​បើកធ្វើ នៅ​ស៊ីរី មា​នឈ្មោះថា “កំហឹង​ទន្លេអឺហ្វ្រាត” មាន​​កងកម្លាំង​ប្រយុទ្ធ​៣ម៉ឺននាក់ ចូលរួម។ ​​ប្រតិបត្តិការ​នេះ ចែកជា​២ដំណាក់កាល៖ ទី១ គឺ​ក្រុមប្រយុទ្ធ​ត្រូវ​រំដោះយក​ខែត្រ​រ៉ាក់កា​​ ​​ធ្វើអោយ​ទីក្រុង​រ៉ាក់កា​នៅ​​តែឯង រួចហើយពួកគេ​​​ចូល​ទៅ​ប្រយុទ្ធ​រំដោះ​យកក្រុង​តែម្តង។

រ៉ាក់កាស្ថិត​នៅ​​លើ​​​ច្រាំង​ទន្លេ​អឺហ្វ្រាត ​​ជីត​ព្រំដែន​តួកគី។ រ៉ាក់កា ​​​ជា​ទីក្រុងចម្បង​​ និង​គំរូ​ ​ក្នុង​​​ដែនដី​ដែល​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​កាន់កាប់ នៅ​ស៊ីរី​និង​អ៊ីរ៉ាក់។ គឺ​នៅរ៉ាក់កា​នេះហើយ ដែល​​ក្រុម​ភេរវជន​​រៀបចំ​ផែនការ​​ ដើម្បី​បង្ក​ភេរវកម្ម​ ​នៅ​​​តាម​​ប្រទេស​លោកខាងលិច។ ​

ក្នុង​ប្រតិបត្តិការ​វាយយក​រ៉ាក់កាពី​ក្រុមភេរវជន​ ​​​កងកម្លាំងរាប់ម៉ឺននាក់​ដែលចូលរួម​​ មាន​កងកម្លាំង​​​គួដ​និង​អារ៉ាប់​ដែល​អាមេរិក​គាំទ្រ កងកម្លាំង​តួកមែន ​រឺ​ក៏​​​សកម្មជន​ប្រយុទ្ធ​មកពី​ក្រុម​ FDS ជាដើម។ ​ការ​វាយលុក​យក​រ៉ាក់កា ស្ថិត​ក្រោម​ជំនួយ​​​ពី​ប្រទេ​ស​សម្ព័ន្ធមិត្ត​ ដូច​ប្រតិបត្តិការ​​វាយលុក​យក​មូស៊ូល ដែលកំពុង​ដំណើរការ​​ នៅ​​អ៊ីរ៉ាក់ដែរ។ ប្រទេស​សម្ព័ន្ធមិត្ត​ដែល​ចូលរួម​ប្រតិបត្តិការ​កំចាត់​ក្រុមជីហាត​នៅ​ដើម​បូព៌ា ធ្លាប់បាន​លើកឡើង​កាលពី​ថ្ងៃ២៥​តុលា ថា​ការវាយយក​ទីក្រុង​រ៉ាក់កា ​គឺជា​ទិសដៅ​របស់​ពួកគេ​បន្ទាប់​មកទឿត។ ​

ក្នុង​ការ​វាយយក​​ក្រុងមូស៊ូល​នៅ​អ៊ីរ៉ាក់វិញ​ ​កងកម្លាំងអ៊ីរ៉ាក់​បានប្រឈម​​​ជាមួយ​សម្មជន​ជីហាត​ ដែល​​​តស៊ូ​​ស្វិតស្វាញ​​ជាមួយ​ពួកគេ នៅ​តាមភាគខាងកើត និង​ខាងត្បូង​ក្រុង។ ថ្ងៃអាទិត្យ​នេះ ​កងកម្លាំង​អ៊ីរ៉ាក់​​​បានប្រយុទ្ធ​ជាមួយ​ពួកជីហាត​ពីផ្លូវមួយ​ទៅផ្លូវមួយ។ ប្រជាជន​វិញ បាននាំគ្នា​ប្រថុយ​ជីវិត រត់ចេញ​ពីតំបន់​គ្រប់គ្រង​ដោយ​ក្រុមជីហាត។ រហូតពេលនេះ ​កងកម្លាំង​អ៊ីរ៉ាក់​វាយយក​បាន​សង្កាត់​ចំនួន៦ នៅ​​ភាគខាងកើត​ក្រុង​៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ