អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីស្រាអែល​ផ្តើម​ចេញ​មុខ​សងសឹក​នឹង​ប្រទេស​ដែល​បាន​បោះឆ្នោត​គាំទ្រ​លើ​សេចក្តីសម្រេច​របស់​អ.ស.ប.

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្រ្តី​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ​បន្ត​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​នឹង​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​សុក្រ ទី២៣ ធ្នូ និង​ចាត់​វិធានការ​ជាក់ស្តែង​ប្រឆាំង​នឹង​ប្រទេស​ដែល​បាន​បោះឆ្នោត​គាំទ្រ​លើ​សេចក្តីសម្រេចចិត្ត​នោះ។ ការ​ដែល​អ៊ីស្រាអែល​មិន​អាច​ទប់​កំហឹង​បាន ព្រោះ​សេចក្តីសម្រេចចិត្ត​របស់​អ.ស.ប.​បាន​ទាមទារ​ឲ្យ​អ៊ីស្រាអែល​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​បន្ត​សាងសង់ និង​ការ​តាំងលំនៅឋាន​នៅ​ក្នុង​ដែនដី​របស់​ប៉ាឡេស្ទីន។

លោក  Avigfor Lieberman រដ្ឋមន្រ្តី​ការពារជាតិ​អ៊ីស្រាអែល
លោក Avigfor Lieberman រដ្ឋមន្រ្តី​ការពារជាតិ​អ៊ីស្រាអែល MENAHEM KAHANA / AFP
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត និង​ឯកអគ្គរាជទូត​ចំនួន ១០រូប​ប្រចាំ​អ៊ីស្រាអែល​ទៅ​សួរនាំ​មក រដ្ឋាភិបាល​អ៊ីស្រាអែល​ផ្តើម​ធ្វើ​ការ​សងសឹក​លើ​ប្រទេស​ដែល​បាន​បោះឆ្នោត​គាំទ្រ​លើ​សេចក្តីសម្រេចចិត្ត​នោះ។ មុន​គេ គឺ​ប្រទេស​អ៊ុយក្រែន​ដោយ​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ​បាន​សម្រេច​ចិត្ត​លុបចោល​វិញ​នូវ​ដំណើរ​ទស្សនកិច្ច​របស់​សមភាគី​អ៊ុយក្រែន​លោក Volodymyr Groïsman នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​នា​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ។

អ៊ីស្រាអែល​មិន​បាន​លើក​យក​ហេតុអ្វី​អ្វី​ទៅ​បញ្ជាក់​ទេ តែ​គេ​អាច​ដឹង​បាន​ថា មក​ពី​អ៊ីស្រាអែល​មិន​សប្បាយចិត្ត​នឹង​អ៊ុយក្រែន​ដែល​បាន​បោះឆ្នោត​គាំទ្រ​លើ​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​ប្រឆាំង​អ៊ីស្រាអែល។ គួរ​បញ្ជាក់​ថា​កន្លង​មក ទីក្រុង​គៀវ​មាន​ជំហរ​ប្រយ័ត្នប្រយែង​ខ្លាំង​ណាស់​ចំពោះ​ជម្លោះ​នៅ​តំបន់​ដើមបូព៌ា​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ តែ​លើក​នេះ អ៊ុយក្រែន​បែរ​ជា​បាន​បញ្ចេញ​សំឡេង​ប្រឆាំង​អ៊ីស្រាអែល​ដោយ​ចាក់​ស្រប​ជាមួយ​ប្រទេស​ផ្សេង និង​ដែល​កាយវិការ​របៀប​នេះ​បាន​ធ្វើ​ឲ្យ​អ៊ីស្រាអែល​ក្តៅ​ស្លឹកត្រចៀក​ងំ។

មួយ​វិញ​ទៀត ក្រសួង​ការបរទេស​អ៊ុយក្រែន​ថែម​ទាំង​បាន​ផ្សព្វផ្សាយ​សេចក្តីថ្លែងការណ៍​មួយ​រិះគន់ ទិតៀន​លើ​ប្រតិកម្ម​របស់​អ៊ីស្រាអែល​ចំពោះ​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ។ ក្រោយ​សេចក្តីថ្លែងការណ៍​នោះ អ៊ុយក្រែន និង​អ៊ីស្រាអែល​ក៏​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ម្ខាងៗ​ទៅ​សួរនាំ។ ទីក្រុង​គៀវ​បាន​ពន្យល់​បក​ស្រាយ​ថា ការ​ដែល​ខ្លួន​បោះឆ្នោត​គាំទ្រ​លើ​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​ប្រឆាំង​អ៊ីស្រាអែល ក៏​ដោយសារ​តែ​ខ្លួន​ក៏​ជា​ប្រទេស​រងគ្រោះ​ដោយ​ការ​លាបត្របាក់​ទឹកដី​ពី​រុស្ស៊ី​ដូច​ដែល​ប៉ាឡេស្ទីន​កំពុង​រងគ្រោះ​ពី​អ៊ីស្រាអែល​អ៊ីចឹង​ដែរ។

គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ​បាន​ជា​អ៊ុយក្រែន​អំពាវនាវ​ឲ្យ​មាន​ការ​គោរព​ច្បាប់អន្តរជាតិ​ឲ្យ​បាន​ត្រឹមត្រូវ ទោះ​បី​ជា​ដើម្បី​អធិបតេយ្យ​នៅ​អ៊ុយក្រែន ឬ​នៅ​ក្នុង​ដែនដី​ប៉ាឡេស្ទីន​ក្តី។

អ៊ីស្រាអែល​ប្រដូច​សន្និសីទ​អន្តរជាតិ​នៅ​បារាំង​នា​ថ្ងៃទី១៥ មករា​ជា សវនាការ « Dreyfus »

នៅ​ថ្ងៃ​ទី១៥ មករា​ខាង​មុខ បារាំង​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្តិសីទអន្តរជាតិ​មួយ​ស្តីពី​ជម្លោះ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ តែ​អ៊ីស្រាអែល តាម​រយៈ​លោក​រដ្ឋមន្រ្តី​ការពារជាតិ Avigdor Lieberman បាន​ប្រដូច​សន្និសីទ​នេះ​ទៅ​នឹង​សវនាការ « Dreyfus »សម័យទំនើប​ប្រឆាំង​អ៊ីស្រាអែល។ សូម​ជម្រាប​ជូន​ថា Dreyfus គឺ​ជា​ឈ្មោះ​មន្រ្តីយោធា​ជនជាតិ​ជ្វីហ្វ​ម្នាក់​ដែល​ត្រូវ​បាន​តុលាការ​បារាំង​កាត់​ទោស​ពី​បទ​ចារកម្ម​កាល​ពី​ឆ្នាំ ១៨៩៤។ រឿងរ៉ាវ​ប្រវត្តិសាស្រ្ត​យូរ​លង់​​មួយ​នេះ​បាន​បន្ត​ក្លាយ​ជា​ព្រឹត្តិការណ៍​ដែល​បង្កប់​ដោយ​និមិត្តរូប​នៃ​ការ​ប្រឆាំង​ជនជាតិ​ជ្វីហ្វ​មក​ដល់​បច្ចុប្បន្ន។

លោក Lieberman បាន​យល់​ឃើញ​ថា សន្និសីទអន្តរជាតិ​ស្តីពី​ជម្លោះ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ដែល​បារាំង​គ្រោង​រៀបចំ​នៅ​ថ្ងៃ​ទី១៥ មករា​ខាង​មុខ ជា​សវនាការ​« Dreyfus » សម័យទំនើប​ដើម្បី​កែន​ប្រមូល​សហគមន៍​អន្តរជាតិ​ឲ្យ​ប្រឆាំង​អ៊ីស្រាអែល។ តាម​លោក Lieberman អ្វី​ដែល​ខុស​គ្នា​នៅ​ត្រង់​ថា សវនាការ« Dreyfus » ឆ្នាំ ១៨៩៤ មាន​ជនជាប់ចោទ​តែ​ម្នាក់​គត់​នៅ​ក្នុង​រង្វង់​ក្រចក​សេះ តែ​សវនាការ​« Dreyfus » សម័យទំនើប​នឹង​មាន​រដ្ឋអ៊ីស្រាអែល និង​ពលរដ្ឋ​ជ្វីហ្វ​ទាំង​អស់​តែ​ម្តង​ដែល​ស្ថិត​ក្នុង​រង្វង់ក្រចកសេះ។

សូម​ជម្រាប​ជូន​ថា សន្តិសីទអន្តរជាតិ​ស្តីពី​ជម្លោះ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ដែល​បារាំង​គ្រោង​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី១៥ មករា​ខាង​មុខ​នឹង​មាន ៧០ប្រទេស​ចូលរួម តែ​គ្មាន​វត្តមាន​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ទេ។ ភាគី​ជម្លោះ​ទាំង​ពីរ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ក៏​ត្រូវ​បារាំង​អញ្ជើញ​ដែរ តែ​អញ្ជើញ​ឲ្យ​មក​ទទួល​សារ​របស់​សន្និសីទ។ លោក​ប្រមុខ​រដ្ឋអំណាច​ប៉ាឡេស្ទីន​អាបាស់​បាន​យល់ព្រម​តាម​ការ​អញ្ជើញ​របស់​បារាំង​រួច​ហើយ តែ​លោក​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ​បាន​ប្រកាស​មិន​ទៅ​បារាំង​ទេ។

សហគមន៍​អន្តរជាតិ​ចង់​ផ្ញើ​សារ​ឲ្យ​អ៊ីស្រាអែល

ចំណាត់ការ និង​សង្រ្គាម​ពាក្យសម្តី​របស់​អ៊ីស្រាអែល​ទល់​នឹង​ក្រុមប្រទេស​ដែល​គាំទ្រ​សេចក្តីសម្រេចចិត្ត​ក្រុមប្រឹក្សាសន្តិសុខ​អាច​នឹង​មិន​ជះ​ផលវិបាក​អ្វី​ធំដុំ​ប៉ុន្មាន​ទេ​ចំពោះ​អ៊ីស្រាអែល​ខ្លួន​ឯង និង​ចំពោះ​ប្រទេស​ផ្សេង។ ក៏​ប៉ុន្តែ ការ​ប្រទាញប្រទង់​គ្នា​ពេល​នេះ​អាច​បង្កប់​ជា​និម្មិតរូប​នយោបាយ​មួយ​ធំធេង​ណាស់​សម្រាប់​អ៊ីស្រាអែល​ក៏​ដូច​ជា​សហគមន៍​អន្តរជាតិ​នៅ​ក្នុង​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ដ៏​រុំារ៉ៃ និង​ស្មុគស្មាញ។ សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​ដែល​បាន​ទាមទារ​ឲ្យ​អ៊ីស្រាអែល​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​បន្ត​សាងសង់ និង​ការ​តាំងលំនៅឋាន​នៅ​ក្នុង​ដែនដី​របស់​ប៉ាឡេស្ទីន​ក៏​ជា​សេចក្តីសម្រេចចិត្ត​មួយ​បង្កប់​ដោយ​និមិត្តរូប​ដែរ ព្រោះ​ថា បើ​អ៊ីស្រាអែល​មិន​គោរព​ក៏​អ៊ីស្រាអែល​គ្មាន​ទោសទ័ណ្ឌ​អ្វី​ដែរ។

សមាជិក​ទាំង ១៥ប្រទេស​នៅ​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​បាន​យល់​ច្បាស់ណាស់​ចំពោះ​បញ្ហា​នេះ តែ​ការ​ដែល​ពួក​គេ​បាន​និយាយ​សំឡេង​តែ​មួយ​ដូច​គ្នា​ពេល​នេះ ជា​សារ​មួយ​ដែល​គេ​ចង់​បញ្ជូន​ប្រាប់​អ៊ីស្រាអែល​ពី​ការ​ទទូច​ចង់​បាន និង​ការ​ចង់​ឃើញ​របស់​សហគមន៍​អន្តរជាតិ​នូវ​ដំណោះស្រាយ​រដ្ឋ​ពីរ​រស់​ក្បែរ​គ្នា​ដោយ​សុខ​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ សហគមន៍​អន្តរជាតិ​បាន​យល់​ឃើញ​ថា គឺ​ការ​បន្ត​អនុវត្ត​នយោបាយ​អាណានិគម​របស់​អ៊ីស្រាអែល​លើ​ដែនដី​របស់​ប៉ាឡេស្ទីន​នោះ​ហើយ​ដែល​ជា​ឧបសគ្គ​ចម្បង​នៅ​ក្នុង​ដំណើរ​ស្វែង​រក​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ