អ៊ីរ៉ង់បន្តប្រើអ៊ុយរ៉ាញ៉ូមជាអាវុធដើម្បីសងសឹកនឹងទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៥៤
សង្រ្គាមប៉ាកកាជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ កំពុងបន្តកើតមានយ៉ាងផុសផុល។ ប្រទេសអ៊ីរ៉ង់បានប្រកាសឲ្យដឹងនៅថ្ងៃអាទិត្យ ទី៧ កក្កដាពីការដំឡើងអត្រាចម្រើនធាតុអ៊ុយរ៉ាញ៉ូមក្នុងកម្រិត ៥% ពោលលើស ៣,៦៧% ដែលជាកម្រិតកំណត់ដោយកិច្ចព្រមព្រៀង។ បន្ទាប់មក អ៊ីរ៉ង់បានព្រមានដាក់ឲ្យដំណើរការឡើងវិញនូវម៉ាស៊ីនប្រតិកម្មទឹកធ្ងន់នៅមជ្ឈមណ្ឌលនុយក្លេអ៊ែរអារ៉ាក់។ ទន្ទឹមគ្នានេះ ទីក្រុងតេហេរ៉ង់ក៏បានព្រមានមិនគោរពកិច្ចសន្យាផ្សេងទៀតដែលមានចែងនៅក្នុងកិច្ចព្រមព្រៀង ប្រសិនបើគ្មានដំណោះស្រាយណាមួយពីពេលនេះទៅ ៦០ថ្ងៃខាងមុខទេ។ ការប្រកាសដំឡើងអត្រាចម្រើនធាតុអ៊ុយរ៉ាញ៉ូមក្នុងកម្រិត ៥% បានធ្វើឡើង បន្ទាប់ពីអ៊ីរ៉ង់បានប្រាប់ឲ្យដឹងពីបរិមាណស្តុកអ៊ុយរ៉ាញ៉ូមច្រើនជាង ៣០០គីឡូក្រាម។
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ជាកិច្ចព្រមព្រៀងដែលអ៊ីរ៉ង់បានចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិក បារាំង អង់គ្លេស ចិន រុស្ស៊ី និងប្រទេសអាល្លឺម៉ង់។ ជាថ្នូរនឹងកិច្ចព្រមព្រៀងកាលណោះ អ៊ីរ៉ង់បានទទួលការលើកទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិចេញវិញ។ កិច្ចព្រមពៀងបានអនុញ្ញាតឲ្យអ៊ីរ៉ង់អាចស្តុកអ៊ុយរ៉ាញ៉ូមចម្រើនរួចក្នុងអត្រា ៣,៦៧% តែ ៣០០គីឡូក្រាម ហើយបើមានចំនួនលើសពី ៣០០គីឡូក្រាមនឹងត្រូវដឹកចេញទៅបរទេស គឺប្រទេសរុស្ស៊ី។ នៅមុនកិច្ចព្រមព្រៀងឆ្នាំ ២០១៥ អ៊ីរ៉ង់មានស្តុកអ៊ុយរ៉ាញ៉ូមចម្រើនរួចក្នុងអត្រាទាបចំនួន ១០ ០០០គីឡូក្រាម និងមានឧបករណ៍ចម្រើនធាតុអ៊ុយរ៉ាញ៉ូមចំនួន ១៩ ០០០ដើម តែនៅសល់ប្រមាណតែ ៥០៦០ដើមប៉ុណ្ណោះនាពេលបច្ចុប្បន្ន។
រឿងអ៊ីរ៉ង់ស្តុកអ៊ុយរ៉ាញ៉ូមចម្រើនរួចក្នុងអត្រាទាបច្រើនជាង ៣០០គីឡូក្រាមដែលជាបរិមាណអនុញ្ញាតដោយកិច្ចព្រមព្រៀងមិនសូវជាចំណោត និងធ្វើឲ្យគ្រប់គ្នាបារម្ភប៉ុន្មានទេ។ អ្វីដែលជាក្តីបារម្ភខ្លាំងជាងគេ គឺកម្រិតអត្រាចម្រើនធាតុអ៊ុយរ៉ាញ៉ូម ព្រោះអត្រាចម្រើនធាតុអ៊ុយរ៉ាញ៉ូមក្នុងកម្រិតទាប ពោលកម្រិតត្រឹម ៣,៦៧% ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងអាចប្រើប្រាស់ក្នុងគោលដៅស៊ីវិល ដូចយ៉ាងក្នុងវិស័យវេជ្ជសាស្រ្ត និងស្រាវជ្រាវផ្សេងៗ។ ចូរកុំភ្លេចថា កិច្ចព្រមព្រៀងឆ្នាំ ២០១៥ បានអនុញ្ញាតឲ្យអ៊ីរ៉ង់បន្តមានសកម្មភាពនុយក្លេអ៊ែរស៊ីវិលជាមួយនឹងអត្រាចម្រើនធាតុអ៊ុយរ៉ាញ៉ូមក្នុងកម្រិតទាប។
ផ្ទុយទៅវិញ អ៊ុយរ៉ាញ៉ូមចម្រើនធាតុរួចក្នុងអត្រាខ្ពស់លើសពី ២០% អាចយកទៅប្រើប្រាស់ក្នុងគោលដៅយោធា ពោលប្រើដើម្បីផលិតគ្រាប់បែកបរមាណូ។ តែអ៊ីរ៉ង់បានបញ្ជាក់ក្នុងថ្ងៃអាទិត្យ ទី៧ កក្កដាពីការដំឡើងអត្រាចម្រើនធាតុអ៊ុយរ៉ាញ៉ូមក្នុងកម្រិត ៥% ព្រមទាំងព្រមានពីគម្រោងដាក់ឲ្យដំណើរការឡើងវិញនូវម៉ាស៊ីនប្រតិកម្មទឹកធ្ងន់នៅមជ្ឈមណ្ឌលនុយក្លេអ៊ែរអារ៉ាក់ទៀតផង។ បន្ទាប់មក អ៊ីរ៉ង់បានព្រមានថាបើគ្មានដំណោះស្រាយណាមួយពីពេលនេះទៅ ៦០ថ្ងៃខាងមុខទេ ខ្លួននឹងឈប់គោរពលើកិច្ចសន្យាផ្សេងទៀតដែលមាននៅក្នុងកិច្ចព្រមព្រៀងឆ្នាំ ២០១៥។
អ៊ីរ៉ង់ចង់ដាស់តឿន និងដាក់គំនាបបន្ថែមលើក្រុមប្រទេសហត្ថលេខីផ្សេង
ក្រោយពីប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងកាលពីឆ្នាំ ២០១៨ និងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មីលើអ៊ីរ៉ង់មក នៅសល់តែប្រទេសហត្ថលេខីចំនួន ៥ គឺបារាំង អង់គ្លេស អាល្លឺម៉ង់ ចិន រុស្ស៊ី បូកនឹងអ៊ីរ៉ង់ដែលមិនបានដកខ្លួនចេញពីកិច្ចព្រមព្រៀង។ ពីដំបូង អ៊ីរ៉ង់បានខាំមាត់សង្កត់ចិត្តនឹងទង្វើរបស់លោកត្រាំ ហើយទ្រាំបន្តគោរពកិច្ចព្រមព្រៀងជាមួយក្រុមប្រទេសហត្ថលេខីនៅសេសសល់ដោយសង្ឃឹមថា ក្រុមប្រទេសទាំងនេះនឹងជួយខ្លួន ពិសេសផ្នែកសេដ្ឋកិច្ចដើម្បីទប់នឹងទណ្ឌកម្មអាមេរិក។ បារាំង អង់គ្លេស និងអាល្លឺម៉ង់បានបង្កើតចេញនូវយន្តការមួយដើម្បីបន្តរកស៊ីជាមួយអ៊ីរ៉ង់ដោយគេចពីទណ្ឌកម្មអាមេរិក។ តែយន្តការមួយនេះហាក់នៅមិនទាន់ដំណើរការ ហើយអ៊ីរ៉ង់ក៏បន្តស្គាល់ស្ថានភាពសេដ្ឋកិច្ចកាន់តែលំបាក។
គឺដោយសម្លឹងឃើញពីភាពស្ពឹកស្រពន់ និងភាពអសកម្មរបស់ក្រុមប្រទេសហត្ថលេខីនៅសេសសល់ទាំងនេះទើបអ៊ីរ៉ង់ផ្តើមប្រើយុទ្ធសាស្រ្តរបស់ខ្លួនដើម្បីសងសឹកត្រង់នឹងទណ្ឌកម្មអាមេរិកវិញ។ សម្រាប់អ៊ីរ៉ង់ គឺមានតែការបន្តយកអ៊ុយរ៉ាញ៉ូមធ្វើជាអាវុធដូចកាលពី ១០ឆ្នាំមុនទើបអ៊ីរ៉ង់មានទឹកមាត់ប្រៃ និងជំរុញឲ្យមានការគិតគូរចំពោះខ្លួនឡើងវិញ។ អ៊ីរ៉ង់យល់មិនច្រឡំទេថានៅក្នុងកាលៈទេសៈសព្វថ្ងៃ គឺមានតែខ្លួនទីពឹងខ្លួនទេ។ ក្រុមអ្នកវិភាគបានយល់ឃើញថា អ្វីដែលអ៊ីរ៉ង់កំពុងធ្វើនេះជាការដាស់ស្មារតី និងជាមធ្យោបាយមួយដើម្បីអំពាវនាវដល់ក្រុមប្រទេសហត្ថលេខីផ្សេង ពិសេសក្រុមប្រទេសអឺរ៉ុបកុំឲ្យភ្លេចពាក្យសន្យារបស់ខ្លួនក្នុងការជួយអ៊ីរ៉ង់ប្រឈមទប់នឹងទណ្ឌកម្មអាមេរិក។
ចុះបើអ៊ីរ៉ង់ដកខ្លួនចេញពីកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ដូចអាមេរិក?
ឧបមាថាអ៊ីរ៉ង់ឈប់គោរពកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ទាំងស្រុង ឬដកខ្លួនចេញពីកិច្ចព្រមព្រៀងដូចអាមេរិក អ៊ីរ៉ង់នឹងទទួលរងទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិរបស់ក្រុមប្រឹក្សាសន្តិសុខជាថ្មីដូចដែលអ៊ីរ៉ង់បានទទួលនៅមុនមានកិច្ចព្រមព្រៀងឆ្នាំ ២០១៥។ គួររម្លឹកថា បន្ទាប់ពីមានកិច្ចព្រមព្រៀងក្នុងខែកក្កដា ឆ្នាំ ២០១៥ ក្រុមប្រឹក្សាសន្តិសុខបានអនុម័តនូវសេចក្តីសម្រេចលេខ ២២៣១ ដើម្បីដកទណ្ឌកម្មសេដ្ឋកិច្ចចេញពីអ៊ីរ៉ង់។ តែបើក្រុមប្រឹក្សាសន្តិសុខត្រូវដាក់ទណ្ឌកម្មដដែលនេះលើអ៊ីរ៉ង់ឡើងវិញនៅថ្ងៃណាមួយ ក្រុមប្រឹក្សាសន្តិសុខមិនចាំបាច់បោះឆ្នោតអនុម័តឲ្យមានសេចក្តីសម្រេចថ្មីមួយទៀតទេ។ ការធ្វើយ៉ាងនេះ គឺដើម្បីបញ្ជៀសពីការប្រើសិទ្ធិវ៉េតូជាយថាហេតុរបស់ភាគីរុស្ស៊ី និងចិនដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់។
តែនៅក្នុងជំហានដំបូងមុននឹងឆ្លងដល់ដៃក្រុមប្រឹក្សាសន្តិសុខ គឺត្រូវមានការបញ្ជាក់ពីក្រុមអធិការរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិជាមុនថា តើអ៊ីរ៉ង់ពិតជាបានរំលោភលើកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ទាំងស្រុងឬអត់។ បន្ទាប់មក គណៈកម្មការដោះស្រាយវិវាទ និងក្រុមអ្នកតំណាងនៃប្រទេសហត្ថលេខីសេសសល់ក្រៅពីអាមេរិកត្រូវព្យាយាមស្វែងរកដំណោះស្រាយមួយជាមួយអ៊ីរ៉ង់។ បើនីតិវិធីមួយនេះនៅតែមិនអាចរកដំណោះស្រាយបាន គណៈកម្មការដោះស្រាយវិវាទ និងក្រុមអ្នកតំណាងនៃប្រទេសហត្ថលេខីសេសសល់អាចប្តឹងទៅក្រុមប្រឹក្សាសន្តិសុខ។ តែគ្រប់គ្នាសង្ឃឹមថា វិបត្តិប្រទាញប្រទង់មួយនេះនឹងប្រហែលមិនឈានដល់ដំណាក់កាលនៅចំណុចចាប់ផ្តើមនោះទេ។ ចូរកុំភ្លេចថា ទំរាំសម្រេចបានកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ភាគីពាក់ព័ន្ធបានជួបចរចាគ្នាអស់ជាច្រើនឆ្នាំ និងបានធ្វើសម្បទានឲ្យគ្នាទៅវិញ ទៅមកច្រើនណាស់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ