អានតួអត្ថបទ
អ៊ីរ៉ង់-នុយក្លេអ៊ែរ

អ៊ីរ៉ង់បង្កើនបរិមាណស្តុកអ៊ុយរ៉ាញ៉ូមលើសពីកម្រិតដែលអនុញ្ញាតដោយកិច្ចព្រមព្រៀងឆ្នាំ ២០១៥

នៅ​ថ្ងៃ​ចន្ទ ទី១ កក្កដា ប្រទេស​អ៊ីរ៉ង់​បាន​ប្រកាស​ឲ្យ​ដឹង​ជា​ផ្លូវការ​ថា បរិមាណ​ស្តុក​សារធាតុ​អ៊ុយរ៉ាញ៉ូម​ចម្រើនរួច​ក្នុង​អត្រាទាប​របស់​ខ្លួន​មាន​ចំនួន​លើស​ពី ៣០០គីឡូក្រាម​ដែល​ជា​កម្រិត​អនុញ្ញាត​ដោយ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​ឆ្នាំ ២០១៥។ ព័ត៌មាន​មួយ​នេះ​ត្រូវ​បាន​បញ្ជាក់​ដោយ​ទីភ្នាក់ងារ​ថាមពល​បរិមាណូ​អន្តរជាតិ។ កាយវិការ​របស់​អ៊ីរ៉ង់​នឹង​ធ្វើ​ទំនាក់ទំនង​រវាង​អ៊ីរ៉ង់ និង​អាមេរិក​ដែល​កំពុង​តានតឹង​ខ្លាំង​ស្រាប់​នឹង​កើន​ឡើង​មួយ​កម្រិត​ទៀត។ ប្រតិកម្ម​បាន​ធ្លាក់​មក​ជា​បន្តបន្ទាប់​នា​ថ្ងៃ​អង្គារ ទី២ កក្កដា ពិពិសេស​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​បាន​អំពាវនាវ​ឲ្យ​អ៊ីរ៉ង់​ត្រឡប់​ទៅ​គោរព​កិច្ចព្រមព្រៀង​ឡើង​វិញ។

រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោកម៉ូហាម៉ាដ យ៉ាវ៉ា ហ្សារីស្វ
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោកម៉ូហាម៉ាដ យ៉ាវ៉ា ហ្សារីស្វ REUTERS/Carlo Allegri/File Photo
ផ្សាយពាណិជ្ជកម្ម

គឺ​រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់​លោក​ម៉ូហាម៉ាដ យ៉ាវ៉ា ហ្សារីស្វ​ដែល​បាន​ប្រកាស​ជា​ផ្លូវការ​ថា បរិមាណ​ស្តុក​អ៊ុយរ៉ាញ៉ូម​ចម្រើន​រួច​ក្នុង​អត្រា​ទាប​មាន​ចំនួន​ច្រើន​ជាង ៣០០គីឡូក្រាម តែ​លោក​ហ្សារីស្វ​មិន​បាន​បញ្ជាក់​ពី​ចំនួន​លើស​មាន​ប៉ុន្មាន​គីឡូក្រាម​ទេ។ ព័ត៌មាន​មួយ​នេះ​ក៏​ត្រូវ​បាន​បញ្ជាក់​ដោយ​ទីភ្នាក់ងារ​ថាមពល​បរិមាណូ​អន្តរជាតិ​ដែរ។ តាម​លោក​ហ្សារីស្វ កាយវិការ​របស់​អ៊ីរ៉ង់​ពេល​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ក្របខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ត្រង់​មាត្រា​ចំនួន​ពីរ​ដែល​បញ្ជាក់​ថា អ៊ីរ៉ង់​អាច​មិន​គោរព​កិច្ចសន្យា​ខ្លះ​ជា​បណ្តោះអាសន្ន បើ​អ៊ីរ៉ង់​យល់​ថា ភាគី​ម្ខាង​ទៀត​មិន​បាន​គោរព​កិច្ចសន្យា​របស់​ខ្លួន​ទេ។ អ្វី​ដែល​លោក​ហ្សារីស្វ​បាន​ឡើក​ឡើង​នេះ គឺ​ចង់​សំដៅ​លើ​អាមេរិក​ដែល​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​កាល​ពី​ឆ្នាំ ២០១៨ និង​ថែម​ទាំង​បាន​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​លើ​អ៊ីរ៉ង់​ទៀត។

បន្ទាប់​មក ប្រមុខ​ការទូត​អ៊ីរ៉ង់​រូប​នេះ​ដដែល​ក៏​ចង់​បន្ត​ស្តីបន្ទោស​លើ​ក្រុម​ប្រទេស​ហត្ថលេខី​ផ្សេង​ទៀត ពិសេស​ប្រទេស​អឺរ៉ុប​ពី​បទ​មិន​បាន​ធ្វើ​អ្វី​ទាំង​អស់​ដើម្បី​ជួយ​សេដ្ឋកិច្ច​អ៊ីរ៉ង់​ពី​ទណ្ឌកម្ម​អាមេរិក។ គួរ​រម្លឹក​ថា​ក្រោយ​ការ​ដក​ខ្លួន​របស់​អាមេរិក នៅ​សល់​ប្រទេស​ហត្ថលេខី​ចំនួន ៥ប្រទេស​ទៀត​ដែល​កំពុង​បន្ត​គាំទ្រ​កិច្ចព្រមព្រៀង គឺ​បារាំង អាល្លឺម៉ង់ អង់គ្លេស រុស្ស៊ី និង​ប្រទេស​ចិន។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ការ​ស្តុក​អ៊ុយរ៉ាញ៉ូម​ចម្រើន​រួច​ក្នុង​អត្រា​ទាប​របស់​អ៊ីរ៉ង់​ពេល​នេះ​នឹង​បង្ក​ឲ្យ​មាន​ផលវិបាក​អ្វី​ខ្លះ​ទេ។ អ្វី​ដែល​គេ​ដឹង ប្រតិកម្ម​បាន​ធ្លាក់​មក​ជា​បន្តបន្ទាប់ ពិសេស​ពី​ក្រុម​ប្រទេស​ហត្ថលេខី​លើ​កិច្ចព្រមព្រៀង។ « អ៊ីរ៉ង់​កំពុង​លេង​ជាមួយ​ភ្លើង។ អ៊ីរ៉ង់​បាន​ដឹង​ច្បាស់​ណាស់​នូវ​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ » នេះ​ជា​ប្រតិកម្ម​របស់​លោក​ត្រាំ។ សម្តី​ធ្ងន់​ជាង​លោក​ត្រាំ ប្រមុខ​ការទូត​អាមេរិក​លោក​ប៉ុមប៉េអូ​បាន​ចោទ​អ៊ីរ៉ង់​ជា​អ្នក​ឧបត្ថម្ភ​ភេរវនិយម​ក្នុង​លោក​ទី១។

ចំណែក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ​បាន​អំពាវនាវ​ប្រទេស​អឺរ៉ុប​ឲ្យ​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់។ ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​បាន​ទាមទារ​ឲ្យ​អ៊ីរ៉ង់​ត្រឡប់​មក​គោរព​កិច្ចសន្យា​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង។ ការ​អំពាវនាវ​ដូច​គ្នា​នេះ​ក៏​មាន​ពី​ប្រមុខ​ការទូត​អង់គ្លេស​លោក Jeremy Hunt។ ដោយឡែក រុស្ស៊ី​តាម​រយៈ​អនុរដ្ឋមន្រ្តី​ការបរទេស​បាន​អះអាង​ថា បរិមាណ​ស្តុក​អ៊ុយរ៉ាញ៉ូម​របស់​អ៊ីរ៉ង់​លើស​កម្រិត​ពិត​ជា​ក្តីកង្វល់ តែ​គេ​មិន​គួរ​ណា​ភ័យ​ស្លន់ស្លោរ​ខ្លាំង​ពេក​ទេ។ ពី​ប្រទេស​ចិន​វិញ ក្រុង​ប៉េកាំង​បាន​សម្តែង​ការ​សោកស្តាយ និង​បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ឲ្យ​ពិនិត្យ​មើល​លើ​ស្ថានការណ៍​ទូទៅ​ក្នុង​ទស្សនៈវិស័យ​រួម។ ទន្ទឹម​គ្នា​នេះ ចិន​បាន​ទម្លាក់​កំហុស​ដាក់​អាមេរិក​ថា​ជា​អ្នក​បង្កើត​ឲ្យ​មាន​ភាព​តានតឹង​សព្វថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ