អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបានជាអារ៉ាប៊ីសាអូឌីតប្តូរយុទ្ធសាស្រ្តនៅយេម៉ែន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជាង​មួយ​ខែ​មក​ហើយ​ដែល​ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​ដឹកនំា​កម្លំាង​សម្ព័ន្ធមិត្ត​អារ៉ាប់​វាយប្រហារ​ផ្លូវអាកាស​លើ​ពួកឧទ្ទាម​ហ៊ូទីស្ស​ក្នុង​ប្រទេស​យេម៉ែន។ គឺ​ជា​ប្រតិបត្តិការ​ដែល​ទីក្រុង​រីយ៉ាដ​ដាក់​ឈ្មោះ​ថា « ព្យុះសង្ឃរាដាច់ខាត »។ តែ​នៅ​ពេល​នេះ និង​បន្ទាប់​ពី​បាន​បើក​ការ​ទម្លាក់​គ្រាប់បែក​លើ​ទីតំាង​របស់​ពួក​ឧទ្ទាម​ហ៊ូទី្ស​យ៉ាង​ចាស់ដៃ​ជាង ១ខែ​មក អារ៉ាប៊ីសាអូឌីត​ហាក់​ដូច​ជា​បាន​បន្ធូរដៃ​បន្តិច ដោយ​បាន​ប្តូរ​ពី​ប្រតិបត្តិការ « ព្យុះសង្ឃរាដាច់ខាត » ទៅ​ជា​ប្រតិបត្តិការ « ស្ថាបនា​ក្តីសង្ឃឹម​ឡើង​វិញ »។ ហេតុអ្វី​បាន​ជា​អារ៉ាប៊ីសាអូឌីត​បាន​សម្រេច​ចិត្ត​ប្តូរ​យុទ្ធសាស្រ្ត​របស់​ខ្លួន​នៅ​យេម៉ែន?

កម្លំាងទ័ព​អារ៉ាប៊ីសាអូឌីត​​នៅ​តាម​ព្រំដែន​ជាប់​នឹង​ប្រទេស​យេម៉ែន
កម្លំាងទ័ព​អារ៉ាប៊ីសាអូឌីត​​នៅ​តាម​ព្រំដែន​ជាប់​នឹង​ប្រទេស​យេម៉ែន RFI / Clarence Rodriguez
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ថ្ងៃ​ទី២១ មេសា​កន្លង​ទៅ​ថ្មីៗ​នេះ​ដែល​ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​បិទបញ្ចប់​ប្រតិបត្តិការ​ដំណាក់កាល​ទី១ ក្រោម​ឈ្មោះ « ព្យុះសង្ឃរាដាច់ខាត » និង​ចាប់​ផ្តើម​បើក​ប្រតិបត្តិការ​ដំណាក់កាល​ទី២ ក្រោម​ឈ្មោះ​ថា « ស្ថាបនា​ក្តីសង្ឃឹម​ឡើង​វិញ » នៅ​ក្នុង​ប្រទេស​យេម៉ែន។ ចាប់​ពី​ពេល​នេះ​ត​ទៅ ប្រតិបត្តិការ​ទម្លាក់​គ្រាប់បែក​ប្រឆំាង​នឹង​ពួក​ឧទ្ទាម​ហ៊ូទី្ស និង​ក្រុមប្រដាប់អាវុធ​អ្នកគំាទ្រ​លោក​អតីត​ប្រធានាធិបតី​អាលី អាប់ដាឡាសាឡេ​នៅ​យេម៉ែន​នឹង​ត្រូវ​កាត់​បន្ថយ បន្ទាប់​ពី​បាន​វាយប្រហារ​យ៉ាង​ដំណំ​អស់​រយៈពេល ១ខែ​កន្លង​មក។ កម្មវត្ថុ​នៃ​ដំណាក់កាល​ទី២ របស់​ទីក្រុង​រីយ៉ាដ​នឹង​ត្រូវ​ផ្តោត​សំខាន់​លើ​បញ្ហា​សន្តិសុខ ប្រឆំាង​នឹង​ភេរវនិយម និង​ការ​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​យេម៉ែន​តាម​ផ្លូវនយោបាយ។

ក៏​ប៉ុន្តែ ឧត្តមសេនីយ​អារ៉ាប៊ីសាអូឌីត​ដែល​ជា​អ្នកនំាពាក្យ​របស់​កម្លំាង​អារ៉ាប់​វាយប្រហារ​លើ​ពួក​ឧទ្ទាម​ហ៊ូទី្ស​នៅ​យេម៉ែន​បាន​ព្រមាន​ទុក​ជា​មុន​រួច​ជា​ស្រេច​ថា គោលដៅ​នៃ​ដំណាក់កាលទី១ និង​ដំណាក់កាល​ទី២ នៅ​តែ​ដដែល​គ្មាន​ផ្លាស់ប្តូរ​អ្វី​ទេ ពោល​គឺ​ទប់ស្កាត់​ការ​បំលាស់ទី​របស់​ពួក​ឧទ្ទាម​ហ៊ូទី្ស​ដើម្បី​កុំ​ឲ្យ​ពួក​នេះ​ដើរ​បង្ក​សកម្មភាព​នៅ​ផ្ទៃក្នុង​ប្រទេស​យេម៉ែន។ តាម​រយៈ​សម្តី​របស់​ឧត្តមសេនីយ​អារ៉ាប៊ីសាអូឌីត​រូប​នេះ​នំា​ឲ្យ​គេ​យល់​បាន​ថា ប្រតិបត្តិការ​ទម្លាក់​គ្រាប់បែក​លើ​ពួក​ឧទ្ទាម​ហ៊ូទី្ស​អាច​នឹង​បន្ត​មាន តែ​មិន​អចិន្ត្រៃយ៍​ដូច​មុន​ទៀត​ឡើយ។ បើ​យោង​តាម​ក្រសួង​ការពារជាតិ​អារ៉ាប៊ីសាអូឌីត ប្រតិបត្តិការ​វាយប្រហារ​ផ្លូវអាកាស​របស់​កម្លំាង​អារ៉ាប់​នៅ​យេម៉ែន​ទទួល​បាន​ជោគជ័យ ដោយ​បំបាត់​បាន​ទំាង​ស្រុង​នូវ​រាល់​ទង្វើ​គំរាមកំហែង​លើ​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​បណ្តា​ប្រទេស​ជិតខាង។

ចំណែក​លោក​ប្រធានាធិបតី​យេម៉ែន​ហាឌី​ដែល​កំពុង​ជ្រកកោន​ក្នុង​ទឹកដី​អារ៉ាប៊ីសាអូឌីត​ក៏​បាន​ចាត់​ទុក​ប្រតិបត្តិការ​របស់​កម្លំាង​អារ៉ាប់​ថា ជា​ជោគជ័យ​ដែរ និង​ថា លោក​នឹង​វិលត្រឡប់​មាតុប្រទេស​វិញ​នា​ពេល​ឆាប់ៗ​ខាង​មុខ។ តែ​បញ្ហា​នៅ​ត្រង់​ថា ចលនា​ឧទ្ទាម​ហ៊ូទី្ស ក៏​ដូច​ជា​ក្រុមប្រដាប់អាវុធ​អ្នកគំាទ្រ​លោក​អតីត​ប្រធានាធិបតី​សាឡេ​នៅ​យេម៉ែន​មិន​បាន​យល់​ឃើញ​ដូច្នេះ​ឯណា។ សម្រាប់​ពួក​គេ ការ​ដែល​អារ៉ាប៊ីសាអូឌីត​បាន​ប្តូរ​យុទ្ធសាស្រ្ត​ពី​ប្រតិបត្តិការ « ព្យុះសង្ឃរាដាច់ខាត » ទៅ​ជា​ប្រតិបត្តិការ « ស្ថាបនា​ក្តីសង្ឃឹម​ឡើង​វិញ » ពេល​នេះ គឺ​ជា​បរ៉ាជ័យ​របស់​កម្លំាង​អារ៉ាប់ និង​ជា​ជោគជ័យ​របស់​ខ្លួន។

មក​ដល់​ត្រង់​ចំណុច​នេះ​នំា​ឲ្យ​មាន​សំណួរ​មួយ​ចោទ​ឡើង​ថា តើ​ការ​ពិត​នៅ​ត្រង់​ណា?

សម្រាប់​ទីក្រុង​រីយ៉ាដ មាន​សញ្ញា​ពីរ​ដែល​អាច​បញ្ជាក់​ពី​ភាព​ចុះ​ខ្សោយ​របស់​កម្លំាង​ឧទ្ទាម​ហ៊ូទី្ស ទី១ គឺ​ប្រតិបត្តិការ​វាយប្រហារ​ផ្លូវអាកាស​រយៈពេល ១ខែ​របស់​កម្លំាង​អារ៉ាប់ និង​ទី២ គឺ​ការ​ដែល​គណបក្សនយោបាយ​របស់​អតីត​ប្រធានាធិបតី​យេម៉ែន​សាឡេ​បាន​គំាទ្រ​សេចក្តីសម្រេចចិត្ត​លេខ ២២១៦ អនុម័ត​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កាល​ពី​ថ្ងៃទី១៤ មេសា​កន្លង​ទៅ។ គឺ​ជា​សេចក្តីសម្រេចចិត្ត​ដែល​បាន​ជម្រុញ​ឲ្យ​ក្រុម​ឧទ្ទាម​ហ៊ូទី្ស​ដក​កម្លំាង​ថយ​ចេញ​ពី​ដែនដី​ដែល​ពួក​គេ​បាន​ចូល​កាន់កាប់​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ គួរ​ជម្រាប​ជូន​ថា ក្រុម​ប្រដាប់អាវុធ​ស្មោះស្ម័គ្រ​នឹង​លោក​សាឡេ​ក៏​បាន​រួម​កម្លំាង​ជាមួយ​ពួក​ឧទ្ទាម​ហ៊ូទី្ស​ដើម្បី​សោយរាជ្យ​នៅ​យេម៉ែន​ដែរ។

ក៏​ប៉ុន្តែ និង​បើ​គេ​សង្កេត​មើល​ឲ្យ​បាន​ជាក់ស្តែង​បន្តិច​ឃើញ​ថា កម្លំាង​របស់​ពួក​ឧទ្ទាម​ហ៊ូទី្ស​មិន​បាន​ចុះ​ខ្សោយ​ទេ ពោល​គឺ​នៅ​តែ​រឹងមាំ​ដដែល ហើយ​ប្រមុខ​ឧទ្ទាម​ដែល​មាន​វ័យ​ក្មេង​ថែម​ទំាង​បាន​ចេញ​មុខ​ប្រកាស​ក្តែងៗ​ថា មិន​ដែល​មាន​បំណង​ចង់​ទម្លាក់​អាវុធ​ចុះ​ចាញ់​ម្តង​ណា​ឡើយ។ បើ​អ៊ីចឹង​សួរ​ថា ហេតុ​អ្វី​បាន​ជា​អារ៉ាប៊ីសាអូឌីត​បាន​សម្រេច​ចិត្ត​ប្តូរ​យុទ្ធសាស្រ្ត​របស់​ខ្លួន​ពី​ប្រតិបត្តិការ « ព្យុះសង្ឃរាដាច់ខាត » ទៅ​ជា​ប្រតិបត្តិការ « ស្ថាបនា​ក្តីសង្ឃឹម​ឡើង​វិញ » យ៉ាង​ដូច្នេះ?

តាម​ពិត​ទៅ គឺ​អាច​មាន​ហេតុផល​សំខាន់​ចំនួន​ពីរ​ដែល​បាន​បង្ខំ​ចិត្ត​អារ៉ាប៊ីសាអូឌីត​ឲ្យ​ប្តូរ​យុទ្ធសាស្រ្ត​របស់​ខ្លួន​នៅ​យេម៉ែន ទី១ គឺ​វិបត្តិមនុស្សធម៌ និងទី២ គឺ​ការ​ដែល​ទីក្រុង​រីយ៉ាដ​ចង់​ផ្តល់​ឱកាស​ឲ្យ​មាន​ដំណោះស្រាយ​ផ្លូវទូត​ចំពោះ​វិបត្តិ​យេម៉ែន។ និយាយ​ពី​វិបត្តិមនុស្សធម៌ ថ្មីៗ​នេះ អង្គការ​សហប្រជាជាតិ​បាន​លើក​ឡើង​ពី​តួលេខ​មនុស្ស​ស្លាប់​ជិត ១០ ០០០នាក់ និង​របួស​ជាង ៦ ០០០នាក់ ព្រម​ទំាង​ស្ថានការណ៍​មនុស្សធម៌​ដ៏​មហន្តរាយ​នៅ​យេម៉ែន​មាន​ដូច​ជា កង្វះ​ទឹកស្អាត​ប្រើប្រាស់ កង្វះ​ចំណី​អាហារ ថ្នំាពេទ្យ និង​ភ្លើងអគ្គិសនី។ សុទ្ធសឹង​ជា​បញ្ហា​ដែល​អារ៉ាប៊ីសាអូឌីត​បាន​ទទួល​គំនាប​ខ្លំាង​ពី​សហគមន៍​អន្តរជាតិ​ឲ្យ​បញ្ឈប់​ការ​វាយប្រហារ​លើ​យេម៉ែន។

និយាយ​ពី​ដំណោះស្រាយ​ផ្លូវទូត អារ៉ាប៊ីសាអូឌីត​បាន​សម្លឹង​ឃើញ​ចំណុច​វិជ្ជមាន​ចំនួន ៣ ដែល​នឹង​អាច​ចេញ​រួច ទី១ គឺ​ការ​ដែល​រុស្ស៊ី​បាន​ឈរ​នៅ​កណ្តាល​ទាក់ទង​នឹង​សេចក្តីសម្រេចចិត្ត​លេខ ២២១៦ របស់​ក្រុមប្រឹក្សា​សន្តិសុខ ទី២ ការ​តែងតំាង​លោក​អាម៉េដ​នា​ពេល​ឆាប់ៗ​ខាង​មុខ ជា​ប្រេសិតពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​វិបត្តិ​យេម៉ែន​ជំនួស​លោក​បឺណូម៉ារ​ដែល​អារ៉ាប៊ីសាអូឌីត​បាត់​ការ​ទុក​ចិត្ត និង​ទី៣ គឺ​ការ​តែងតំាង​លោក​បាហា​ដែល​សព្វ​ថ្ងៃ​ជា​នាយករដ្ឋមន្រ្តី​យេម៉ែន​ឲ្យ​កាន់តំណែង​អនុប្រធានាធិបតី។

គឺ​ការ​តែងតំាង​លោក​បាហា​ជា​អនុប្រធានាធិបតី​យេម៉ែន​ដែល​អារ៉ាប៊ីសាអូឌីត​មាន​ក្តីសង្ឃឹម​ច្រើន​ថា វិបត្តិនយោបាយ​យេម៉ែន​នឹង​អាច​បិទ​បញ្ចប់​តាម​ផ្លូវនយោបាយ។ មាន​អាយុ ៥០ឆ្នំា លោក​បាហា​ត្រូវ​បាន​គេ​ស្គាល់​ជា​អ្នកនយោបាយ​មាន​ទឹកមាត់ប្រៃ និង​ចេះ​សម្របសម្រួល ពិសេស​លោក​ទទួល​បាន​ការ​គំាទ្រ​ពី​ពួកឧទ្ទាម​ហ៊ូទី្ស ក៏​ដូច​ជា​ក្រុមសកម្មជន​អ្នកគំាទ្រ​លោក​អតីត​ប្រធានាធិបតី​ធ្លាក់​ពី​អំណាច​សាឡេ។ ផ្លូវនយោបាយ ពិត​ជា​ច្រក​មួយ​ដែល​សហគមន៍​អន្តរជាតិ​ចង់​បាន តែ​អ្នក​ដែល​ហាក់​ដូច​ជា​ចង់​បាន​លឿន​ជាង​គេ គឺ​អារ៉ាប៊ីសាអូឌីត ព្រោះ​ការ​បន្ត​អូស​ស្ថានការណ៍​ក្នុង​ផ្លូវសង្រ្គាម​នឹង​អាច​ធ្វើ​ឲ្យ​ខ្លួន​ជាប់​ផុង​កាន់​តែ​ជ្រៅ​ពិបាក​ដក​ចេញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ