អានតួអត្ថបទ
យេម៉ែន

បេសកជន​តំណាង​អ.ស.ប ​ថ្មី​ទើប​បាន​តែងតាំង​ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​យេម៉ែន

អង្គការ​សហ​ប្រជាជាតិ ​ទើបតែ​បាន​តែងតាំង​បេសកជន​ពិសេស​ ថ្មី​មួយ​រូប​ទៀត ​ដើម្បី​ជំនួស​លោក បេណូម៉ា ​ដែល​បាន​លាលែង​ចេញ​ពី​តំណែង។ បេសកជន​ពិសេស​ នេះ ​នឹង​ទទួល​បន្ទុក​ធ្វើ​ការ​សម្រុស​សម្រួល​ ក្នុង​ការ​ចរចា​រក​សន្តិភាព​នៅ​ប្រទេស​យេម៉ែន។ ​ការ​ចរចា​សន្តិភាព​ដែល​ត្រូវ​បាន​រាំង​ស្ទះ​អស់​រយៈ​ពេល​ជាង​មួយ​ខែ​មក​ហើយ ​បន្ទាប់​ពី​ក្រុម​សម្ព័ន្ធមិត្ត​អារ៉ាប់​ស៊ុនីត ​ដែល​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត ​បាន​ធ្វើ​ការ​ទម្លាក់​គ្រាប់បែក​លើ​ក្រុម​ឧទ្ទាម​ហ៊ូទីស។

លោក អ៊ីស្មាយ អ៊ូល ឈេក អាមេដ បេសកជនពិសេសថ្មី របស់អង្គការសហប្រជាជាតិ ដើម្បីដោះស្រាយ​វិបតិ្ត​នៅយេម៉ែន
លោក អ៊ីស្មាយ អ៊ូល ឈេក អាមេដ បេសកជនពិសេសថ្មី របស់អង្គការសហប្រជាជាតិ ដើម្បីដោះស្រាយ​វិបតិ្ត​នៅយេម៉ែន unicnetwork.org
ផ្សាយពាណិជ្ជកម្ម

ទី​បំផុត ​ដូច​ការ​ប៉ាន់​ស្មាន​ទុក ​ប្រាកដ​មែន ​លោក​បាន គីមូន ​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ ​បាន​តែងតាំង​លោក​ អ៊ីស្មាយ អ៊ូល ឈេក អាមេដ ​ធ្វើ​ជា​បេសកជន​ពិសេស ​តំណាង​ឲ្យ​អង្គការ​សហ​ប្រជាជាតិ ​ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​យេម៉ែន។ បេសកជន​ថ្មី​នេះ ​នឹង​ត្រូវ​ចូល​ទៅ​ធ្វើ​ការ​ជំនួស​លោក ​បេណូម៉ា ​ដែល​បាន​លាលែង​ចេញ​ពី​តំណែង​ កាល​ពី​ដើម​ខែ​មេសា។

 
លោក​ អ៊ូល ឈេក អាមេដ​ ជា​ជនជាតិ​ ម៉ូរីតានី ​មាន​អាយុ​៥៥ឆ្នាំ ​ហើយ​មាន​បទ​ពិសោធន៍​បំរើ​ការងារ​ក្នុង​ក្របខណ្ឌ​អង្គការ​សហ​ប្រជាជាតិ ​អស់​រយៈ​ពេល ​២៨​ឆ្នាំ​មក​ហើយ។ លោក​ត្រូវ​បាន​តែងតាំង ក៏​ដោយសារ​តែ​បទ​ពិសោធន៍ ​ក្នុង​ទ្វីប​អាហ្រ្វិក​ និង​តំបន់​ដើមបូព៌ា ​ជាច្រើន ​ ដែល​គាត់​ធ្លាប់​បាន​ឆ្លង​កាត់។ ថ្មីៗ​នេះ ​លោក​ធ្លាប់​មេក្រុម​ដឹកនាំ​បេសកកម្ម​អង្គការ​សហ​ប្រជាជាតិ ​ដើម្បី​កម្ចាត់​មេរោគ​អេបូឡា។ លោក​ក៏​ធ្លាប់​ធ្វើជា​អ្នក​សម្រប​សម្រួល ​កម្មវិធី​មនុស្សធម៌​ របស់​អង្គការ​សហ​ប្រជាជាតិ ​ប្រចាំការ​នៅ​ស៊ីរី នៅ​យេម៉ែន ​និង​នៅ​លីប៊ី​ផងដែរ។ ការ​តែង​តាំង​របស់​លោក​ ត្រូវ​បាន​សហភាព​អឺរ៉ុប​គាំទ្រ ​ហើយ​សន្យា ​ផ្តល់​ការ​គាំទ្រ​នយោបាយ ​ដើម្បី​សម្រេច​បេកកម្ម​ ក្នុងការ​ស្វែងរក​ សន្តិភាព​នៅ​យេម៉ែន។

ប៉ុន្តែ​ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ ​បេសកកម្ម​ស្វែងរក​សន្តិភាព​នៅ​យេម៉ែន ​មិន​ប្រាកដ​ថា​ងាយស្រួល​នោះ​ទេ ​ព្រោះ​ថា​មាន​ឧបសគ្គ​ជា​ច្រើន ​កំពុងតែ​រងចាំ។ ក្រុម​ឧទ្ទាម​ហ៊ូទីស ​បាន​ប្រកាស​ឲ្យ​ដឹង​ថា ​ក្រុម​គេ​នឹង​មិន​ចូល​តុចរចា ​ជា​ដាច់ខាត​ ដ៏រាប​ណា ​អារ៉ាប៊ីសាអ៊ូឌីត​ នៅ​តែ​បន្ត​ទម្លាក់​គ្រាប់​បែក។ អ្នក​នាំពាក្យ​ក្រុម​ឧទ្ទាម​ហ៊ូទីស ​បាន​ប្រាប់​អ្នក​កាសែត​ថា ​ការ​ចរចា​ ត្រូវតែ​ចាប់​ផ្តើម​ពី​ចំណុច ​ដែល​បាន​អាក់ខាន ​ពោល​គឺ​មុន​ពេល​លោក ​បេណូមា​ លា​ចេញ​ពី​តំណែង។

ចំណែក​ក្រុម​សម្ព័ន្ធមិត្ត​អារ៉ាប់ ​ស៊ុនីត​វិញ ​ដែល​មាន​អារ៉ាប៊ីសាអ៊ូឌីត​ជា​មេ​ដឹកនាំ ​នៅ​តែ​បន្ត​ធ្វើការ​ទម្លាក់​គ្រាប់​បែក​នៅ​យេម៉ែន។ នៅ​ថ្ងៃ​អាទិត្យ​ទី​ ២៦​ មេសា ​នេះ ​អារ៉ាប៊ីសាអ៊ូឌីត ​បាន​ទម្លាក់​គ្រាប់បែក​ ៤​កន្លែង ​​ពី​លើ​ទីក្រុង ​សាណា ​នឹង​នៅ​ជាយៗ​ក្រុង ​ដើម្បី​បង្អាក់​ដំណើរ​ របស់​ក្រុម​ឧទ្ទាម​ហ៊ូទីស។

ជា​ការ​ពិត​ណាស់ ​ការ​ចរចា​ដោយ​សន្តិវិធី​ មិន​អាច​ប្រព្រឹត្តិ​ទៅ​បាន​ទេ ​ដរាប​ណា ​ភាគី​ទាំង​អស់​មិន​ព្រម​ទម្លាក់​អាវុធ។ អារ៉ាប៊ីសាអ៊ូឌីត ​ដែល​ប្រកាន់​ជំហរ​រឹង​មាំ ហាក់​មិន​ព្រម​ស្តាប់​អ្នកណា​ទាំង​អស់ ​ហើយ​ប្តេជ្ញា ​វាយ​កម្ទេច​ក្រុម​ឧទ្ទាម​ទាល់តែ​អស់។ ជា​មួយ​គ្នា​នេះ ​ជីវិត​មនុស្ស ​ជាង​១០០០​នាក់ ​ត្រូវ​បាន​ស្លាប់ ​ដែល​ពាក់​កណ្តាល​សុទ្ធសឹង​ជា​ប្រជាជន​ស្លូត​ត្រង់។ តាម​រយៈ​បេសកជន​ថ្មី​នេះ ​វា​ដល់​ពេល​ហើយ​ ដែល​អង្គការ​សហ​ប្រជាជាតិ​ ត្រូវ​សំដែង​ឲ្យ​គេ​ឃើញ ​ថា​ខ្លួន​ពិត​ជា​មាន​ឥទ្ធិពល ​បង្ខំ​ឲ្យ​អារ៉ាប៊ីសាអ៊ូឌីត ​ឈប់​ទម្លាក់​គ្រាប់បែក​លើ​យេម៉ែន​ឲ្យ​បាន ​ដើម្បី​ឲ្យ​ភាគី​ទាំង​អស់​ វិល​មក​រក​តុ​ចរចា​ ដោយ​សន្តិវិធី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ