អានតួអត្ថបទ
អ៊ីរ៉ង់-សហភាព​អឺរ៉ុប

នុយក្លេអ៊ែរ៖ សហភាព​អឺរ៉ុប​សម្រេចហាមឃាត់​ការ​ទិញ​ប្រេង​ពី​អ៊ីរ៉ង់

នៅថ្ងៃ​ចន្ទ ២៣ មករា នេះ រដ្ឋមន្រ្តី​ក្រសួងការបរទេស​សហភាព​អឺរ៉ុប​បាន​ព្រមព្រៀងគ្នា​ថា​នឹង​​បញ្ឈប់​ការ​ទិញ​ប្រេង​ពី​អ៊ីរ៉ង់ ដើម្បី​ជា​ទណ្ឌកម្ម​បង្ខំ​ឲ្យ​អ៊ីរ៉ង់​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ ដែល​គេ​សង្ស័យថា ធ្វើ​ឡើង​ក្នុង​គោលដៅ​យោធា។ ទណ្ឌកម្ម​នេះ​នឹង​ចូល​ជាធរមាន​ពេញលេញ នៅថ្ងៃ​ទី១ កក្កដា ២០១២។

ប្រឈមមុខ​នឹង​ទណ្ឌកម្ម អ៊ីរ៉ង់​គំរាម​ថា​នឹង​បិទ​ផ្លូវ​ដឹកជញ្ជូន​ប្រេង
ប្រឈមមុខ​នឹង​ទណ្ឌកម្ម អ៊ីរ៉ង់​គំរាម​ថា​នឹង​បិទ​ផ្លូវ​ដឹកជញ្ជូន​ប្រេង Reuters
ផ្សាយពាណិជ្ជកម្ម

ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ទាំង ២៧ បាន​ព្រមព្រៀងគ្នា​ថា នឹង​បញ្ឈប់​រាល់​ការ​ចុះកិច្ចសន្យា​ទិញ​ប្រេង​ពី​អ៊ីរ៉ង់ ចាប់ពីពេលនេះ​ទៅ។ ចំណែក​ឯ​កិច្ចសន្យា​ ដែល​បាន​ចុះរួចហើយ នឹង​ត្រូវ​បញ្ចប់​ឲ្យ​អស់ នៅ​មុន​ថ្ងៃ​ទី១ ខែកក្កដា ឆ្នាំ​២០១២។

អ៊ីរ៉ង់​នាំប្រេង​ចេញ​ទៅលក់​នៅ​បរទេស ប្រមាណ​ជា ៣លាន​ធុង ក្នុងមួយថ្ងៃៗ។ ក្នុងនោះ ២០% នាំទៅលក់​នៅ​សហភាព​អឺរ៉ុប។ ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​នឹង​ធ្វើ​ឲ្យ​អ៊ីរ៉ង់​បាត់បង់​ប្រាក់​ចំណូល​ប្រមាណ​ពី ៥០លាន ទៅ​៦០លាន​ដុល្លារ ក្នុងមួយថ្ងៃៗ (បើ​គិត​តាម​តម្លៃ​ប្រេង​នៅលើទីផ្សារ​បច្ចុប្បន្ន ប្រមាណ ១០០ដុល្លារ ក្នុងមួយធុង)។

ក៏ប៉ុន្តែ ក្នុងពេល​ជាមួយ​គ្នា​នេះ សហភាព​អឺរ៉ុប​ក៏​នឹង​ត្រូវ​បាត់បង់​ប្រភព​ផ្គត់ផ្គង់​ប្រេង​ដ៏​សំខាន់​មួយ​ដែរ។ ៦% នៃ​ប្រេង ដែល​ប្រើប្រាស់​នៅ​សហភាព​អឺរ៉ុប គឺ​ទិញមក​ពី​អ៊ីរ៉ង់។ ក្នុងចំណោមនោះ អ៊ីតាលី អេស្ប៉ាញ និង​ក្រិក ដែល​​កំពុង​តែ​ប្រឈមមុខ​នឹង​​វិបត្តិ​សេដ្ឋកិច្ច ក៏​​កំពុង​តែ​ត្រូវការ​ប្រេង​ពី​អ៊ីរ៉ង់​ខ្លាំងដែរ។ ហេតុដូច្នេះហើយ​ទើប​គេ​សម្រេច​ទុកពេល​រហូតដល់​ខែ​កក្កដា ដើម្បី​ឲ្យ​ប្រទេស​ទាំងនេះ​ស្វែងរក​ប្រភពផ្គត់ផ្គង់​ប្រេង​ថ្មី ជំនួស​ប្រេង​អ៊ីរ៉ង់។

សហភាព​អឺរ៉ុប​រំពឹង​ថា អារ៉ាប៊ីសាអ៊ូឌីត និង​លីប៊ី អាច​នឹង​ជំនួស​កន្លែង​អ៊ីរ៉ង់​បាន។ អារ៉ាប៊ីសាអ៊ូឌីត គឺ​ជា​ប្រទេសផលិត​ប្រេង​ច្រើន​​ជាងគេ​បំផុតនៅលើ​ពិភពលោក ហើយ​ក៏​ជា​ប្រទេស​​ដែល​ប្រឆាំង​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ដែរ។ កាលពីពេល​ថ្មីៗ​នេះ មន្រ្តី​អារ៉ាប៊ីសាអ៊ូឌីត​បាន​ធានា​ថា ប្រសិន​បើ​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​នាំ​ឲ្យមាន​ការ​ខ្វះខាត​ប្រេង នៅលើ​ទីផ្សារ​អន្តរជាតិ អារ៉ាប៊ីសាអ៊ូឌីត​ត្រៀមខ្លួន​​​បង្កើន​ការ​បូមប្រែង​បន្ថែម ដើម្បី​បំពេញ​តម្រូវការ​នេះ។

លីប៊ី​វិញ ក៏កំពុង​តែ​ខិតខំ​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ខូចខាត​ដោយ​សារសង្រ្គាម​ដែរ ដើម្បី​បង្កើន​សមត្ថភាព​បូមប្រេង​ឲ្យ​បាន​ដូចមុនវិញ។ អឺរ៉ុប ដែល​បាន​​​ចេញមុខ​ជួយ​ផ្តួលរំលំ​របបដឹកនាំ​របស់​លោក​កាដាហ្វ៊ី រំពឹង​ថា​នឹង​អាច​មាន​អាទិភាព​ក្នុង​ការ​ទិញ​ប្រេង​លីប៊ី។

ទោះជាយ៉ាងណា ទណ្ឌកម្ម​លើ​វិស័យ​ប្រេងកាត​របស់​អ៊ីរ៉ង់​អាច​មាន​ប្រសិទ្ធិភាព ឬ​អត់ គឺ​អាស្រ័យ​ទៅលើ​ប្រទេស​នៅ​អាស៊ី ដែល​ជា​អ្នក​ទិញ​ប្រេង​ពី​អ៊ីរ៉ង់​ច្រើន​ជាង​គេ​បំផុត។ ចិន គឺ​ជា​​ប្រទេស​ទិញ​ប្រេង​ពី​អ៊ីរ៉ង់​ច្រើន​ជាងគេ (២០% នៃ​ការ​នាំចេញ​ប្រេង​របស់​អ៊ីរ៉ង់ ពោល​គឺ ស្មើ​នឹង​សហភាព​អឺរ៉ុប​ទាំងមូល), ជប៉ុន ១៧%, ឥណ្ឌា ១៦% និង​កូរ៉េ​ខាង​ត្បូង ៩%។

នៅពេលនេះ សហរដ្ឋ​អាមេរិក​កំពុង​តែ​ដាក់​សម្ពាធ​លើ​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ដែល​ជា​សម្ព័ន្ធមិត្ត​ឲ្យ​កាត់បន្ថយ​ការ​ទិញ​ប្រេង​ពី​អ៊ីរ៉ង់។ ចិន​វិញ ថ្វីដ្បិត​តែ​បាន​ប្រកាស​ប្រឆាំង​នឹង​ការ​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ ប៉ុន្តែ បាន​សម្រេច​កាត់បន្ថយ​ការ​ទិញ​ប្រេង​ពី​អ៊ីរ៉ង់​ជាង​ពាក់​កណ្តាល នៅ​ក្នុង​ខែ​មករា ២០១២​នេះ ហើយ​គ្រោង​នឹង​បន្តធ្វើ នៅ​ខែ​កុម្ភៈទៀត។ ក្នុងពេល​ជាមួយ​គ្នា​នេះ លោក​នាយករដ្ឋមន្រ្តី​ចិន វេន​ ជៀប៉ាវ ទើប​នឹង​បញ្ចប់​ដំណើរ​ទស្សនកិច្ច ទៅកាន់​ប្រទេស​ក្នុង​តំបន់​ឈូងសមុទ្រ​ពែរស៍ ជាពិសេស អារ៉ាប៊ី​សាអ៊ូឌីត និង​អារ៉ាប់រួម ដែល​សុទ្ធសឹង​​​ជា​ប្រទេស​សម្បូរ​ប្រេង និង​ជា​គូប្រជែង​ខាង​យុទ្ធសាស្រ្តរបស់​អ៊ីរ៉ង់។

កាយវិការ​នេះ​បង្ហាញ​ថា ចិន​ប្រហែល​ជា​កំពុង​តែ​ព្យាយាម​ធ្វើ​យ៉ាងណាចៀសវាង​កុំ​ឲ្យ​សំណុំរឿង​អ៊ីរ៉ង់ បង្កើតជា​បញ្ហា​នាំ​ឲ្យ​ខូចទំនាក់ទំនង​ជាមួយ​អារ៉ាប៊ីសាអ៊ូឌីត ដែល​ជា​ប្រភពផ្គត់ផ្គង់​ប្រេង​ដ៏​សំខាន់​បំផុត​សម្រាប់​ចិន (ចិន​ទិញ​ប្រេង​ពី​អារ៉ាប៊ី​សាអ៊ូឌីត ច្រើន​ជាង​ទិញ​ពី​អ៊ីរ៉ង់)។

ម្យ៉ាងវិញ​ទៀត ចិន​ទំនង​ជា​រំពឹង​ថា នៅ​ក្រោម​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​អ៊ីរ៉ង់​ប្រាកដ​ជា​​នឹង​ត្រូវ​ស្វះស្វែង​រក​ទីផ្សារ​​​លក់​ប្រេង ដើម្បី​រក​ចំណូល។ ឆ្លៀតពេល​នេះ ចិន​ក៏​កាត់បន្ថយ​ការទិញ​ប្រេង​ពី​អ៊ីរ៉ង់ ដើម្បី​ចរចា​ទាមទារ​ឲ្យ​អ៊ីរ៉ង់​បញ្ចុះ​តម្លៃ។

ប្រសិនបើ​អ៊ីរ៉ង់​ត្រូវ​បង្ខំ​ចិត្ត​លក់​ប្រេង ក្នុង​តម្លៃ​ថោក​ជាង​ទីផ្សារ​មែន នេះ​មានន័យថា បើទោះជា​អ៊ីរ៉ង់​អាច​បន្ត​នាំ​ប្រេង​ចេញ​ទៅលក់​នៅ​បរទេស​បាន​ក៏ដោយ ក៏​ប្រាក់​ចំណូល​បាន​មក​ពី​ការ​លក់​ប្រេងនេះ​ត្រូវ​ធ្លាក់​ចុះ​ខ្លាំង​ដែរ។ ប៉ុន្តែ សំណួរ​នៅ​តែ​ចោទឡើង​ថា តើ​ទណ្ឌកម្ម​នេះ​ពិត​ជា​គ្រប់គ្រាន់​អាច​បង្ខំ​ឲ្យ​រដ្ឋាភិបាល​អ៊ីរ៉ង់​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ដែរ​ឬទេ?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ