អានតួអត្ថបទ
អ៊ីរ៉ង់

រូបិយប័ណ្ណ​អ៊ីរ៉ង់​ដាំក្បាល​ធ្លាក់​ថ្លៃ​ជា​ប្រវត្តិសាស្ត្រ

ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ​ (ថ្ងៃ​ចន្ទ​ទី ១ តុលា​ ២០១២) ម្សិលមិញ​ លុយ​អ៊ីរ៉ង់ បាន​បាត់​បង់​តម្លៃ​ អស់ ១៧% បើ​ប្រៀប​ទៅ​នឹង​បា្រក់​ដុល្លារ​អាមេរិក ពោល​គឺ​ធ្លាក់​ថ្លៃ​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​រូបិយប័ណ្ណ​អ៊ីរ៉ង់ និង​បន្ត​ធ្លាក់​ថ្លៃ​ទៀត​នៅ​ថ្ងៃ​អង្គារ​នេះ។ បើ​តាម​សហរដ្ឋ​អាមេរិក លុយ​រៀល​ (Rial)អ៊ីរ៉ង់​ ធ្លាក់​ថ្លៃ​ គឺ​ជា​ជោគជ័យ និង​ជា​ឥទ្ធិពលដំបូង​​នៃ​​ទណ្ឌកម្ម​របស់​បស្ចិមលោក​ដាក់​ប្រឆាំង​នឹង​អ៊ីរ៉ង់​។

អ្នក​ប្តូរ​លុយ​តាម​ផ្លូវ ក្នុង​សង្កាត់​ពាណិជ្ជកម្ម​នា​ទីក្រុង​តេហេរ៉ង់
អ្នក​ប្តូរ​លុយ​តាម​ផ្លូវ ក្នុង​សង្កាត់​ពាណិជ្ជកម្ម​នា​ទីក្រុង​តេហេរ៉ង់ REUTERS/Raheb Homavandi
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​ការ​ធ្លាក់​ចុះ​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​រូបិយប័ណ្ណ​អ៊ីរ៉ង់។ ក្នុង​រយៈ​ពេល​តែ​មួយថ្ងៃ​ម្សិលមិញ​​ លុយ​រៀល​អ៊ីរ៉ង់​បាន​ធ្លាក់​ថ្លៃអស់​១៧% ពោល​គឺ​ស្មើ​នឹង​ជាង​៨០%​ក្នុង​អំឡុង​ពេល​មួយ​ឆ្នាំ។ ​នៅ​ថ្ងៃ​នេះ​ទៀត បើ​តាម​អ្នក​ឯកទេស​ ប្រាក់​រៀល​ (Rial) បន្ត​ដាំ​ដូង​ធ្លាក់​ចុះ​ពី​២ % ទៅ​៦%​បន្ថែម​ទៀត។ ទណ្ឌកម្ម​ប្រេងកាត​ និង​ធនាគារ ដែល​​​បស្ចិមលោកដាក់​​ប្រឆាំង​នឹង​អ៊ីរ៉ង់ ដើម្បី​អោយ​ក្រុង​តេហេរ៉ង់​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​ បាន​ធ្វើ​ឱ្យ​​​ការ​នាំចូល​​ប្រេង​កាត​ពី​អ៊ីរ៉ង់ថយ​ចុះ ហើយ​អ៊ីរ៉ង់​បាន​ទទួល​ហិវញ្ញវត្ថុ​​​ថ្លៃ​បង់ប្រេង​ក៏យឺតយាវ។ រដ្ឋាភិបាល​អ៊ីរ៉ង់​កំពុង​ប្រឈម​​នឹង​សង្គ្រាម​សេដ្ឋកិច្ច​ ព្រោះ​ថា​​​ដុល្លារគឺ​រូបិយវត្ថុ​គោល​នៃ​ការ​លក់​ដូរ​​ប្រេង​នៅ​លើ​ពិភពលោក។

 
ប្រាក់​ដុលា្លរ​អាមេរិក​ឡើង​ថ្លៃ ជា​ការ​វាយ​សំពង​លើ​អតិផរណា​អ៊ីរ៉ង់ ដែល​មាន​ជា​ផ្លូវការ​ប្រមាណ​២៣% ប៉ុន្តែ​តម្លៃ​ផលិតផល​ហូប​ចុក បាន​ឡើង​ថ្លៃ​ទ្វេ​ដង​ក្នុង​មួយ​ឆ្នាំ​នេះ។ ទំនិញ​ហូបចុក​ឡើង​ថ្លៃ​ ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​បណ្តាជន​អ៊ីរ៉ង់​ទូទៅ។

វិស័យ​ទេសចរណ៍​​វិញ ក៏​រង​ឥទ្ធិពល​ពី​​លុយ​ធ្លាក់​ថ្លៃ​ដែរ។ ក្នុង​មួយ​ឆ្នាំៗ មាន​បណ្តាជន​អ៊ីរ៉ង់​រាប់​លាន​នាក់​ ធ្វើ​ដំណើរ​ទៅ​បរទេស ខ្លះ​ជា​ទេសចរ ខ្លះ​ដើម្បី​ស្វែង​ធម៌​នៅ​ក្រុង​សក្តិសិទ្ធិ​នៃ​សាសនា​អ៊ីស្លាម La Mecque នៅ​ប្រទេស​អ៊ីរ៉ាក់ ឬ​នៅ​ប្រទេស​ស៊ីរី។ ប៉ុន្តែ​ពួក​គេ​មួយ​ចំនួន​ធំ​ត្រូវ​បង្ខំ​ចិត្ត​លុប​កម្មវិធី​ដើរ​កំសាន្ត​ និងសាសនា​នេះ​ចោល​វិញ។ ជា​ចុង​ក្រោយ​ បណ្តា​ជន​អ៊ីរ៉ង់​ទាំង​អស់​ដែល​មាន​គ្រួសារ​នៅ​ក្រៅ​ប្រទេស​ មិន​ថា​ក្នុង​ហេតុផល​រស់​នៅ​ ឬ​ដើម្បី​បន្ត​ការ​សិក្សា​ទេ សុទ្ធ​តែ​ជួប​ការ​លំបាក​ខ្លាំង​ឡើងៗ ក្នុង​បញ្ជូន​លុយ​ចេញ​ទៅ​ឱ្យ​ក្រុម​គ្រួសារ និង​កូន​ចៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ