អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អង្គការ​សម្ព័ន្ធអារ៉ាប់​បើក​កិច្ចប្រជុំ​បន្ទាន់​ស្តីពី​វិបត្តិ​ហែកហួរគ្នា​នៅ​ប្រទេស​លីប៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គការ​សម្ព័ន្ធអារ៉ាប់​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​នៅ​ក្នុង​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប​ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិហែកហួរ​ដណ្តើម​អំណាច​គ្នា​នៅ​ក្នុង​ប្រទេស​លីប៊ី។ កិច្ចប្រជុំ​បន្ទាន់​របស់​អង្គការ​អារ៉ាប់​មួយ​នេះ​បាន​ធ្វើ​ឡើង តាម​ការ​ស្នើ​សុំ​របស់​រដ្ឋាភិបាល​លីប៊ី ក្រោម​ឈ្មោះ​ថា តូប្រ៊ុគ​ដែល​ទទួល​ស្គាល់​ដោយ​សហគមន៍អន្តរជាតិ។ រដ្ឋាភិបាល​លីប៊ី​នៅ​តូប្រ៊ុគ​បាន​អំពាវនាវ​សហគមន៍​អន្តរជាតិ​ផ្តល់​អាវុធ​ឲ្យ​កម្លាំង​ទ័ព​លីប៊ី​ជា​បន្ទាន់ និង​គ្មាន​លក្ខខ័ណ្ឌ​ដើម្បី​ប្រឈម​ទប់​នឹង​ពួក​ភេរវជន។ ដោយឡែក កិច្ចប្រជុំ​មួយ​ទៀត​ដែល​គ្រោង​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ​ត្រូវ​បាន​លើក​ពេល​វិញ ដោយសារ​តែ​និយាយ​មិន​ទាន់​ត្រូវ​គ្នា​ពី​ការ​កំណត់​ពេលវេលា និង​ទីកន្លែង​ដែល​ត្រូវ​រៀបចំ​កិច្ចប្រជុំ​នោះ។

អង្គការ​សម្ព័ន្ធអារ៉ាប់​បើក​កិច្ចប្រជុំ​បន្ទាន់​ស្តីពី​វិបត្តិ​ហែកហួរគ្នា​នៅ​ប្រទេស​លីប៊ី
អង្គការ​សម្ព័ន្ធអារ៉ាប់​បើក​កិច្ចប្រជុំ​បន្ទាន់​ស្តីពី​វិបត្តិ​ហែកហួរគ្នា​នៅ​ប្រទេស​លីប៊ី Reuters/Mohamed Abd El Ghany
ផ្សាយពាណិជ្ជកម្ម

៤ឆ្នំា ក្រោយ​ការ​ដួលរលំ​របប​ផ្តាច់ការ​ដឹកនំា​ដោយ​កាដាហ្វី​មក ស្ថានការណ៍​ពិត​នៅ​លីប៊ី​បាន​ធ្លាក់​ដុនដាប​កាន់​តែ​ខ្លំាង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ សព្វថ្ងៃ​នេះ លីប៊ី​កំពុង​ដឹកនំា​ដោយ​រដ្ឋាភិបាល​ពីរ និង​មាន​រដ្ឋសភា​ពីរ​ដាច់​គ្នា នៅ​ម្ខាង គឺ​រដ្ឋាភិបាល​ដែល​មាន​ទីស្នាក់ការ​នៅ​ក្នុង​ស្រុក​តូប្រ៊ុគ ដែល​គេ​ហៅ​ថា រដ្ឋាភិបាល​តូប្រ៊ុគ និង​នៅ​ម្ខាង​ទៀត គឺ​រដ្ឋាភិបាល​ដែល​មាន​ទីស្នាក់ការ​នៅ​ក្នុង​ទីក្រុង​ទ្រីប៉ូលី ដែល​គេ​ហៅ​ថា រដ្ឋាភិបាល​ទ្រីប៉ូលី។ រដ្ឋាភិបាល​តូប្រ៊ុគ ជា​រដ្ឋាភិបាល​ដែល​បាន​បង្កើត​ឡើង​នៅ​ក្រោយ​ការ​ផ្តួលរំលំ​របប​កាដាហ្វី និង​ជា​រដ្ឋាភិបាល​ទទួល​ស្គាល់​ដោយ​សហគមន៍អន្តរជាតិ និង​បណ្តា​ប្រទេស​អារ៉ាប់​ក្នុង​តំបន់​មួយ​ចំនួន ដូច​ជា​អេហ្ស៊ីប និង​អេមីរ៉ាតអារ៉ាប់រួម។ ចំណែក​រដ្ឋាភិបាល​ទ្រីប៉ូលី​វិញ ជា​រដ្ឋាភិបាល​ដែល​បង្កើត​ឡើង​ដោយ​ក្រុម​ប្រដាប់អាវុធ​អ៊ីស្លាមនិយម​ជ្រុល និង​ដែល​សហគមន៍អន្តរជាតិ​អត់​ទទួល​ស្គាល់​ទេ តែ​មាន​ប្រទេស​កាតា​ជួយ​គំាទ្រ។

បញ្ហា​នៅ​ចំពោះ​មុខ​ពេល​នេះ​គឺ​​ថា រដ្ឋាភិបាល​តូប្រ៊ុគ​ដែល​មាន​កម្លំាង​ទ័ព និង​ប៉ូលីស​ពេញ​ដៃ​បាន​គ្រប់គ្រង​តែ​ដែនដី​មួយ​ភាគ​តូច​ប៉ុណ្ណោះ និង​គ្មាន​សមត្ថភាព​ក្នុង​ការ​ប្រឈម​ទប់​នឹង​កម្លំាង​ប្រដាប់អាវុធ​របស់​ក្រុមអតីត​អ្នកបះបោរ​ដែល​កំពុង​សោយរាជ្យ​នៅ​សឹង​ផ្ទៃប្រទេស។ ពួក​នេះ​បាន​ធ្វើ​ការ​អុកឡុក ដោយ​បង្ក​អំពើ​ភេរវកម្ម​សម្លាប់​នរណា​ក៏​បាន និង​នៅ​ទីណា​ក៏​បាន​ដែរ។ ឥឡូវ​នេះ និង​ក្រៅ​ពី​វាយប្រហារ​លើ​ជនស៊ីវិល​ស្លូតត្រង់ ផ្ទំាងស៊ីប​របស់​ពួក​នេះ​គឺ​សំដៅ​បំផ្លាញ​ជង្រុកសេដ្ឋកិច្ច​របស់​ប្រទេស ពិសេស​គឺ​ប្រភព​អណ្តូងប្រេងឆៅ។

តើ​អង្គការ​សម្ព័ន្ធអារ៉ាប់​អាច​ជួយ​អ្វី​បាន​ខ្លះ ដើម្បី​ស្រោចស្រង់​ស្ថានភាព​នៅ​លីប៊ី​ពេល​នេះ?

រហូត​មក​ដល់​ពេល​នេះ អង្គការ​អារ៉ាប់​មួយ​នេះ​នៅ​មិន​ទាន់​មាន​វិធានការ​អ្វី​ច្បាស់លាស់​ទេ ពោល​បាន​ត្រឹមតែ​សម្តែង​ការ​សោកស្តាយ និង​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​ទំាង​អស់​ផ្តើម​ចរចា​គ្នា​ដើម្បី​ដោះស្រាយ​វិបត្តិ​ដោយ​សន្តិវិធី។ តែ​នៅ​ចំពោះ​មុខ សង្រ្គាម​ហែកហួរ ដណ្តើម​អំណាច​គ្នា​បាន និង​កំពុង​បន្ត​មាន​យ៉ាង​ក្តៅគគុក និង​ដែល​ភាគី​នីមួយៗ​គ្មាន​ជម្រើស​អ្វី​ផ្សេង ក្រៅ​ពី​បន្ត​ជម្រះ​បញ្ជី​គ្នា​ដោយ​ចុងកំាភ្លើង​ទេ។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ក្នុង​កិច្ចប្រជុំ​អង្គការសម្ព័ន្ធអារ៉ាប់​ពេល​នេះ អ្នកតំណាង​រដ្ឋាភិបាល​លីប៊ី​ស្របច្បាប់​បាន​អំពាវនាវ​ឲ្យ​សហគមន៍អន្តរជាតិ​បញ្ជូន​អាវុធ​ទៅ​ឲ្យ​ក្រុមប្រដាប់​អាវុធ​លីប៊ី​ជា​បន្ទាន់ និង​គ្មាន​លក្ខខ័ណ្ឌ​ដើម្បី​ប្រឆំាង​ទប់​នឹង​កម្លំាងប្រដាប់​អាវុធ​អ៊ីស្លាម​និយមជ្រុល​ដែល​កំពុង​មាន​ឥទ្ធិពល​កាន់​តែ​ខ្លំាង​ឡើងៗ។

អ្នកតំណាង​រដ្ឋាភិបាល​លីប៊ី​ស្របច្បាប់​រូប​នេះ​ដដែល​បាន​បន្ត​ថា បើ​គ្មាន​ការ​ជួយ​ជ្រោមជ្រែង​ឲ្យ​បាន​ឆាប់​ទេ នោះ​ការ​គំរាម​របស់​ក្រុមភេរវជន និង​កម្លំាង​ប្រដាប់អាវុធ​អ៊ីស្លាមនិយមជ្រុល​នឹង​កើន​ឡើង​កាន់​តែ​ខ្លំាង​ថែម​ទៀត​នៅ​លីប៊ី។ លោក​អគ្គលេខាធិការ​សម្ព័ន្ធអារ៉ាប់​ណាប៊ីល អាល់អារ៉ាប៊ី​ក៏​បាន​យល់​ស្រប​ដូច​គ្នា​នេះ​ដែរ និង​ថា គេ​ត្រូវ​តែ​អនុម័ត​នូវ​វិធានការ​ជាក់ស្តែង​ភ្លាមៗ​ដើម្បី​បិទបញ្ចប់​ការ​គំរាមកំហែង​ប្រដាប់​អាវុធ​របស់​ពួក​ជ្រុលនិយម​នៅ​លីប៊ី។ តែ​បញ្ហា​នៅ​ត្រង់​ថា កិច្ចប្រជុំ​របស់​អង្គការ​សម្ព័ន្ធអារ៉ាប់​ពេល​នេះ​បាន​ចូលរួម​ត្រឹម​កម្រិត​អ្នក​តំណាងអចិន្ត្រៃយ៍​ប្រចំា​ក្នុង​ប្រទេស​សមាជិក​ប៉ុណ្ណោះ មាន​ន័យ​ថា ពួក​គេ​មិន​អាច​អនុម័ត​នូវ​សេចក្តីសម្រេចចិត្ត​ណា​មួយ​ដោយ​មាន​លក្ខណៈ​បង្ខិតបង្ខំ​បាន​ទេ។ មួយ​វិញ​ទៀត ជំហរ​របស់​សមាជិក​ម្នាក់ៗ​នៅ​ក្នុង​អង្គការ​មួយ​នេះ​ទាក់ទង​នឹង​បញ្ហា​លីប៊ី​ក៏​មិន​ដូច​គ្នា​ដែរ។ ជាក់ស្តែង​នៅ​ក្នុង​កិច្ចប្រជុំ​ពេល​នេះ មាន​ការ​ប៉ះសម្តី​គ្នា​រវាង​ប្រទេស​កាតា​ដែល​គំាទ្រ​រដ្ឋាភិបាល​ទ្រីប៉ូលី និង​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​ដែល​គំាទ្រ​រដ្ឋាភិបាល​តូប្រ៊ុគ។

តើ​សហគមន៍​អន្តរជាតិ​អាច​នឹង​ចូល​ធ្វើ​អន្តរាគមន៍​យោធា​ជា​ថ្មី​នៅ​លីប៊ី​ដែរ ឬ​ទេ?

នេះ​ជា​សំណួរ​មួយ​ដែល​គ្រប់​គ្នា​បាន​លើក​ឡើងព្រោះ​ថា អ្វី​ដែល​បាន និង​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​លីប៊ី​ពេល​នេះ វា​មិនមែន​ជា​រឿង​ផ្ទៃក្នុង​របស់​ប្រទេស​លីប៊ី​តែ​មួយ​ទេ តែ​វា​នឹង​អាច​ឆ្លង​រាលដាល​ចូល​ទៅ​កាន់​ប្រទេស​ផ្សេង ដូច​យ៉ាង​អាល់ហ្សេរី នីហ្សេ ឆាដ និង​ពិសេស​គឺ​ប្រទេស​អេហ្ស៊ីប​ដែល​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​លីប៊ី​ប្រវែង​ដល់​ទៅ ១ ០០០គីឡូម៉ែត្រ។ ក្រៅ​ពី​មាន​ព្រំដែន​រួម​គ្នា អេហ្ស៊ីប​ក៏​ទទួល​បាន​ប្រយោជន៍​សេដ្ឋកិច្ច​នៅ​ជ្រលងភ្នំ​នីល​លីប៊ី​ដែរ ព្រោះ​មាន​ប្រជាជន​អេហ្ស៊ីប​រាប់សិប​ពាន់​នាក់​កំពុង​ធ្វើ​ការ​នៅ​ទីនោះ។ អ្វី​ដែល​គ្រប់​គ្នា​កំពុង​បារម្ភ​ខ្លំាង​ពេល​នេះ គឺ​កំណើន​របស់​ក្រុម ឬ​ចលនា​ដែល​ស្និទ្ធិ​នឹង​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​ប្រទេស​លីប៊ី។

ប្រទេស​នីហ្សេ ឬ​មួយ​ក៏​ឆាដ​បាន​យល់​ឃើញ​ថា អន្តរាគមន៍​យោធា​របស់​អន្តរជាតិ​នៅ​លីប៊ី ជា​រឿង​មួយ​ចំា​បាច់ និង​មិន​អាច​ចៀស​រួច។ សម្រាប់​បារំាង លោក​ប្រធានាធិបតី​បារំាង​ហូឡង់​បាន​បញ្ជាក់​ថា បារំាង​នឹង​មិន​ចូល​ធ្វើ​អន្តរាគមន៍​យោធា​នៅ​លីប៊ី​ទេ និង​ថា គឺ​សហគមន៍​អន្តរជាតិ​ទំាង​មូល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​លីប៊ី។ ចំណែក​សម្ព័ន្ធអារ៉ាប់​វិញ​បាន​គូសបញ្ជាក់​ពី​ឯករាជ្យភាព បូរណភាពទឹកដី និង​ការ​មិន​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​លីប៊ី។

តើ​លីប៊ី​នឹង​ធ្លាក់​ក្នុង​សង្រ្គាមស៊ីវិល​ដោយ​មិន​អាច​គេច​ផុត​ឬ?។ ពិត​ជា​មិន​អាច​គេច​ផុត​ឡើយ បើ​គ្មាន​ការ​ជួយ​ឈឺ​ឆ្អាល​ឲ្យ​បាន​ទាន់​ពេល​ទេ និង​ដែល​សហគមន៍អន្តរជាតិ​ទំាង​មូល​ជា​អ្នក​ទទួល​ផលវិបាក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ