អានតួអត្ថបទ
លីប៊ី

បីឆ្នាំ ក្រោយ​មេផ្តាច់ការ​ធ្លាក់​ពី​អំណាច លីប៊ី​នៅ​តែ​ជួប​ភាពវឹកវរ

អំពើ​ហិង្សា​នៅតែ​បន្ត​កើតមាន និង​រឹត​តែ​សាហាវ នៅក្នុង​ប្រទេស​លីប៊ី។ នៅក្នុង​របាយការណ៍ របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ដែល​ចេញផ្សាយ​កាលពីថ្ងៃ​អង្គារ​ទី​២៣ ធ្នូ ការប្រយុទ្ធ​ ហែកហួរគ្នា ដ៏​ហិង្សា រវាង​គូភាគី​ប្រឆាំង ទាំងពីរ​បាន​សម្លាប់​មនុស្ស​ជាច្រើន​រយនាក់ និង​ធ្វើ​ឲ្យ​មនុស្ស​រាប់​ម៉ឺននាក់​ត្រូវ​ភៀសខ្លួន ចាកចេញ​ពី ផ្ទះសម្បែង។ នៅក្នុង​របាយការណ៍​ មន្រ្តី​ការពារ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​មិន​ខ្លាច​នឹង​ប្រើពាក្យ​ ឧក្រិដ្ឋកម្ម​សង្រ្គាម​សម្រាប់​សំដៅ​អំពើ​ហិង្សា​ដែល​បង្ក​ដោយ​គូ​ភាគី​ជម្លោះ​ទាំងពីរ នៅ​លីប៊ី។  

ការបំផ្ទុះរថយន្ត​ក្បែរ​ទីស្នាក់ការ​សន្តិសុខ​លីប៊ី ក្នុង​ទីក្រុង​Ajdabiya ប្រទេស​លីប៊ី ត្រូវ​ថត​បាន​កាលពីថ្ងៃ​ទី ១ ធ្នូ​2014
ការបំផ្ទុះរថយន្ត​ក្បែរ​ទីស្នាក់ការ​សន្តិសុខ​លីប៊ី ក្នុង​ទីក្រុង​Ajdabiya ប្រទេស​លីប៊ី ត្រូវ​ថត​បាន​កាលពីថ្ងៃ​ទី ១ ធ្នូ​2014 ©REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

កាលពី​ឆ្នាំ ២០១១ បន្ទាប់ពី​សង្រ្គាម​ស៊ីវិល​អស់​រយៈពេល ៨ខែ និង​ការទម្លាក់​គ្រាប់​មិន​ឈប់ឈរ​របស់​កងទ័ព​អូតង់ របប​ផ្តាច់ការ​​កាដាហ្វី​បាន​ដួល​រលំ នៅ​ប្រទេស​លីប៊ី។ លីប៊ី​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ដៃ​គ្រប់គ្រង​របស់​មនុស្ស​ជាច្រើន​ក្រុម ដោយ​មាន​សភា​ពីរ និង​រដ្ឋាភិបាល​ពីរ​ផ្សេង​គ្នា។ ម្ខាង​គឺ​ក្រុម​អ៊ីស្លាមជ្រុល​និយម និង​ម្ខាងទៀត​ជា​ក្រុម​សហគមន៍​អន្តរជាតិ​ទទួល​ស្គាល់។

 
ការប្រជែង​ដណ្តើម​អំណាច និង​ទីតាំង​ភូមិសាស្រ្តរវាងក្រុម​ប្រដាប់​អាវុធ ដែល​នៅក្នុង​នោះ​មាន​តាំង​ពីក្រុមអ៊ីស្លាមជ្រុលនិយម​ជាច្រើន​ក្រុម និង​ក្រុម​ប្រដាប់អាវុធ ដែល​​ស្និទ្ធ​នឹង​អតីត​មេដឹកនាំ​កាដាហ្វី ហើយ​និង​​កម្លាំង​ទ័ពរដ្ឋាភិបាល បាន​ធ្វើ​ឲ្យ​លីប៊ីនៅតែ​ជាប់​​ត្រាំត្រែង​ក្នុង​សង្រ្គាម​ស៊ីវិល​បង្ហូរឈាម នោះ​បើ​ទោះបី​ របប​ផ្តាច់ការ​កាដាហ្វី បាន​ដួលរលំ​អស់​ទៅ ៣​ឆ្នាំ​ក្តី។

នៅក្នុង​របាយការណ៍​ដែល​ឧត្តមស្នងការ​ដើម្បី​សិទ្ធិមនុស្ស និង​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​លីប៊ី បាន​សរសេរ​រួមគ្នា និង​ចេញ​ផ្សាយ​កាលពីថ្ងៃ​អង្គារ គេ​បាន​លើក​ឡើង​យ៉ាង​ច្បាស់ថា ក្នុង​រយៈពេល​តែ​២ខែ (ពី​ចុង​ខែ​សីហា​ដល់​ខែ​តុលា) ការប្រយុទ្ធ​គ្នាដ៏​ហិង្សា​រវាង​ក្រុមប្រដាប់​អាវុធ ដែល​ជា​សត្រូវ​នឹង​គ្នា បាន​សម្លាប់​មនុស្ស​ជាង ១០០នាក់ និង​ធ្វើ​ឲ្យ​មនុស្ស​ជាង​៥០០​នាក់​ផ្សេងទៀត រងរបួស។

ការប្រយុទ្ធ​គ្នា​រវាង​ក្រុមបដិបក្ខ​បាន​បង្ក​ឲ្យ​មាន​វិបត្តិ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ ព្រោះ​ថា មនុស្ស​ជាង ១សែន ២​ម៉ឺននាក់​ត្រូវ​ភៀសខ្លួន​ចេញ​ពី​ផ្ទះសម្បែង និង​មិន​អាច​ទទួល​បាន​ជំនួយ​អាហារ និង​ថ្នាំពេទ្យ។ ក្រៅតែ​ពីការបាត់ជីវិត​មនុស្ស​នៅ​ក្នុង​​ជម្លោះ​ប្រដាប់​អាវុធ​រវាង​ក្រុមជ្រុលនិយមជាច្រើន​ក្រុម​ជាមួយ​ទ័ព​រដ្ឋាភិបាល ​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​បាន​លើកឡើង​ផងដែរ ពី​បទ​ឧក្រិដ្ឋនានា​​ដែល​កើតមាន ដូចជា​ការចាប់ជំរិត​មនុស្ស ការធ្វើ​ទារុណកម្ម និង​ការកាត់ទោស​ប្រហារ​ជីវិត​ក្រៅផ្លូវច្បាប់។ តាម​របាយការណ៍ ក្រុមប្រដាប់​អាវុធ​បាន​ចាប់​ជំរិត​មនុស្ស ​ដោយ​មើលទៅលើ​​សាសនា ក្រុមកុលសម្ព័ន្ធ ឬ​គណបក្ស​នយោបាយ។ ការចាប់ជំរិតត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុមជម្លោះ​ទំាងសងខាង គឺ​ទាំង​ខាង​ក្រុមអ៊ីស្លាម និង​ទាហានរ​រដ្ឋាភិបាល ដើម្បី ជាការជំរិត​ទារប្រាក់​ផង និង​ដើម្បី​ជាថ្នូរ​ទាមទារ​ដោះលែង​សមាជិក​របស់ខ្លួន ដែល​ភាគី​ម្ខាង​​ចាប់ជាចំណាប់​ខ្មាំង​ផង។

ជារួម អ្នកសរសេរ​របាយការណ៍​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ទាមទារ​ឲ្យ​គ្រប់​​ភាគី​ពាក់ព័ន្ធ​ទាំងពីរ គឺ​​មេដឹកនាំ​របស់​ក្រុមប្រដាប់​អាវុធ ​និង​មន្រ្តី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល បញ្ជា​ឲ្យ​កូនចៅ​របស់ខ្លួន​ឲ្យ​ឈប់ប្រព្រឹត្ត​ជា​បន្ទាន់​អំពើ​ហិង្សា ដែល​គេ​ចាត់ទុក​ជា​ការរំលោភ​សិទ្ធិមនុស្ស​និង​ជា​បទល្មើស​ផ្ទុយ​នឹង​​ច្បាប់​អន្តរជាតិ។ ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​របស់​ទាហាន និង​ក្រុមប្រដាប់​អាវុធ​ថ្នាក់ក្រោម មេបញ្ជាការ​ទ័ព​ត្រូវ​តែ​ហ៊ាន​ពិន័យលើ​អ្នក​ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ​។ នេះ​ជា​ការអំពាវនាវ​លោក​Zeid Ra’ad Al Hussein របស់​ប្រធាន​​ឧត្តមស្នងការ​សិទ្ធិមនុស្ស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ