អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រទេសកាតាផ្តើមអនុវត្តន៍ច្បាប់ថ្មីស្តីពីលក្ខខណ្ឌការងាររបស់ពលករបរទេស

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់​ពី​ថ្ងៃ​អង្គារ ទី១៨ សីហា ឆ្នំា ២០១៥​នេះ​ទៅ ប្រទេស​កាតា​បាន​ផ្តើម​អនុវត្តន៍​ច្បាប់​ថ្មី​ស្តីពី​ការងារ​របស់​ជនអន្តោប្រវេសន៍។ គឺ​ជា​ច្បាប់​មួយ​ដែល​ធានា​ពី​លក្ខខណ្ឌ​ការងារ​របស់​ពលករ​បរទេស​ដែល​កំពុង​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស​កាតា ពិសេស​ធានា​ពី​ការ​បង់ប្រាក់​បៀវត្ស​ឲ្យ​បាន​គ្រប់​ចំនួន និង​ទៀង​ពេល។ បច្ចុប្បន្ន​នេះ មាន​ពលករ​បរទេស​ជាង ២៥ម៉ឺននាក់ ពិសេស​មក​ពី​ទ្វីប​អាស៊ី​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​កាតា។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​សម្តែង​ការ​ព្រួយបារម្ភ​រួច​ជា​ស្រេច ពី​ប្រសិទ្ធិភាព​នៃ​ការ​អនុវត្តន៍​ច្បាប់​ថ្មី​នោះ។

ស្តេច​កាតាCheikh Hamad Ben Khalifa al-Thani
ស្តេច​កាតាCheikh Hamad Ben Khalifa al-Thani
ផ្សាយពាណិជ្ជកម្ម

« Wage Protection System » នេះ​ជា​ឈ្មោះ​ច្បាប់​ការងារ​ថ្មី​មួយ​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​កាតា​បាន​តាក់តែង​ឡើង​សម្រាប់​ប្រយោជន៍​ពលករ​បរទេស​ទំាង​ជាង ២៥ម៉ឺន​នាក់​ដែល​កំពុង​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស​កាតា។ ពលករ​បរទេស​ទំាង​ជាង ២៥ម៉ឺន​នាក់​នោះ ភាគ​ច្រើន​មក​ពី​ទ្វីប​អាស៊ី និង​ដែល​ភាគច្រើន​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​នៅ​ក្នុង​សំណង់សង់​ពហុកីដ្ឋានជាតិ​សម្រាប់​រៀបចំ​ការ​ប្រកួត​កីឡាបាល់ទាត់​ពិភពលោក​ឆ្នំា ២០២២ ដែល​ប្រទេស​កាតា​ធ្វើ​ជា​ម្ចាស់ផ្ទះ។ សារៈសំខាន់​នៃ​ច្បាប់​ថ្មី​នោះ គឺ​ធានា​ឲ្យ​មាន​ការ​បើក​ប្រាក់ខែ​ត្រឹមត្រូវ និង​ទៀងទាត់​ដល់​ពលករ​បរទេស​ទំាង​អស់។ ក្នុង​ន័យ​នេះ ច្បាប់​បាន​តម្រូវ​ឲ្យ​និយោជក​បើក​ប្រាក់ខែ​ឲ្យ​និយោជិក​បរទេស​ខ្លួន ដោយ​ដាក់​បញ្ចូល​ទៅ​ក្នុង​គណនី​របស់​និយោជិក​ម្នាក់ៗ​ដោយ​ផ្ទាល់ ពោល​មិនមែន​ផ្តល់​ឲ្យ​ផ្ទាល់ដៃ​ដូច​មុន​ទៀត​ឡើយ។ ជាមួយ​នឹង​ច្បាប់​ថ្មី​នេះ និយោជក​ត្រូវ​តែ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​តំាង​ពី​ដំបូង​ថា តើ​ខ្លួន​នឹង​ត្រូវ​បើក​ប្រាក់ខែ​ឲ្យ​និយោជិក​នៅ​រៀងរាល់ ២សប្តាហ៍​ម្តង ឬ​មួយ​ក៏​គិត ១ខែ​ម្តង។

ច្បាប់​ថ្មី​នេះ​នឹង​ផ្តើម​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃ​អង្គារ ទី១៨ សីហា ឆ្នំា ២០១៥​នេះ​ទៅ តែ​រដ្ឋ​បាន​ទុក​រយៈពេល ៦ខែ​ឲ្យ​ក្រុមហ៊ុន និង​រោងចក្រ សហគ្រាស​សម្រាប់​ធ្វើ​ការ​កែប្រែ ផ្លាស់ប្តូរ​ប្រព័ន្ធ​ផ្ទៃក្នុង​របស់​ខ្លួន មុន​នឹង​ផ្តើម​អនុវត្តន៍​ជា​ផ្លូវការ។ គួរ​ជម្រាប​ជូន​ថា វត្តមាន​ច្បាប់​ថ្មី​ស្តីពី​ប្រាក់ខែ​ពលករបរទេស​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​តែងតែ​​ចេញ​មុខ​រិះគន់ ទិទៀន​លើ​ក្រុម​ថៅកែ​ដែល​យឺតយ៉ាវ​ក្នុង​ការ​បើកប្រាក់ខែ​ឲ្យ​ពលករបរទេស​របស់​ខ្លួន។ នៅ​ក្នុង​របាយការណ៍​មួយ​ក្រោម​ចំណងជើង​ថា « រូបភាព​នៃ​ក្រុម​ជនអន្តោប្រវេសន៍​តម្លៃ​ថោក​នៅ​កាតា​សព្វថ្ងៃ » ឲ្យ​ដឹង​ថា មាន​ពលករបរទេស​រហូត​ដល់​ទៅ ២១% ឯណោះ​ដែល​ត្រូវ​បាន​ថៅកែ​បើកប្រាក់ខែ​ឲ្យ​មិន​ទៀងពេល ពោល​មាន​ការ​យឺតយ៉ាវ​ខ្លំាង​ណាស់។

តែ​ចាប់​ពី​ពេល​នេះ​ត​ទៅ ច្បាប់​ថ្មី​បាន​កំណត់​យ៉ាង​ច្បាស់​ថា ក្រុមហ៊ុន ឬ​រោងចក្រ សហគ្រាស​ណា​ដែល​យឺតយ៉ាវ​ក្នុង​ការ​បើក​ប្រាក់ខែ​ឲ្យ​ពលករបរទេស​របស់​ខ្លួន នឹង​ត្រូវ​ផាកពិន័យ​ជា​លុយ​ចំនួន ១ ៦៥០ដុល្លារ ហើយ​ថៅកែ​ទៀត​សោត​អាច​នឹង​កាត់​ទោស​ញាត់​គុក។ ទន្ទឹម​គ្នា​នេះ ក្រុមហ៊ុន ឬ​រោងចក្រ សហគ្រាស​ណា​ដែល​រំលោភ​ច្បាប់​នឹង​អាច​គ្មាន​សិទ្ធិ​រើស​ពលករបរទេស​ថ្មី​ឲ្យ​ធ្វើ​ការ​ទេ។ ដើម្បី​អាច​ផ្ទៀងផ្ទាត់​ពី​ការ​អនុវត្តន៍​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ រដ្ឋាភិបាល​បាន​បង្កើត​ឲ្យ​មាន​ក្រុម​អធិការ​មួយ​ដើម្បី​ចុះ​ត្រួតពិនិត្យ។

ដូច្នេះ​ឃើញ​ថា នេះ​ជា​វិធានការ​ថ្មី​មួយ​ដែល​រដ្ឋាភិបាល​ទីក្រុង​ដូហា​ចង់​បង្កើន​លក្ខខណ្ឌ​ការងារ​របស់​ជនអន្តោប្រវេសន៍​ក្នុង​ស្រុក​ដែល​ជានិច្ច​តែងតែ​ទទួល​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​ពី​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល។ កន្លង​មក កាតា​ក៏​ធ្លាប់​បាន​អនុម័ត​ច្បាប់​ជា​ច្រើន​ដើម្បី​បង្កើន​លក្ខខណ្ឌ​ការងារ​របស់​ពលករបរទេស តែ​មិន​បាន​គោរព​តាម​ទេ។ នៅ​ក្នុង​របាយការណ៍​មួយ​ចេញ​ផ្សាយ​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ Amnesty international បាន​ចោទ​កាតា​ពី​បទ​មិន​បាន​គោរព​ច្បាប់​ដែល​ខ្លួន​បាន​អនុម័ត​ក្នុង​ឆ្នំា ២០១៤។

គឺ​ជា​ច្បាប់​ដែល​កាល​ណោះ រដ្ឋាភិបាល​បាន​ធ្វើ​កំណែទម្រង់​លើ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​របស់​ពលករបរទេស រួម​មាន​បញ្ហា​ប្រាក់ខែ ឬ​មួយ​ក៏​គ្រោង​លុប​ចោល​វិញ​នូវ​ប្រព័ន្ធ​កាហ្វាលា​ដែល​អនុញ្ញាត​ឲ្យ​ថៅកែ​មាន​សិទ្ធិ​ពេញទី​ក្នុង​ការ​ហាមឃាត់​មិន​ឲ្យ​ពលករ​ទៅ​បម្រើការ​នៅ​កន្លែង​ផ្សេង ឬ​ដកហូត​លិខិត​ឆ្លងដែន​របស់​ពលករ​មិន​ឲ្យ​ចាកចេញ​ពី​ប្រទេស​ជា​ដើម។ គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ​បាន​ជា​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​សម្តែង​ក្តីបារម្ភ​ទុក​ជា​មុន​ពី​ការ​អនុវត្តន៍​ច្បាប់​ថ្មី ក៏​ដូច​ជា​ប្រសិទ្ធិភាព​របស់​វា​នៅ​ថ្ងៃ​ខាង​មុខ។

ជា​ការ​ពិត ច្បាប់​ថ្មី​ស្តីពី​លក្ខខណ្ឌ​ការងារ​របស់​ពលករបរទេស ពិសេស​ទាក់ទង​នឹង​ប្រាក់ខែ​ពិត​ជា​កត្តា​សំខាន់​​មួយ​ដែល​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ទាមទារ​យ៉ាង​ទទូច​អស់​ជា​ច្រើន​ឆ្នំា​មក​ហើយ តែ​សំណួរ​ដែល​កំពុង​ចោទ​ពេល​នេះ​គឺ​ថា តើ​រដ្ឋាភិបាល​នឹង​គោរព​តាម​ពាក្យ​សន្យា​របស់​ខ្លួន​ឬ​អត់?។ យ៉ាង​ណា​ក៏​ដោយ​នៅ​ចំពោះ​មុខ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ទីក្រុង​ដូហា​ទុក​ជា​មុន កុំ​ឲ្យ​បណ្តែតបណ្តោយ ឬ​ក៏​មាន​ការ​យោគយល់​អ្វី​ចំពោះ​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ឡើយ ពោល​ត្រូវ​ឲ្យ​ពួក​គេ​គោរព​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​ច្បាប់​ថ្មី​នោះ។

គួរ​ជម្រាប​ជូន​ថា នៅ​ក្នុង​ពិភពលោក កាតា​ជាប្រទេស​ដែល​មាន​ពលករបរទេស​រស់នៅ​ច្រើន​ជាង​គេ ហើយ​ចំនួន​ពលករបរទេស​កាន់​តែ​កើន​ឡើង​នា​រយៈពេល​ចុង​ក្រោយ បន្ទាប់​ពី​ប្រទេស​កាតា​កំពុង​ប្រញឹកដៃ​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​ថ្មី ពិសេស​ពហុកីឡាដ្ឋាន​ដើម្បី​ទទួល​ការប្រកួត​កីឡា​បាល់ទាត់​ពិភពលោក​នា​ឆ្នាំ ២០២២ ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ