អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កិច្ចចរចារ​វាង​ភាគីជម្លោះ​ម៉ាលី​បាន​បើក​ធ្វើ​ឡើង នៅក្នុង​បរិយាកាស​នៃ​ការ​មិន​ទុក​ចិត្ត​គ្នា

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ថ្ងៃទី១៦ កក្កដា​កន្លង​ទៅ ប្រទេស​អាល់ហ្សេរី​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចចរចា​ជា​ថ្មី​រវាង​ភាគី​ជម្លោះ​នៅ​ក្នុង​ប្រទេស​ម៉ាលី។ កម្មវត្ថុ​នៃ​កិច្ចចរចា គឺ​ដើម្បី​ស្វែង​រក​កិច្ចព្រមព្រៀង​សន្តិភាព​ឲ្យ​តំបន់​ប៉ែកខាងជើង​ដែល​កំពុង​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​ខុសៗ​គ្នា។ គណៈប្រតិភូ​មក​ពី​ខាង​រដ្ឋាភិបាល​ម៉ាលី គឺ​ដឹកនំា​ដោយ​លោក​រដ្ឋមន្រ្តី​ការបរទេស ចំណែក​មក​ពី​ខាង​ពួក​ឧទ្ទាម​វិញ គឺ​ចូល​រួម​ដោយ​ចលនា​ឧទ្ទាម​ចំនួន ៣ ខុសៗ​គ្នា។ ដោយឡែក និង​ក្រៅ​ពី​វត្តមាន​របស់​អន្តរការី​អាល់ហ្សេរី ក៏​មាន​វត្តមាន​ចូលរួម​ពី​ក្រុមអ្នកតំណាង​អន្តរជាតិ​ផង​ដែរ។ តែ​អ្វី​ជា​ការ​កត់សម្គាល់​នោះ​នៅ​ត្រង់​ថា កិច្ចចរចា​បាន​ចាប់​ផ្តើម​នៅ​ក្នុង​បរិយាកាស​មួយ​យ៉ាង​តានតឹង និង​បង្កប់​ដោយ​ការ​មិន​ទកចិត្ត​គ្នា។

កិច្ចចរចារ​វាង​ភាគីជម្លោះ​ម៉ាលី​បាន​បើក​ធ្វើ​ឡើង នៅក្នុង​បរិយាកាស​នៃ​ការ​មិន​ទុក​ចិត្ត​គ្នា
កិច្ចចរចារ​វាង​ភាគីជម្លោះ​ម៉ាលី​បាន​បើក​ធ្វើ​ឡើង នៅក្នុង​បរិយាកាស​នៃ​ការ​មិន​ទុក​ចិត្ត​គ្នា AFP/Farouk Batiche
ផ្សាយពាណិជ្ជកម្ម

គ្មាន​អ្វី​ដែល​ពិបាក​ដោះស្រាយ​ជាង​ជម្លោះ​ផ្ទៃក្នុង​ទេ និយាយ​ឲ្យ​ស្រួល​យល់ គឺ​ជា​ជម្លោះ​មួយ​ដែល​នឹង​អាច​វិលចុះ វិលឡើង​គ្មាន​ទីបញ្ចប់។ ករណី​ប្រទេស​មាលី​ជា​ឧទាហរណ៍​ជាក់ស្តែង​មួយ​មិន​អាច​ប្រកែកបាន​ទេ នោះ​បើ​ទោះបី​ជា​ភាគី​ជម្លោះ​នីមួយៗ​សុទ្ធ​តែ​បាន​បង្ហាញ​ពី​ឆន្ទៈ​ចង់​ដោះស្រាយ​វិបត្តិ​ក៏​ដោយ។ ក៏​ដូច​ជា​នៅ​ក្នុង​កិច្ចចរចា​លើក​មុនៗ​ដែរ កិច្ចចរចា​លើក​នេះ​ត្រូវ​បាន​បើក​ឡើង​នៅ​ក្នុង​បរិយាកាស​យ៉ាង​ពិសេស​ជា​ទីបំផុត។ តែ​ដើម្បី​អាច​យល់​ព្រឹត្តិការណ៍​ពិសេស​នេះ​បាន គេ​ត្រូវ​តែ​ត្រឡប់​ក្រោយ​មើល​ហេតុការណ៍​កាល​ពី​ដំណាច់​ខែ​ឧសភា​កន្លង​ទៅ​ជា​មុន​សិន។ កាលណោះ លោក​នាយករដ្ឋមន្រ្តី​ម៉ាលី​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​គីដាល់​ស្ថិត​ប៉ែក​ខាងជើង​ប្រទេស​ដែល​ជា​ទីតំាង​របស់​ក្រុម​ឧទ្ទាម​តួរ៉ែក។ នា​ឱកាស​នោះ ក៏​ស្រាប់​តែ​មាន​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​រវាង​ទ័ព​រដ្ឋាភិបាល និង​ពួក​ឧទ្ទាម។ ខណៈ​នោះ ពួក​ឧទ្ទាម​បាន​ចាប់​ទាហាន​រដ្ឋាភិបាល​ជា​ច្រើន​នាក់​ធ្វើ​ចំណាប់​ខ្មំាង។

ផ្តើម​ចេញ​ពី​ចំណុច​នេះ និង​ដោយ​មាន​អន្តរាគមន៍​ពី​លោក​ប្រធានាធីបតី​នៃ​ប្រទេស​ម៉ូរីតានី បទ​ឈប់​បាញ់​មួយ​ក៏​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ភាគី​ពាក់ព័ន្ធ។ បន្ទាប់​មក អាល់ហ្សរី​ក្នុង​នាម​ជា​ប្រទេស​មហាអំណាច​មួយ​នៅ​ក្នុង​តំបន់​ក៏​បាន​អញ្ជើញ​គ្រប់​ភាគី​ជម្លោះ​ទំាង​អស់​ឲ្យ​ចូល​កាន់​តុចរចា។ តែ​ជា​ដំបូង គេ​ត្រូវ​តែ​បង្កើត​ឲ្យ​មាន​បរិយាកាស​នៃ​ការ​ទុកចិត្ត​គ្នា​ជា​មុន​សិន។ ជាក់ស្តែង​នៅ​មួយ​ថ្ងៃ មុន​កិច្ចចរចា​ចាប់​ផ្តើម ការ​ដោះដូរ​អ្នកទោស​ត្រូវ​បាន​រៀបចំ​ឡើង​រវាង​រដ្ឋាភិបាល និង​ក្រុមឧទ្ទាម ពិសេស​ការ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​នូវ​ទាហាន​រដ្ឋាភិបាល​ប្រមាណ​ជា ៤០នាក់​ដែល​ពួក​ឧទ្ទាម​បាន​ចាប់​កាល​ពី​ដំណាច់​ខែ​ឧសភា​កន្លង​ទៅ។

តើ​ទង្វើ​នេះ វា​គ្រប់គ្រាន់​ដើម្បី​អាច​ឲ្យ​ភាគី​ជម្លោះ​ទំាង​អស់​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​យូរ​អង្វែង ឬ​ទេ?

គឺ​មិន​អាច​ទៅ​រួច​ទេ ព្រោះ​នៅ​មាន​បញ្ហា​ចម្រូងច្រមាស​ជា​ច្រើន​ដែល​ភាគី​ជម្លោះ​ទំាង​ពីរ​នៅ​មិន​ទាន់​ឯកភាព​គ្នា​នៅ​ឡើយ​ទេ។ ធ្ងន់ធ្ងរ​ជាង​នេះ និង​ដែល​គ្រប់​គ្នា​ហាក់​ដូច​ជា​មាន​ការ​ភ្ញាក់ផ្អើល​ខ្លំាង​នោះ គឺ​ការ​បែកបាក់​នៅ​ផ្ទៃក្នុង​របស់​ពួក​ឧទ្ទាម។ ជា​ផ្លូវការ​នៅ​ក្នុង​កិច្ចចរចា​ពេល​នេះ ពួក​ឧទ្ទាម​ត្រូវ​បាន​តំណាង​ដោយ​ចលនា​ឧទ្ទាម​ធំៗ​ចំនួន ៣។ តែ​បញ្ហា​នៅ​ត្រង់​ថា នៅ​ផ្ទៃក្នុង​ចលនា​ឧទ្ទាម​គ្នា​ឯង​ក៏​មាន​ការ​ប្រកាប់ប្រចាក់​គ្នា​ដើម្បី​ចូល​កាន់​តុចរចារ​ដែរ។ មួយ​វិញ​ទៀត គណៈប្រតិភូ​របស់​ពួក​ឧទ្ទាម​បាន​សម្តែង​ការ​មិន​សប្បាយចិត្ត​របស់​ខ្លួន​ចំពោះ​កាយវិកាយ​របស់​រដ្ឋាភិបាល​ម៉ាលី និង​រដ្ឋាភិបាល​អាល់ហ្សេរី​ដែល​ចង់​ឲ្យ​កិច្ចព្រមព្រៀង​មួយ​នា​ពេល​ឆាប់ៗ​ខាង​មុខ។

អ៊ីចឹង​ហើយ​បាន​ជា​អនុប្រធាន​ចលនា​ឧទ្ទាម​មួយ​បាន​ថ្លែង​ដោយ​ព្រមាន​ថា វា​ហាក់​ដូច​ជា​រហ័ស​ពេក​ដើម្បី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ណា​មួយ​នោះ និង​ថា គ្មាន​នរណា​ម្នាក់​អាច​បង្ខំ​ឲ្យ​នរណា​ម្នាក់​ចុះ​ហត្ថលេខា ឬ​មួយ​ក៏​ទទួល​យក​កិច្ចព្រមព្រៀង​អ្វី​ទេ។ បន្ទាប់​ពី​បាន​ថ្លែង​ចប់​ភ្លាម ប្រមុខ​ចលនា​ឧទ្ទាម​រូប​នោះ​ក៏​បាន​ងើប​ដើរ​ចេញ​ពី​បន្ទប់​ប្រជុំ​ជាមួយ​គណៈប្រតិភូ​របស់​ខ្លួន​បាត់​ទៅ។ តាម​រយៈ​ការ​ថ្លែង និង​កាយវិការ​របស់​ប្រមុខ​ចលនា​ឧទ្ទាម​រូប​នេះ​នំា​ឲ្យ​គេ​សន្និដ្ឋាន​បាន​ថា នៅ​មាន​ផ្លូវ​វែង​ឆ្ងាយ​ទៅ​មុខ​ទៀត​ដែល​រដ្ឋាភិបាល​ម៉ាលី និង​ក្រុមឧទ្ទាម​ត្រូវ​ដើរ មុន​នឹង​ឈាន​ដល់​ការ​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​ជា​ស្ថាពរ​រវាង​គ្នា​នោះ។

ជា​ការ​ពិត​ណាស់ ការ​ដែល​ភាគី​ជម្លោះ​នីមួយៗ​យល់​ព្រម​មក​កាន់​តុចរចា វា​ពិត​ជា​ចំណុច​វិជ្ជមាន​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ឆន្ទៈ​ចង់​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី។ ការ​ផ្តើម​កិច្ចចរចា​ជា​ថ្មី​ពេល​នេះ​ជា​សក្ខីកម្ម​មួយ​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការ​រំកិល​រក​គ្នា​រវាង​ភាគី​ជម្លោះ។ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ជម្រៅ​នៃ​បញ្ហា​ដែល​បាន​ធ្វើ​ឲ្យ​ភាគី​ទំាង​ពីរ​ដំឡើង​សរសែ ក គ្នា​មក​ដល់​សព្វថ្ងៃ​នៅ​មិន​បាន​រក​ច្រក​ចេញ​ឃើញ​នៅ​ឡើយ​ទេ។ ជម្រៅ​នៃ​បញ្ហា​ទំាង​នោះ​រួម​មាន ការ​កំណត់​លក្ខន្តិក​ឲ្យ​តំបន់​ប៉ែក​ខាង​ជើង ការ​កំណត់​តួនាទី​របស់​រដ្ឋអំណាច​ម៉ាលី និង​ការ​អភិវឌ្ឍន៍​នៅ​តំបន់​ប៉ែកខាងជើង ឬ​មួយ​ក៏​ការ​រំសាយ​កម្លំាង និង​អាវុធ​របស់​ក្រុមឧទ្ទាម​ជា​ដើម។ ទំាង​នេះ សុទ្ធសឹង​បញ្ហា​ស្នូល​ដែល​ភាគី​ទំាង​ពីរ​នៅ​មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ​ទេ។

ពី​ដំបូង​ឡើយ ក្រុមឧទ្ទាម​បាន​ទាមទារ​ឯករាជ្យភាព​នៅ​តំបន់​ប៉ែកខាងជើង​ផ្តាច់​ខ្លួន​ចេញ​ពី​ការ​គ្រប់គ្រង​របស់​រដ្ឋអំណាច​ទីក្រុង​បាម៉ាកូ។ ឥឡូវ​នេះ សំណើ​ទាមទារ​ឯករាជ្យ​លែង​ជា​បច្ចុប្បន្នភាព​ទៀត​ឡើយ ដោយ​ពួក​ឧទ្ទាម​បាន​សុំ​ត្រឹម​តែ​លក្ខន្តិក​ពិសេស​មួយ​ប៉ុណ្ណោះ។ លោក​ប្រមុខ​ការទូត​ម៉ាលី​បាន​ថ្លែង​ថា រដ្ឋាភិបាល​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​សម្បទាន តែ​មិន​ត្រូវ​ឆ្លង​ខ្សែបន្ទាត់​ក្រហម​ទេ។ ខ្សែបន្ទាត់​ក្រហម​ដែល​លោក​ប្រមុខ​ការទូត​បាន​គូស​រួច​ជា​ស្រេច​ថា គ្មាន​ការ​ទាមទារ​បង្កើត​រដ្ឋសហព័ន្ធ គ្មាន​ការ​ទាមទារ​ឯករាជ្យ និង​ក៏​គ្មាន​ការ​ទាមទារ​ស័្វយភាព​ដែរ និយាយ​ឲ្យ​ស្រួល​យល់ គ្មាន​ការ​ធ្វើ​អប្បគម​នៅ​ក្នុង​អធិបតេយ្យ​របស់​ប្រទេស​ម៉ាលី​ទេ។

ដូច្នេះ​ឃើញ​ថា មិន​ទាន់​អី​ផង ភាគី​ជម្លោះ​នីមួយៗ​ហាក់​ដូច​ជា​បាន​ប្រកាស​ឲ្យ​ដឹង​រួច​ជា​ស្រេច​ពី​ជំហរ​មិន​ផ្លាស់ប្តូរ​របស់​ខ្លួន។ ឆន្ទៈ​មាន​ហើយ តែ​ការ​បន្ត​មិន​ទុក​ចិត្ត​គ្នា​ក៏​មាន​ដែរ។ តើ​នេះ មិនមែន​ជា​ល្បែង​មួយ​ដ៏​គ្រោះថ្នាក់​សម្រាប់​ប្រទេសជាតិ​ទេ ឬ​យ៉ាង​ណា?៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ