កងទ័ពបារាំងចាប់ផ្តើមបើកប្រតិបត្តិការជើងគោកតម្រង់ឆ្ពោះទៅភាគខាងជើងម៉ាលី
ក្រោយពីបើកប្រតិបត្តិការតាមជើងអាកាសចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុនមក ប្រទេសបារាំងពីអំណើះទៅ បានផ្តើមប្រតិបត្តិការជើងគោគរបស់ខ្លួននៅប្រទេសម៉ាលី។ កងយោធាបារាំង “កំពុងឡើងទៅកាន់ភាគខាងជើងប្រទេសម៉ាលី”-នេះជាសេចក្តីជូនដំណឹងរបស់លោក Jean-Yves Le Drian រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំងនៅព្រឹកថ្ងៃពុធ១៦មករានេះនៅតាមវិទ្យុ RTL។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣០
កងទ័ពបារាំង ធ្វើដំណើរជាមួយកងយោធាម៉ាលី ឆ្ពោះទៅកាន់ តំបន់ Diabaly ក្រុងមួយដែលបានធ្លាក់នៅក្នុងការកាន់កាប់របស់ពួឧទ្ទាមអ៊ីស្លាមនិយមកាលពីថ្ងៃចន្ទមុន។
ក្រោយពីបើកប្រតិបត្តិការវាយលុកតាមជើងអាកាសក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយមក កងទ័ពបារាំង បានផ្តើមប្រតិបត្តិការតាមជើងគោកវិញម្តងដើម្បីវាយដណ្តើមយកតំបន់ភាគខាងជើងនៃប្រទេសម៉ាលី។ នៅទីក្រុងបាមាកូ កងទ័ពជើងគោកបារាំង បានដាក់ពង្រាយយ៉ាងសម្បើម ដើម្បីការពារ ជាបឋម សុវត្ថិភាព របស់ប្រជាជនបារាំង អាណិកជនជាតិបារាំង ប្រជាជនអឺរ៉ុបនិង ទីក្រុងបាមាកូ--នេះជាសេចក្តីជូនដំណឹងរបស់លោក Jean-Yves Le Drian រដ្ឋមន្ត្រី ក្រសួងការពារជាតិបារាំងនៅព្រឹកថ្ងៃពុធ១៦មករានេះនៅតាមវិទ្យុRTL។
យោងតាមលោករដ្ឋមន្ត្រីការពារជាតិ” អន្តរាគមន៍យោធាបារាំងប្រឆាំងនឹងក្រុមឧទ្ទាមអ៊ីស្លាមនិយម កំពុងតែមានដំណើរការល្អ នៅផ្នែកខាងកើតនៃតំបន់សមរភូមិ។ ក៏ប៉ុន្តែនៅភាគខាងលិចវិញ យើងមានការពិបាកបន្តិច ពីព្រោះនៅទីនោះជាជម្រក ពួកអ៊ីស្លាមនិយមជ្រុលបំផុតដែលមានការគ្រប់គ្រងល្អប្រសើរ មានការប្តេជ្ញាចិត្តដ៏មុះមុត និងមានការបំពាក់អាវុធយ៉ាងគ្រប់គ្រាន់។
នៅទីនោះ ប្រតិបត្តិការនៃកងទ័ពបារាំងដែលកំពុងតែប្រព្រឹត្តទៅជាប្រតិបត្តិការពិបាក"នេះជាការយល់ឃើញរបស់លោកJean-Yves Le Drian រដ្ឋមន្ត្រីការពារជាតិបារាំង ដោយលោក បានបន្តទៀតថា “នៅតំបន់សមរភូមិភាគខាងលិច ពួកភេរវនិយម មានគ្នាយ៉ាងតិចពី១២០០នាក់ទៅ១៣០០នាក់។ គឺដោយមូលហេតុនេះហើយ បានជាកងយោធាបារាំង ធ្វើការវាយប្រហារកំចាត់ពួកឧទ្ទាមពីមូលដ្ឋានសំខាន់ជាមុនសិន ជាអាទិ៍នៅតំបន់ Gao ជាទីដែលប្រតិបត្តិការបារាំង បានទទួលជោគជ័យដ៏ពិតប្រាកដ។
ប្រតិបត្តិការបារាំងនាពេលនេះ កំពុងស្ថិតនៅក្នុងស្ថានការណ៍ជាវិជ្ជមានបើប្រៀបទៅនឹងសប្តាហ៏មុនក៏ប៉ុន្តែ ការវាយប្រយុទ្ធនឹងមានរយៈពេលយូរដែរ ក្នុងគោលដៅគឺដើម្បីធ្វើយ៉ាងណាឲ្យប្រទេសម៉ាលី បានទទួល អធិបតេយ្យនៅលើដែនដីទាំងមូលរបស់ខ្លូនជាថ្មីឡើងវិញ។
សូមបញ្ជាក់ថា ប្រទេសបារាំង បានដាក់ពង្រាយទាហាន៨០០នាក់នៅក្នុងប្រទេសម៉ាលី ចាប់តាំងពីអន្តរាគមយោធាជាលើកដំបូងរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍មុន ហើយចំនួនកងពលបារាំងនេះ នឹងត្រវបង្កើនបន្តិចម្តងៗរហតដល់ ២៥០០នាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ