អានតួអត្ថបទ
នីហ្សេរីយ៉ា

អ.ស.ប ​ថ្កោលទោស​​ក្រុមឧទ្ទាម​បូកូ អារ៉ាំ​ ដែល​ចាប់ជំរិត​​និង​​ចង់​លក់​​សិស្សស្រីៗ​នីហ្សេរីយ៉ា​រាប់រយ​នាក់​

ឧត្តមស្នងការ​ជាន់ខ្ពស់​ទទួល​បន្ទុក​សិទ្ធិមនុស្ស​​នៃ​អង្គការ​សហប្រជាជាតិ​បាន​​​ថ្កោលទោស​ក្រុមឧទ្ទាម​បូកូអារ៉ាំ ដែល​បាន​​ចាប់ជំរិត​​សិស្ស​ស្រី​នៅ​នីហ្សេរីយ៉ា​រាប់រយនាក់។ ​កាលពី​ថ្ងៃ​ចន្ទ​ ​មេ​ក្រុមឧទ្ទាម​បាន​​​ប្រកាស​​ថា​នឹង​លក់​​​សិស្សសាលា​ស្រីៗទាំងនេះ ​ហើយនឹង​​​​ចាប់បង្ខំ​អោយ​​​ពួកគេ​រៀបការផងដែរ។ អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​​​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ក្រុម​បូកូអារ៉ាំ អាច​​ជាប់​សង្ស័យ​ក្នុង​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ ប្រសិន​បើ​ហ៊ាន​លក់​​សិស្ស​ស្រីៗទាំងនេះ ដូ​ច​ទាសករ ដូច​ជា​ការ​ប្រកាស​​របស់​ក្រុម​ខ្លួន​ពិត​មែន។ 

លោក Rupert Colville អ្នកនាំពាក្យ​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ
លោក Rupert Colville អ្នកនាំពាក្យ​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ Reuters
ផ្សាយពាណិជ្ជកម្ម

លោក រូពែរ កុលវីល អ្នក​នាំពាក្យ​នៃ​ឧត្តម​ស្នងការ​​ជាន់ខ្ពស់​ទទួល​បន្ទុក​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​បាន​បរិហារ​​ថ្កោលទោស​​អំពើ​ហិង្សា​​ចាប់ជំរិត​​សិស្សស្រីៗ​រាប់រយនាក់​ ​នៅ​​សាលា​​​មួយកន្លែង​ ​​នៅ​រដ្ឋ​បរណូ ភាគឥសាន​ប្រទេស​នីហ្សេរីយ៉ា។ ​ជា​ការ​ចាប់ជំរិត​ធ្វើឡើង​ដោយ​ក្រុមឧទ្ទាម​បូកូ​អារ៉ាំ កាលពី​ថ្ងៃ​១៤មេសា កន្លងទៅ។ លោក​​ រូពែរ កុលវីល ​ ​បាន​ទាមទារ​​អោយ​ក្រុម​ឧទ្ទាម​​ ដោះលែង​​​សិស្សសាលា​ទាំងនោះ​ និងប្រគល់​ពួកគេ​អោយ​ទៅ​ក្រុមគ្រួសារ​ពួកគេ​វិញ​ជា​បន្ទាន់។ 

កាលពី​ពាក់កណ្តាល​ខែ​មេសា ក្រុមឧទ្ទាម​បូកូអារ៉ាំ ​បាន​ចាប់ជំរិត​​សិស្ស​ស្រី​ៗ​ ២៧៦នាក់ ហើយបាន​ប្រកាស​ថា ចង់​លក់​សិស្ស​ស្រីៗទាំងនេះ​ដូច​ជា​ទាសករ និង​ចង់​បង្ខំ​ពួកគេ​អោយ​រៀបការ​ទៀតផង។ សិស្សសាលា​៥៣នាក់​បាន​រត់រួចខ្លួន ២២៣​នាក់ទៀត​ស្ថិត​​ក្នុង​កណ្តាប់​ដៃ​ក្រុមឧទ្ទាម​បូកូអារ៉ាំ​នៅឡើយ។ ​ក្រៅពី​ចាប់សិស្ស​ស្រីៗ ក្រុម​ឧទ្ទាម​​ក៏បាន​​បំផ្លាញ​ក្រុង​ហ្កំបូរូ នៅ​ភាគ​ឥសាន ​និង​បាន​​បាញ់​រះ​លើ​ប្រជាជន​ និង​សម្លាប់​មនុស្ស​ច្រើននាក់​ផងដែរ។

​ក្នុង​រូបភាព​វីដេអូ​ដែល​​សារព័ត៌មាន​បារាំង​ អា អេហ្វ ប៉េ ​ទទួល​បាន​​ គេ​ឃើញ​មេក្រុម​ឧទ្ទាម​អាប៊ូបាកា ស្ហេកូ ប្រកាសថា នឹង​លក់សិស្ស​ស្រីៗ​​​​នៅ​ទីផ្សារ ក្នុង​នាម​ព្រះអាឡា។ អាប៊ូបាកា​ប្រាប់​ទៀតថា នឹង​បង្ខំ​​ សិស្ស​ស្រី​​អាយុ​​៩ឆ្នាំ និង​១២ឆ្នាំ​ ​អោយ​រៀបការ។ ក្នុង​រូបភាព​វីដេអូដដែល​ ​មេក្រុមឧទ្ទាម​​​​បាន​មើលងាយ​មើលថោក​ការអប់រំ​តាម​បែបប្រទេស​លោក​ខាងលិច និងមើលងាយ​​រាល់​បណ្តា​ជន​ដែល​មិន​គោរព​សាសនា​អ៊ីស្លាម​។

នៅពេល​នះ ​យោងតាម​ផ្នែកការទូត​អាមេរិក​​​ សិស្ស​ស្រីៗ​ទាំងនេះ ប្រហែល​ជា​ត្រូវ​បាន​គេ​បញ្ជូន​ចេញពីទឹកដី​នីហ្សេរីយ៉ា​ហើយ។ ប្រភព​ព័ត៌មាន​ជាច្រើន​បាន​ប្រាប់ថា សិស្ស​សាលា​​ទាំងនេះ​អាច​ត្រូវ​គេ​បញ្ជូន​​ទៅ​ប្រទេស​ឆាដ រឺ​ក៏​កាំម៉ឺរូន នៅក្បែរនោះ។ ពួកគេ​អាច​​ ត្រូវ​បាន​គេ​លក់​​ ​ក្នុង​តម្លៃ​ម្នាក់ ​​១២ដុល្លារ​។ ប្រធានាធិបតី​នីហ្សេរីយ៉ា​ ហ្គូដឡាក់ ចូណាតាន់ បាន​បញ្ជា​អោយ​​​​ធ្វើគ្រប់បែបយ៉ាង​ដើម្បី​ទទួល​បាន​ការដោះលែង​សិស្ស​ស្រីៗ​ទាំង​២២៣នាក់​នោះ។ អាមេរិក​បាន​ចូលរួម​ជួយ​នីហ្សេរីយ៉ា ក្នុង​ផ្នែក​ចែក​រំលែក​ព័ត៌មាន​ ក្នុង​បញ្ហា​នេះ។

នៅ​នីហ្សេរីយ៉ា ក្រុមឧទ្ទាម​បូកូអារ៉ាំ ​​ទាមទារ​បង្កើត​រដ្ឋ​អ៊ីស្លាម​មួយ​នៅ​ភាគខាងជើង​ប្រទេស​។​ គិត​ចាប់​ពី​ឆ្នាំ​២០០៩មក ក្រុម​នេះ​បាន​សម្លាប់​មនុស្ស​រាប់ពាន់នាក់​មកហើយ ក្នុង​ពេល​ដែល​បាន​វាយប្រហារ​​សាលារៀន វិហារ​ជាច្រើន​កន្លែង​ក្នុង​ស្រុក៕ ​ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ