អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប៉ារីស​បើក​​​ជំនួប​កំពូលស្តី​ពី​សន្តិសុខ​នីហ្សេរីយ៉ា​​ មួយ​ខែ​ក្រោយ​ការ​ចាប់​ខ្លួន​សិស្ស​ស្រី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

មួយ​ខែ​ក្រោយ​ការ​ចាប់​ខ្លួន​សិស្ស​ជាង​២០០នាក់ សុទ្ធ​តែ​ភេទ​ស្រី ដោយ​ក្រុម​ភេរវនិយម​អ៊ីស្លាម​ជ្រុលនិយម បូកូអារ៉ាម ប្រទេស​បារាំង​បាន​សុខ​ចិត្ត​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ថ្ងៃ​សៅរ៍​នេះ បើក​ជំនួប​កំពូល​តូច​មួយ​ស្តី​ពី​សន្តិសុខ​នីហ្សេរីយ៉ា។ ប្រធានាធិបតី​ បារាំង នីហ្សេរីយ៉ា និង​បណ្តា​ប្រទេស​ជិត​ខា​ង​មួយ​ចំនួន​ទៀត​ដូច​ជា បេណាំង នីហ្សេ កាមេរូន ឆាដ ព្រម​ទាំង​តំណាង​​សហរដ្ឋ​អាមេរិក អង់គ្លេស​ សហភាព​អឺរ៉ុប សង្ឃឹម​ថា​ការ​ជួប​ជុំ​ពិភាក្សា​គ្នា​នៅ​ទីក្រុង​ប៉ារីស​ថ្ងៃ​នេះ នឹង​អាច​រក​ឃើញ​និង​ដាក់​ឱ្យ​ដំណើរ​ការ​យុទ្ធសាស្ត្រ​​តំបន់​មួយ​ ប្រយុទ្ធ​ប្រឆាំង​ក្រុម​និកាយ​ភេរវនិយម​ដឹក​នាំ​ដោយ​មេ​ក្លោង​ អាប៊ូបាការ ស្ហេកូ (Abubakar Shekau)។

ប្រធានាធិបតី​បារាំង លោក François Hollande ទទួល​ស្វាគមន៍​សមភាគី​នីហ្សេរីយ៉ាលោក Goodluck Jonathan នៅ​វិមាន​ Elysée ថ្ងៃ​ទី ១៧ ឧសភា ២០១៤
ប្រធានាធិបតី​បារាំង លោក François Hollande ទទួល​ស្វាគមន៍​សមភាគី​នីហ្សេរីយ៉ាលោក Goodluck Jonathan នៅ​វិមាន​ Elysée ថ្ងៃ​ទី ១៧ ឧសភា ២០១៤ REUTERS/Gonzalo Fuentes
ផ្សាយពាណិជ្ជកម្ម

ជំនួប​កំពូល​វិសាមញ្ញ​ស្តី​អំពី​សន្តិសុខ​នីហ្សេរីយ៉ានេះ ប្រព្រឹត្តទៅ​ក្នុង​បរិបទ​​​នៃ​ការរិះគន់​។ សហរដ្ឋ​អាមេរិក​ទ្រាំ​មិន​បាន​ទើប រិះគន់​​ប្រធានាធិបតី​នីហ្សេរីយ៉ា ថា​​បញ្ចេញ​ប្រតិកម្ម និង​សកម្មភាព ដូច​​អូសឬស្ស៊ី​បញ្ច្រាស​ចុង​ ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង​ពី​ពួក​ភេវនិយម​ ប្រឈម​មុខ​នឹង​ការ​ចាប់​ជំរិត​សិស្ស​ស្រី​ដល់​ទៅ​ជាង​២០០​នាក់។

 
ពួក​បូកូអារ៉ាម បាន​ចាប់​សិស្ស​អស់​មួយ​សាលា មក​ធ្វើ​ជា​ចំណាប់​ថ្នូរ តាំង​ពី​ថ្ងៃ​ទី ១៤​មេសា និង​បាន​ចាក់​ផ្សាយ​វីដេអូ គំរាម​ ចាប់​ក្មេង​ស្រី​ឱ្យ​រៀបការ​ទាំង​មិន​ទាន់​គ្រប់​អាយុ និង​យក​ទៅធ្វើ​ជា​ទាសករ និង​សុំ​ធ្វើ​ជា​ថ្នូរ​ជាមួយ​អ្នក​ទោស តែ​ប្រធានាធិបតី​នីហ្សេរីយា​ បដិសេធ​មិន​ចរចា ហើយ​គេត្រូវ​រង់ចាំ​ ដល់​ទៅ​ជាង​ពីរ​សប្តាហ៍​ ទើប​ឮ​លោក Goodluck Jonathan បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ជោគ​វាសនា​យុវតី​ដែល​ពួក​ភេរវជន​ចាប់​ខ្លួន។ ហើយ​នៅ​ថ្ងៃ​ម្សិលមិញ​ មុន​នឹង​អញ្ជើញ​មក​ក្រុង​ប៉ារីស លោក​​បាន​លុប​ចោល​ដំណើរ​ទស្សនកិច្ច​នៅ Chibok ​ភាគ​ខាងជើង ​ប្រទេស រដ្ឋ​ដែល​មាន​កើត​ហេតុ​ចាប់​ខ្លួន​សិស្ស​ស្រី​ទៀត។ ទង្វើ​នេះ​បាន​ទទួល​រង​ការ​រិះគន់​ពី​គ្រប់​ទិសទី និង​ពី​អន្តរជាតិ​ទាំង​មូល។

នីហ្សេរីយ៉ា ​មិន​អាច​ទប់ទល់​ជាមួយ​ពួក​ភេរវនិយម​បូកូអារ៉ាម ម្នាក់​ឯង​បាន ត្រូវ​ការ​ពឹង​ពំនាក់​អ្នក​ជិត​ខាង​និង​បរទេស។ ហើយ​ប្រទេស​ដែល​មាន​ទំនាក់ទំនង​ការ​ទូត​ល្អ​បំផុត​ ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​ជាមួយ​បារាំង ជាពិសេស​តាំង​ពី​មាន​លោក​ហ្វ្រង់ស័រ​ហូឡង់​ ជា​ប្រធានាធិបតី​បារាំង​មក។ ម្យ៉ាង​ទៀត​ នីហ្សេរីយ៉ា ជា​ប្រទេស​និយាយ​ភាសា​អង់គ្លេស មាន​អំណាច​​សេដ្ឋកិច្ច​ខ្លាំង​​ប្រចាំ​ទ្វីប​ ត្រូវ​ការ​មាន​សហប្រតិបត្តិការ​ល្អ​ជាមួយ​ប្រទេស​ជាប់​របង​ជា​អ្នកនិយាយ​ភាសា​បារាំង។ ដូច្នេះ​នីហ្សេរីយ៉ា អាច​ពឹង​ពាក់​ប៉ារីស​បាន​ក្នុង​ចំណុច​នេះ​ ដើម្បី​ពង្រឹង​​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់។

ក្រោម​សំណើ​របស់​លោក Goodluck បារាំង​គ្មាន​អ្វី​ត្រូវ​ប្រកែក​ឡើយ ក្នុង​នាម​ជា​អគ្គមេបញ្ជាការ​​កងទ័ព​Serval និង Sangari លោក​ហ្វ្រង់ស័រ​ហូឡង់ ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​​នៅ​អាហ្វ្រិក មិន​ដូច​នៅ​ក្នុង​ស្រុក ចេញ​ធ្វើ​សង្គ្រាម​ជួយ​ម៉ាលី ជួយ​​អាហ្វ្រិក​កណ្តាល​​ បើក​ជំនួប​កំពូល​​ស្តី​ពី​សន្តិសុខ​ឱ្យ​អាហ្វ្រិក​ បារាំង​ត្រូវ​តែ​ឆក់​យក​ឱកាស​នេះ​ផ្តល់​​ចំណេញ​​ឱ្យ​ប្រទេស​ជាតិ បានគ្រប់​អត្ថន័យ​ទាំង​អស់ ដោយ​ជួយ​រៀប​ចំ​បើក​ជំនួប​កំពូល​​​នៅ​ទីក្រុង​ប៉ារីស ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម​បូកូអារ៉ាម នៅ​នីហ្សេរីយ៉ា។

គ្មាន​អន្តរាគមន៍យោធា​បស្ចឹម​លោក​នៅនីហ្សេរីយ៉ា​

សម្រាប់​វិមាន​ប្រធានាធិបតី​បារាំង គឺ​គ្មាន​ទេ​ អន្តរាគមន៍​យោធា​នៅ​នីហ្សេរីយ៉ា ! ​កម្មវត្ថុ​ចំបង​មួយ គឺស្វែង​រក​សន្តិសុខ​​ឱ្យ​តំបន់​អាហ្វ្រិក​ប្រឈម​នឹង​ស្ទុះ​ឡើង​​នៃពួក​ភេរវនិយម អ៊ីស្លាមជ្រុល​និយម បូកូអារ៉ាម។ ចលនា​ដែល​មាន​ចំណាប់​ថ្នូរ​ជា​ក្មេង​សិស្ស​សាលា​ស្រីៗ​ដល់​ទៅ​ជាង​២​រយ​នាក់​ក្នុង​កណ្តាប់​ដៃ តាំង​ពី​ជាង​មួយ​ខែ​មក។ ពួក​ជីហាត​នេះ​មាន​សកម្មភាព​ខ្លាំង និង​ជា​ក្រុម​ដែល​ពិបាក​​កំចាត់​ខ្លាំង​ណាស់ ព្រោះ​ជា​ក្រុម​តូចៗ​មានមេ​មាន​កើយ​និង​​ស្វ័យភាព​ តាម​មូលដ្ឋាន មាន​សកម្មភាព​ និង​ឥទ្ធិពល​រាល​ដល់​ភាគ​ខាង​ជើង​ ប្រទេស​កាមេរូន ខាង​កើត​ប្រទេស​ឆាដ និង​ខាងត្បូង​ប្រទេស​នីហ្សេ។

ដូច្នេះ​​​ត្រូវ​បង្កើត ឬ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ នូវ​កិច្ច​សហប្រតិបត្តិការ​រវាង​បណ្តា​ប្រទេស​ដែល​ពួក​ជីហាត ប្រើ​ប្រាស់​ជាមូល​ដា្ឋន​សម្រាប់​លាក់​ខ្លួន សម្រាប់​ចាប់​ចំណាប់​ថ្នូរ ឬ​សម្រាប់​​ដោះដូរ​អាវុធ។ ប្រសិន​បើ​គ្មាន​ការ​សហការ​ត្រឹម​ត្រូវ​ទេ នោះ​​​​អស្ថិរភាពនឹង​​កាន់​តែ​ខ្លាំង​ ដោយ​ពួក​បូកូអារ៉ាម អាច​ជួប​បញ្ជះ​ឥទ្ធិពល​ដល់​ក្រុម​ឧទ្ទាម​នៅ​អាហ្វ្រិក​កណ្តាល​ ឬ​ដល់​ប្រទេស​ស៊ូដង់​ផង​ក៏​ថា​បាន។

នីហ្សេរីយ៉ា និង​ប្រទេស​ជិតខាង

ប៉ុន្តែការ​សហការ​សន្តិសុខ​រវាង​នីហ្សេរីយ៉ា ជាមួយ​ប្រទេស​ជិត​ខាង​គ្មាន​សមភាព​ទេ។ បើ​តាម​ប្រភព​ខ្លះ ទំនាក់​ទំនង​រវាង​នីហ្សេ និង​នីហ្សេរីយ៉ា អាច​ចាត់​ទុក​បាន​ល្អ តែ​ជាមួយ​ឆាដ ដូច​ជា​ឃ្លាត​គ្នា​បន្តិច ហើយ​បើ​ជាមួយ​កាមេរូន​ស្ទើរ​តែ​គ្មាន​សោះ ព្រោះ​តែ​ជម្លោះ​ទឹក​ដី​ ការ​បញ្ជូន​ទ័ព​ទៅ​ការ​ពារ​គ្នា​ពិត​មិន​សូវ​បាន​ទទួល​ការ​ស្វាគមន៍​ឡើយ។ ការ​រួម​ដៃ​គ្នា​រវាង​ប្រទេស​ទាំង​ពីរ នីហ្សេរីយ៉ា និង​កាមេរូន​ គឺ​ជា​កត្តា​ចាំ​បាច់​ និង​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម​ក្នុង​តំបន់។ កាមេរូន​ ជា​ប្រទេស​ដែល​​រង​ការ​គំរាម​កំហែង​ខ្លាំង​ជាងគេមួយ​​ពី​សំណាក់​ពួក​បូកូ​អារ៉ាម។ ជាក់​ស្តែងនៅ​ថ្ងៃ​នេះ ជនជាតិ​ចិន​ម្នាក់​ទើប​ត្រូវ​បាន​សម្លាប់ និង​១០​នាក់​ផ្សេង​ទៀត ទំនង​ជា​ត្រូវ​បាន​ពួក​ភេរវជន​ចាប់​ខ្លួន​ធ្វើ​ជា​ចំណាប់​ថ្នូរ​ផង។

ករណីចាប់​ខ្លួន​សិស្ស​ស្រី​នៅនីហ្សេរីយ៉ា ជា​កត្តា​ ជំរុញ​ឱ្យជំនួប​កំពូល​ស្តី​អំពី​សន្តិសុខ​​នីហ្សេរីយ៉ា​ចេញ​ជា​រូប​រាង​នៅ​ ចំណែក​ប្រតិបត្តិការ​ជាក់​ស្តែង ដែល​ដាក់​ឱ្យ​ដំណើរ​ការ​ជាបន្ទាន់​ តាម​រក​រំដោះសិស្ស​ស្រីៗ​ជា​ប់​ជា​ចំណាប់​ថ្នូរ​ ដោយ​ប្រើ​រូបភាព​សាតឺលីត អ្នក​ឯកទេស​ជំនាញ​ តាមដាន នឹង​អាច​ប្រយោជន៍​ឈាន​ដល់​​ការ​សម្រេច​កម្មវត្ថុ​ចុង​ក្រោយ​ដ៏​សំខាន់ គឺ​ការ​កម្ចាត់​ពួក​បូកអារ៉ាម៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ