អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​បើក​ប្រតិបត្តិការ​យន្តហោះ​ក្នុង​ដែនអាកាស​នីហ្សេរីយ៉ា​ ​ស្វែង​រក​​ចំណាប់ខ្មាំង​​សិស្ស​សាលា​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅល្ងាច​ថ្ងៃ​ចន្ទម្សិលមិញ អាមេរិកបាន​​ប្រកាស​បើក​ប្រតិបត្តិការ​យន្តហោះ ក្នុងទឹកដី​​នីហ្សេរីយ៉ា ដើម្បីស្វែង​រក​សិស្សសាលា​ស្រីៗ​ជាង​២០០​នាក់ ​ដែល​ក្រុម​ឧទ្ទាម​អ៊ីស្លាម​បូកូ អារ៉ាំ បាន​ចាប់​យក​ទៅ​កាលពី​ថ្ងៃ ១៤មេសា។ ក្នុង​ប្រតិបត្តិការ​ស្វែងរក​​​ ​ អ្នក​ជំនាញ​​អាមេរិក​​​​ផ្តោតការ​ចិត្ត​ទុកដាក់​​លើ​​រូបភាពវីដេអូ​មាន​រូប​ក្មេងស្រីៗ​ច្រើននាក់ ​ដែល​មេ​​ក្រុម​បូកូអារ៉ាំ​​បង្ហាញ​នៅថ្ងៃ​ចន្ទ​ម្សិលមិញ។ ​ អ្នកជំនាញ​បារាំង និង​អង់គ្លេស​បាន​ចុះ​ទៅ​នីហ្សេរីយ៉ា​​រួចហើយ។ រដ្ឋាភិបាល​នីហ្សេរីយ៉ា​​បាន​ទាត់ចោល​សំណើ​របស់​ក្រុម​បូកូអារ៉ាំ ដែល​ទាមទារ​អោយ​មានការ​ដោះលែង​អ្នកទោស​ខ្លួន​ ជាថ្នូរ​នឹង​ការ​ដោះលែង​សិស្ស​សាលា​ស្រីៗ​​។ នៅ​ទីលាន​ត្រូកាដេរ៉ូ ក្នុង​​ក្រុង​ប៉ារីស​ថ្ងៃ​អង្គារ​នេះ អតីត​ជំទា​វ​ទី១​បារាំង​២រូប គឺ​លោកស្រី វ៉ាឡេរី ទ្រីយាលវេឡឺ និង​លោកស្រី​កាឡា ប្រុយនី សាកូហ្ស៊ី រួម​ទាំង​អង្គការ​ជាច្រើន​នាំគ្នា​ធ្វើ​បាតុកម្ម​បរិហារ​ការ​ចាប់​សិស្ស​សាលា​ស្រីៗ​​ទាំងនេះ និង​ទាមទារ​អោយ​ដោះលែង​ពួកគេ​មកវិញ។

​ក្រុម​បូកូអារ៉ាំបានបង្ហាញ​រូបភាព​ក្មេង​ស្រីៗ​ទាំងនេះ​ នៅថ្ងៃ​ចន្ទ​ម្សិលមិញ ​និង​ប្រាប់​ថា ជា​សិស្សដែល​ខ្លួន​ចាប់​​ជាចំណាប់ខ្មាំង កាលពី​ថ្ងៃ​១៤មេសា។
​ក្រុម​បូកូអារ៉ាំបានបង្ហាញ​រូបភាព​ក្មេង​ស្រីៗ​ទាំងនេះ​ នៅថ្ងៃ​ចន្ទ​ម្សិលមិញ ​និង​ប្រាប់​ថា ជា​សិស្សដែល​ខ្លួន​ចាប់​​ជាចំណាប់ខ្មាំង កាលពី​ថ្ងៃ​១៤មេសា។ REUTERS/Boko Haram handout via Reuters
ផ្សាយពាណិជ្ជកម្ម

យប់ថ្ងៃ​១៤មេសា ក្រុម​បូកូ ហារ៉ាំ ​​ចាប់​​​សិស្ស​ស្រីៗ​នៅ​សាលា​រៀន​ ​ក្នុង​ភាគ​ឥសាន ​រហូត​ដល់​ចំនួន​រាប់រយ​នាក់ បាន​ដោយគ្មាន​បញ្ហា​​

គេ​មិនដឹង​ថា ​សិស្ស​សាលា​ស្រីៗ​កំពុង​នៅ​ឯណា​​​ពិតប្រាកដ​ទេ។ ថ្ងៃចន្ទ​ម្សិលមិញ​ គេ​គិត​ថា ក្មេងស្រី​ទាំងនេះ​​ប្រហែល​​​កំពុង​​នៅ​ក្នុងព្រៃ​ក្នុង​ប្រទេស​នៅឡើយ​ទេ។ ​ពេលនេះ​ ​ការ​ស្វែងរក​ពេលនេះ ​គឺ​ផ្តោត​​ក្នុងប្រទេស​នីហ្សេរីយ៉ាសិន។ ក្នុង​ប្រតិបត្តិការ​នេះ ​អាមេរិក​ផ្តល់​​រូបភាព​ផ្កាយរណប​​អោយ​​អាជ្ញាធរនីហ្សេរីយ៉ា។ ​​​​អាមេរិក​​ក៏​មាន​ឧបករណ៍​​ដែល​អាច​ចាប់​យក​​ទំនាក់ទំនង​​តាម​ទូរសព្ទ​ រឺ​វិទ្យុ​បានដែរ។ ​

គួ​រ​រំលឹក​ថា កាលពី​យប់​ថ្ងៃ​១៤​​​មេសា ​​ក្រុម​បូកូអារ៉ាំ​បាន​​​ចូល​ទៅ​​វិទ្យាល័យ​របស់​សិស្ស​ស្រីៗ​ទាំងនេះ ​ស្ថិត​នៅ​​ក្រុង​​ជីបក ភាគ​ឥសាន​នីហ្សេរីយ៉ា។ ​សមាជិក​ក្រុម​បូកូអារ៉ាំ ​​បាន​ស្លៀក​​សម្លៀក​បំពាក់​ក្លែង​​​ធ្វើ​ជា​ទាហាន ហើយ​​ភរ​ថា ចូល​មក​ការពារ​សន្តិសុខ​សាលា។​ តែ​ក្រុម​បូកូ​អារ៉ាំ​បាន​សម្លាប់​ទាហាន​និង​ប៉ូលិស​នៅ​ទីនោះ ២នាក់ ហើយ​ដុត​វិទ្យាល័យ​នោះ​ ​ចោល​​តែ​ម្តង ដើម្បី​ងាយ​ចាប់យក​​សិស្សសាលា។ ​ពួកគេ​បានបង្ខំ​អោយ​សិស្ស​ស្រីៗ​រាប់រយ​នាក់​ឡើង​ចូល​​​​ឡាន​កាំម្ញ៉ុង​ធំៗ​ច្រើន​គ្រឿង។ គួររំលឹក​ថា ដើមឡើយ​ មាន​​សិស្ស​សាលា​ស្រីៗ ដល់​ទៅ​២៧៦នាក់​ ​ដែលក្រុម​នេះចាប់យក​ទៅ។ ប៉ុន្តែ សិស្ស​៥៣នាក់ បាន​រត់​គេចខ្លួនតាម​ផ្លូវ។ ក្មេងស្រីៗ​មួយចំនួនដែល​បាន​រត់​រួច​មកនោះ ​ប្រាប់ថា ពួកគេ​បាន​ប្រថុយ​ជីវិត ​លោត​ចុះពី​ឡាន​កាំម្ញ៉ុង​ ពេល​ដែល​ឡានកាំម្ញ៉ុង​​មាន​បញ្ហា​ ឈប់​តាមផ្លូវ។

សហគមន៍​អន្តរជាតិបញ្ចេញប្រតិកម្ម​​​​ថ្កោលទោស ​​យឺតយ៉ាវ 

បាតុកម្ម​ក្រុង​ប៉ារីស ទាមទារ​អោយ​ក្រុម​បូកូ​អារ៉ាំ​ដោះលែង​សិស្ស​ស្រីៗ​នីហ្សេរីយ៉ា​មកវិញ
បាតុកម្ម​ក្រុង​ប៉ារីស ទាមទារ​អោយ​ក្រុម​បូកូ​អារ៉ាំ​ដោះលែង​សិស្ស​ស្រីៗ​នីហ្សេរីយ៉ា​មកវិញ REUTERS/Philippe Wojazer



ក្រុមបូកូអារ៉ាំ ចាប់​សិស្ស​ស្រីៗ​ទាំងនេះ​​​ តាំងតែ​ពី​ថ្ងៃ​១៤មេសា​ម្ល៉េះ។ សហគមន៍​អន្តរជាតិ​ទើប​ចេញ​​ប្រតិកម្ម​​ប្រឆាំង​ក្រុម​បូកូអារ៉ាំ នៅដើម​ខែ​ឧសភា​នេះ​ប៉ុណ្ណោះ ពោល​​គឺ​យឺតពេល​ដល់​ទៅ​២សប្តាហ៍។ ដំបូងឡើយ គ្រប់គ្នា​ចាប់អារម្មណ៍​តែ​ពី​ព័ត៌មាន​ទាក់ទង​​​ការលិច​សាឡាង​នៅកូរ៉េ​ខាងត្បូង រឺក៏​ការបាត់ខ្លួន​យន្តហោះ​បូអ៊ីង​ម៉ាឡេស៊ី​​ឯណោះ​ទេ។ ក្រោយពេល​បណ្តាញ​សង្គម​បានចុះផ្សាយពី​បាតុកម្ម​​មនុស្ស​រាប់រយ​នាក់ នៅ​ក្រុង​ឡាហ្កូស និង​អាប៊ូចា នៅ​នីហ្សេរីយ៉ា បរិហារ​ការ​ចាប់ជំរិត​ក្មេងស្រី​ទាំងនេះ ទើប​សហគមន៍​អន្តរជាតិ​ងាក​មកចាប់​អារម្មណ៍​រឿង​នេះ​វិញ។ នេះ​ក៏ដោយសារ​​តែ​​​​​​មេក្រុម​បូកូ​អារ៉ាំ​ អាប៊ូបាកា ស្ហេកូ ​បានប្រកាស​ផ្ទាល់​មាត់ថ្មីៗ​​ ក្នុង​​ដើមខែ​ឧសភា​នេះដែរ​​ថា បាន​ចាប់​សិស្ស​ស្រីៗ និង​ចង់​លក់​ពួកគេ​ជា​ទាសករ បង្ខំ​អោយ​ពួកគេ​រៀបការ។ ​ទំរាំ​បាន​ទទួលការ​ចាប់​អារម្មណ៍​នេះ គ្រួសារ​សិស្ស​ស្រីៗ​រងគ្រោះ​​ ក៏​បាន​នាំគ្នា​រហូត​ដល់​ចុះ​ព័ត៌មាន​តាម​បណ្តាញសង្គម​ទ្វីតតឺផងដែរ។ ឥឡូវនេះ គ្រប់​ប្រទេស គ្រប់ប្រជាជន​ទើបចាប់​អារម្មណ៍​តៗគ្នា បន្ត​ពី​​​​​ភរិយា​ថ្នាក់ដឹកនាំ​អាមេរិក​រឺ​ក៏បារាំង​ ដូចជា​​លោកស្រី​មីឆែល អូបាម៉ា រឺក៏​លោកស្រី​កាឡា ប្រុយនី​សាកូហ្ស៊ី ​ដែល​កំពុង​នាំគ្នា​​​តវ៉ា​អោយ​ដោះលែង​សិស្សសាលា​ស្រីៗ​មកវិញ​នេះ។

នីហ្សេរីយ៉ា​មាន​សេដ្ឋកិច្ច​ល្អ តែ​អ​សមត្ថភាពការពារ​សន្តិសុខ​ប្រជាជន​ខ្លួន

​អាជ្ញាធរ​នីហ្សេរីយ៉ា ​ត្រូវការ​ជំនួយ​ពី​ប្រទេស​នានា​ ដើម្បី​ស្វែង​រកសិស្សសាលា​ស្រីៗ​ទាំងនេះ។ នីហ្សេរីយ៉ា​ជា​ប្រទេស​សំបូរ​ធនធាន​ប្រេង មាន​សេដ្ឋកិច្ច​ល្អ ប៉ុន្តែ ស្ថានភាព​សន្តិសុខ​វិញ​ធ្លាក់​ដុនដាបខ្លាំង។ ដោយ​សារតែ​​មូលហេតុ​ថា ប្រទេស​ជាតិ​សំបូរធនធាន​ប្រេង ជា​ចំណូល​ថវិកា​ជាតិ​ ​​ដោយសារ​​សេដ្ឋកិច្ចជាតិ​​ជួបស្ថានភាព​​​ល្អ​​ ​ថ្នាក់ដឹកនាំ​តាម​រដ្ឋ​និមួយៗ នៅនីហ្សេរីយ៉ា ​ភ្លេចខ្លួន​ការពារ​សន្តិសុខ​ជាតិ​ ភ្លេច​​គិត​ដល់​សេដ្ឋកិច្ច​និង​សង្គម​តាម​​​​តំបន់​មួយចំនួន​​​។ ថ្នាក់​ដឹកនាំ​ម្នាក់ៗ​គិត​តែ​ប្រជែង​ដណ្តើម​​អំណាច​យសសក្តិ​​​​​គ្នា ធ្វើអោយ​​ក្រុម​បូកូអារ៉ាំ​ឆ្លៀត​ឱកាស​​ចូល​វាយលុក និង​សម្លាប់​មនុស្ស​ក្នុងស្រុក បានស្រួល។

ក្រុម​បូកូអារ៉ាំ​​​​​ច្រើន​វាយ​ប្រហារ​​​សាលារៀន​ សម្លាប់​សិស្សសាលា​និង​កុមារ​ច្រើន​សន្ធឹកសន្ធាប់​ នៅ​ភាគ​ខាងជើង​នីហ្សេរីយ៉ា ព្រោះថា ខុសពីភាគខាងត្បូង ដែល​សំបូរ​អ្នកកាន់​សាសនា​គ្រិស្ត ​នៅ​ភាគ​ខាងជើង​ ​សំបូរ​អ្នកកាន់​សាសនាអ៊ីស្លាម​រស់នៅ ​ជា​ជម្រក​របស់​ក្រុម​បូកូអារ៉ាំ ហេតុនេះ​ក្រុម​នេះ​ងាយវាយប្រហារ​ សម្លាប់​មនុស្ស​នៅ​​ភាគខាងជើង។ គួររំលឹក​ដែរថា ក្រុមអ៊ីស្លាម​​​បូកូ​អារ៉ាំ​ដើមឡើយ គឺ​គ្រាន់តែ​ចង់​អោយមាន​ការ​​​អនុវត្តន៍​​ច្បាប់​ឆារីយ៉ា​អ៊ីស្លាម​ ​អោយ​បានតឹងរ៉ឹង​នៅ​តាម​បណ្តា​រដ្ឋ ដែល​មានប្រជាជនកាន់សាសនា​អ៊ីស្លាម​ច្រើន​ប៉ុណ្ណោះ។ ក្រុម​នេះ​បាន​ចាប់​វាយប្រហារ​សាលារៀន​សម្លាប់​មនុស្ស​​នៅ​នីហ្សេរីយ៉ា ក៏​ដើម្បី​សងសឹក​​រដ្ឋាភិបាល​ដែល​បាន​​​សម្លាប់​សមាជិក​ក្រុម​ខ្លួន​រាប់រយនាក់ ​កន្លងមកដែរ។ ថ្វី​បើ​ក្រម​បូកូអារ៉ាំ​ស្អប់ការអប់រំបែប​ប្រទេស​លោកខាងលិច ក្រុម​នេះ​កម្រ​​​វាយប្រហារ​ផល​ប្រយោជន៍​​បរទេស​​ណាស់។

រួមសេចក្តី​​មកវិញ ​ការ​ដែល​ក្រុម​បូកូអារ៉ាំ​អាច​​សម្លាប់​មនុស្ស​​រហូត​​រាប់ពាន់​នាក់​ ក្នុង​រយៈពេល​៥ឆ្នាំ​មកនេះ ក៏​ដោយសារ​តែ​ថ្នាក់ដឹកនាំ​នីហ្សេរីយ៉ា​​គ្រប់គ្រង​​ប្រទេស​មិនបាន​​​ល្អដែរ។ ​ក្នុង​នយោបាយ​​សន្តិសុខ​ជាតិ ​រដ្ឋាភិបាល​មិនដែល​បានបង្ហាញ​ជំហរ យុទ្ធសាស្ត្រ​​​​​ច្បាស់លាស់​​ជាមួយ​ក្រុម​អ៊ីស្លាម​ជ្រុល​និយម​បូកូ​អារ៉ាំ​ទេ។ រដ្ឋាភិបាល​​ចង់​ប្រើ​ធម៌ត្រជាក់​តាម​រយៈ​ការ​​ច​រចា ដោយ​ធ្លាប់បានស្នើ​ចរចា​បទឈប់បាញ់​ជាមួយ​មេក្រុម​បូកូអាំរ៉ាំ​ស្ហេកូ។ ទន្ទឹម​នេះ​​ ក៏​ចង់​ប្រើ​ធម៌ក្តៅ​វាយប្រហារ​​ ក្រុម​ឧទ្ទាមដែរ​។ អ្វី​ដែលហួសហេតុ​ដែរនោះ យោងតាម​ក្រុម​សិទ្ធិមនុស្ស ​កន្លងមក​ អាជ្ញាធរ​បាន​ចាប់​មនុស្ស​សន្ធឹកសន្ធាប់​ដែល​ជាប់សង្ស័យ​ថា ជា​សមាជិក​ក្រុម​បូកូអារ៉ាំ។ ​​រឿងទាំង​អស់​នេះ​ ​មិនបាន​​សម្រួល​អ្វី​​អោយ​មានការចរចា​បិទបញ្ចប់​ហិង្សា​ក្នុង​ស្រុក​ជាមួយ​ក្រុម​ឧទ្ទាម​ទេ។ ​

អ្នកជំនាញ​គិតថា ​រដ្ឋាភិបាល​នីហ្សេរីយ៉ា​​គួរទទួល​យក​សំណើ​ដោះលែង​អ្នកទោស​បូកូអារ៉ាំ ដើម្បី​ទទួល​បាន​ការដោះលែង​សិស្សសាលា​ស្រីៗ​
 
​​រដ្ឋាភិបាលនីហ្សេរីយ៉ាបាន​ទាត់ចោល​សំណើរបស់​ក្រុមបូកូអារ៉ាំ។ ​ប៉ុន្តែ ​អ្នកជំនាញ​ច្រើនរូប​​គិតថា នីហ្សេរីយ៉ា​គួរតែ​ទទួលយក​សំណើ​នេះ ព្រោះថា ថ្វីបើ​ក្រុម​បូកូអារ៉ាំ​ទើបចាប់​ជំរិត​មនុស្ស​ក្នុង​ស្រុក​ជាលើកទី១មែន​ កន្លងមក​ ក្រុម​បូកូអារ៉ាំ​ធ្លាប់បាន​ចាប់ជំរិត​គ្រួសារ​ជនជាតិ​បារាំង​ហើយ​ដែរ។ ហើយ​ដោយសារ​ការ​​ការចរចា ជនជាតិ​បារាំង​បាន​រួចខ្លួន​មកវិញ។

យោងតាម​អ្នកជំនាញ ​ថ្វីបើ​បារាំង​ប្រាប់​ថា មិន​បាន​បង់​ថ្នូ​រ​អ្វីមែន តែ​គឺ​ប្រាកដ​ជា​មាន​ថ្នូរ​អ្វីមួយ​ហើយ ​ទើបក្រុមបូកូអារ៉ាំ​បានដោះលែង​ចំណាប់ខ្មាំង​បារាំង​ ក្នុង​បេល​កន្លងមក។ រដ្ឋាភិបាល​អាច​ដោះលែង​​ត្រឹម​តែ​សមាជិក​ក្រុមគ្រួសារ​ក្រុម​បូកូអារ៉ាំ​ ​ក៏ប្រហែល​ជា​អាច​ជួយអោយ​មាន​ការដោះលែង​ក្មេងស្រីៗ​សិស្សសាលា​បាន​មួយចំនួន​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ