អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

រង្វាន់ណូបែលសន្តិភាពឆ្នំា ២០១៣ ប្រឆំាងនឹងអាវុធគីមី

ចុះផ្សាយ​នៅ​ថ្ងៃ៖

សម្រាប់​ឆ្នំា ២០១៣ នេះ និង​ខុស​ពី​ការ​រង់ចំា​របស់​ពិភពលោក គណៈកម្មាធិការ​ណូបែល​ដែល​មាន​ទីស្នាក់ការ​នៅ​ក្នុង​ទីក្រុង​អូស្លូ ប្រទេស​ន័រវែស​បែរ​ជា​សម្រេច​ប្រគល់​រង្វាន់​ណូបែល​ផ្នែក​សន្តិភាព​ទៅ​ឲ្យ​អង្គការ​ទទួល​បន្ទុក​ហាមឃាត់​អាវុធគីមី​ទៅ​វិញ។ ការ​ប្រគល់​រង្វាន់​ណូបែល​ផ្នែក​សន្តិភាព​ទៅ​អង្គការ​ទទួល​បន្ទុក​ហាមឃាត់​អាវុធគីមី​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​អង្គការ​មួយ​នេះ​បាន​ទទួល​តួនាទី​ពី​សហគមន៍​អន្តរជាតិ ជា​អ្នក​កម្ទេច​គ្រឿង​អាវុធគីមី​នៅ​ក្នុង​ប្រទេស​ស៊ីរី។ ហេតុអ្វី​បាន​ជា​គណៈកម្មាធិការ​ណូបែល​បែរ​ជា​ប្រគល់​រង្វាន់​ណូបែល​ផ្នែក​សន្តិភាព​ឆ្នំា ២០១៣ ទៅ​ឲ្យ​អង្គការ​ទទួល​បន្ទុក​ហាមឃាត់​អាវុធគីមី​ទៅ​វិញ និង​ថា តើ​រង្វាន់​មួយ​នេះ វា​មាន​អត្ថន័យ​យ៉ាង​ម៉េច​ខ្លះ​សម្រាប់​អង្គការ​អន្តរជាតិ​មួយ​នេះ?

លោក Ahmet Uzumcu នាយកអង្គការទទួលបន្ទុកហាមឃាត់​អាវុធគីមី
លោក Ahmet Uzumcu នាយកអង្គការទទួលបន្ទុកហាមឃាត់​អាវុធគីមី REUTERS/Toussaint Kluiters/United Photos/Files
ផ្សាយពាណិជ្ជកម្ម

ក៏​ដូច​ជា​រៀងរាល់​ឆ្នំា​ដែរ រង្វាន់​ណូបែល​ដែល​គ្រប់​គ្នា​កំពុង​រង់ចំា​អ៊ុត​មើល​ខ្លំាង​ជាង​គេ​នោះ គឺ​រង្វាន់​ណូបែល​ផ្នែក​សន្តិភាព។ តែ​សម្រាប់​ឆ្នំា ២០១៣ នេះ និង​ខុស​ពី​ការ​ទន្ទឹង​រង់ចំា​របស់​ពិភពលោក គណៈកម្មាធិការ​ណូបែល​បាន​សម្រេច​ប្រគល់​ទៅ​ឲ្យ​អង្គការ​ទទួល​បន្ទុក​ហាម ឃាត់​អាវុធគីមី​ទៅ​វិញ។ នេះ​ពិត​ជា​ជម្រើស​មួយ​មិន​មែន​ធ្វើ​ឡើង​ដោយ​ចៃដន្យ​នោះ​ទេ ព្រោះ​ថា ទី១៖ វា​បាន​ធ្វើ​ឡើង ក្រោយ​ពី​មាន​សោកនាដកម្ម​សម្លាប់​រង្គាល​ប្រជាជន​ស៊ីរី​ជិត ១ ៥០០នាក់​ដោយ​ប្រើ​អាវុធគីមី​ពី​សំណាក់​រដ្ឋាភិបាល​ស៊ីរី​កាល​ពី​ថ្ងៃទី២១ សីហា​កន្លង​ទៅ និង​ទី២៖ វា​បាន​ធ្វើ​ឡើង បន្ទាប់​ពី​អង្គការ​ទទួល​បន្ទុក​ហាមឃាត់​អាវុធគីមី​មួយ​នេះ​ទើប​បាន​ទទួល​តួនាទី​ជា​អ្នក​កម្ទេច​អាវុធគីមី​នៅ​ក្នុង​ប្រទេស​ស៊ីរី។

តែ​បញ្ហា​នៅ​ត្រង់​ថា រហូត​មក​ដល់​ថ្ងៃ​នេះ ពិភពលោក​ហាក់​ដូច​ជា​មិន​សូវ​បាន​ឮ និង​ហាក់​ដូច​ជា​មិន​សូវ​ចាប់​អារម្មណ៍​ទាល់​តែ​សោះ អំពី​ឈ្មោះ និង​វត្តមាន​របស់​អង្គការ​ទទួល​បន្ទុក​ហាម ឃាត់​អាវុធគីមី។ ចាប់​កំណើត​ក្នុង​ឆ្នំា ១៩៩៧ អង្គការ​អន្តរជាតិ​មួយ​នេះ​មាន​តួនាទី​ជា​អ្នក​កម្ទេច​អាវុធគីមី​នៅ​ក្នុង ១៨៩ប្រទេស​ក្នុង​លោក។ ១៥ឆ្នំា​ក្រោយ​មក វត្តមាន​អាវុធគីមី​នៅ​តែ​មាន និង​ថែមទំាង​មាន​កំណើន​បន្ថែម​ទៀត​ផង​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ក្នុង​លោក។ ត្រង់​ចំណុច​នេះ អង្គការ​ទទួល​បន្ទុក​ហាមឃាត់​អាវុធគីមី​បាន​ទទួល​ការ​ចោទ​ប្រកាន់​ពី​ភាព​យឺតយ៉ាវ និង​ភាព​អសកម្ម​របស់​ខ្លួន។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី និង​គួរ​ឲ្យ​ភ្ញាក់ផ្អើល ឈ្មោះ​អង្គការ​មួយ​នេះ​ហាក់​ដូច​ជា​បាន​លេច​ធ្លោ​ជា​ថ្មី និង​ថែម​ទំាង​បាន​ប័ណ្ណសរសើរ​ទៀត​ផង តាម​រយៈ​ការ​ទទួល​រង្វាន់​ណូបែល​ផ្នែក​សន្តិភាព​កាល​ពី​ថ្ងៃទី១១ តុលា​ថ្មីៗ​នេះ។

តាម​ពិត​ទៅ អ្វីៗ​បាន​ចាប់​ផ្តើម​ដំបូង​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​នា​ឱកាស​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​ស៊ីរី ដោយ​ទីក្រុង​ម៉ូស្គូ​ជា​អ្នក​ដែល​បាន​ផ្តួចផ្តើម​គំនិត​ឲ្យ​មាន​ការ​កម្ទេច​អាវុធគីមី​នៅ​ក្នុង​ប្រទេស​ស៊ីរី។ សំណើ​របស់​រុស្ស៊ី​កាល​ណោះ​ត្រូវ​បាន​ភាគី​ស៊ីរី​យល់ព្រម និង​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​សហរដ្ឋអាមេរិក និង​ប្រទេស​បារំាង​កំពុង​ត្រៀម​បាន​ការ​វាយប្រហារ​ស៊ីរី ក្រោម​ឡេះ​ថា ទីក្រុង​ដាម៉ាស់​បាន​ប្រើ​អាវុធគីមី​សម្លាប់​ជនស៊ីវិល​កាល​ពី​ថ្ងៃទី២១ សីហា។ ដូច្នេះ អ្នក​ដែល​អង្គការ​ទទួល​បន្ទុក​ហាមឃាត់​អាវុធគីមី​ត្រូវ​ថ្លែង​អំណរគុណ​មុន​គេ​ចំពោះ​ការ​ទទួល​រង្វាន់​ណូបែល​ផ្នែក​សន្តិភាព​ឆ្នំា ២០១៣ នេះ គឺ​លោក​ប្រធានាធិបតី​រស្ស៊ី ពូទីន និង​លោក​ប្រធានាធិបតី​ស៊ីរី អាសាដ​ឯណោះ​ទៅ​វិញ​ទេ។

និយាយ​ឲ្យ​ត្រង់​ទៅ បើ​មិន​បាន​ទទួល​តួនាទី​ជា​អ្នកកម្ទេច​អាវុធគីមី​នៅ​ស៊ីរី​ជាលើក​ទី១ នា​ពេល​នេះ​ទេ ម្ល៉ោះ​អង្គការ​អន្តរជាតិ​មួយ​នេះ​គ្មាន​ថ្ងៃ​នឹង​បាន​ទទួល​កិត្តិយស​នៅ​ពេល​នេះ​ទេ។ គួរ​រម្លឹកជូន​ថា ការ​ប្រគល់​រង្វាន់​ណូបែល​សន្តិភាព​ឲ្យ​អង្គការ​ទទួល​បន្ទុក​ហាមឃាត់​អាវុធគីមី មុន​នឹង​អង្គការ​មួយ​នេះ​សម្រេច​បាន​លទ្ធផល​ជោគជ័យ​របស់​ខ្លួន​នោះ បាន​ធ្វើ​ឲ្យ​គេ​នឹក​ឃើញ​ដល់​ការ​ផ្តល់​រង្វាន់​ណូបែល​សន្តិភាព​ឆ្នំា ២០០៩ ឲ្យ​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​ដែល​ទើប​បាន​ជាប់​ឆ្នោត​ថ្មីថ្មោង។ ករណី​ទំាង​ពីរ​ខាង​លើ​នេះ​ត្រូវ​បាន​គេ​ប្រៀបប្រដូច​ទៅ​នឹង​ឃ្លា​ខ្មែរ​មួយ​ថា គ្រាន់​តែ​ឮសូរ​ផ្គរលាន់ ចាក់ទឹកពាង​ចោល​បាត់​ទៅ​ហើយ ដោយ​មិន​ច្បាស់​ថា តើ​នឹង​មាន​ភ្លៀង​ធ្លាក់ ឬ​ក៏​អត់​នោះ​ទេ។

ករណី​លោក​អូបាម៉ា ជា​ឧទាហរណ៍​ជាក់​ស្តែង​មួយ​ដែល​មិន​អាច​ប្រកែក​បាន ព្រោះ​ថា នៅ​ពេល​ជាប់​ឆ្នោត​ដំបូង ពិភពលោក​សង្ឃឹម​ច្រើន​ចំពោះ​ដំណើរ​ស្វែង​រក​សន្តិភាព​នៅ​ដើមបូព៌ា ពិសេស​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ តែ​ជាង​មួយ​អណត្តិ​របស់​លោក​អូបាម៉ា​បាន​កន្លង​ផុត​ទៅ​ហើយ អធិករ​អ៊ីស្រាអែល ប៉ាឡេស្ទីន​កំពុង​បន្ត​មាន និង​ហាក់​ដូច​ជា​កាន់​តែ​ដុនដាប​ទៀត​ផង។ ឥឡូវ​នេះ​ទៀត ការ​ផ្តល់​រង្វាន់​ណូបែល​សន្តិភាព​ទៅ​ឲ្យ​អង្គការ​ទទួល​បន្ទុក​ហាមឃាត់​អាវុធគីមី​ដោយ​មិន​ដឹង​ថា តើ​ការងារ​កម្ទេច​អាវុធគីមី​នៅ​ស៊ីរី​របស់​អង្គការ​មួយ​នេះ​នឹង​ទទួល​បាន​យ៉ាង​ណា​នោះ មិនមែន​ជា​រឿង​មួយ​ប្រថុយប្រថាន​ពេក​ទេ ឬ​យ៉ាង​ណា?

នៅ​ក្នុង​ប្រទេស​ណា​មិន​ដឹង​ទេ តែ​បើ​នៅ​ស៊ីរី មាន​ការងារ​ស្មុគស្មាញ និង​លំបាក​ជា​ច្រើន​ដែល​កំពុង​រង់ចំា​ក្រុមអធិការ​របស់​អង្គការ​ទទួល​បន្ទុក​ហាមឃាត់​អាវុធគីមី។ អង្គការ​អន្តរជាតិ​មួយ​នេះ​បាន​ផ្តើម​ការ​កម្ទេចអាវុធគីមី​នៅ​ស៊ីរី​តំាង​ពី​​ថ្ងៃទី៦ តុលា និង​គ្រោង​បញ្ចប់​ការងារ​របស់​ខ្លួន​នៅ​ពាក់កណ្តាល​ខែ​មិថុនា ឆ្នំា ២០១៤។ តែ​ក្រុមអ្នកការទូត​ហាក់​ដូច​ជា​មិនសូវ​មាន​សុទិដ្ឋិនិយម​ប៉ុន្មាន​ទេ ដោយ​ផ្អែក​លើ​បរិមាណ​អាវុធគីមី​នៅ​ស៊ីរី​ដ៏​ច្រើន​សម្បើម និង​ការ​លំបាក​ជាច្រើន​ទៀត​ក្នុង​ការ​បំពេញ​ការងារ​ក្នុង​ស្ថានភាព​សង្រ្គាម។

ថ្មីៗ​នេះ ក្រុម​អធិការ​របស់​អង្គការ​ទទួល​បន្ទុក​ហាមឃាត់​អាវុធគីមី​បាន​អំពាវនាវ​ឲ្យ​មាន​បទឈប់បាញ់​គ្នា​មួយ ដើម្បី​អនុញ្ញាត​ឲ្យ​ពួក​គេ​អាច​បន្ត​ការងារ​ដោយ​រលូន។ តែ​បើ​តាម​មើល​ទៅ ក្រុមប្រឆំាង​ស៊ីរី​ពិបាក​នឹង​ទទួល​យក​នូវ​ការ​អំពាវនាវ​នេះ​ណាស់ ព្រោះថា ពួក​មាន​អារម្មណ៍​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​បំភ្លេច​ចោល​មួយ​អន្លើ។ អ្វី​ដែល​ក្រុមប្រឆំាង​ស៊ីរី​បាន​ស្តីបន្ទោស​ក្រុមប្រទេសលោកខាងលិច​នោះ គឺ​ការ​ដែល​ប្រទេស​ទំាង​នោះ​នំា​គ្នា​រវល់​តែ​រឿង​កម្ទេច​អាវុធគីមី ដោយ​ទុក​ចោល​មួយ​កន្លែង​នូវ​ជោគវាសនា​របស់​ប្រជាជន​ស៊ីរី​រាប់សិប លាននាក់​ដែល​ក្នុង​នោះ មាន ១១ ៥០០នាក់​បាន​បាត់បង់​ជីវិត​តែ​ក្នុង​រយៈពេល​ជម្លោះ ២ឆ្នំា​កន្លះ​កន្លង​ទៅ​ប៉ុណ្ណោះ។

ដូច្នេះ មាន​ផ្លូវវែង​ឆ្ងាយ និង​ការងារ​លំបាក​ជា​ច្រើន​ទៀត​ដែល​អង្គការ​ទទួល​បន្ទុក​ហាមឃាត់​អាវុធគីមី​ត្រូវ​ដើរ និង​ត្រូវ​ធ្វើ​នៅ​ក្នុង​ប្រទេស​ស៊ីរី។ វា​ហាក់​ដូច​ជា​រហ័ស​ពេក​ដែល​គេ​ហ៊ាន​សន្និដ្ឋាន​ថា បេសសកម្ម​របស់​អង្គការ​អន្តរជាតិ​មួយ​នេះ​នឹង​ទទួល​បរាជ័យ​នោះ។ កន្លង​មក និង​មាន​ឈ្មោះ​ជា​អ្នកកម្ទេច​អាវុធគីមី​ក្នុង​លោក អង្គការ​ទទួល​បន្ទុក​ហាមឃាត់​អាវុធគីមី​មិន​បាន​បំពេញ​ការងារ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ តែ​លើក​នេះ និង​ជា​មួយ​កាដូ​ដែល​បាន​ទទួល​ជាមុន​នោះ អង្គការ​មួយ​នេះ​គ្មាន​ជម្រើស​អ្វី​នឹង​ខិតខំ​បំពេញ​ការងារ​របស់​ខ្លួន​ឲ្យ​សក្តិសម​ជា​អ្នក​ទទួល​រង្វាន់​ណូបែល​សន្តិភាព​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ