អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ការ​បាញ់​សាកល្បង​របស់​កូរ៉េ​ខាង​ជើង៖ ផ្កាយរណប ឬ​មីស៊ីល?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃ​ពុធ ១២ ធ្នូ កន្លងទៅនេះ កូរ៉េ​ខាងជើង​បាន​ធ្វើការ​បាញ់សាកល្បងនូវ​អ្វី​ដែល​ខ្លួន​អះអាង​ថា ជាការ​សាកល្បង​បង្ហោះ​ផ្កាយរណប។ មាន​អ្នកជំនាញ​ជាច្រើន​សុទ្ធតែ​បាន​ទទួលស្គាល់​ថា កូរ៉េ​ខាងជើង​ពិតជា​បាន​បង្ហោះ​ផ្កាយរណប​ទៅដាក់​ក្នុង​តារាវិថី​ពិតមែន។ ក៏ប៉ុន្តែ អាមេរិក និង​សម្ព័ន្ធមិត្ត ព្រមទាំង​ប្រទេស​ជា​ច្រើន​ផ្សេងទៀត ហើយ​បូករួម​ទាំង​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​​ផង សុទ្ធតែ​បាន​នាំគ្នា​ថ្កោលទោស​កូរ៉េ​ខាងជើង​ថា​បាន​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទីក​ (Ballistic Missile)។ តើ​អ្នកណា​និយាយ​ពិត អ្នកណា​និយាយ​មិនពិត? តើ​អ្វី​ដែល​កូរ៉េ​ខាងជើង​បាញ់​សាកល្បង កាលពីថ្ងៃ​ពុធនោះ គឺ​ជា​មីស៊ីល​បាលីស្ទីក ឬ​ជា​ផ្កាយរណប?

រ៉ុកកែត​ដែល​កូរ៉េ​ខាងជើង​បាញ់​សាកល្បង កាលពីថ្ងៃ​ពុធ ដោយ​អះអាង​ថា ជាការ​បាញ់​បង្ហោះ​ផ្កាយរណប
រ៉ុកកែត​ដែល​កូរ៉េ​ខាងជើង​បាញ់​សាកល្បង កាលពីថ្ងៃ​ពុធ ដោយ​អះអាង​ថា ជាការ​បាញ់​បង្ហោះ​ផ្កាយរណប REUTERS/KCNA
ផ្សាយពាណិជ្ជកម្ម

តាមការពិត គេ​សង្កេតឃើញ​ថា មាន​អ្នកជំនាញ​ភាគច្រើន​ រួមទាំង​អ្នក​ជំនាញ​របស់​អាមេរិក​ផង សុទ្ធតែ​បាន​ឯកភាព​ថា កាលពីថ្ងៃ​ពុធ កន្លងទៅនេះ កូរ៉េ​ខាងជើង​ពិតជា​បាន​បាញ់​បង្ហោះ​ផ្កាយរណប​មួយ​ដាក់​ក្នុង​តារាវិថី​ពិតមែន ឬ​បើ​មិនមែន​ផ្កាយរណប​ពិតប្រាកដ​ យ៉ាងហោចណាស់​ក៏​ជា​វត្ថុ​មួយ ដែល​ស្រដៀង​នឹង​ផ្កាយរណប​ដែរ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ ក្រសួង​ការពារជាតិ​កូរ៉េ​ខាង​ត្បូង​ បាន​ថែម​ទាំង​ទទួលស្គាល់​ទៀត​ផង​ថា ផ្កាយរណប​ដែល​កូរ៉េ​ខាងជើង​បាញ់​បង្ហោះ​ កាល​ពីថ្ងៃ​ពុធ កំពុងតែ​ធ្វើដំណើរ​ជា​ធម្មតា​នៅលើ​គន្លង​តារាវិថី គ្រាន់តែ​គេ​មិនដឹង​ថាតើ​ជា​ផ្កាយរណប​ប្រភេទណា ហើយ​មាន​បេសកកម្ម​អ្វី​តែ​ប៉ុណ្ណោះ។ ក្រុម​អ្នក​វិទ្យាសាស្រ្ត​កូរ៉េ​ខាង​ត្បូង​បាន​អះអាងថា ផ្កាយរណប​នេះ​​ស្ថិត​នៅ​ក្នុង​រយៈកម្ពស់ ប្រមាណ ពី ៤៩៤​គីឡូម៉ែត្រ ទៅ ៥៨៨​គីឡូម៉ែត្រ ពោល​គឺ​ប្រហាក់ប្រហែល​នឹងតួលេខ​ ដែល​អះអាង​ដោយ​​រដ្ឋាភិបាល​​កូរ៉េ​ខាងជើង។

និយាយជារួម មានការទទួលស្គាល់​ជាទូទៅ​ថា កាលពីថ្ងៃពុធ កូរ៉េ​ខាង​ជើង​ពិតជា​បាន​បាញ់​បង្ហោះ​ផ្កាយរណប​ទៅ​ក្នុង​តារាវិថី​ពិតមែន។ ផ្កាយរណបនេះ​ពិតជា​មាន​ដំណើរការ​មែន​ឬ​ក៏អត់ វាគឺ​ជា​រឿង​ដោយឡែក ក៏ប៉ុន្តែ វាគឺ​ជា​ការ​​បាញ់​សាកល្បង​បង្ហោះ​ផ្កាយរណប​ដូច​ការអះអាង​របស់​កូរ៉េ​ខាងជើង​​ពិតមែន។

បើ​ដូច្នេះ​ តើ​ហេតុអ្វី​បាន​ជា​គ្រប់គ្នា​នាំគ្នា​ថ្កោលទោស​កូរ៉េ​ខាងជើង​​ថា​បាញ់​សាកល្បង​មីស៊ីល​ទៅវិញ? សូម្បីតែ​ចិន ដែល​ជា​សម្ព័ន្ធមិត្ត​​របស់​កូរ៉េ​ខាងជើង ក៏​បាន​អនុម័ត​គាំទ្រ​សេចក្តីថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ ដើម្បី​ថ្កោលទោស​កូរ៉េ​ខាងជើង​ដែរ ដោយ​ចោទ​ថា កូរ៉េ​ខាងជើង​បាន​រំលោភ​ទៅលើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ ចេញ​កាលពីឆ្នាំ២០០៦ និង​២០០៩។

នៅក្នុង​សេចក្តីសម្រេច​ទាំងពីរ​នេះ ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​បាន​ហាមឃាត់​ដាច់ខាត​មិន​ឲ្យ​កូរ៉េ​ខាងជើង​ធ្វើ​សកម្មភាព​អ្វី​ទាំងអស់ ដែល​ទាក់ទង​នឹង​នុយក្លេអ៊ែរ និង​មីស៊ីល​បាលីស្ទីក។ ក៏ប៉ុន្តែ បើ​គេ​ទទួលស្គាល់​ថា អ្វី​ដែល​កូរ៉េ​ខាងជើង​បាញ់​បង្ហោះ កាល​ពីថ្ងៃ​ពុធ គឺ​ជា​ផ្កាយរណប តើ​មាន​អ្វី​ត្រូវ​​រំលោភ​ទៅលើ​​​ការហាមឃាត់​របស់​ក្រុមប្រឹក្សា​សន្តិសុខនេះ?

តាមការពិត បើ​ពិនិត្យ​មើលទៅ ការអះអាង​របស់​កូរ៉េ​ខាងជើង និង​អ្នក​ថ្កោលទោស​កូរ៉េ​ខាងជើង ​សុទ្ធតែ​ត្រឹមត្រូវ​ដូចគ្នា។ អ្វី​ដែល​កូរ៉េ​ខាងជើង​បាញ់​សាកល្បង​ កាលពីថ្ងៃ​ពុធ គឺ​អាចជាការ​បាញ់​បង្ហោះ​ផ្កាយរណបផង ហើយ​ក៏​ជា​ការ​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទីក​ផងដែរ ពីព្រោះ​ថា ការបាញ់​បង្ហោះ​ផ្កាយរណប​ទៅក្នុង​តារាវិថី គឺ​ត្រូវ​ប្រើ​តួរ៉ុកកែត​ ដែល​មាន​បច្ចេកវិទ្យា​ដូចគ្នា​ស្ទើរតែ​ទាំងស្រុង​នឹង​មីស៊ីល​បាលីស្ទីក។ និយាយជារួម គឺ​ជា​តួរ៉ុកកែត ដែល​ប្រើ​បច្ចេកវិទ្យា​ដូចគ្នា គ្រាន់តែ​មួយ​ មាន​ផ្ទុក​ផ្កាយរណប​នៅ​ខាងលើ ឯមួយទៀត គឺ​ផ្ទុក​ក្បាលគ្រាប់។ បើ​ជា​ផ្កាយរណប គឺត្រូវ​ស្ថិត​នៅ​ក្នុង​តារាវិថី ក្នុង​រយៈពេល​យូរ​អង្វែង។ បើសិន​ជា​ក្បាលគ្រាប់ គឺ​ត្រូវ​ហោះ​ទៅដល់​រយៈកម្ពស់​​ប្រហាក់ប្រហែល​នឹង​ផ្កាយរណប​ដែរ ប៉ុន្តែ វាហោះ​នៅ​ក្នុង​ទីអវកាសនោះ​តែ​ប្រមាណ​ជា ២៥នាទី​ប៉ុណ្ណោះ បន្ទាប់​មក​​​វាត្រូវ​​ធ្លាក់​ចុះ​មក​ផែនដីវិញ ដោយ​សំដៅ​ទៅលើ​គោលដៅ​ណាមួយ​ច្បាស់លាស់។

ដូច្នេះ បើទោះជា​កាលពីថ្ងៃ​ពុធ ​កូរ៉េ​ខាងជើង​​ពិត​ជា​បាន​បញ្ចូន​ផ្កាយរណប​ទៅដាក់​ក្នុង​តារាវិថីមែន​ក៏ដោយ ក៏ប៉ុន្តែ តួរ៉ុកកែត ដែល​ដឹក​ផ្កាយរណបនេះ គឺ​ជា​ប្រភេទ​រ៉ុកកែត ដែល​ប្រើ​បច្ចេកវិទ្យា​​មីស៊ីល​បាលីស្ទីក។ ហេតុដូច្នេះ​ហើយ​បាន​ជា អាមេរិក​ និង​សម្ព័ន្ធមិត្ត​ចោទ​កូរ៉េ​ខាង​ជើង​ថា​បាន​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទីក ក្នុង​រូបភាព​ជា​ការ​បាញ់​បង្ហោះ​ផ្កាយរណប។

ជាការ​ពិត អ្នក​ជំនាញ​ភាគច្រើន​សុទ្ធតែ​អះអាង​ថា ថ្វីដ្បិត​តែ​ការ​បាញ់​សាកល្បង​របស់​កូរ៉េ​ខាងជើង កាលពីថ្ងៃ​ពុធ ទទួលបាន​ជោគជ័យ ក៏ប៉ុន្តែ មិនមែន​មានន័យថា កូរ៉េ​ខាងជើង​អាច​​យក​រ៉ុកកែត​នេះ មក​ប្រើ​ ដើម្បី​ផ្ទុក​ក្បាលគ្រាប់​បាន​ភ្លាមៗ​នោះទេ។ កូរ៉េ​ខាងជើង​ត្រូវ​ការ​ពេលវេលា​ច្រើន​ឆ្នាំ​ទៀត ទើប​អាច​ផលិត​ជា​មីស៊ីល​បាលីស្ទីក​ ដែល​អាច​ប្រើការ​បាន។ ក៏ប៉ុន្តែ ជោគជ័យ​កាលពីថ្ងៃ​ពុធ គឺ​ជា​​ការ​វិវឌ្ឍ​​ដ៏សំខាន់​មួយ​ក្នុង​កម្មវិធី​មីស៊ីល​បាលីស្ទីក​របស់​កូរ៉េ​ខាង​ជើង។ ជោគជ័យ ដែល​ធ្វើ​ឲ្យ​អាមេរិក និង​ប្រទេស​ជា​សម្ព័ន្ធមិត្ត ពិសេស ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ព្រួយបារម្ភ។

អ្វី​ដែល​អាមេរិក​​ និង​ប្រទេស​ជា​សម្ព័ន្ធមិត្ត​​ព្រួយបារម្ភ គឺនៅត្រង់ថា នៅពេលនេះ កូរ៉េ​ខាងជើង​​អាច​ផលិត​ និង​​សាកល្បង​រ៉ុកកែត​ផ្ទុក​​ផ្កាយរណបបាន ទៅថ្ងៃ​អនាគត កូរ៉េ​ខាងជើង​​នឹង​មាន​ជំនាញ​ពិតប្រាកដ ហើយ​យក​បច្ចេកវិទ្យា​រ៉ុកកែត​ដឹកផ្កាយរណប​នេះ ទៅ​ប្រើ​ ដើម្បី​​​ផលិតជា​មីស៊ីល​បាលីស្ទីក ដែល​ផ្ទុក​ក្បាលគ្រាប់​នុយក្លេអ៊ែរ​វិញ។ ដល់​ពេលនោះ សូម្បីតែ​ដែនដី​អាមេរិក​ក៏​អាច​ត្រូវ​ស្ថិត​ក្រោម​ការ​គំរាមកំហែង​ពី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ