អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មេដឹកនាំ​របបសឹក​ថៃ​ត្រូវបាន​តែងតាំង​ជា​នាយករដ្ឋមន្រ្តី​ដែល​ជា​សញ្ញា​មិនល្អ​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ប្រាយុទ្ធ ចាន់អូចា មេដឹកនាំ​រដ្ឋប្រហារ និង​ជា​ប្រមុខដឹកនាំ​របបសឹកថៃ ទើប​នឹង​ត្រូវ​បាន​សភា​​បណ្តោះអាសន្ន​ថៃ​​តែងតាំង​ជា​នាយករដ្ឋមន្រ្តី នៅថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ឈាន​ទៅ​បង្កើត​ជា​រដ្ឋាភិបាល​បណ្តោះអាសន្ន​មួយ។ ការតែងតាំង​មេដឹកនាំ​របបសឹក​​ឲ្យ​ដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​នេះ ធ្វើ​ឲ្យ​គេ​បារម្ភ​ថា កងទ័ព​ថៃ​កំពុងតែ​ត្រួសត្រាយផ្លូវ ដើម្បី​បន្តកាន់អំណាច​រយៈពេល​យូរ។

លោក​ប្រាយុទ្ធ ចាន់អូចា មេដឹកនាំ​របបសឹកថៃ
លោក​ប្រាយុទ្ធ ចាន់អូចា មេដឹកនាំ​របបសឹកថៃ REUTERS/Chaiwat Subprasom
ផ្សាយពាណិជ្ជកម្ម

សភា ដែល​បោះឆ្នោត​តែងតាំង​លោក​ប្រាយុទ្ធ ចាន់អូចា ជា​នាយករដ្ឋមន្រ្តី នៅថ្ងៃ​ព្រហស្បតិ៍​នេះ គឺ​ជា​សភា​បណ្តោះអាសន្ន ដែល​​បង្កើត​ឡើង កាល​ពី​ចុងខែ​កក្កដា​កន្លងទៅ។ សភា​បណ្តោះអាសន្ន​នេះ​មាន​សមាជិក​ ១៩៧នាក់ ក្នុងនោះ មាន​រហូតដល់​ទៅ​ជាង ១០០នាក់ ជា​មន្រ្តី​យោធា ១១នាក់​មក​ពី​ជួរ​ប៉ូលិស ហើយ​ក្រៅពីនោះ គឺ​ជា​សាស្រ្តាចារ្យ អ្នក​ជំនួញ និង​អ្នក​នយោបាយ ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​លោក​ថាក់ស៊ីន។

សមាជិក​​សភា​បណ្តោះអាសន្ន​​ទាំងអស់​​នេះ ត្រូវ​បាន​តែងតាំង​​ដោយ​ក្រុម​ប្រឹក្សា​កងទ័ព ដែល​ដឹកនាំ​ដោយ​លោក​ប្រាយុទ្ធ ចាន់អូចា ខ្លួនឯង។

នៅ​ក្នុងការ​បោះឆ្នោត​តែងតាំង​នាយករដ្ឋមន្រ្តី​ នៅថ្ងៃ​ព្រហស្បតិ៍​នេះ គេ​ឃើញ​ថា គឺ​មានតែ​លោក​​ប្រាយុទ្ធ ចាន់អូចា​ម្នាក់​ប៉ុណ្ណោះ​ជា​បេក្ខជន ដោយ​មិនមាន​អ្នកណា​ផ្សេងជា​គូប្រជែង​ទេ។ ​នៅ​ក្នុង​ចំណោម​សមាជិក​សភា​បណ្តោះអាសន្ន​ទាំង​អស់​ក៏​គេ​មិន​ឃើញ​មាន​អ្នកណា​បោះឆ្នោត​ប្រឆាំង​នឹង​លោក​ប្រាយុទ្ធ ចាន់អូចា​ដែរ ដោយ​​​មាន​ត្រឹម​ការ​បោះឆ្នោត​​អនុប្បវាទ​តែ ៣សំឡេង​ប៉ុណ្ណោះ ឯ​ក្រៅពីនោះ សុទ្ធតែបាន​បោះឆ្នោត​គាំទ្រ​ទាំងអស់។

បន្ទាប់​ពី​មាន​ការ​អនុម័ត​ពី​សភា​បណ្តោះអាសន្ន​នេះ​ហើយ ការ​តែងតាំង​លោក​ប្រាយុទ្ធ ចាន់អូចា ជា​នាយករដ្ឋមន្រ្តី​​​នឹង​ត្រូវ​ឆ្លងកាត់​ការ​ឯកភាព​ពី​ព្រះមហាក្សត្រ​មួយ​ទៀត។ ក៏ប៉ុន្តែ ដូចដែល​គ្រប់គ្នា​ដឹងស្រាប់ហើយ​ថា កងទ័ព​ថៃ​គឺ​ជា​ស្ថាប័ន​ស្និទ្ធិ​នឹង​ព្រះមហាក្សត្រ​ថៃ​បំផុត។ ដូច្នេះ ការ​​ស្នើសុំ​ការ​​អនុម័ត​យល់ព្រម​ពី​ព្រះមហាក្សត្រ​ថៃ ទៅលើ​ការតែងតាំង​លោក​ប្រាយុទ្ធ ចាន់អូចា វា​គ្រាន់តែ​ជា​ការ​ធ្វើឡើង ដើម្បី​បង្គ្រប់​នីតិវិធី​តែ​ប៉ុណ្ណោះ ដោយ​គេ​មិនរំពឹង​ថា ព្រះមហាក្សត្រ​ថៃ​នឹងជំទាស់​ទៅនឹង​ការ​តែងតាំង​នេះ​ទេ។
 
បើតាមមើលទៅ ការណ៍​ដែល​របបសឹក​បង្កើត​សភា និង​រដ្ឋាភិបាល​បណ្តោះអាសន្ន​នៅពេលនេះ ប្រហែល​ជា​មាន​គោលដៅ​​​ចង់​បង្ហាញ​ឲ្យគេ​ឃើញ​ថា អំណាច​ដឹកនាំ​ប្រទេស​ថៃ​ត្រូវ​បាន​ផ្ទេរ​ពី​ក្រុមប្រឹក្សា​កងទ័ព ទៅ​ឲ្យ​រដ្ឋាភិបាល​បណ្តោះអាសន្ន​មួយ ដែល​ជា​រដ្ឋាភិបាល​ស៊ីវិល ដើម្បី​កុំ​ឲ្យ​មតិសាធារណៈ​ជាតិ និង​អន្តរជាតិ​មើល​មក​ឃើញ​ថា ប្រទេស​ថៃ​ត្រូវ​ដឹកនាំ​ដោយ​របបសឹក​ផ្តាច់ការ។
 
ក៏ប៉ុន្តែ​ ការផ្ទេរ​អំណាច​​ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​នេះ គ្រាន់តែ​ជា​រូបភាព​ខាងក្រៅ​តែ​ប៉ុណ្ណោះ។ ឯ​ការពិត​ជាក់ស្តែង អំណាច​នៅតែ​ស្ថិត​នៅ​ក្នុង​ដៃ​កងទ័ព​ថៃ​ដដែល ពីព្រោះ​ថា សភា​បណ្តោះអាសន្ន​ក៏​​តែងតាំង​ដោយ​មេដឹកនាំ​របបសឹក ហើយ​សមាជិក​ភាគច្រើន​ក៏​ចេញ​ពី​ជួរ​កងទ័ព។ ចំណែក​រដ្ឋាភិបាល​បណ្តោះអាសន្ន​វិញ មាន​ឈ្មោះ​ជា​រដ្ឋាភិបាល​ស៊ីវិល​ ក៏ប៉ុន្តែ នៅតែ​​ស្ថិត​ក្រោម​ការ​ដឹកនាំ​ផ្ទាល់​របស់​មេដឹកនាំ​របបសឹក។

ហេតុដូច្នេះ​ហើយ​បាន​ជា​គេ​បារម្ភ​ថា មេដឹកនាំ​របបសឹកថៃ​ទំនង​ជា​នឹង​មិន​ចង់​រៀបចំ​ការបោះឆ្នោត ដើម្បី​វិលត្រឡប់​ទៅរក​លទ្ធិប្រជាធិបតេយ្យ​វិញ​នោះទេ ប៉ុន្តែ ផ្ទុយទៅវិញ ពួកគេ​កំពុងតែ​ពង្រឹងអំណាច និង​ខិតខំ​ស្វះស្វែង​រក​ភាព​ស្របច្បាប់ ដើម្បី​បន្ត​ក្តោបក្តាប់​អំណាច​ក្នុង​រយៈពេល​យូរ​តទៅទៀត។

គួររំឭកឡើងវិញ​ថា មេដឹកនាំ​កងទ័ព​ថៃ​ធ្លាប់​បាន​ប្រកាស​រួចទៅហើយ​ថា ការ​រៀបចំ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្រ្ត​ និង​រដ្ឋាភិបាល​ស៊ីវិល​ថ្មី​ នឹង​មិន​អាច​ធ្វើឡើង​នៅមុន​ចុងឆ្នាំ២០១៥​ទេ ដែលនេះ​មានន័យថា ថៃ​នឹង​​បន្ត​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​របបសឹក យ៉ាងហោចណាស់​ក៏​ដល់​ចុង​ឆ្នាំ​២០១៥​ដែរ ហើយ​នៅ​ក្រោយ​ចុងឆ្នាំ​២០១៥ ក៏​គេ​មិន​អាច​ដឹង​ប្រាកដ​ថា មេដឹកនាំ​កងទ័ព​ថៃ​ពិត​ជា​នឹង​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយសេរី និង​យុត្តិធម៌ តាមបែបប្រជាធិបតេយ្យ ដើម្បី​ផ្ទេរ​អំណាច​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​វិញ​នោះដែរ។

គ្រប់គ្នា​សុទ្ធតែដឹង​​ថា កងទ័ព​ថៃ ជាពិសេស លោក​ប្រាយុទ្ធ ចាន់អូចា​ផ្ទាល់ ស្អប់​ក្រុម​លោក​ថាក់ស៊ីន ហើយ​បទពិសោធន៍​កន្លងមក​បាន​បង្ហាញ​ច្បាស់ហើយ​​ថា នៅ​រាល់​ពេល​ដែល​មាន​ការ​បោះឆ្នោត​ដោយសេរី ជាលក្ខណៈសកល ក្រុម​លោ​កថាក់ស៊ីន​តែងតែ​​ឈ្នះ​ឆ្នោត​ជាប់រហូត។

ជាក់ស្តែង គេឃើញថា កាល​ពី​រដ្ឋប្រហារ​ឆ្នាំ​២០០៦ មេទ័ពថៃ​បាន​​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ថាក់ស៊ីន រួចហើយ​បាន​រៀបចំ​ការ​បោះឆ្នោត​ឡើងវិញ នៅ​ចុងឆ្នាំ​២០០៧។ ក៏ប៉ុន្តែ ក្រុម​លោក​ថាក់ស៊ីន​ជា​អ្នក​​ឈ្នះ​ឆ្នោត​​ឡើង​មក​កាន់អំណាច​វិញ​ដដែល ហើយ​វិបត្តិ​នយោបាយ​ក៏​ចេះ​តែ​បន្ត​កើតឡើង​ជា​បន្តបន្ទាប់​រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ