អានតួអត្ថបទ
ថៃ

ថៃ៖របបសឹក​សន្យា​នឹង​ចែក​អំណាច​ជាមួយ​រដ្ឋាភិបាល​ស៊ីវិល​បណ្តោះអាសន្ន

នៅ​ក្នុង​ប្រទេស​ថៃ របបសឹក​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី១១ កក្កដា​ថា ទោះ​បី​ជា​រដ្ឋាភិបាល​ស៊ីវិល​បណ្តោះអាសន្ន​មួយ​នឹង​ត្រូវ​បង្កើត​ឡើង​នៅ​ថ្ងៃ​ខាង​មុខ​ក៏​ដោយ ក៏​ខ្លួន​នៅ​តែ​បន្ត​រក្សា​តួនាទី​ជា​អ្នក​ត្រួតត្រា​ផ្នែក​សន្តិសុខ​នៅ​ទូទំាង​ប្រទេស​ថៃ​ដដែល។ ការ​ប្រកាស​របស់​របបសឹក​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​សហគមន៍​អន្តរជាតិ​បាន​បន្ត​អំពាវនាវ​យ៉ាង​ទទូច​ឲ្យ​មាន​ការ​ប្រគល់​អំណាច​ទំាង​ស្រុង​ឲ្យ​ក្រុម​ស៊ីវិល និង​រៀបចំ​បោះឆ្នោត​ជា​ថ្មី​នា​ពេល​ឆាប់ៗ​ខាង​មុខ។

ឧត្តមសេនីយ​ថៃ Thanasak Patimaprakorn (រូបឆ្វេង) និង​ឧត្តមសេនីយ Prayuth Chan-ocha
ឧត្តមសេនីយ​ថៃ Thanasak Patimaprakorn (រូបឆ្វេង) និង​ឧត្តមសេនីយ Prayuth Chan-ocha REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

« ក្រុមប្រឹក្សាជាតិ​ដើម្បី​សន្តិភាព និង​សណ្តាបធ្នាប់ » នេះ​ជា​ឈ្មោះ​ផ្លូវការ​ដែល​របបសឹក​បាន​ដាក់​នៅ​ក្រោយ​រដ្ឋប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាល​ដែល​ដឹក​នំា​ដោយ​គណបក្ស​ភឿថៃ​កាល​ពី​ថ្ងៃទី២២ ឧសភា។ តំាង​ពី​បាន​ឡើង​កាន់​អំណាច​ពេញ​ដៃ​មក មនុស្ស​ខ្លំាង​ថ្មី​របស់​ក្រុង​បាងកក ឧត្តមសេនីយ​ប្រាយុទ្ធ ចាន់អូចា​តែង​តែ​បាន​ចេញ​មុខ​អន្តរាគមន៍​តាម​កញ្ចក់​ទូរទស្សន៍​រៀងរាល់​មួយ​សប្តាហ៍​ម្តង​ដើម្បី​ផ្សព្វផ្សាយ​ពី​ការងារ​របស់​ខ្លួន។ នៅ​ក្នុង​សប្តាហ៍​នេះ ឧត្តមសេនីយ​ចាន់អូចា​បាន​បញ្ជាក់​ពី​គម្រោង​បង្កើត​រដ្ឋាភិបាល​ស៊ីវិល​បណ្តោះអាសន្ន​មួយ​នៅ​មុន​ខែ​កញ្ញា​ឆ្នំា ២០១៤ នេះ។ តែ​លោក​បាន​បញ្ជាក់​ច្បាស់ៗ​ថា ទោះបី​ជា​រដ្ឋាភិបាល​បណ្តោះអាសន្ន​មួយ​នឹង​ត្រូវ​បង្កើត​ឡើង​ក៏​ដោយ ក៏​កងទ័ព​នៅ​តែ​បន្ត​ដើរ​តួនាទី​ស្នូល​របស់​ប្រទេស​ដដែល ពិសេស​តួនាទី​ជា​អ្នក​ការពារ​សន្តិសុខ និង​សុវត្ថិភាព​នៅ​ទូទំាង​ប្រទេស។

យោង​តាម​លោក​ចាន់អូចា រដ្ឋាភិបាល​បណ្តោះអាសន្ន​នឹង​ត្រូវ​ជ្រើស​តំាង​ចេញ​ពី​ការ​បោះឆ្នោត​នៅ​ផ្ទៃក្នុង​សភា​ដែល​សមាជិក​ភាគច្រើន​ជា​កងទ័ព។ សម្រាប់​លោក​ចាន់អូចា រដ្ឋាភិបាល​ស៊ីវិល​បណ្តោះអាសន្ន​នឹង​មាន​តួនាទី​ចាត់ចែង​កិច្ចការ​ផ្នែក​រដ្ឋបាល ចំណែក​ក្រុមប្រឹក្សាជាតិ​ដើម្បី​សន្តិភាព និង​សណ្តាបធ្នាប់​ជា​អ្នក​ទទួល​បន្ទុក​គ្រប់គ្រង​ផ្នែក​សន្តិសុខ។ ទាក់ទង​នឹង​ការ​រៀបចំ​បោះឆ្នោត​សកល មេ​រដ្ឋប្រហារ​រូប​នេះ​បាន​រម្លឹក​ជា​ថ្មី​ថា មិនអាច​ធ្វើ​ឡើង​នៅ​មុន​ខែ​តុលា ឆ្នំា ២០១៥ បាន​ទេ។ គួរ​រម្លឹក​ជូន​ថា តំាង​ពី​ក្រោយ​រដ្ឋប្រហារ​យោធា​កាល​ពី​ថ្ងៃទី២២ ឧសភា​មក របបសឹក​បាន​ព្យួរ​រដ្ឋធម្មនុញ្ញ និង​កម្រិត​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។ ទន្ទឹម​គ្នា​នេះ សហគមន៍​អន្តរជាតិ ពិសេស​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​កំពុង​បន្ត​អំពាវនាវ​យ៉ាង​ទទូច​ឲ្យ​មាន​ការ​ប្រគល់​អំណាច​ទំាង​ស្រុង​ទៅ​ឲ្យ​ក្រុម​ស៊ីវិល៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ