អានតួអត្ថបទ
សាធារណរដ្ឋអាហ្រ្វិកកណ្តាល

លោក​អង់ដ្រេ​​ ហ្សាប៉ាយេកេ​​ត្រូវ​បាន​​តែងតំាង​​ជា​​នាយករដ្ឋមន្រ្តី​ថ្មី​​នៃ​​សាធារណរដ្ឋ​អាហ្រ្វិកកណ្តាល​

នៅ​សាធារណរដ្ឋ​អាហ្រ្វិកកណ្តាល បន្ទាប់​ពី​មាន​ការ​ពិភាក្សា ពិគ្រោះ​យោបល់​យ៉ាង​យូរ​មក លោកស្រី​ប្រធានាធិបតី​ថ្មី កាទ្រីន សំបា ប៉ង់ហ្សា​បាន​សម្រេច​ជ្រើសតំាង​លោក​អង់ដ្រេ ហ្សាប៉ាយេកេ​ឲ្យ​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​ថ្មី។ បច្ចុប្បន្ន​មាន​តួនាទី​ជា​អនុប្រធាន​ធនាគារ​អភិវឌ្ឍន៍​នៃ​បណ្តា​រដ្ឋ​អាហ្រ្វិក​កណ្តាល អ្នកបច្ចេកាធិបតេយ្យ​រូប​នេះ​បាន​ឡើង​កាន់​តំណែង​ក្នុង​ប្រទេស​មួយ​ដែល​កំពុង​ជួប​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ។ តើ​លោក​អង់ដ្រេ ហ្សាប៉ាយេកេ​មាន​ប្រវត្តិរូប​យ៉ាង​ដូចម្តេច​ខ្លះ?

លោកអង់ដ្រេ ហ្សាប៉ាយេកេ​ត្រូវ​បាន​តែងតំាង​ជា​នាយករដ្ឋមន្រ្តីថ្មី​នៃ​សាធារណរដ្ឋអាហ្រ្វិកកណ្តាល
លោកអង់ដ្រេ ហ្សាប៉ាយេកេ​ត្រូវ​បាន​តែងតំាង​ជា​នាយករដ្ឋមន្រ្តីថ្មី​នៃ​សាធារណរដ្ឋអាហ្រ្វិកកណ្តាល Compte Facebook officiel de M. Nzapayéké
ផ្សាយពាណិជ្ជកម្ម

២ថ្ងៃ ក្រោយ​ពី​បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​ប្រធានាធិបតី​សាធារណរដ្ឋ​អាហ្រ្វិកកណ្តាល​មក លោកស្រី​កាទ្រីន សំបា ប៉ង់ហ្សា​បាន​ជ្រើសរើស​រូបនាយករដ្ឋមន្រ្តី​ម្នាក់​ដែល​មាន​បុគ្គលិក​លក្ខណៈ​ដូច​ដែល​លោកស្រី​បាន​សន្យា គឺ​អ្នកបច្ចេកាធិបតេយ្យ លោក​អង់ដ្រេ ហ្សាប៉ាយេកេ។ កើត​ថ្ងៃទី២០ សីហា ឆ្នំា ១៩៥១ នៅ​ស្រុក​បង់ហ្គាស៊ូ​ស្ថិត​ប៉ែក​អាគ្នេយ៍ លោក​អង់ដ្រេ​គឺ​ជា​អតីត​បុគ្គលិក​ធនាគារអភិវឌ្ឍន៍អាហ្រ្វិក និង​ដែល​បច្ចុប្បន្ន មាន​តំណែង​ជា​អនុប្រធាន​ធនាគារ​អភិវឌ្ឍន៍​នៃ​បណ្តា​រដ្ឋ​អាហ្រ្វិក​កណ្តាល​តំាង​ពី​ដំណាច់​ឆ្នំា ២០១២ មក។ លោក​ធ្លាប់​បាន​សិក្សា​រៀនសូត្រ​ក្នុង​ប្រទេស​ហូឡង់ និង​ធ្លាប់​បាន​ធ្វើការ​នៅ​ក្នុង​វិស័យ​អភិវឌ្ឍន៍​អស់​រយៈពេល​ជា​ច្រើន​ឆ្នំា។

ឈ្មោះ​លោក​អង់ដ្រេ​មិន​សូវ​មាន​នរណា​ស្គាល់ និង​ក៏​មិន​សូវ​ល្បីល្បាញ​ប៉ុន្មាន​ទេ​នៅ​ក្នុង​មជ្ឈដ្ឋានជាតិ​នៅ​សាធារណរដ្ឋអាហ្រ្វិកកណ្តាល។ តែ​គឺ​នៅ​លើ​ឆាកអន្តរជាតិ​ឯណោះ​ទេ​ដែល​ឈ្មោះ​លោក​អង់ដ្រេ ហ្សាប៉ាយេកេ​ល្បីល្បាញ​ខ្លំាង និង​មាន​គេ​ស្គាល់​ច្រើន។ នេះ​ក៏​ដោយសារ​ថា លោក​បាន​ធ្វើ​ការងារ​ជាមួយ​នឹង​ស្ថានប័ន​អន្តរជាតិ​ផ្សេងៗ​មាន​ដូច​ជា ធនាគារពិភពលោក ឬ​មួយ​ក៏​អង្គការសហប្រជាជាតិ​ជា​ដើម។ នៅ​ធនាគារអភិវឌ្ឍន៍អាហ្រ្វិក លោក​អង់ដ្រេ​បាន​រួមសហការណ៍​ក្នុង​ការ​អនុវត្តន៍​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​ភាគីជម្លោះ​នៅ​ក្នុង​ប្រទេស​ស៊ូដង់។ នៅ​ក្នុង​ធនាគារអភិវឌ្ឍន៍អាហ្រ្វិក​នេះ​ដដែល លោក​អង់ដ្រេ​ក៏​មាន​តួនាទី​​រដ្ឋបាល​សម្រាប់​អាហ្រ្វិកកណ្តាល​ដែរ។

គឺ​ជា​មួយ​នឹង​បទពិសោធន៍​របស់​លោក​អង់ដ្រេ ហ្សាប៉ាយេកេ​ទំាងអស់​នេះ​ហើយ​ដែល​លោកស្រី​ប្រធានាធិបតី​ថ្មី​កាទ្រីន សំបា ប៉ង់ហ្សា​សង្ឃឹម​ថា នឹង​អាច​ចូលរួម​ជួយ​ស្រោចស្រង់​វិបត្តិធ្ងន់ធ្ងរ​ដែល​សាធារណរដ្ឋ​អាហ្រ្វិកកណ្តាល​កំពុង​ពើបប្រទះ​នា​ពេល​សព្វថ្ងៃ។ អ្វី​ជា​ការ​កត់សម្គាល់ ពិតមែន​តែ​លោក​អង់ដ្រេ ហ្សាប៉ាយេកេ​មិនមែន​ជា​បេក្ខជន​របស់​ក្រុមឧទ្ទាម​សេលេកា​ក៏​ដោយ ក៏​ក្រុម​មួយ​នេះ​មិន​បាន​ប្រឆំាង​នឹង​ជម្រើស​របស់​លោកស្រី​ប្រធានាធិបតី​ដែរ និង​ថា ពួក​គេ​ក៏​គ្មាន​បំណង​ណា​មួយ​ដើម្បី​រារំាង​ដំណើរ​ស្វែង​រក​សន្តិភាព​នោះ​ទេ។ កិច្ចការ​បន្ត​របស់​លោក​នាយករដ្ឋមន្រ្តី​ថ្មី គឺ​ការ​រៀបចំ​សមាភាព​រដ្ឋាភិបាល​ថ្មី​ដើម្បី​បិទបញ្ចប់​វិបត្តិ​អូសបន្លាយ​របស់​ប្រទេស​អាហ្រ្វិក​មួយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ