អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​រដ្ឋប្រហារយោធា​ក្នុង​ប្រទេស​ថៃ ជា​ទំនៀមទម្លាប់ ឬ​មួយ​ជា​ដំណោះស្រាយ​នយោបាយ​មិនអាច​ចៀស​បាន ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ថៃ មួយ​ថ្ងៃ​ក្រោយ​រដ្ឋប្រហារ​យោធា​ក្នុង​ថ្ងៃទី២២ ឧសភា មេទ័ព​ប្រាយុទ្ធ ចាន់អូចា​ដែល​ជា​តួអង្គ​ធ្វើ​រដ្ឋប្រហារ​បាន​ប្រកាស​ចូល​កាន់​តំណែង​នាយករដ្ឋមន្រ្តី​ជា​ផ្លូវការ។ របប​យោធា​ថ្មី​ក្នុង​ទីក្រុង​បាងកក​បាន​ប្រកាស​ហាម​ឥស្សរជន​នយោបាយ​ចំនួន ១៥៥នាក់​មិន​ឲ្យ​ចាកចេញ​ពី​ប្រទេស​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។ ទន្ទឹម​គ្នា​នេះ របបសឹក​ក៏​បាន​កោះហៅ​ឥស្សរជន​នយោបាយ​ទំាង​ពីរ​គណបក្ស ព្រម​ទំាង​សមាជិក​មួយ​ចំនួន​របស់​ក្រុមគ្រួសារ​ត្រកូល​ថាក់ស៊ីន​ដែល​សរុប​ទំាង​អស់​មាន​គ្នា ១១៤នាក់។ តំាង​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២២ ឧសភា​មក មនុស្សខ្លំាង​ប្រយុទ្ធ ចាន់អូចា​បាន​ប្រកាស​បញ្ចប់​តំណែង​រដ្ឋាភិបាល​ស៊ីវិល​ចំាផ្ទះ និង​ប្រកាស​ព្យួរ​រដ្ឋធម្មនុញ្ញ ព្រម​ទំាង​ចាត់​វិធានការ​មួយ​ចំនួន មាន​ដូច​ជា​ហាម​មិន​ឲ្យ​មាន​ការ​ជួបជុំ​លើស​ពី ៥នាក់​នៅ​តាម​ទីធ្លា​សាធារណៈ ឬ​មួយ​ក៏​បិទខ្ទប់​បណ្តាញសង្គម​ជា​ដើម។

លោក​ឧត្តមសេនីយថៃ ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha)
លោក​ឧត្តមសេនីយថៃ ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) AFP PHOTO / PORNCHAI KITTIWONGSAKUL
ផ្សាយពាណិជ្ជកម្ម

ថៃ​បាន​ស្គាល់​រដ្ឋប្រហារ​យោធា ឬ​មួយ​ក៏​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ចំនួន ១៩ដង​ក្នុង​រយៈពេល ៨០ឆ្នំា​កន្លង​ទៅ។ រដ្ឋប្រហារ​កាល​ពី​ថ្ងៃទី២២ ឧសភា ឆ្នំា ២០១៤ គឺ​ជា​រដ្ឋប្រហារ​លើក​ទី៤ ក្នុង​រយៈពេល ១០ឆ្នំា​កន្លង​ទៅ​នេះ។ បើ​គេ​ធៀប​នឹង​រដ្ឋប្រហារ​ចុង​ក្រោយ​ទម្លាក់​លោក​អតីត​នាយករដ្ឋមន្រ្តី​ថាក់ស៊ីន​ក្នុង​ឆ្នំា ២០០៦ រដ្ឋប្រហារ​ទម្លាក់​លោក​នីវ៉ាត់ទុមរ៉ុង ប៊ុនសុងប៉ៃសាន​នៅ​ថ្ងៃទី២២ ឧសភា ឆ្នំា ២០១៤ ត្រូវ​បាន​មេទ័ព​ប្រាយុទ្ធ ចាន់អូចាន់​ធ្វើ​ឡើង មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​បាន​ប្រកាស​ដាក់​ប្រទេស​ឲ្យ​ស្ថិត​ក្រោម​ច្បាប់អាជ្ញាសឹក។ នេះ​ពិត​ជា​យុទ្ធសាស្រ្ត​ក្តៅ​ស៊ីរាក់ ត្រជាក់​ស៊ីជ្រៅ​មួយ​របស់​លោក​ចាន់អូចា ព្រោះ​ថា​ធ្វើ​ដូច​នេះ គឺ​ដើម្បី​កាត់​បន្ថយ​ការ​រិះគន់ ទិតៀន​ពី​មជ្ឈដ្ឋានជាតិ និង​អន្តរជាតិ ព្រម​ទំាង​ចង់​បង្ហាញ​ពី​ភាព​អព្យាក្រឹត​របស់​កងទ័ព។ អព្យាក្រឹត​នៅ​ត្រង់​ថា ការ​ដែល​លោក​សម្រេច​ចិត្ត​ធ្វើ​រដ្ឋប្រហារ​មក​ពី​គូបដិបក្ខ​ដែល​លោក​ហៅ​ឲ្យ​ចរចា​មិន​អាច​និយាយ​ចុះ​សម្រុង​គ្នា។

 
តាម​ពិត​ទៅ លោក​ចាន់អូចា​បាន​រៀបចំ​ជើងព្រួល​ធ្វើ​រដ្ឋប្រហារ​យោធា​តំាង​ពី​ប៉ុន្មាន​ខែ ក្រោយ​ផ្ទុះ​វិបត្តិ​ជាថ្មី​កាល​ពី ៨ខែ​កន្លង​ទៅ។ តែ​មក​ពី​លោក​គ្មាន​ឱកាស​នឹង​ធ្វើ​ឲ្យ​ចំ​កាលៈទេសៈ។ សម្រាប់​អ្នក​ខ្លះ​បាន​ចោទ​សួរ​ថា តើ​មាន​រឿង​អ្វី​កើត​ឡើង​នៅ​ក្នុង​ថ្ងៃ​ប្រជុំ​ទី២ រវាង​គូបដិបក្ខ​ដែល​មាន​លោក​ចាន់អូចា​ធ្វើ​ជា​អាជ្ញាកណ្តាល​កាល​ពី​ថ្ងៃទី២២ ឧសភា រហូត​ដល់​មាន​ការ​ប្រកាស​ធ្វើ​រដ្ឋប្រហារ ព្រម​ទំាង​ចាប់​ខ្លួន​អ្នកតំណាង​ចរចា​នៅ​កន្លែង​ប្រជុំ​ភ្លាមៗ​នោះ។ តែ​សម្រាប់​អ្នក​ទៀត​បាន​ឆ្លើយ​ច្បាស់ៗ​ថា នេះ​គ្រាន់​តែ​ជា​ឆាកល្ខោន​មួយ​របស់​លោក​ចាន់អូចា​ដើម្បី​បញ្ជាក់​ពី​ការ​ប្រកាស​រដ្ឋប្រហារ​របស់​លោក​ប៉ុណ្ណោះ។

តើ​លោក​ប្រាយុទ្ធ ចាន់អូចា​ជា​នរណា?

បច្ចុប្បន្ន​មាន​អាយុ ៦០ឆ្នំា លោក​ឧត្តមសេនីយ​ប្រាយុទ្ធ ចាន់អូចា​ត្រូវ​បាន​គេ​ហៅ​ថា ជា​ខ្លា​ថៃ។ ខ្លា​ថៃ​រូប​នេះ​មិន​ដែល​ញញើត​នឹង​លូកដៃ​ចូល​ក្នុង​រឿង​នយោបាយ​របស់​ប្រទេស​ទេ​នា​រយៈពេល​ប៉ុន្មាន​ឆ្នំា​ចុង​ក្រោយ​នេះ។ ឧត្តមសេនីយ​ចាន់អូចា​បាន​ទទួល​មុខ​តំណែង​ជា​មេទ័ព​ជើងគោក​កាល​ពី​ចុង​ឆ្នំា ២០១០។ តាម​ធម្មតា លោក​ត្រូវ​ចូល​និវត្តន៍​នៅ​ខែ​កញ្ញា ឆ្នំា ២០១៤ នេះ តែ​លោក​បាន​បញ្ចាក់​កាល​ពី​ថ្ងៃ​ប្រកាស​ប្រើ​ច្បាប់​អាជ្ញាសឹក​ទី២០ ឧសភា​កន្លង​ទៅ​ថា លោក​នឹង​មិន​ចូល​និវត្តន៍​ទេ ល្គឹក​ណា​វិបត្តិនយោបាយ​នៅ​មិន​ទាន់​បាន​ដោះស្រាយ​នោះ។ មួយ​វិញ​ទៀត លោក​ចាន់អូចា​ក៏​ធ្លាប់​បាន​ប្រកាស​ឲ្យ​ដឹង​តំាង​ពី​ថ្ងៃ​ដែល​លោក​ទទួល​មុខតំណែង​ជា​មេទ័ព​ជើងគោក​រួច​ហើយ​ថា លោក​មិនមែន​ជា​មេទ័ព​ដូច​អ្នក​ផ្សេង​ទេ តែ​ជា​មេទ័ព​ម្នាក់​ដែល​មាន​យោបល់​ច្រើន​ក្នុង​រឿង​នយោបាយ។

គេ​មិន​ត្រូវ​ភ្លេច​ទេ​ថា ឧត្តមសេនីយ​ប្រាយុទ្ធ ចាន់អូចា ជា​ឧត្តមសេនីយ​ម្នាក់​ដែល​គំាទ្រ​រាជានិយម​ពេញ​មុខ ព្រោះ​លោក​ធ្លាប់​ធ្វើ​ជា​មេឆ្មំា​ការពារ​មហាក្សត្រី​ថៃ​ស៊ីរិគីត​ក្នុង​ទសវត្ស​ឆ្នំា ៨០ និង​ជា​អ្នកប្រឆំាង​លោក​ថាក់ស៊ីន ព្រម​ទំាង​ពួកអាវក្រហម​ដោយ​មិន​រើសមុខ។ គឺ​ឧត្តមសេនីយ​រូប​នេះ​ឯង​ដែល​បាន​គំាទ្រ​ឲ្យ​មាន​រដ្ឋប្រហារ​ទម្លាក់​លោក​ថាក់ស៊ីន​ក្នុង​ឆ្នំា ២០០៦ និង​បាន​ចូលរួម​បញ្ជា​ឲ្យ​វាយបង្រ្កាប​លើ​ក្រុមបាតុករ​អាវក្រហម​ក្នុង​ទីក្រុង​បាងកក​កាល​ពី​ឆ្នំា ២០១០ ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ៩០នាក់ និង​របួស ១ ៩០០នាក់។ កាលណោះ លោក​ចាន់អូចា​ជា​មនុស្សខ្លំាង​ទី២ នៅ​ក្នុង​ទ័ពជើងគោក។ ប្រវត្តិរូប​នេះ ស បញ្ជាក់​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា ឧត្តមសេនីយ​ប្រយុទ្ធ ចាន់អូចា​មិនមែន​ជា​ឥស្សរជន​កណ្តាល​ទេ តែ​លំអៀង​ខាង​រាជានិយម និង​ពួកអាវលឿង។

ពួកអាវលឿង​បាន​ទទួល​អ្វី​ដែល​ពួក​គេ​ចង់​បាន

រដ្ឋប្រហារ​យោធា​ពេល​នេះ ពិត​ជា​ជោគជ័យ​មួយ​របស់​ក្រុមអាវលឿង​ដោយ​មិន​អាច​ប្រកែក​បាន​ទេ ព្រោះ​វា​ជា​លទ្ធផល​ដែល​ពួក​ប្រឆំាង​រដ្ឋាភិបាល​មួយ​នេះ​ចង់​បាន និង​រង់ចំា​តំាង​ពី​ដើម​មក។ តំាង​ពី​ថ្ងៃ​ផ្ទុះ​វិបត្តិ​ជា​ថ្មី​កាល​ពី ៨ខែ​មក មេបាតុករ​អាវលឿង​លោក​ស៊ូថេប​តែងតែ​បាន​ប្រើ​គ្រប់​មធ្យោបាយ​ទំាង​អស់​ដើម្បី​ឆ្កឹះឆ្កៀល​ឲ្យ​មាន​អំពើហិង្សា​នៅ​គ្រប់​ក្បួន​បាតុកម្ម​ទំាង​អស់។ ការ​ធ្វើ​យ៉ាង​នេះ​មក​ពី​ពួក​គេ​យល់​ថា បើ​អំពើហិង្សា​បាន​កើត​ឡើង​ឆ្លងរាលដាល​ក្រោម​ទ្រង់ទ្រាយ​ធំ មិន​អាច​គ្រប់គ្រង​បាន​ហើយ នោះ​កងទ័ព​ត្រូវ​តែ​ចេញ​មុខ​ធ្វើ​អន្តរាគមន៍​ដោយ​មិន​អាច​ចៀសរួច។ អន្តរាគមន៍​របស់​កងទ័ព​ដែល​គ្មាន​អ្វី ក្រៅ​ពី​រូបភាព​ធ្វើ​រដ្ឋប្រហារ​ទេ។ ដូច្នេះ​នៅ​ចំពោះ​មុខ គេ​អាច​និយាយ​បាន​ថា អ្នកឈ្នះ គឺ​ពួកលឿង រីឯ​អ្នក​ចាញ់ គឺ​ពួក​អាវក្រហម។ តែ​នេះ​មិន​មែន​មាន​ន័យ​ថា វិបត្តិនយោបាយ​ថៃ​ត្រូវ​ចប់​ត្រឹម​នេះ​ទេ។

សេណារីយ៉ូ​របស់​ឧត្តមសេនីយ​ប្រាយុទ្ធ ចាន់អូចា​នៅ​ថ្ងៃ​ខាង​មុខ
 
លក្ខណៈ​ពិសេស​នៃ​រដ្ឋប្រហារ​ក្នុង​ប្រទេស​ថៃ​នៅ​ត្រង់​ថា របប​យោធា​មិន​ដែល​បាន​បង្ហាញ​ពី​បំណង​ក្នុង​ការ​កាន់តំណែង​យូរ​អង្វែង​ទេ ពោល​គឺ​កាន់​អំណាច​តែ​មួយ​រយៈ​ដើម្បី​រៀបចំ​ការ​បោះឆ្នោត រួច​ក៏​ប្រគល់​អំណាច​ទៅ​ឲ្យ​ស៊ីវិល​ភ្លាមៗ។ ជាក់ស្តែង​ក្នុង​រដ្ឋប្រហារ​ឆ្នំា ២០០៦ របបសឹក​កាន់​អំណាច​ជាង ១ឆ្នំា​ប៉ុណ្ណោះ បើ​គិត​ពី​ថ្ងៃ​រដ្ឋប្រហារ​ទី១៩ កញ្ញា ឆ្នំា ២០០៦ និង​ការ​រៀបចំ​បោះឆ្នោត​ថ្ងៃទី២៣ ធ្នូ ឆ្នំា ២០០៧។ រដ្ឋប្រហារ​លើក​នេះ​ទៀត ក៏​ប្រហែល​ជា​មិន​ខុស​គ្នា​នឹង​រដ្ឋប្រហារ​លើក​មុនៗ​ទេ។ តែ​អ្វី​ដែល​របបសឹក​ត្រូវ​ពិចារណា​ឲ្យ​បាន​ស៊ីជម្រៅ​បន្តិច​នា​ពេល​នេះ គឺ​ការ​ផ្តើម​រៀបចំ​តាក់តែង​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី និង​ធ្វើ​កំណែទម្រង់​លើ​ច្បាប់​មួយ​ចំនួន ពិសេស​ច្បាប់​បោះឆ្នោត។

អ្នក​ដែល​មាន​តួនាទី​ធ្វើ​កិច្ចការ​នេះ គឺ​ព្រឹទ្ធសភា និង​តុលាការ​ធម្មនុញ្ញ​ដែល​របបសឹក​មិន​បាន​រំលាយ​ចោល​ទេ។ ច្បាប់​បោះឆ្នោត​ថ្មី​អាច​នឹង​រារំាង​បក្សពួក​ជំនិត​របស់​លោក​ថាក់ស៊ីន​មិន​ឲ្យ​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ ឬ​មួយ​ក៏​កំណត់​អំណាច​នាយករដ្ឋមន្រ្តី​ដើម្បី​បង្ការ​ទុក​នៅ​ក្នុង​ករណី​ណា​ដែល​ក្រុម​បក្សពួក​របស់​លោក​ថាក់ស៊ីន​វិល​មក​កាន់​អំណាច​ជា​ថ្មី។ សូម​ជម្រាប​ជូន​ថា លោក​ថាក់ស៊ីន​បាន និង​កំពុង​បន្ត​ក្លាយ​ជា​ឥស្សរជន​នយោបាយ​ថៃ​ម្នាក់​ដែល​មាន​អ្នកស្រឡាញ់​ងប់​បាត់​ស្រមោល​មិន​បាន និង​អ្នកស្អប់ មិន​ចង់ ឮ ឈ្មោះ។

ក្រៅ​ពី​នោះ នៅ​មាន​ព្រឹត្តិការណ៍​សំខាន់​មួយ​ទៀត​ដែល​បាន និង​កំពុង​អូស​បន្លាយ​វិបត្តិនយោបាយ​ថៃ​មក​ដល់​សព្វថ្ងៃ គឺ​ការ​ស្នងរាជ​បន្ត​ពី​ព្រះចៅ​ភូមិវិបុល អាឌូយ៉ាដេត​ដែល​មាន​ព្រះជន្ម ៨៦ព្រះវស្សា និង​កំពុង​មាន​ជម្ងឺធ្ងន់។ អ្វី​ដែល​គ្រប់​គ្នា​កំពុង​ចង់​ដឹង​នោះ​គឺ​ថា តើ​ក្រុមអាវលឿង ឬ​មួយ​ក៏​ក្រុមអាវក្រហម​ជា​អ្នក​កាន់អំណាច​នៅ​ថ្ងៃ​ផ្ទេរ​រាជបល្ល័ង្ក?។ បើ​ជា​ក្រុម​អាវលឿង ជា​រឿង​ល្អ តែ​បើ​ជា​ក្រុមអាវក្រហម គឺ​ពិបាក​បន្តិច ព្រោះ​ពួក​ប្រឆំាង​រាជានិយម​មួយ​នេះ​ប្រាកដ​ជា​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ប៉ុន្មាន​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ