អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អគ្គមគ្គទេសន៍គីម ជុងអ៊ុន​បន្ត​បោសសំអាត​សត្រូវ​ផ្ទៃក្នុង​ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​កូរ៉េខាងជើង ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​បាន​ដក​ចេញ​ពី​តំណែងកំពូល​ជា​ផ្លូវការ​មក លោក​ចាង សុងថេក​ដែល​ជា​ត្រូវ​ជា​ឱពុក មា របស់​អគ្គមគ្គទេសន៍​គីម ជុងអ៊ុន​ទើប​ត្រូវ​បាន​តុលាការ​យោធា​ពិសេស​កាត់ទោស​ប្រហារ​ជីវិត រួច​ប្រហារ​ជីវិត​ចោល​ភ្លាមៗ​នៅ​ថ្ងៃ​ព្រហស្បតិ៍ទី១២ ធ្នូ។ មាន​អាយុ ៦៧ឆ្នំា លោក​ចាង សុងថេក​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​មនុស្សខ្លំាង​លំដាប់ទី២ របស់​របប​កុម្មុយនិស្ត និង​ជា​អ្នកប្រៀនប្រដៅ​ក្មួយ​គីម ជុងអ៊ុន​ដែល​បាន​ស្នង​តំណែង​នៅ​ក្រោយ​មរណៈភាព​ឱពុក គឺ​លោក​គីម ជុងអ៊ីល​កាល​ពី​ខែ​ធ្នូ ឆ្នំា ២០១១។ អាមេរិក និង​កូរ៉េខាងត្បូង​បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​ស្ថានការណ៍​វិវត្តន៍​នៅ​កូរ៉េខាងជើង។

លោក​ចាង សុងថេក​កំពុង​ត្រូវ​បាន​ប៉ូលិស​​កូរ៉េខាងជើង​ពីរនាក់​គ្រាកជាប់​នៅ​ក្នុង​តុលាការ​យោធា
លោក​ចាង សុងថេក​កំពុង​ត្រូវ​បាន​ប៉ូលិស​​កូរ៉េខាងជើង​ពីរនាក់​គ្រាកជាប់​នៅ​ក្នុង​តុលាការ​យោធា
ផ្សាយពាណិជ្ជកម្ម

ព័ត៌មាន​ជុំវិញ​ការ​ចាប់ខ្លួន និង​ការ​ប្រហារ​ជីវិត​លោក​ចាង សុងថេក​ត្រូវ​បាន​ផ្តល់​ឲ្យ​ដោយ​សារព័ត៌មាន​ផ្លូវការ​កូរ៉េខាងជើង KCNA។ យោង​តាម​សារព័ត៌មាន KCNA លោក​ចាង សុងថេក ជា​មនុស្សក្បត់ជាតិ និង​បាន​ប្រព្រឹត្តិ​នូវ​ទង្វើ​មួយ​ចំនួន​ប្រឆំាង​នឹង​គណបក្ស ព្រម​ទំាង​ប្រឆំាង​នឹង​បដិវត្តន៍​ក្នុង​គោលបំណង​រំលំ​ថ្នាក់ដឹកនំា​គណបក្ស ផ្តួល​រំលំ​រដ្ឋាភិបាល​បច្ចុប្បន្ន។ ធ្ងន់ធ្ងរ​ជាង​នេះ និង​បើ​ផ្អែក​តាម​សារព័ត៌មាន KCNA ដដែល លោក​ចាង សុងថេក​បាន​ជាប់​ចោទ​ពី​បទ​ក្បត់​នឹង​ក្បួយ​ប្រុស​របស់​គាត់ គឺ​លោក​គីម ជុងអ៊ុន ព្រម​ទំាង​ឱពុក​របស់​លោក​គីម ជុងអ៊ុន គឺ​លោក​គីម ជុងអ៊ីល។

គួរ​រម្លឹក​ជូន​ថា មុន​នឹង​បន្ត​ធ្វើ​ការ​ជាមួយ​លោក​គីម ជុនអ៊ុន លោក​ចាង សុងថេក​ក៏​ធ្លាប់​បម្រើការ​ឲ្យ​លោក​គីម ជុងអ៊ីល​ដែរ។ ក្នុង​ពេល​នោះ លោក​គីម ជុងអ៊ីល​ក៏​ធ្លាប់​បាន​ដក​តំណែង​លោក​ចាង សុងថេក​ម្តង​ក្នុង​ឆ្នំា ២០០៤ មុន​នឹង​ហៅ​ឲ្យ​ត្រលប់​ចូល​មក​កាន់​តំណែង​ជា​ថ្មី​នៅ ២ឆ្នំា​ក្រោយ​មក ពោល​គឺ​ក្នុង​ឆ្នំា ២០០៦។ តែ​ផ្ទុយ​ពី​ឱពុក លោក​គីម ជុងអ៊ីល​បាន​ដក​តំណែង​លោក​ចាង សុងថេក រួច​សម្លាប់​ចោល​តែ​ម្តង។

សូម​បញ្ជាក់​ថា នៅ​ក្នុង​សវនា​កាត់ទោស​លោក​ចាង សុងថេក​ដោយ​តុលាការ​យោធា​ពិសេស លោក​ចាង សុងថេក​បាន​ប្រកាស​ទទួល​ស្គាល់​ថា លោក​ពិត​ជា​បាន​និង​កំពុង​រៀបចំ​គម្រោង​រដ្ឋប្រហារ​ទម្លាក់​ក្មួយប្រុស​គីម ជុងអ៊ុន ដោយ​បាន​បញ្ចុះបញ្ចូល​ក្រុម​មេទ័ព និង​ប្រជាជន​ឲ្យ​ងើបបះបោរ​ឡើង។

លោក​គីម ជុងអ៊ុន​លែងត្រូវ​ការ​ជំនួយ​របស់​ឱពុក មា

តំាង​ពី​ជំនាន់​លោក​គីម ជុងអ៊ីល រហូត​ដល់​ជំនាន់​លោក​គីម ជុងអ៊ុន លោក​ចាង សុងថេក​មាន​តួនាទី​ជា​អនុប្រធាន​គណៈកម្មការ​ការពារជាតិ​ដែល​ជា​ស្ថានប័នកំពូល និង​មាន​សិទ្ធិសម្រេច​កិច្ចការ​របស់​ប្រទេស។ នៅ​ក្នុង​ជំនាន់​លោក​គីម ជុងអ៊ីល លោក​ចាង សុងថេក​មិន​បាន​បញ្ចេញ​សកម្មភាព​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទេ គឺ​​ទើប​តែ​នៅ​ពេល​ដែល​លោក​​គីម ជុងអ៊ីល​ធ្លាក់​ខ្លួន​ឈឺ និង​ស្លាប់​ក្នុង​ខែ​ធ្នូ ឆ្នំា ២០១១ ទេ ដែល​លោក​ចាង សុងថេក​បាន​ផ្តើម​បង្កើន​ឥទ្ធិពល​អំណាច​របស់​ខ្លួន​បន្តិច​ម្តងៗ។ ក្នុង​នាម​ជា​ឱពុក មា លោក​ចាង សុងថេក​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​តម្រែតម្រង់​ផ្លូវ ព្រម​ទំាង​ជួយ​ប្រៀនប្រដៅ​ក្មួយ​ដែល​ទើប​តែ​ស្នង​តំណែង​ពី​ឱពុក។

ទន្ទឹម​គ្នា​នោះ លោក​ចាង សុងថេក​បាន​ដើរ​តួនាទី​ស្នូល​នៅ​ក្នុង​កិច្ចការ​នយោបាយ និង​យោធា​របស់​ប្រទេស ពិសេស​នៅ​ក្នុង​ផ្នែក​សេដ្ឋកិច្ច។ លោក​ចាង សុងថេក​បាន​ចេញ​មុខ​នៅ​ក្នុង​ការ​ចរចា​ជាមួយ​បរទេស ពិសេស​ជាមួយ​សម្ព័ន្ធមិត្ត​ចិន។ លោក​ចាង សុងថេក​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​មនុស្ស​កណ្តាលនិយម គឺ​មិន​ជ្រុលនិយម​ដូច​អ្នក​ផ្សេង​ទេ។ គឺ​ផ្តើម​ពី​ចំណុច​ហើយ​ដែល​លោក​ក្មួយ​គីម ជុងអ៊ុន​មាន​អារម្មណ៍​ថា អំណាចកំពូល​របស់​ខ្លួន​កំពុង​ទទួល​ការ​គំរាមកំហែង​ពី​ឱពុក មា។

តាម​ពិត​ទៅ លោក​គីម ជុងអ៊ុន​បាន​ដឹង​ខ្លួន​យូរ​ដែរ​មក​ហើយ តែ​នៅ​មិន​ទាន់​អាច​ធ្វើ​បាន ព្រោះ​ថា ទី១ ខ្លួនឯង​ទើប​តែ​ឡើង​កាន់​តំណែង​ថ្មីថ្មោង ទី២ មក​ពី​ខ្លួនឯង​មិន​ទាន់​បាន​ប្រមូល​មនុស្សជំនិត និង​គួរ​ឲ្យ​ទុកចិត្ត​ជុំវិញ​ខ្លួន និង​ទី៣​ដែល​សំខាន់​នោះ មក​ពី​អំណាចខ្លួនឯង​នៅ​មិន​ទាន់​បាន​ពង្រឹង​រឹងមំា​ដែល​ត្រូវ​ការ​បទពិសោធន៍​ជើងចាស់​របស់​ឱពុក មា។ តែ​បន្ទាប់​ពី​សំងំ​ពង្រឹង​អំណាច​បាន​ជាង ២ឆ្នំា​មក លោក​គីម ជុងអ៊ីល​លែង​ត្រូវ​ការ​ជើងចាស់​របស់​ឱពុក មា ទៀត​ឡើយ។

លោក​គីម ជុងអ៊ុន​កំពុង​ដក​ដាវ​សម្លាប់​ខ្លួន​ឯង !

ក្រោយ​ពី​ការ​ប្រហារជីវិត​លោក​ចាងសុងថេក ក្រុមប្រទេស​លោក​ខាង​លិច ពិសេស​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​ដែល​ជា​បងប្អូន​បង្កើត​គូសត្រូវ​របស់​កូរ៉េខាងជើង​កំពុង​ព្រួយ​បារម្ភ​ពី​ស្ថានការណ៍​វិវត្តន៍​នៅ​កូរ៉េខាងជើង។ ទីក្រុង​វ៉ាស៊ីនតោន​បាន​កត់សម្គាល់​ថា នេះ​ជា​ទង្វើ​ឃោរឃៅ​មួយ​ទៀត​ដែល​អនុវត្តន៍​ដោយ​របប​ផ្តាច់ការ​កូរ៉េខាងជើង និង​ថា អាមេរិក​នឹង​បន្ត​តាម​ដាន​ស្ថានការណ៍​នៅ​កូរ៉េខាងជើង​ជាមួយ​នឹង​ដៃគូ​ផ្សេង​ទៀត។ គួរ​ជម្រាប​ជូន​ថា ប៉ុន្មាន​ថ្ងៃ មុន​ការ​ប្រហារជីវិត​លោក​ចាង សុងថេក រដ្ឋអំណាច​ក្រុង​ព្យុងយ៉ាង​ក៏​បាន​ប្រហារជីវិត​មនុស្សជំនិត​ពីរ​នាក់​របស់​លោក​ចាង សុងថេក​ដែរ។ ដូច្នេះ​នៅ​​ថ្ងៃ​ខាង​មុខ រដ្ឋអំណាច​ក្រុង​ព្យុងយ៉ាង​នឹង​បន្ត​បោសសំអាត​មនុស្សជំនិត ជិត ឬ​ឆ្ងាយ​របស់​លោក​ចាង សុងថេក​ជា​បន្ត​ទៀត។

ពិតណាស់​ថា មក​ដល់​ម៉ោង​នេះ គ្រប់​គ្នា​បាន​ចាត់​ទុក​ទង្វើ​នោះ​ថា ជា​សេចក្តីសម្រេច​ធ្លាក់​មក​ពី​លោក​គីម ជុនអ៊ុន។ តែ​ការ​ពិត​ជាក់​ស្តែង​នោះ គេ​នៅ​មិន​ទាន់​អាច​ដឹង​ច្បាស់​ទេ ព្រោះ​វា​អាច​ជា​គំនាប​មក​ពី​បក្សពួក​ផ្សេង ឬមួយ​ក៏​ថា មក​ពី​លោក​គីម ជុងអ៊ុន​ស្តាប់​ការ​អុជអាល​របស់​មនុស្សជំនិត​ដែល​តាម​ពិត​ទៅ ពួក​នោះ​ទេ​តើ​ដែល​ចង់​ផ្តួលរំលំ​ខ្លួន​លោក​គីម ជុងអ៊ុន។

ក្រុម ឬ​បក្សពួក​នោះ គឺ​គ្មាន​នរណា​ក្រៅ​ពី​ក្រុម​យុវវ័យ​ជំនិត​នឹង​លោក​គីម ជុងអ៊ុន មាន​អាយុ​ស្រករ​លោក និង​ដែល​មិន​យល់ព្រម​តាម​នយោបាយ​គ្រប់គ្រង​ប្រទេស​របស់​ត្រកូល​គីម​ដែល​បាន​ធ្វើ​ឲ្យ​ស្ថានភាព​សេដ្ឋកិច្ច​កាន់​តែ​ដុនដាប​ទៅៗ។ និយាយ​យ៉ាង​ដូច​នេះ វា​ហាក់​ដូច​ជា​គេ​មាន​សុទិដ្ឋិនិយម​ខ្លំាង​ពេក។ តែ​ប្រសិន​បើ​ជា​ដូច្នោះ​មែន ការ​ដែល​លោក​គីម ជុងអ៊ុន​បាន​សម្លាប់​ឱពុក មា​ខ្លួនឯង វា​មិន​ខុស​អ្វី​ពី​ការ​ហែកសាច់​ឲ្យ​ខ្លា​ស៊ី​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ