អានតួអត្ថបទ
ជប៉ុន-កូរ៉េខាងជើង

ជប៉ុន​បារម្ភ​ពី​ការផ្ទុះ​បដិវត្តន៍​នៅ​កូរ៉េខាងជើង​ ក្រោយពី​ការ​បណ្តេញ​លោក​ចាង​ សុងថេក​

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១២ ធ្នូ​នេះ ប្រទេស​ជប៉ុន តាម​រយៈ​លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អ៊ីតស៊ូណូរី អូណូដេរ៉ា​បាន​អះអាង​ថា លោក​បារម្ភ​ខ្លាច​តែ​ការ​បណ្តេញ​លោក​ចាង សុងថេក​ចេញ​ពី​អំណាច​កន្លង​ទៅ​ក្លាយ​ជា​ភ្លើង​បញ្ឆេះ​ឲ្យ​មាន​ការ​ធ្វើ​បដិវត្តន៍​ទូទៅ​នៅ​កូរ៉េខាងជើង។ សូម​ជម្រាប​ជូន​ថា លោក​ចាង សុងថេក​ដែល​ត្រូវ​ជា​ឱពុក​មា​របស់​អគ្គមគ្គទេសន៍​គីម ជុងអ៊ុន និង​ជា​មនុស្សខ្លំាង​ទី២​នៅ​ក្នុង​របបកុម្មុយនិស្ត​ ត្រូវ​បាន​ក្មួយ​ខ្លួន​ឯង​ដក​អំណាច​កាល​ពី​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ។

Jang Song-Thaek​ ឱពុក​មា​របស់​អគ្គមគ្គទេសន៍កូរ៉េខាងជើង ​គីម ជុងអ៊ុន
Jang Song-Thaek​ ឱពុក​មា​របស់​អគ្គមគ្គទេសន៍កូរ៉េខាងជើង ​គីម ជុងអ៊ុន REUTERS/China Daily
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​វេទិកា​នៃ​ការ​ជញ្ជឹងគិត​ដែល​លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ជប៉ុន​អ៊ីតស៊ូណូរី អូណូដេរ៉ា​បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​ស្ថានការណ៍​នៅ​កូរ៉េខាងជើង បន្ទាប់​ពី​មាន​ការ​បណ្តេញ​មនុស្សខ្លំាងទី២ របស់​របប​កុម្មុយនិស្ត​ចេញ​ពី​អំណាច។ លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ជប៉ុន​បាន​ពិពណ៌នា​ថា រូបភាព​នៃ​ការ​ចាប់​គ្រាក​លោក​ចាង សុងថេក ​ចេញ​ពី​កៅអី​សភា​បាន​ធ្វើ​ឲ្យ​គេ​នឹក​ឃើញ​ដល់​ឆាក​នៃ​ការ​ធ្វើ​បដិវត្តន៍​វប្បធម៌​នៅ​ក្នុង​ប្រទេស​ចិន។ លោក​អ៊ីតស៊ូណូរី អូណូដេរ៉ា​បាន​បន្ថែម​ថា នេះ​ពិត​ជា​រូបភាព​មួយ​ដែល​អាច​នឹង​បញ្ឆះ​ឲ្យ​មាន​បដិវត្តន៍​ទូទៅ​មួយ​នៅ​កូរ៉េខាងជើង និង​ថា នេះ​ពិត​ជា​រឿង​មួយ​ដែល​លោក​កំពុង​​ព្រួយបារម្ភ​ខ្លំាង។

គួរ​ជម្រាប​ជូន​ថា​កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ របប​ក្រុង​ព្យុងយ៉ាង​បាន​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នូវ​ព័ត៌មាន​ស្តីពី​ការ​បណ្តេញ​លោក​ចាង សុងថេក​ចេញ​ពី​អំណាច។ លោក​ចាង សុងថេក​ដែល​ត្រូវ​ជា​ឱពុក មា របស់​អគ្គមគ្គទេសន៍​គីម ជុងអ៊ុននិង​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​មនុស្សខ្លំាង​ទី២ នៅ​ក្នុង​របបកុម្មុយនិស្ត​សព្វថ្ងៃ។

និយាយ​ពី​កូរ៉េខាងជើង និង​ជប៉ុន​វិញ ប្រទេស​ជិត​ខាង​ទំាង​ពីរ​នេះ​មិន​ត្រឹមតែ​គ្មាន​ទំនាក់ទំនង​ការទូត​រវាង​គ្នា​ប៉ុណ្ណោះ​ទេ តែ​ថែម​ទំាង​មាន​ភាព​តានតឹង​រវាង​គ្នា​ទៀត​ផង ពិសេស​ទាក់ទង​នឹង​រឿង​ចំណាប់ខ្មំាង​ជប៉ុន​ក្នុង​ទសវត្ស​ឆ្នំា ៧០ និង ៨០។ ក្រុង​តូក្យូ​បាន​ចោទ​ក្រុង​ព្យុងយ៉ាង​ពី​បទ​មិន​បាន​បំភ្លឺ​ឲ្យ​បាន​ច្បាស់លាស់​ជុំវិញ​ជោគវាសនា​របស់​ចំណាប់ខ្មំាង​ជប៉ុន​ដែល​នៅ​សេសសល់។ តែ​ក្រុង​ព្យុងយ៉ាង​ធ្លាប់​បាន​ពន្យល់​ថា រឿង​នោះ​ត្រូវ​បាន​ដោះស្រាយ​តំាង​ពី​ឆ្នំា ២០០០ ជាមួយ​នឹង​ការ​បញ្ជូន​ឲ្យ​ជប៉ុន​វិញ​នូវ​រូបចំណាប់ខ្មំាង​មួយ​ចំនួន និង​ថា អ្នកដែល​នៅ​សេសសល់​បាន​បាត់បង់​ជីវិត​អស់​ទៅ​ហើយ។

ទន្ទឹម​គ្នា​នេះ ភាព​តានតឹង​រវាង​ជប៉ុន និង​កូរ៉េខាងជើង​ក៏​បាន​កើត​ចេញ​ពី​ការ​ទាមទារ​របស់​ក្រុង​តូក្យូ​ឲ្យ​ក្រុង​ព្យុងយ៉ាង​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ និង​ការ​ផលិត​គ្រាប់កំាជ្រួច​មីស៊ីល។ កាល​ពី​ខែ​មេសា​កន្លង​ទៅ កូរ៉េខាងជើង​បាន​គំរាម​វាយប្រហារ​ជប៉ុន​ដោយ​ប្រើ​នុយក្លេអ៊ែរ ប្រសិន​បើ​ជប៉ុន​ចូល​លូកលាន់​ក្នុង​ជម្លោះ​នៅ​ឧបទ្វីប​កូរ៉េ​នោះ។ ការ​គំរាម​ពេល​នោះ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​លោក​រដ្ឋមន្រ្តី​ការពារជាតិ​ជប៉ុន​បាន​បញ្ជា​ឲ្យ​ទ័ពជប៉ុន​បាញ់​កម្ទេច​គ្រាប់មីស៊ីល​កូរ៉េខាងជើង​ទំាង​អស់​ដែល​គំរាម​អធិបតេយ្យភាព​របស់​ជប៉ុន។ តែ​ស្រាប់​នៅ​មួយ​ខែ​ក្រោយ​មក លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​ស៊ីនហ្សូ អាបេ​បាន​ប្រកាស​ឲ្យ​ដឹង​ថា លោក​ត្រៀមខ្លួន​ដើម្បី​បើកជំនួបកំពូល​ជាមួយ​លោក​គីម ជុងអ៊ុន​ក្រោម​លក្ខខណ្ឌ​មួយ​ចំនួន។ តែ​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ជំនួប​ណា​មួយ​នៅ​ឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ