អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​អូបាម៉ា​​​ទទួល​ជួប​​​​លោក​ត្រាំ​​ ដើម្បី​​​រៀបចំ​​​អន្តរកាល​​​នយោបាយ​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃព្រហស្បតិ៍​នេះ ប្រធានាធិបតី​ផុតអាណត្តិអាមេរិក​​ ​អូបាម៉ា ទទួលជួប​​​ដូណាល់ ត្រាំ និង​ភរិយា នៅ​សេតវិមាន ដើម្បីពិភាក្សា​ពិ​ការរៀបចំ​អន្តរកាល​នយោបាយ។ លោកស្រីមេឡានៀ នឹង​ក្លាយជា​ស្ត្រី​ទី១ បន្ត​ពី​ភរិយា​លោក​អូបាម៉ា។

លោកត្រាំ និង​ភរិយា
លោកត្រាំ និង​ភរិយា REUTERS
ផ្សាយពាណិជ្ជកម្ម

ខាង​បេក្ខនារី​ចាញ់ឆ្នោត​ ហ៊ីលឡារី គ្លីនតុន​ វិញ ម្សិលមិញ បាន​ថ្លែង​សន្ទករថា សុំអោយ​អ្នកគាំទ្រ​​​បក្ស​ប្រជាធិបតេយ្យ​ទទួលស្គាល់​បរាជ័យ​ ក្នុង​ការ​បោះឆ្នោត។ លោកស្រីគ្លីនតុន​ ថែមទាំង​បង្ហាញ​​បំណង​ចង់ធ្វើការ​ជាមួយ​លោក​ត្រាំ​ទៀតផង។ ​នៅ​តាមទីក្រុង​ជាច្រើន នៅ​សហរដ្ឋ​អាមេរិក ប្រជាជន​រាប់ពាន់​នាក់ បាន​នាំគ្នា​បាតុកម្ម​ប្រឆាំង​នឹង​លោក​ដូណាល់ ត្រាំ។ ​​

​មុននេះ​ប៉ុន្មាន​ថ្ងៃ គ្មាន​អ្នកណា​គិតថា លោក​អូបាម៉ា​អាច​នឹង​ទទួល​ជួប​លោក​ត្រាំទេ
អ្នកណា​ក៏បាន​មើលឃើញ​ដែរពី​បុគ្គលិក​លក្ខណៈ​របស់​លោក​ត្រាំ ថា​លោកត្រាំ​ជា​មនុស្ស​កាច និង​ច្រងេងច្រងាង ​មាន​ចរឹត​រាងជម្លើយ​បន្តិច ​​​ថែមទាំង​​មាន​រឿងអាស្រូវ​បំពានភេទ​ស្រីៗ​ជាដើម។ ទាក់ទង​រឿងផ្ទាល់ខ្លួន​ជាមួយ​លោកអូបាម៉ា ​លោកត្រាំ​ធ្លាប់​សង្ស័យថា លោក​អូបាម៉ា​មិនបាន​កើតក្នុងទឹកដី​អាមេរិក ដែលជា​លក្ខខណ្ឌ​ដើម្បី​កាន់អំណាច​ប្រធានាធិបតី ទៀតផង។ ​

ទោះយ៉ាងនេះ​ក្តី ​ក្នុង​នាម​ជា​ប្រធានាធិបតីអាមេរិក​ លោក​អូបាម៉ា​ត្រូវតែ​បំភ្លេច​រឿងផ្ទាល់ខ្លួន ត្រូវតែ​គោរព​ការចង់បាន​របស់​ពលរដ្ឋ​ដែលបានបោះឆ្នោត​អោយ​លោកត្រាំ ឡើងបន្ត​អំណាច​ពីលោក។ ក្រោយ​ដូណាល់ ត្រាំ​ ជាប់ឆ្នោត លោក​អូបាម៉ា​ក៏បាន​អបអរ​លោកត្រាំ​ដែរ។ ​

រឿង​អាស្រូវ​បុគ្គលិក​លក្ខណៈ​ផ្ទាល់ខ្លួន របស់​លោកត្រាំ ​​ជា​រឿង​បុគ្គល ជារឿង​អតីតកាល​របស់​លោកត្រាំ។ គេមិនត្រូវ​យកវា​មកលាយឡំ​ជាមួយ​កិច្ចការ​ដឹកនាំ​ប្រទេស​ទេ។ ​ក្នុង​ការ​ឃោសនា​កន្លងមក បក្ស​ប្រជាធិបតេយ្យ​បានវាយប្រហារ​លោក​ត្រាំ ទាក់ទង​រឿង​ផ្ទាល់ខ្លួន​​ តែ​ក៏នៅតែ​មិនអាច​ធ្វើអោយ​លោកត្រាំ បរាជ័យ។ ដូច្នេះ យុទ្ធសាស្ត្រ​នេះ​គ្មាន​ប្រយោជន៍​អ្វិ​សម្រាប់​បក្ស​ប្រជាធិបតេយ្យ​​តទៅទៀតទេ។ ប្រជាជន​អាមេរិក​ចង់​បានការផ្លាស់ប្តូរ។

ដូច្នេះ ​គ្រប់អ្នកនយោបាយ​ពេលនេះ ត្រូវតែ​សម្លឹង​មើល​អនាគត ពេល​លោកត្រាំ​ត្រូវកាន់​អំណាច​វិញ​ប្រសើរជាង។ ​លោកត្រាំ​គ្មានបទពិសោធន៍​នយោបាយ​បន្តិចណាឡើយ។ បកុ្ស​ប្រជា​ធិបតេយ្យ ក៏ដូចជា​លោក​អូបាម៉ា ​​​​មានតែ​ត្រូវ​ផ្តល់យោបល់​យ៉ាងណា ដើម្បី​អាច​អោយ​លោកត្រាំ​ក្លាយជា​ប្រធានាធិបតី​ដ៏ល្អ​ម្នាក់ ដើម្បី​បន្ត​ដោះស្រាយ​​បញ្ហា​ជាតិ​តែ​ប៉ុណ្ណោះ។ ​គេក៏ត្រូវ​គិតដល់​​​​ចំណុច​ល្អ​របស់​លោកត្រាំដែរ ព្រោះ​អ្នកណា​ក៏មានចំណុច​ល្អ​របស់គេដែរ។ ​ជាក់ស្តែង ​​មុនជាប់ឆ្នោត លោក​ត្រាំ​បានប្តេជ្ញា​​​ចិត្ត​មុតមាំ​ ថា​នឹង​ធ្វើជា​ប្រធានាធិបតី​​របស់​ពលរដ្ឋ​​អាមេរិក​គ្រប់រូប។

មិនខ្វះទេ អ្នក​មានបទពិសោធន៍​នយោបាយ ដែល​ចង់ធ្វើការ​អោយ​​លោកត្រាំ
លោកត្រាំគ្មាន​បទពិសោធន៍​នយោបាយ​សោះ ដូច្នេះ លោក​ត្រូវចាប់ផ្តើម​ពីចំណុចសូន្យ​ទៅ។ ខុសពី​លោកស្រី​គ្លីនតុន ដែល​បានត្រៀម​រៀបចំ​ក្រុមការងារ​រដ្ឋាភិបាល​រួចស្រេច​ហើយនោះ ​លោកត្រាំ​មិនបាន​​ត្រៀមអ្វី​ធុំដុំ​​ទេ។ លោក​មិនបាន​រៀបចំ​ក្រុមការងារ​ផ្នែកទំនាក់ទំនង​អន្តរជាតិ រឺ​ក្រុមជំនាញ​យោធា​អ្វីទេ ​ព្រោះ​លោក​ប្រហែល​​​មិនបានគិតពីមុន​មកទេ ថា​លោក​​អាច​ជាប់ឆ្នោត​​​​។

ក្នុងការឃោសនា​កន្លងមក លោក​គ្រាន់តែ​បានបង្ហាញ​ឈ្មោះអ្នកគាំទ្រ​លោក​មួយចំនួន​ប៉ុណ្ណោះ មាន​ដូចជា​​ អតីត​ចៅហ្វាយក្រុងញូវយក លោក​ហ្គូល្យានី ជាដើម។ ទោះយ៉ាង​នេះក្តី ​ពេលនេះ​ ​​អ្នកដែលត្រូវ​​​ធ្វើជា​អនុប្រធានាធិបតី គឺ​លោក​ ម៉ែក ផិន Mike Pence អាយុ​៥៧ឆ្នាំ ជាតំណាងរាស្រ្ត​​បក្ស​សាធារណរដ្ឋ។

លោក​ផិន មាន​ទេពកោសល្យ​ផ្នែក​ទំនាក់​ទំនង។ លោកជា​អ្នកអភិរក្ស ​គាំទ្រ​ប្រពៃណី​គ្រួសារ។ លោក​​ជា​អ្នក​ប្រឆាំង​ការរំលូត​កូន និង​អាពាហ៍ពិពាហ៍​អ្នកស្រលាញ់​ភេទដូចគ្នា​។ ​ពីមុនមក ​លោកមិនមែន​ជាអ្នកជំនិត​លោកត្រាំ​ទេ។ លោកម៉ែក ផិន ​មិនពេញចិត្ត​​គំនិត​​លោកត្រាំ​ដែល​​ចង់​​ដាក់​នយោបាយ​ប្រឆាំង​ភេរវកម្ម ដោយ​ហាមឃាត់​​​​អ្នកកាន់សាសនា​អ៊ីស្លាម​ចូលដែនដី​អាមេរិក។
 ​
ដោយលោកត្រាំខ្វះបទពិសោធន៍​នយោបាយ មិនខ្វះទេ អ្នកដែល​ចង់​ចូលធ្វើការ​ជាមួយ​លោកដូណាល់ ត្រាំ មាន​ទាំង​អ្នកមកពី​​បក្ស​ប្រជាធិបតេយ្យ​ដែល​ចាញ់ឆ្នោត​ផងដែរ ទោះជា​ពីមុន​មក អ្នកទាំងនោះ​ស្អប់​លោកត្រាំ​ក៏ដោយ។ ​ក្នុង​នោះ​មានដូចជា​ លោក​ប៊ែរនី​ សាន់ដឺ សកម្មជន​សំខាន់​ដែលធ្លាប់​ប្រជែង​ជាមួយ​​លោកស្រី​គ្លីនតុន ​​ធ្វើជាបេក្ខជនឈរឈ្មោះ​អោយបក្ស​ប្រជាធិបតេយ្យ។ ​សូម្បី​លោកស្រី​ហ៊ីលឡារី គ្លីនតុ​ន ​ចាញ់ឆ្នោតទៅហើយ ​​ក៏​នៅស្រមៃ​ចង់​បន្ត​កិច្ចការ​​នយោបាយជាមួយ​លោកត្រាំ​ដែរ។ ​លោកស្រី បានស្នើខ្លួន​ធ្វើការ​ជាមួយ​លោកត្រាំ​ទៀតផង។ ​

លោកស្រីគ្លីនតុន៖លទ្ធផល​ឆ្នោត​ខុសពី​ការព្យាករណ៍ទុក សបង្ហាញ​ពី​ការបែកបាក់​រវាង​ពលរដ្ឋ​អាមេរិក
លោកស្រី គ្លីនតុន បាន​ខំទប់ចិត្ត​ និយាយ​ជំរុញ​អោយ​អ្នកគាំទ្រ​លោកស្រី អោយ​បក្ស​ប្រជាធិបតេយ្យ ​ព្រម​ទទួលស្គាល់​បរាជ័យ។ ការស្ទាបស្ទង់​មតិ​ដែល​បង្ហាញ​ថា លោកស្រី​នាំំមុខ​ តែ​ទីបំផុត​លោកស្រី​បែរជាត្រូវបាក់​មុខ​ ចាញ់ឆ្នោត ចាញ់​លោកត្រាំ ដែល​លោកស្រី​ធ្លាប់​វាយប្រហារ​ធ្ងន់ៗ​មិនប្រណីមាត់​ទៅវិញ។

ហ៊ីលឡារី​​​ធ្លាប់តែ​ទុកចិត្ត​ថា ប្រជាជន​ដើមកំណើត​អាមេរិក​ឡាទីន​​ អាច​បោះឆ្នោត​អោយ​លោកស្រី ព្រោះ​លោកត្រាំ ជា​អ្នកប្រឆាំង​​នឹង​ជនអន្តោប្រវេសន៍​មាន​ដើមកំណើត​នៅ​អាមេរិក​ឡាទីន​- ព្រោះ​លោកត្រាំ ធ្លាប់​ប្រកាស​សង់ជញ្ជាំង​ព្រំដែន​នៅ​ម៉ិចស៊ិក។ ​តែ​ប្រជាជន​ដើមកំណើត​អាមេរិក​ឡាទីន​ទាំងនេះ មានរហូត​ដល់​២៩ភាគរយ ​បែរជា​បោះឆ្នោត​អោយ​ដូណាល់ ត្រាំ​ទៅវិញ។ វា​ជាបរាជ័យ​ដែល​លោកស្រី​គ្លីនតុន​ពិបាក​​ទទួលយក​ណាស់។ ​

លោកស្រី​វាយតម្លៃ​ថា លទ្ធផល​ឆ្នោត ដែល​ខុសពី​ការព្យាករណ៍ទុក​​​នោះ សបង្ហាញ​ថា ​ពលរដ្ឋ​អាមេរិក​បាន​​បែកបាក់គ្នា។ ​យើងឃើញថា លោកត្រាំ​ជាប់ឆ្នោត​មែន តែ​ក៏មាន​ប្រជាជន​រាប់ពាន់នាក់ ​បានចុះ​បាតុកម្ម​នៅទូទាំង​សហរដ្ឋ​អាមេរិក​ប្រឆាំង​លោក​ដែរ។ វាពិតជាបង្ហាញ​ថា ប្រជាជន​អាមេរិ​ក​​បែកបាក់​គ្នា​មែនហើយ។

លោកស្រី គ្លីនតុន និង​លោក​អូបាម៉ា បាន​រំលឹកពលរដ្ឋ​គ្រប់រូប​​ឡើង​វិញ ពី​គោលការណ៍​នៃ​ការ​រួបរួមជាតិ ពីគោលការណ៍​​​​​ផ្សះផ្សា​គ្នា សម្រាប់​ពេល​តទៅមុខនេះ។​

គួរបញ្ជាក់ដែរ​​​ថា ​អ្នកបោះអោយត្រាំ ច្រើនតែ​ជាជនជាតិ​ស្បែកស ​ជា​បុរសៗ ​ជាអ្នក​មិនសូវ​ជា​បាន​រៀនសូត្រ​ខ្ពង់ខ្ពស់ ដល់កម្រិត​មហាវិទ្យាល័យ។ ពួកគេ​ពិតជា​ពិបាក​នឹង​​​​ទុកចិត្ត​អ្នកដែល​រៀនចេះដឹង​ដូចលោកស្រី​គ្លីនតុន​ណាស់។

ក្នុងចំណោមអ្នកបោះឆ្នោត​ជនជាតិ​ស្បែកស​ដែល​មានអត្រា​៧០ភាគរយ​​ ​មាន​៥៨ភាគរយ​គាំទ្រ​​លោកដូណាល់ ហើយ​៣៧ភាគរយបោះឆ្នោត​​អោយ​លោកស្រី​ហ៊ីលឡារី។ ចំណែក​អ្នក​មិនពេញចិត្ត​ទាំង​លោកត្រាំ​ ទាំង​លោកស្រី​គ្លីនតុន វិញ ទីបំផុត​​ ​១៨ភាគរយ​ ​​បានសម្រេច​បោះឆ្នោត​អោយ​​លោកត្រាំ។ នេះ​​ក៏ប្រហែល​ជាពួកគេ​ចង់​បានការ​ផ្លាស់ប្តូរក្នុង​ប្រទេស​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ