អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​អូបាម៉ា​សន្យា​ចេញ​ក្រឹត្យ​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​យប់ថ្ងៃ​អង្គារ​ លោក​អូបាម៉ា​បាន​ថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំ​ (State of the Union) នៅ​ចំពោះ​មុខ​សភា​ពេញ​អង្គ​អាមេរិក។ ជា​សន្ទុរកថា ដែល​ផ្តោត​សំខាន់​ទៅលើ​នយោបាយ​ក្នុង​ប្រទេស។ លោក​អូបាម៉ា​បាន​ប្រកាស​ថា​លោក​នឹង​ចេញក្រឹត្យ​មួយ ដំឡើង​ប្រាក់ឈ្នូល​អប្បបរមា​នៃ​បុគ្គលិក​រដ្ឋ​សហព័ន្ធ ហើយ​បាន​ជំរុញ​ឲ្យ​សភា​អនុម័ត​ច្បាប់ ដើម្បី​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​ដល់​និយោជិត​ទូទៅ នៅទូទាំង​ប្រទេស។

លោក​អូបាម៉ា ពេល​ថ្លែង​សន្ទុរកថា​ប្រចាំឆ្នាំ មុខ​សភា​ពេញអង្គ ថ្ងៃ​អង្គារ ទី២៨មករា ២០១៤
លោក​អូបាម៉ា ពេល​ថ្លែង​សន្ទុរកថា​ប្រចាំឆ្នាំ មុខ​សភា​ពេញអង្គ ថ្ងៃ​អង្គារ ទី២៨មករា ២០១៤ REUTERS/Larry Downing
ផ្សាយពាណិជ្ជកម្ម

 

នៅ​ក្នុង​សន្ទុរកថាប្រចាំឆ្នាំ​​នេះ លោក​អូបាម៉ា​បាន​លើកឡើង​ពី​បញ្ហា​អន្តរជាតិ​មួយ​ចំនួន ដូចជា ​អ៊ីរ៉ង់ អាហ្វហ្កានីស្ថាន មន្ទីរឃុំឃាំង​នៅ​ Guantanamo ការប្រែប្រួល​អាកាសធាតុ ជាដើម។ ក៏ប៉ុន្តែ អ្វី​ដែល​ជាអាទិភាព​ខ្ពស់​ជាងគេ នៅ​ក្នុង​សន្ទុរកថា​ជាង​១ម៉ោង​នេះ គឺ​លោក​អូបាម៉ា​​ផ្តោត​ទៅលើ​នយោបាយ​ក្នុង​ស្រុក ជាពិសេស ទាក់ទង​នឹង​បញ្ហា​សេដ្ឋកិច្ច និងសង្គម។

លោក​អូបាម៉ា​បាន​រិះគន់​សភា​អាមេរិក ដែល​មិនព្រម​អនុម័ត​ច្បាប់​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ហើយ​បាន​ប្រកាស​ថា លោក​នឹង​ចេញ​ក្រឹត្យ​មួយ​ខ្លួនឯង ដើម្បី​​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​របស់​បុគ្គលិក​ ដែល​បម្រើ​ការ​ឲ្យ​រដ្ឋាភិបាល​សហព័ន្ធ ពី ៧,២៥ដុល្លារ ទៅ ១០,១០ដុល្លារ​ក្នុងមួយម៉ោង ពោលគឺ កើនឡើង ​ជិត ៤០%។

ក្នុងឋានៈ​ជា​ប្រធានាធិបតី​ លោក​អូបាម៉ា​មាន​អំណាច​ចេញ​ក្រឹត្យ​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា តែ​ចំពោះ​បុគ្គលិក​ ដែល​បម្រើ​ការ​ឲ្យ​រដ្ឋាភិបាល​សហព័ន្ធ​ប៉ុណ្ណោះ ដោយ​​មិន​អាច​ប៉ះពាល់​ដល់​ប្រាក់ឈ្នួល​អប្បបរមា​របស់​និយោជិត​ទូទៅ នៅ​ទូទាំង​ប្រទេស​បានទេ។

ការដំឡើង​ប្រាក់ឈ្នួលអប្បបរមា ដែល​លោក​អូបាម៉ា​បាន​សន្យា​​ នៅ​ក្នុង​សន្ទុរកថា​ប្រចាំឆ្នាំ​នេះ ទាក់ទង​តែ​នឹង​បុគ្គលិក​មួយផ្នែក​​​តូចមួយប៉ុណ្ណោះ។ ក៏ប៉ុន្តែ វា​ជា​កាយវិកា​ដែល​មាន​តម្លៃ​ជា​សារនយោបាយ​ដ៏​សំខាន់មួយ ដើម្បី​បង្ហាញ​ថា ការ​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា គឺ​ជា​អាទិភាព​ដ៏ធំមួយ​របស់​លោក​អូបាម៉ា ក៏ដូចជា របស់​គណបក្ស​ប្រជាធិបតេយ្យ។ ប្រសិនបើ​ការ​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​នេះ​មិន​អាច​ធ្វើ​ទៅបាន​​នៅទូទាំង​ប្រទេស គឺ​មក​ពី​សមាជិក​សភា​គណបក្ស​សាធារណរដ្ឋ ដែល​មាន​សំឡេង​ភាគច្រើន​នៅ​រដ្ឋសភា ដែល​ជា​អ្នក​​​ជំទាស់​មិន​ឲ្យ​ច្បាប់​នេះ​ចេញរួច។
 
ស្រប​នឹង​ពេល​ដែល​ការបោះឆ្នោត​សភា​ពាក់កណ្តាល​អាណត្តិ ជិតឈាន​ចូល​មក​ដល់ នេះ​​គឺ​ជា​សារនយោបាយ​ដ៏សំខាន់​មួយ ទៅកាន់​សមាជិក​សភា​មក​ពី​គណបក្ស​សាធារណរដ្ឋ និង​ជាពិសេស ទៅកាន់​ពលរដ្ឋ​អាមេរិក​ជាទូទៅ។
 
តាំងពីដើម​មក គេសង្កេតឃើញ​ថា នៅ​រាល់​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ម្តងៗ គណបក្ស​របស់​ប្រធានាធិបតី​ច្រើនតែ​ត្រូវ​បាត់បង់​សំឡេង នៅ​ក្នុង​សភា។

រហូតមកទល់​នឹង​ពេលនេះ គណបក្ស​សាធារណរដ្ឋ ដែល​ជា​បក្ស​ប្រឆាំង បាន​កាន់កាប់​សំឡេង​ភាគច្រើន នៅ​រដ្ឋសភា​រួចទៅហើយ ដោយ​កាន់កាប់​អាសនៈ​ច្រើន​ជាង​គណបក្ស​ប្រជាធិបតេយ្យ​រហូតដល់​ទៅ ៣៣អាសនៈ។ គណបក្ស​ប្រជាធិបតេយ្យ​ក៏​​មិន​រំពឹង​ថា​នឹង​អាច​ដណ្តើម​កាន់កាប់​រដ្ឋសភា​បាន​មកវិញដែរ នៅ​ក្នុងការ​បោះឆ្នោត នៅខែ​វិច្ឆិកា​នេះ។

អ្វី​ដែល​លោក​អូបាម៉ា និង​គណបក្ស​ប្រជាធិបតេយ្យ​ខិតខំ​ធ្វើ​នៅ​ពេលនេះ គឺ​ព្យាយាម​ធ្វើយ៉ាងណា​​រក្សា​សំឡេង​ភាគច្រើន​នៅ​ក្នុង​ព្រឹទ្ធសភា​ឲ្យបាន។ បើ​មិន​ដូច្នោះ​ទេ លោក​អូបាម៉ា​ប្រាកដ​ជា​នឹង​ត្រូវ​ចំណាយពេល​ពីរឆ្នាំ​ចុងក្រោយ​នៃ​អាណត្តិ​របស់​លោក ប្រឈមមុខ​នឹង​សភា ដែល​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​គណបក្ស​ប្រឆាំង​ទាំងស្រុង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ