អានតួអត្ថបទ
កម្ពុជា

កម្ពុជា​-កូរ៉េ ​បង្កើន​មិត្ត​ភាព​ តាម​រយៈ​ការ​ជួប​ជុំ ​​សកម្មភាព​កីឡា​ និង​វប្បធម៌

​ស្ថានទូត​កូរ៉េ​ ប្រចាំ​កម្ពុជា ​បាន​រៀបចំ​ពិធី​ជួបជុំ ​ជា​លើក​ដំបូង​ រវាង​ពលរដ្ឋ​កម្ពុជា ​និង​ពលរដ្ឋ​កូរ៉េ ​ដែល​បំរើ​ការងារ​ក្នុង​ក្រុមហ៊ុន​សហគ្រាស​កូរ៉េ ​នៅ​កម្ពុជា​។ ​ដើម្បី​បង្កើន​មិត្តភាព​រវាង​ប្រជាជាតិ​ទាំង​ពីរ​ ការ​ជួប​ជុំ​រយៈ​ពេល​ពេញ​មួយ​ថ្ងៃ​ នៅ​ថ្ងៃ​សៅរ៍​ ទី​១៨​តុលានេះ​ នៅ​ស្តាត​អូឡាំពិក ​ក្នុង​រាជធានី​ភ្នំពេញ ​មាន​សកម្មភាព​កីឡា​ជា​ច្រើន​ ដូចជា​ ការ​ប្រកួត​បាល់ទះ​ និង​រត់​បណ្តាក់​ រួម​ទាំង​សកម្មភាព​វប្បធម៌ ​របាំ ​និងការ​បង្ហាញ​សំលៀក​បំពាក់​ប្រពៃណី​កម្ពុជា​ និង​កូរ៉េ​។

កម្មវិធី​ចិត្ត​តែមួយ​ “One Mind Festival”​ ត្រូវ​បាន​ស្ថានទូត​កូ​រ៉េ​ប្រចាំ​កម្ពុជា​ រៀប​​ចំ​​ឡើង​​ដើម្បី​អោយ​មាន​ភាព​ជិត​ស្និត​រវាង​ប្រជាជន​កម្ពុជា ​និង​កូរ៉េ។​
កម្មវិធី​ចិត្ត​តែមួយ​ “One Mind Festival”​ ត្រូវ​បាន​ស្ថានទូត​កូ​រ៉េ​ប្រចាំ​កម្ពុជា​ រៀប​​ចំ​​ឡើង​​ដើម្បី​អោយ​មាន​ភាព​ជិត​ស្និត​រវាង​ប្រជាជន​កម្ពុជា ​និង​កូរ៉េ។​ RFI/ Ly Meng Hour
ផ្សាយពាណិជ្ជកម្ម

កម្មវិធី​ចិត្តតែមួយ “One Mind Festival”​ ត្រូវបានស្ថានទូតកូរ៉េប្រចាំកម្ពុជា រៀបចំឡើង​ ដើម្បី​ផ្តល់​​ឱកាសដល់​ប្រជាជនខ្មែរ និងប្រជាជនកូរ៉េ បានស្វែងយល់គ្នា​ទៅវិញទៅមក​ កាន់តែស៊ី​ជំរៅ និង​ដើម្បី​​ឈានទៅរ​ក​មិត្តភាព​ ដែលពិតប្រាកដ។​

កម្មវិធីជួបជុំ នៅស្តាតអូឡាំពិក រយៈពេលពេញមួយថ្ងៃ នៅថ្ងៃសៅរ៍នេះ មានការចូលរួមពី​មន្ត្រីរដ្ឋាភិបាលកម្ពុជា និងកូរ៉េ ក្រុមហ៊ុន​សហគ្រាសកូរ៉េប្រចាំកម្ពុជា និង​បុគ្គលិកជាពលរដ្ឋ​ខ្មែរ។ សកម្មភាពកីឡាជាច្រើន ត្រូវបានធ្វើឡើង ដូចជាការ​ប្រកួតកាយសម្បទា បាល់ទះ បាល់​ទាត់ និងរត់បណ្តាក់គ្នា ជាដើម។​ សំណួរអំពីកូរ៉េ រួមទាំង​ការបង្ហាញរបាំប្រពៃណីខ្មែរ កូរ៉េ និងសម្លៀកបំពាក់ប្រពៃណីរវាងប្រទេសទាំងពីរ ក៏ត្រូវបានធ្វើឡើង​ផងដែរ។​

លោក គីម ហាន់ស៊ូ ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា បានលើកឡើងក្នុងពេលបើកកម្មវិធីជួបជុំ នៅ​ព្រឹកថ្ងៃសៅរ៍នេះ​ថា កម្ពុជា និងសាធារណរដ្ឋ​កូរ៉េ ឬប្រទេសកូរ៉េខាងត្បូង បានភ្ជាប់ទំនាក់​ទំនង​ការទូត​នឹងគ្នា​ឡើងវិញ កាលពីឆ្នាំ១៩៩៧​។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មាន​ចំនួន ៧៥០ លានដុល្លារ នៅឆ្នាំ២០១៣​។ រីឯចំនួនអ្នកទេសចរកូរ៉េ ចូលមកកម្ពុជា នៅ​ឆ្នាំ​២០១៣ មានចំនួន ៤៣ ម៉ឺននាក់។

តាមលោកឯកអគ្គរដ្ឋទូត បច្ចុប្បន្ន ពលរដ្ឋកូរ៉េ​ ដែលកំពុងស្នាក់នៅប្រទេសកម្ពុជា មានចំនួន​ប្រហែលជាង ៨ ពាន់នាក់​។ ចំណែក​ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅប្រទេសកូរ៉េវិញ មាន​ចំនួន​ប្រហែល ១ម៉ឺន ២ ពាន់នាក់​។ ម្យ៉ាងទៀត ក្រុមហ៊ុនរោងចក្រកូរ៉េ ដែលកំពុងដំណើរការ​នៅកម្ពុជា បានស្រូបយក​ប្រជាជនខ្មែរ​ឲ្យធ្វើការ​រាប់ម៉ឺននាក់​។

ចំណែកលោកអ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា​ជីវៈ បានកត់​សម្គាល់​​ពីកំណើន​អ្នកទេសចរកូរ៉េ ពាណិជ្ជកម្ម​ និងវិនិយោគកូរ៉េ នៅកម្ពុជា​ ដែលបាន​​កើន​ឡើង​ពីមួយឆ្នាំ​ទៅ​មួយឆ្នាំ​​។ ជាពិសេសលោករដ្ឋមន្ត្រី លើកឡើងថា នៅកម្ពុជាមានប្រជាជន​ខ្មែរធ្វើ​ការ​នៅតាមក្រុមហ៊ុន​ និងរោងចក្រ​កូរ៉េជាច្រើន​ ហេតុនេះ នាំឲ្យ​ការប្រាស្រ័យ​ទាក់​ទង​គ្នា គឺជាកត្តាមួយចាំបាច់​។

លោករដ្ឋមន្ត្រី ក៏បាន​បន្ត​លើកទឹកចិត្ត​ឲ្យក្រុមហ៊ុនរោងចក្រសហគ្រាសកូរ៉េ បន្តអនុវត្តច្បាប់​ស្តីពីការការងារ និងបទដ្ឋានការងារ​ ឲ្យបានល្អបន្ថែមទៀត ដើម្បីលើកកម្ពស់​នូវ​លក្ខខណ្ឌ​ការងារ ក្នុងភាព​សុខដុមរមនា​ក្នុងទំនាក់ទំនងវិជ្ជាជីវៈ​នៅកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ