អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

គណបក្ស​កាន់អំណាច​ចាញ់ឆ្នោត​នៅ​អូស្រ្តាលី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការបោះឆ្នោត​ជាតិ​នៅ​អូស្រ្តាលី​បាន​បិទ​បញ្ចប់ ហើយ​លទ្ធផល​បឋម​បង្ហាញ​ថា គណបក្ស​អភិរក្ស​និយម ដែល​ជា​បក្ស​​ប្រឆាំង បាន​​ទទួលជោគជ័យ ទៅលើ​គណបក្ស​របស់​លោក​នាយករដ្ឋមន្រ្តី Kevin Rudd។ ក្រោយពីបាន​កាន់អំណាច​រយៈពេល ៦ឆ្នាំ និង​ប្រឈមមុខ​នឹង​ជម្លោះ​ដណ្តើម​អំណាច​នៅ​ក្នុង​បក្ស គណបក្ស​ពលករ​អូស្រ្តាលី​ត្រូវ​របូត​អំណាច​ចេញ​ពី​ដៃវិញ។

លោក​នាយករដ្ឋមន្រ្តី​ Kevin Rudd (ឆ្វេង) និង​បេក្ខជន​បក្ស​ប្រឆាំង Tony Abbott
លោក​នាយករដ្ឋមន្រ្តី​ Kevin Rudd (ឆ្វេង) និង​បេក្ខជន​បក្ស​ប្រឆាំង Tony Abbott REUTERS/Daniel Munoz
ផ្សាយពាណិជ្ជកម្ម

សំណួរ-ជាដំបូង យើងចង់​ធ្វើការ​ចាប់អារម្មណ៍​បន្តិច​លើ​អត្រា​អ្នក​ចូលរួម​បោះឆ្នោត ពីព្រោះ យើងសង្កេតឃើញ​ថា តាំងពីដើម​មក អត្រា​អ្នកចេញ​ទៅបោះឆ្នោត​នៅ​អូស្ត្រាលី​មាន​មិនដែល​ក្រោម ៩០%​ទេ ដែល​នេះជា​អត្រា​ខ្ពស់​បំផុត ជាពិសេស បើ​ធៀប​នឹង​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​ផ្សេងទៀត។ តើ​ហេតុអ្វី​បាន​ជាពលរដ្ឋ​អូស្រ្តាលី​តែងតែ​នាំគ្នា​ចេញ​ទៅបោះឆ្នោត ក្នុង​អត្រា​ខ្ពស់​បែបនេះ?
 
តាមពិត មូលហេតុងាយយល់ទេ គឺ​ដោយសារ​តែ​នៅ​អូស្រ្តាលី ការចេញ​ទៅ​បោះឆ្នោត​មិនមែន​ត្រឹមតែ​ជា​សិទ្ធិទេ ប៉ុន្តែ វា​ជា​កាតព្វកិច្ច​ដែល​ត្រូវ​តែ​បំពេញ។ ច្បាប់​អូស្រ្តាលី កំណត់​ថា ពលរដ្ឋ ដែល​មាន​អាយុ​ចាប់ពី ១៨ឆ្នាំ​ឡើងទៅ មាន​កាត្វកិច្ច​ត្រូវ​តែ​ទៅ​ចុះឈ្មោះ​បោះឆ្នោត និង​​ចេញ​ទៅ​បោះឆ្នោត។ អ្នកណា​​ដែល​មិនចេញ​ទៅ​បោះឆ្នោត ដោយ​គ្មានមូលហេតុ​ត្រឹមត្រូវ​ នឹង​ត្រូវ​ទទួល​ការ​ផាកពិន័យ​ជា​ប្រាក់ ២០ដុល្លារ​អូស្រ្តាលី (ប្រហែល ១៨ដុល្លារ​អាមេរិក)។

ដូច្នេះ​ហើយ​បាន​ជា​អត្រា​អ្នក​ចេញ​ទៅ​បោះឆ្នោត នៅ​អូស្រ្តាលី​តែងតែ​មាន​កម្រិត​ខ្ពស់។
 
សំណួរ-តើ​ការ​កំណត់​ឲ្យ​ពលរដ្ឋ​ត្រូវ​តែ​ចេញ​ទៅ​បោះឆ្នោត​នេះ មាន​នៅ​ប្រទេស​ណា​ផ្សេងទៀត ឬ​ក៏​មាន​តែ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​មួយទេ?
 
បើ​គិត​មក​ទល់​នឹង​សព្វថ្ងៃ​នេះ យើងឃើញ​ថា នៅទូទាំងពិភពលោក មាន​ប្រទេស​ទាំងអស់​ជាង ២០ ដែល​មាន​ច្បាប់​កំណត់​ឲ្យ​ពលរដ្ឋ​ត្រូវ​តែ​ចេញ​ទៅ​បោះឆ្នោត ប៉ុន្តែ ក្នុង​ចំណោម​ប្រទេស​ទាំងអស់​នេះ មាន​ជាង​ពាក់​កណ្តាល ដែល​គេ​លែង​អនុវត្ត​ច្បាប់នេះ​ទៀត​ហើយ។ មានន័យថា កាតព្វកិច្ច​ចេញ​ទៅ​បោះឆ្នោត នៅតែ​មាន​ចែង​ក្នុង​ច្បាប់ ក៏ប៉ុន្តែ បើ​ពលរដ្ឋ​ណា​មិនទៅ​បោះឆ្នោត ក៏​អាជ្ញាធរ​មិន​រករឿង​អ្វី​ដែរ។

សព្វថ្ងៃ​នេះ ប្រទេស​ដែល​នៅ​បន្ត​​អនុវត្ត​ច្បាប់​​ស្តីពី​ការ​កំណត់​កាតព្វកិច្ច​​ឲ្យ​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត ក្រៅពី​អូស្រ្តាលី នៅមាន​ប្រទេស​មួយចំនួន​ផ្សេងទៀត ដូចជា សិង្ហបុរី ប្រេស៊ីល​ អាហ្សង់ទីន ជាដើម។ គិត​ជា​សរុបទាំងអស់ មាន ១០ប្រទេស នៅទូទាំង​ពិភពលោក។
 
សំណួរ-ធម្មតា​សិទ្ធិបោះឆ្នោត គឺ​ជា​សិទ្ធិជាមូលដ្ឋាន ក្នុង​របប​ប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ បើ​បង្ខំ​ឲ្យ​ប្រជាជន​ចេញ​ទៅបោះឆ្នោត តើ​វា​មិន​ជា​ការផ្ទុយ​នឹង​គោលការណ៍​ប្រជាធិបតេយ្យ​ទៅវិញ​ទេ​ឬ​?
 
ចំពោះ​រឿងនេះ គេឃើញ​មាន​ទឡ្ហីករណ៍​ខុសៗគ្នា។ អ្នកដែល​ប្រឆាំង​នឹង​​ការបង្កើត​ច្បាប់​បង្ខំ​ឲ្យ​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត គេ​យល់ថា នេះ​គឺ​ជា​ការ​ធ្វើ​ផ្ទុយ​នឹង​គោលការណ៍​ប្រជាធិបតេយ្យ គឺ​ជា​ការ​រំលោភ​លើ​សិទ្ធិសេរីភាពរបស់​ប្រជាជន។ ក៏ប៉ុន្តែ មាន​អ្នក​ខ្លះ​ទៀត គេយល់ថា វាជារឿង​ល្អ ពីព្រោះ វាជំរុញ​ឲ្យ​ពលរដ្ឋ​ចូលរួម​ក្នុង​ជីវិត​នយោបាយ​របស់​ប្រទេស​ជាតិ ហើយ​ជាពិសេស កាលណា​អ្នកចេញ​ទៅ​បោះឆ្នោត​មាន​អត្រាកាន់តែ​ខ្ពស់ វា​ធ្វើ​ឲ្យ​សភា និង​រដ្ឋាភិបាល ក៏​កាន់តែ​មាន​ភាព​ស្របច្បាប់។

ក៏ប៉ុន្តែ បើ​មើលទៅលើ​ចំនួន​ប្រទេស ដែល​នៅបន្ត​អនុវត្ត​ច្បាប់​បង្ខំ​ពលរដ្ឋ​ឲ្យ​ចេញ​ទៅបោះឆ្នោត សព្វថ្ងៃ​នេះ យើងអាច​សន្និដ្ឋាន​បាន​ថា មតិភាគច្រើនចង់​ឲ្យ​ការ​បោះឆ្នោត​ធ្វើឡើង​ទៅតាម​គោលការណ៍ស្ម័គ្រចិត្ត។ ការបោះឆ្នោត គឺ​ជា​សិទ្ធិ ហើយ​មិនមែន​ជា​កាតព្វកិច្ច។
 
សំណួរ-យើង​ត្រឡប់​មក​និយាយ​ពី​លទ្ធផល​បោះឆ្នោត​វិញ។ តាមលទ្ធផល​​បឋម​ គឺ​គណបក្ស​ប្រឆាំង​របស់​លោក​ Tony Abott ជា​អ្នក​ទទូលជោគជ័យ លើ​គណបក្ស​របស់​លោក​ Kevin Rudd ហើយ​ជោគជ័យ​ដោយ​ទទួល​បាន​សំឡេង​យ៉ាងច្រើន​លើសលុប។ យើងចាំបាន​ថា កាល​ពី​៦ឆ្នាំមុន ​លោក Kevin Rudd ធ្លាប់​ជា​អ្នកនយោបាយ​ដ៏មាន​ប្រជាប្រិយភាព ហើយ​បាន​​ទទួល​ជ័យជម្នះ​យ៉ាង​សន្ធឹកសន្ធាប់​ ក្នុងការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០០៧។ តើ​មាន​បញ្ហា​អ្វី ក្នុងរយៈពេល ៦ឆ្នាំ​កន្លងទៅនេះ ដែល​ធ្វើ​ឲ្យ​លោក Kevin Rudd ត្រូវ​ទទួលបរាជ័យ​យ៉ាង​ជូរចត់ ក្នុងការ​បោះឆ្នោត​ថ្ងៃនេះ?
 
បើយើងពិនិត្យ​មើល​ជាទូទៅ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ យើងឃើញ​ថា នៅ​តាម​ប្រទេស​ប្រជាធិបតេយ្យ ហើយ​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន គណបក្ស​កាន់អំណាច​ច្រើន​តែ​ធ្លាក់​ប្រជាប្រិយភាព ក្នុង​ការបោះឆ្នោត ដោយសារ​តែ​​មាន​វិបត្តិ​សេដ្ឋកិច្ច៖ សេដ្ឋកិច្ច​គ្មាន​កំណើន ហើយ​ជាពិសេស ប្រជាជន​អត់ការងារធ្វើ​មាន​ច្រើន។ ប្រជាជន​ក៏នាំគ្នា​ទម្លាក់​ការទទួលខុសត្រូវ​ទៅលើ​រដ្ឋាភិបាល ហើយ​នាំគ្នា​ចង់​ផ្លាស់ប្តូរ​មេដឹកនាំ។

ប៉ុន្តែ នៅ​អូស្រ្តាលី យើងឃើញ​ថា គណបក្ស​កាន់អំណាច​របស់​លោក Kevin Rudd បាន​ការ​ចាត់ចែង​បញ្ហា​សេដ្ឋកិច្ច​បាន​ល្អ​គ្រាន់បើ​ដែរ។ អត្រា​កំណើន​សេដ្ឋកិច្ច នៅ​ត្រីមាស​ទី២ ឆ្នាំ​២០១៣​នេះ មាន​រហូតដល់​ទៅ ២,៦%។ ទាបជាង ៣% ដែល​ជា​អត្រា​កំណើន​ជា​មធ្យម ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក៏ប៉ុន្តែ វាជា​អត្រា​កំណើន​សេដ្ឋកិច្ច​មួយ​ខ្ពស់ បើ​ធៀប​នឹង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ផ្សេងទៀត។ អត្រា​អ្នក​អត់ការងារ​ធ្វើ​ក៏ដូចគ្នា មាន​ប្រហែល​ជា ៥,៥% ដែល​ជា​អត្រា​មួយខ្ពស់ តែ​បើធៀប​នឹង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ផ្សេងទៀត ដូចជា អាមេរិក ដែល​មាន​ជាង ៧% ហើយ​តំបន់​អឺរ៉ុប រហូតដល់​ទៅ១២% យើងឃើញ​ថា អត្រា​អ្នក​អត់ការងារធ្វើ​នៅ​អូស្រ្តាលី ក៏ហាក់ដូចជា​មិនខ្ពស់​ខ្លាំង​ប៉ុន្មាន​ដែរ។

ដូច្នេះ បញ្ហា​សេដ្ឋកិច្ច គួរតែ​មិនមែន​ជា​មូលហេតុ​ចម្បង​​នៃ​បរាជ័យ​របស់​លោក Kevin Rudd និង​គណបក្ស​ពលករ​អូស្រ្តាលីទេ។ មូលហេតុ​ចម្បងជាងនេះ​ទៅទៀត គឺ​ជម្លោះ​ផ្ទៃក្នុង​បក្ស កាល​ពី​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ រវាង​ក្រុម​របស់​លោក​ Kevin Rudd និង​ក្រុម​របស់​លោកស្រី Julia Gillard។ ដំបូង ​លោកស្រី Gillard រៀបចំ​បោះឆ្នោត​ដណ្តើម​តំណែង​ជា​ប្រធានបក្ស និង​តំណែង​នាយករដ្ឋមន្រ្តី​ពី​​លោក Kevin Rudd។ ក្រោយមកទៀត ខាងក្រុម​លោក Kevin Rudd មក​ទម្លាក់​លោកស្រី​ Gillard ហើយ​ដណ្តើម​យក​តំណែង​នាយករដ្ឋមន្រ្តី​វិញ។​

ជម្លោះ​ដណ្តើម​អំណាច​គ្នា​​នៅ​ផ្ទៃ​ក្នុង​គណបក្ស​ វាអាចធ្វើ​ឲ្យ​ប្រជាជន​បាត់បង់ទំនុកចិត្ត​លើ​មេដឹកនាំ​បក្ស ក្នុងការ​គ្រប់គ្រង​ប្រទេសជាតិ។ ប្រជាជន​អាច​នាំគ្នា​គិត​ថា បើត្រឹមតែ​នៅ​ក្នុង​បក្ស​គ្នា​ឯង គ្រប់គ្រង​មិនបាន​ល្អ ចុះទម្រាំ​ប្រទេស​ជាតិទាំងមូល តើ​ដឹកនាំ​ម៉េចនឹងបាន?

ដូច្នេះ​ហើយ​បាន​ជា​ យើងឃើញ​ថា គណបក្ស​ប្រឆាំង​បាន​យក​ជម្លោះផ្ទៃក្នុង​​បក្ស​​​នេះ​ មកធ្វើ​​​ជា​ចំណុចចម្បងមួយ  ដើម្បី​​វាយប្រហារ​លើ​គណបក្ស​ពលករ របស់​លោក Kevin Rudd កាលពី​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កន្លងទៅនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ