អានតួអត្ថបទ
អូស្ត្រាលី

អូស្ត្រាលី​ដាក់ចេញ​យុទ្ធសាស្រ្ត​ដើម្បី​ទាញ​ផលចំណេញ​ពី​ការ​អភិវឌ្ឍ​នៃ​តំបន់​អាស៊ី

នៅថ្ងៃ​អាទិត្យ​នេះ រដ្ឋាភិបាល​អូស្រ្តាលី​បាន​ចេញផ្សាយជាសាធារណៈ នូវ​ផែនការ​យុទ្ធសាស្រ្ត​មួយ ដើម្បី​​ទាញផលចំណេញ​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច នៅ​ក្នុង​តំបន់​អាស៊ី ដែល​បច្ចុប្បន្ន​នេះ កំពុងតែ​ក្លាយ​ទៅជា​ក្បាល​ម៉ាស៊ីន​ដ៏ធំបំផុត នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក។ មហិច្ឆតា​របស់​អូស្រ្តាលី គឺ​ចង់​ចូល​ក្នុងចំណោម​​ប្រទេស​ទាំង ១០ ដែល​ប្រជាជន​មាន​ប្រាក់ចំណូល​ខ្ពស់​បំផុត នៅលើ​ពិភពលោក ឲ្យបាន​នៅ​ឆ្នាំ​២០២៥។

លោកស្រី​ Julia Gillard នាយករដ្ឋមន្រ្តី​អូស្រ្តាលី
លោកស្រី​ Julia Gillard នាយករដ្ឋមន្រ្តី​អូស្រ្តាលី Reuters/Daniel Munoz
ផ្សាយពាណិជ្ជកម្ម

នៅក្នុងការ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្រ្ត​នេះ លោកស្រី​នាយករដ្ឋមន្រ្តី​អូស្រ្តាលី ជូលីយ៉ា ហ្គីឡាដ (Julia Gillard) បាន​ថ្លែង​ថា “អូស្រ្តាលី​មិន​អាច​រំពឹង​​តែ​លើ​ព្រេងសំណាងនោះទេ។ អនាគត​របស់​យើង​ គឺ​វា​អាស្រ័យ​ទៅលើ​ជម្រើស​​ ដែល​យើង​ជ្រើសរើស​នៅពេលនេះ និង​អាស្រ័យទៅលើ​ទំនាក់ទំនង​របស់​យើង ចំពោះ​ប្រទេស​ក្នុង​តំបន់​ ដែល​យើង​រស់​នៅ”។

ជម្រើស​របស់​អូស្រ្តាលី នៅពេលនេះ គឺ​​ត្រូវ​បង្វែរ​នយោបាយ​ការបរទេស ពី​អឺរ៉ុប មក​អាស៊ី​វិញ... អាស៊ី ដែល​កំពុង​តែ​ឆ្លងកាត់​យុគសម័យ​រុងរឿង។ លោកស្រី​នាយករដ្ឋមន្រ្តី​អូស្រ្តាលី​បាន​កត់សម្គាល់ថា “សតវត្សរ៍​នេះ គឺ​ជា​សតវត្សរ៍ ដែល​អាស៊ី​នឹង​ក្លាយជា​មេដឹកនាំ​នៃ​ពិភពលោក”។ ហេតុដូច្នេះ​ហើយ​បាន​ជា​អូស្រ្តាលីដាក់ចំណងជើង​នៃ​ផែនការ​យុទ្ធសាស្រ្ត​របស់​ខ្លួន​ថា “​អូស្រ្តាលី ក្នុង​សតវត្សរ៍​អាស៊ី”។

ផែនការ​ជា​យុទ្ធសាស្រ្ត​នេះ​បាន​កំណត់​នូវ​គោលដៅ​ដ៏សំខាន់​មួយ គឺ នៅ​ឆ្នាំ​២០២៥​ខាងមុខ អូស្រ្តាលី​នឹង​ចូល​ក្នុង​ចំណោម​ប្រទេស​ទាំង១០ ដែល​ប្រជាជន​មាន​ប្រាក់​ចំណូល​ខ្ពស់​បំផុត នៅលើ​ពិភពលោក រួមជាមួយ​នឹង​កាតា សិង្ហបុរី ហុងកុង ព្រុយណេ អារ៉ាប់រួម និង​​សហរដ្ឋ​អាមេរិក ជាដើម។

ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នេះ អូស្រ្តាលី​ត្រូវ​តែ​បង្កើត​ទំនាក់ទំនង​ជាដៃគូ ជាមួយ​នឹង​បណ្តា​ប្រទេស​នៅ​អាស៊ី ដូចជា ចិន ឥណ្ឌា ឥណ្ឌូណេស៊ី ជប៉ុន និង​កូរ៉េ​ខាង​ត្បូង។ ១ភាគ៣ នៃ​សេដ្ឋកិច្ច​របស់​អូស្រ្តាលី​នឹង​ត្រូវ​ពឹងលើ​ការ​ដោះដូរ​ពាណិជ្ជកម្ម​ នៅ​អាស៊ី។ ដូច្នេះ ចាប់ពីពេលនេះ​ទៅ ទាំងនយោបាយ​ការបរទេស ទាំងវិស័យ​អប់រំ​របស់​អូស្រ្តាលី ចាំបាច់​ត្រូវ​តែ​យក​តំបន់​អាស៊ី​ធ្វើ​ជាគោល។

នៅ​តាម​សាលារៀន ការសិក្សា​ពី​តំបន់​អាស៊ី ត្រូវតែ​ជា​មុខវិជ្ជា​ស្នូល។ ភាសា​ចិន ជប៉ុន ឥណ្ឌូណេស៊ី ហ៊ីនឌី (ឥណ្ឌា) ជាដើម នឹង​ត្រូវ​ដាក់ជា​​ភាសាបរទេស​អាទិភាព សម្រាប់​សិស្ស​ និស្សិត​អូស្រ្តាលី។ ហើយ​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន សហគ្រាស របស់​អូស្រ្តាលី មាន​ការ​យល់ដឹង​កាន់តែ​ច្រើន​ ពី​តំបន់​អាស៊ី។

រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​អូស្រ្តាលី​វិញ​បាន​លើកឡើង​ថា នៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ អាស៊ី​នឹង​ក្លាយទៅជា​តំបន់ ដែល​មាន​ការ​ផលិត និង​ការ​ប្រើប្រាស់​ផលិតផល និង​សេវាកម្ម​ច្រើន​ជាងគេ​បង្អស់ នៅលើ​ពិភពលោក។ នៅ​ចុងទសវត្សរ៍​នេះ ផលិតផល​ក្នុងស្រុកសរុប​របស់តំបន់​​អាស៊ី នឹង​កើនឡើង​លើស​តំបន់​អឺរ៉ុប និង​អាមេរិក​ខាងជើង​បូកបញ្ចូល​គ្នា​ទៅទៀត។ ហើយ​នៅពេលនោះ ក្នុង​ចំណោម​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទាំង ១០ នឹង​មាន​ប្រទេស ៤ មកពី​អាស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ