ហ្វីលីពីន-អាមេរិក-ចិន៖ តើលោកឌុយទែរតេចង់បានអ្វីពិតប្រាកដ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:២៤
នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ លោកឌុយទែរតេ ប្រធានាធិបតីហ្វីលីពីន បានប្រើពាក្យសម្តីវាយប្រហារដោយធ្ងន់ៗទៅលើសហរដ្ឋអាមេរិក មួយលើកជាពីរលើក។ ក្រោយពីបានជេរប្រមាថលោកអូបាម៉ា លោកប្រធានាធិបតីហ្វីលីពីន បានប្រកាសបណ្តេញកងទ័ពអាមេរិកឲ្យចាកចេញពីទឹកដីហ្វីលីពីន។ ឥរិយាបថនេះកើតមានឡើង នៅក្នុងពេលដែលហ្វីលីពីនកំពុងតែមានការប្រឈមមុខយ៉ាងតានតឹងជាមួយចិន នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង ហើយវាបង្កើតឲ្យមានការចោទជាសំណួរថា តើលោកឌុយទែរតេចង់បានអ្វីពិតប្រាកដ? តើអ្វីទៅជានយោបាយការបរទេសរបស់លោក ជាពិសេស នៅក្នុងទំនាក់ទំនងជាមួយអាមេរិក និងជាមួយចិន?
នៅក្នុងទំនាក់ទំនងត្រីកោណ រវាងហ្វីលីពីន អាមេរិក និងចិន បើគេទុកមួយអន្លើនូវឥរិយាបថនិងពាក្យសម្តីរបស់លោកឌុយទែរតេ នៅក្នុងមួយរយៈកាលចុងក្រោយនេះ គេឃើញថា ហ្វីលីពីនគឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់អាមេរិក ហើយចំណងសម្ព័ន្ធភាពនេះត្រូវបានចងភ្ជាប់ជាផ្លូវការតាមផ្លូវច្បាប់ តាមរយៈសន្ធិសញ្ញាការពារជាតិទ្វេភាគី ដែលបានចុះ តាំងពីឆ្នាំ១៩៥១។ ម្យ៉ាងទៀត ជាទូទៅ ហ្វីលីពីនតែងតែបានចាត់ទុកអាមេរិកថាជាប្រទេសសម្ព័ន្ធមិត្តដ៏សំខាន់បំផុតនៅលើពិភពលោក ចំណែកអាមេរិកវិញ បានចាត់បញ្ចូលហ្វីលីពីនទៅក្នុងចំណោមប្រទេសសម្ព័ន្ធមិត្តចម្បងបំផុតរបស់អាមេរិកនៅក្រៅបក្សសម្ព័ន្ធអូតង់ (Major Non-NATO Ally) ពោលគឺ ស្ថិតនៅក្នុងកញ្ចប់តែមួយជាមួយនឹងប្រទេសជប៉ុន និងកូរ៉េខាងត្បូង។
ក្នុងពេលជាមួយគ្នា ហ្វីលីពីន និងចិន គឺជាគូជម្លោះដ៏ធំនៅក្នុងសមុទ្រចិនខាងត្បូង។ ជម្លោះដែលកំពុងតែមានភាពតានតឹងយ៉ាងខ្លាំង នៅក្រោយពីមានក្តីក្តាំទៅដល់តុលាការអាជ្ញាកណ្តាលអន្តរជាតិក្រុងឡាអេ ហើយដែលចិនត្រូវតុលាការកាត់ឲ្យចាញ់ក្តី តែចិនបដិសេធមិនគោរពតាម។
នៅក្នុងបរិបទនេះ ហ្វីលីពីនគួរណាស់តែពង្រឹងទំនាក់ទំនងជាមួយនឹងអាមេរិក ដើម្បីជួយទប់ទល់ជាមួយនឹងចិន។ ក៏ប៉ុន្តែ ផ្ទុយពីនេះទៅវិញ លោកឌុយទែរតេបានប្រើពាក្យសម្តីជេរប្រមាថ និងរិះគន់យ៉ាងខ្លាំងៗ ម្តងហើយម្តងទៀត ទៅលើសហរដ្ឋអាមេរិក។
មានអ្នកជំនាញជាច្រើនយល់ឃើញថានេះគឺជាការនិយាយឲ្យរួចតែពីមាត់ទៅតាមការច្រឡោត និងការខ្វះបទពិសោធន៍ខាងការទូត ជាជាងការបង្ហាញពីការផ្លាស់ប្តូរនយោបាយការបរទេសណាមួយ ពីព្រោះ ម្យ៉ាងគេសង្កេតឃើញថា ពាក្យសម្តីជេរប្រមាថគ្រោតគ្រាតដែលលោកឌុយទែរតេបានប្រើកន្លងមក មិនមែនប្រើតែទៅលើលោកអូបាម៉ា និងសហរដ្ឋអាមេរិកតែមួយនោះទេ។ លោកបាន គីមូន អគ្គលេខាធិការអ.ស.ប និងរហូតដល់សម្តេចប៉ាបក៏ធ្លាប់ទទួលរងការវាយប្រហារដោយពាក្យសម្តីយ៉ាងធ្ងន់ៗពីលោកឌុយទែរតេបែបនេះដែរ ហើយគេក៏គួរតែកត់សម្គាល់ផងដែរថា ការប្រើពាក្យសម្តីគ្រោតគ្រាតអស់ទាំងនេះ ជាពិសេស ចំពោះអាមេរិក និងអ.ស.ប គឺកើតមានឡើង នៅក្នុងពេលដែលលោកឌុយទែរតេឆ្លើយតបទៅនឹងការរិះគន់អំពីការរំលោភសិទ្ធិមនុស្ស ដែលបង្កឡើងដោយយុទ្ធនាការរបស់លោកក្នុងការបង្រ្កាបបណ្តាញជួញដូរគ្រឿងញៀន។
ម្យ៉ាងទៀតគេសង្កេតឃើញថា លោកឌុយទែរតេតែងតែបានផ្លាស់ប្តូរឥរិយាបថរបស់លោកជារឿយៗ។ មួយថ្ងៃជេរប្រមាថលោកអូបាម៉ា មួយថ្ងៃឡើងមកទៀត សម្តែងការសោកស្តាយ និងកែតម្រូវមកវិញថាមិនជេរសំដៅទៅលើលោកអូបាម៉ា។ មួយថ្ងៃប្រកាសបណ្តេញទាហានអាមេរិកចេញពីទឹកដីហ្វីលីពីន មួយថ្ងៃឡើងមកទៀត ប្រកាសថានឹងបន្តគោរពតាមអ្វីដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នាពីមុន ហើយការផ្លាស់ប្តូរឥរិយាបថ ម្តងក្តៅ ម្តងត្រជាក់បែបនេះ លោកឌុយទែរតេ និងរដ្ឋាភិបាលរបស់លោក ក៏ធ្លាប់ធ្វើដែរ ចំពោះចិន នៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង។
កាលពីដំបូង លោកឌុយទែរតេធ្លាប់បានរិះគន់ប្រធានាធិបតីចាស់ គឺលោកអាគីណូរឿងយកបញ្ហាសមុទ្រចិនខាងត្បូងទៅតុលាការក្រុងឡាអេ ដោយបានលើកឡើងថា ហ្វីលីពីនគួរដោះស្រាយជម្លោះនេះតាមរយៈការចរចាទ្វេភាគីជាមួយចិនជាជាងប្រើយន្តការតុលាការអន្តរជាតិ។ នៅពេលដែលតុលាការសម្រេចឲ្យហ្វីលីពីនឈ្នះក្តី រដ្ឋាភិបាលរបស់លោកឌុយទែរតេក៏មិនបានសម្តែងនូវការអបអរសាទរអ្វីខ្លាំងនោះដែរ ដោយនៅតែបន្តប្រកាន់ជំហរចង់ចរចាជាមួយនឹងចិន។
ក៏ប៉ុន្តែ ក្រោយមកលោកឌុយទែរតេបានផ្លាស់ប្តូរជំហរមកវិញ ដោយទាមទារឲ្យចិនប្រកាសទទួលស្គាល់សេចក្តីសម្រេចរបស់តុលាការជាមុន ទើបសុខចិត្តចរចា ហើយប៉ុន្មានខែក្រោយមកទៀត ក៏ស្រាប់តែប្តូរជំហរត្រឡប់ទៅវិញ ដោយអះអាងថា ហ្វីលីពីនអាចនឹងទុកសេចក្តីសម្រេចរបស់តុលាការក្រុងឡាអេមួយអន្លើ ហើយសុខចិត្តចរចាឈានទៅធ្វើអាជីវកម្មរួមគ្នាជាមួយចិនទៅលើធនធានធម្មជាតិក្នុងតំបន់ប្រជុំកោះជាប់ជម្លោះ មុននឹងលោកឌុយទែរតេដំឡើងសំឡេងមកវិញថា លោកនឹងធ្វើដំណើរដោយផ្ទាល់ទៅកាន់ប្រជុំកោះជាប់ជម្លោះ ដើម្បប្រឈមមុខនឹងចុងកាណុងរបស់កងទ័ពចិន ហើយយកទង់ជាតិហ្វីលីពីនទៅដោយនៅទីនោះ...
ការកែប្រែពាក្យសម្តី ផ្លាស់ប្តូរឥរិយាបថឥតឈប់ឈរបែបនេះហើយ ដែលធ្វើឲ្យគេពិបាកនឹងសន្និដ្ឋានឲ្យបានពិតប្រាកដថា តើលោកឌុយទែរតេចង់ជ្រើសដើរតាមផ្លូវណា នៅក្នុងទំនាក់ទំនងត្រីកោណ ជាមួយអាមេរិក និងចិន? ក៏ប៉ុន្តែ យ៉ាងហោចណាស់ នេះក៏អាចជាសញ្ញាមួយដែរបង្ហាញថា លោកឌុយទែរតេទំនងជានឹងមិនឱបក្រសោបអាមេរិកទាំងស្រុង ដើម្បីមកប្រឆាំងជាមួយនឹងចិនយ៉ាងពេញមុខ ដូចអ្វីដែលលោកអាគីណូតែងតែបានធ្វើកន្លងមកនោះដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ