អានតួអត្ថបទ
ហ្វីលីពីន-អាមេរិក

អាមេរិក​លុបចោល​ជំនួប​ជាមួយ​ហ្វីលីពីន​ក្រោយ​ពីលោក​ឌុយទែរតេ​ជេរប្រមាថ​លោក​អូបាម៉ា

លោក​ប្រធានាធិបតី​អាមេរិក​ Barack Obama បាន​លុប​ចោល ​កិច្ច​ប្រជុំ​ទ្វេ​ភាគី​ដ៏​កម្រ​មួយ​ជា​មួយ​មេ​ដឹក​នាំ​ហ្វីលីពីន​ លោក Rodrigo Duterte នៅ​ថ្ងៃ​អង្គារ ​ដែល​គ្រោង​ធ្វើ​ក្នុង​ប្រទេស​ឡាវ​នៅ​រសៀល​នេះ។​ ការ​លុប​ចោល​កិច្ចប្រជុំ​ទ្វេភាគី​នេះ​ កើត​ឡើង​ក្រោយ​ពី​លោក​ប្រធានាធិបតី​ហ្វីលីពី​បាន​ជេរ​ប្រមាថ​លោក​ Obama នៅ​ចំមុខ​អ្នកកាសែត​កាល​ពី​ថ្ងៃ​ចន្ទ​។​ ប៉ុន្តែ​លោក​ Duterte ក៏​បាន​សម្តែង​ការ​សោក​ស្តាយ​ភ្លាមៗដែរ​ ចំពោះ​ពាក្យ​ជេរ​ប្រមាថរបស់​ខ្លួន​។ 

លោក​ រ៉ូឌ្រីហ្គោ ឌុយទែរតេ ប្រធានាធិបតី​ហ្វីលីពីន ដែល​ល្បី​ខាង​​ប្រើ​ជេរប្រមាថ
លោក​ រ៉ូឌ្រីហ្គោ ឌុយទែរតេ ប្រធានាធិបតី​ហ្វីលីពីន ដែល​ល្បី​ខាង​​ប្រើ​ជេរប្រមាថ REUTERS/Lean Daval Jr
ផ្សាយពាណិជ្ជកម្ម

តាមគម្រោង​សម​ភាគី​ទាំង​ពីរ​គឺ​អាមេរិក​ និង​ហ្វីលីពីននឹ​ងត្រូ​វ​ជួប​គ្នានៅ​ថ្ងៃទី០៦ ​ខែ​កញ្ញានេះ ​ក្នុង​ទី​ក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ​ ជា​កន្លែង​ដែល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើ​ទី២៨ ​ត្រូវ​ធ្វើ​ឡើង​ ដើម្បី​ជជែក​គ្នា​ពី​បញ្ហា​ក្នុងតំបន់​។ 

កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​អាស៊ាន​ពេល​នេះ ​បាន​បើក​ឆាក​ជា​មួយនឹ​ង​សញ្ញាណ​នៃកា​រ​ធ្លាក់​ចុះ​នូវ​ចំណង​មិត្ត​​ភាពដ៏​ជិត​ស្និទ្ធរវាង​អាមេរិក​ និង​ហ្វីលីពីន ​ដែល​ពួក​គេ​ទាំង​ពីរ​នេះ​គឺ​ជា​សម្ព័ន្ធ​មិត្ត​ចាក់​ទឹក​មិន​លិចជាយូរមក​ហើយនោះ។  សញ្ញាណ​នៃភា​ព​ប្រេះ​ឆា​នេះ ​បាន​កើត​ឡើង​ ក្រោយ​ពី​មាន​ការ​ប្រមាថ​មួយ​ពី​លោ​ក​ប្រធានាធិប​តី​ហ្វីលីពីន​លើ​ប្រធានា​ធិប​តី​អាមេរិក ​ចាប់​តាំ​ង​ពី​លោក​បាន​ឡើង​កាន់​តំណែង​ នៅ​ថ្ងៃ​ទី៣០ ​ខែ​មិថុនា។

លោក​ Obama បានប្រកាស​ទាំង​ព្រឹក​ព្រលឹម​ នៅ​ថ្ងៃទី​០៦ ​កញ្ញា​នេះ ​ថា​កិច្ច​ប្រជុំ​ដែល​បាន​គ្រោង​ទុក​ របស់​ខ្លួន ជា​មួយ​លោក​ Duterte នេះ ត្រូវ​បាន​លុប​ចោល​ហើយ​។ អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​សន្តិសុ​ខ​ជាតិ​បាន​ថ្លែង​ពី​ក្រុងវ៉ាស៊ីន​តោន​ថា ​លោក​Obamaនឹង​មិន​ជួប​ប្រជុំ ​ទ្វេភាគី​ជា​មួយ​លោក​ Duterteទេ  នៅរ​សៀល​ថ្ងៃទី០៦ ​កញ្ញា​។

រឿង​នេះ​បាន​កើត​ឡើង​ក្រោយ​ពេល​ដែល​លោក​ Duterte បាន​ប្រើ​ពាក្យ​ច្រាសឆ្អេះ​លើ​លោក ​Obama កាល​ពី​ថ្ងៃចន្ទ ​ខណៈលោ​ក​បាន​ព្រមាន​ថា​លោក​មិន​ត្រូវ​ការ​ការ​បង្រៀន​ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ជុំវិញ​ការបង្រ្កាប​លើ​ឧ​ក្រិដ្ឋ​កម្ម​គ្រឿង​ញៀន​ក្នុង​ប្រទេស​ហ្វីលីពីន ​ដែល​បាន​សម្លាប់​មនុស្ស​ជាង​ ២.៤០០នាក់។​

លោក​ Duterte បាន​ប្រាប់​ទៅ​លោ​ក​អូបាម៉ា​តាម​អ្នក​កាសែត​ថា ​“អ្នក​ត្រូវ​តែ​មាន​ការ​គោរព។ កុំ​គ្រាន់​តែចោ​ទ​ជា សំណួរ​ និង​ចេញ​សេចក្តី​ថ្លែង​ការណ៍​។ “កូន​មីស្រី​ពេស្យា(Son of Whore)” ខ្ញុំ​នឹង​ដាក់​បណ្តា​សាអ្នក​នៅ​ក្នុង​វេទិកានោះ។

ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ការ​លុប​ចោល​កិច្ច​ប្រជុំ​ទ្វេភាគី​នេះ ​លោក​ Duterte ​បាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះការ​ប្រើ​ពាក្យ​ជេរ​ប្រមាថ​លើ​លោក​Obama​។ នេះ​បើ​តាម​សេច​ក្តី​ថ្លែង​ការណ៍​របស់​លោក ​Duterte នៅ​ថ្ងៃទី០​៦ ខែ​កញ្ញា។

សូម​បញ្ជាក់​ថា ​នេះ​មិន​មែន​ជា​លើក​ទី១ទេ ​ដែល​លោក ​Duterte បាន​ប្រើ​ពាក្យ​ជេរ​ប្រមាថ​លើ​បុគ្គល​សំខាន់​ៗក្នុង​នោះ​ក៏​មាន​សម្តេច​សង្ឃកាតូលិច​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ