អានតួអត្ថបទ

ប្រធានាធិបតី​ហ្វីលីពីនបណ្តេញ​ទាហាន​អាមេរិក​ចេញ​ពី​ទឹក​ដី

បន្ទាប់​ពី​បាន​ប្រើ​ពាក្យ​អសុរស ជេរ ប្រធានាធិបតី​អាមេរិក នៅ​ក្នុង​ជំនួប​កំពូល​អាស៊ាន ដែល​បង្ក​ឱ្យ​មាន​ភាព​ល្អក់កករ​ផ្នែក​ការទូតបន្តិច​មក នៅ​ថ្ងៃ​ចន្ទ​នេះ ប្រធានាធិបតីមាត់​ឆៅ ​ហ្វីលីពីន​ ឌុយទែរតេ បាន​ប្រកាស​ទាមទារ​ឱ្យ​កងកម្លាំង​ទ័ព​ពិសេស​អាមេរិក​ចាកចេញ​ពី​​ទឹកដី​ភាគ​ខាង​ត្បូង​ហ្វីលីពីន។ បើ​តាមប្រមុខ​រដ្ឋ​ម្នាក់​នេះ ខ្លាច​វត្តមាន​កងទ័ព​បង្ក​ការ​ស្មុគស្មាញ​ខ្លាំងដល់​យុទ្ធនាការ​បោសសម្អាត​ពួក​បះបោរ​អ៊ីស្លាម​ជ្រុល​និយម​ចង់​ផ្តាច់​ដី។

ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បណ្តេញ​កងទ័ព​អាមេរិក​ចេញ​ពី​ភាគ​ខាង​ត្បូង​ហ្វីលីពីន
ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បណ្តេញ​កងទ័ព​អាមេរិក​ចេញ​ពី​ភាគ​ខាង​ត្បូង​ហ្វីលីពីន REUTERS/Lean Daval Jr
ផ្សាយពាណិជ្ជកម្ម

កាលពី​សប្តាហ៍​មុន​ ប្រធានាធិបតី​ហ្វីលីពីន បាន​បង្ក​ភាព​ភ្ញាក់​ផ្អើល​ ដោយ​បាន​ធ្វើ​ទំនាក់ទំនង​ការទូត​ហ្វីលីពីន-សហរដ្ឋ​អាមេរិក​ តាម​រយៈ​សំដី​ជេរ​ដ៏​គ្រួតគ្រាត​ដាក់​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា នៅ​ថ្ងៃ​ចន្ទ​នេះ លោក ឌុយទែរតេ បាន​ចេញ​មុខ​ពន្យល់​ជា​សាធារណៈ​ ចង់​ឃើញ​កម្លាំង​កងទ័ព​ពិសេស​អាមេរិក ដែល​កំពុង​បង្វឹក​បង្ហាត់​ទាហាន​ហ្វីលីពីន​ នៅ​ភាគ​ខាង​ត្បូង​ប្រទេស ថា​ជា​ទិស​ដៅ​នៃ​ការ​វាយប្រហារ​ របស់​ពួក​ឧទ្ទាម​អ៊ីស្លាម​ជ្រុលនិយម​ចង់​ផ្តាច់​​ទឹក​ដី អាប៊ូសាយ៉ាស។

ហេតុដូច្នេះ​ហើយ​បាន​ជា​ ក្រុង​ម៉ានីល​ត្រូវ​ការ​ឃើញ​ កង​កម្លាំង​ពិសេស​អាមេរិក​នេះ ​ចាក​ចេញទឹកដី​​ហ្វីលីពីន។ លោក​ ឌុយទែរតេ បាន​ប្រកាស​ថា​មិន​ចង់​មានជម្លោះ​ជាមួយ​អាមេរិក​ទេ តែ​កងទ័ព​អាមេរិក​នោះ​ត្រូវ​ត្រលប់​ទៅ​ស្រុក​វិញ ព្រោះ​ពួក​វា (ពួក​ភេរវជន​អ៊ីស្លាម​ជ្រុល​និយម​អាប៊ូសាយ៉ាស បាន​ជ្រើសរើស​ទាហាន​អាមេរិក​នោះ​ជា​ផ្ទាំង​ស៊ីប ចង់​តាម​សម្លាប់ ឬ​ចាប់​ជំរិត ​ដើម្បី​ទារ​ប្រាក់​ថ្នូរ។

 
កងកម្លាំង​ពិសេស​អាមេរិក​ បាន​ទៅ​ឈរ​ជើង​នៅ​ភាគ​ខាង​ត្បូង​កោះ​ហ្វីលីពីន​ តាំង​ពី​ឆ្នាំ​២០០២​មក ប៉ុន្តែ​កម្មវិធី​នេះ​ត្រូវ​បាន​ផ្អាក​ទៅ​វិញ នៅ​ឆ្នាំ​២០១៥ ដោយ​មាន​រក្សា​​ទុក​នូវ​កង​ពល​តូច​មួយ សម្រាប់​ផ្តល់​​វគ្គ​បំពាក់បំប៉ន​បច្ចេកទេស​និង​ភស្តុភារ។

ខុស​ពី​ប្រធានាធិបតី​មុន ដែល​ពឹងពាក់​និង​បង្ហាញ​ភាព​ស្អិត​ល្មួត​ជាមួយ​វ៉ាស៊ីនតោន លោក​ឌុយទែរតេ តែង​តែចោទប្រកាន់​​​​អតីត​ម្ចាស់​​អាណានិគម​​អាមេរិកមួយ​នេះ​ថា មាន​ពុត​ត្បុត​ច្រើន ជាពិសេស​នៅ​ពេល​អាមេរិករិះគន់​នយោបាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន​របស់​ហ្វីលីពីន។ ​​ ក្រោយ​ពីបាន​ជេរ​លោក​អូបាម៉ា នៅ​ក្នុង​ជំនួប​អាស៊ាន សេចក្តី​ប្រកាស​របស់​ប្រធានាធិបតី​ហ្វីលីពីន​ថ្ងៃ​នេះ ឆ្លុះ​ឱ្យ​ឃើញ​អំពី​​ទស្សនៈ​វិស័យ​ថ្មី​របស់​ហ្វីលីពីនចំពោះ​​​ទំនាក់ទំនង​ជាមួយ​អាមេរិក​- ដែល​ធ្លាប់​តែ​តាំង​ខ្លួន​ជា​សម្ព័ន្ធមិត្ត​ដ៏​ជិត​ដិត​បំផុត​មួយ​របស់​វ៉ាស៊ីនតោន​នៅ​ក្នុង​តំបន់៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ