អានតួអត្ថបទ
កម្ពុជា

ឧបនាយក​រដ្ឋ​មន្ត្រី​៖ ​ប្រាយុទ្ធ​ថា​នឹង​គ្មាន​កម្លាំង​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​លើ​ទឹក​ដី​ថៃ​ឡើយ

ម្សិលមិញ ​លោក​ឧបនាយក​រដ្ឋមន្ត្រី​កម្ពុជា ​សុខ អាន ​បាន​បង្ហើប​ប្រាប់​នាយ​ទាហាន ​និង​ពល​ទាហាន​ នៅ​បញ្ជា​ការដ្ឋាន​អង្គរក្ស​ ដែល​ឈរ​ជើង​នៅ​ទិស​តំបន់​ប្រាសាទ​ព្រះវិហារ​ថា​ នាយក​រដ្ឋ​មន្ត្រី​ថៃ​«នឹង​មិន​អនុញ្ញាត​ឲ្យ​នរណា​កសាង​កម្លាំង​នៅ​ក្នុង​ប្រទេស​ថៃ ​ដើម្បី​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ឡើយ»។ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​កម្ពុជា ​ថ្លែង​ដូចនេះ​ បន្ទាប់​ពី​ជំនួប​រវាង​លោក ​ប្រាយុទុ្ធ​ ច័ន្ទ​អូ​ចា ​និង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុនសែន​ និង​បន្ទាប់​ពី​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​បាន​ចាប់​មនុស្ស​១០​នាក់​ដែល​គេ​សង្ស័យ​ថា​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​កម្លាំង​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​នៅ​លើ​ទឹក​ដី​ថៃ ​ក្រោម​ឈ្មោះ​ថា រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ។

លោក​ប្រាយុទ្ធ​ ច័ន្ទអូចា នាយក​រដ្ឋ​មន្ត្រី​ថៃ​។
លោក​ប្រាយុទ្ធ​ ច័ន្ទអូចា នាយក​រដ្ឋ​មន្ត្រី​ថៃ​។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ចា បាន​អះអាង​នៅ​ចំពោះមុខ​លោក ហ៊ុន សែន​ថា «នឹងមិន​អនុញ្ញាតឱ្យ​នរណា​កសាង​កម្លាំង​នៅក្នុង​ប្រទេស​ថៃ ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ឡើយ»។ បន្ទាប់ពី​ជំនួប​ទ្វេភាគី​នៅ​ថ្ងៃ​ព្រហស្បតិ៍ រវាង​នាយករដ្ឋមន្ត្រី​ថៃ និង​នាយករដ្ឋមន្ត្រី​កម្ពុជា ឧបនាយករដ្ឋមន្ត្រី​កម្ពុជា សុខ អាន បាន​បង្ហើប​រឿងនេះ​ប្រាប់​នាយទាហាន និង​ពល​ទាហាន នៅ​បញ្ជាការដ្ឋាន​អង្គរក្ស ទិស​តំបន់​ប្រាសាទព្រះវិហារ នៅ​ថ្ងៃ​សុក្រ។

អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណរដ្ឋមន្ត្រី បាន​ស្រង់​សម្ដី​របស់លោក សុខ អាន មក​ផ្សាយ​នៅលើ​វ៉េបសាយ​របស់ខ្លួន ក្នុងឱកាស​ដែល​លោក​ឧបនាយករដ្ឋមន្ត្រី ហែ​អង្គ​កឋិន​ទៅ​វត្ត​មរតក​តេ​ជោ​បុរី​ស្វរៈ ក្នុង​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត។ បើតាម​អង្គភាព​នេះ លោក សុខ អាន ដែលជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណរដ្ឋមន្ត្រី​ផង​នោះ បាន​ឆ្លៀត​ក្រើនរំលឹក​កងទ័ព​កម្ពុជា​នៅតាម​ព្រំដែន ឱ្យ​បន្ត«ការប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច​ដដែល» ថ្វីបើ​ក្នុងពេល​បច្ចុប្បន្ន«សភាពការណ៍​ចំពោះមុខ​បានល្អ​ប្រសើរ​ហើយ»ក្តី។

គួររម្លឹកថា កាលពី​ថ្ងៃទី២២ និង២៣ ខែតុលា សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​បាន​ចាប់​មនុស្ស​១០​នាក់ ដែល ជាប់​សង្ស័យថា​ពាក់ព័ន្ធ​នឹង​ការបង្កើត​កម្លាំងប្រដាប់អាវុធ ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា ក្នុងនាម​រណសិរ្ស​រំដោះជាតិ​ខ្មែរ។ រណ​សិ​រ្យ​នេះ​ត្រូវ​អាជ្ញាធរ​កម្ពុជា​អះអាង​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​បុគ្គល​ម្នាក់​ឈ្មោះ សម សេរី និង​ត្រូវបាន​ប្រកាស​បង្កើត​លើទឹក​ដី​ថៃ។

ចំពោះ លោក សុខ ទូច សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ​ខេមរៈ ការសន្យា​របស់​នាយក​រដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​ថៃ ដែល​ឡើងកាន់​អំណាច​តាមរយៈ​រដ្ឋប្រហារ​យោធា​នោះ «មិន[មាន]ធរមាន​ទេ ព្រោះ​ជា​រដ្ឋាភិបាល​មិន​ស្របច្បាប់»។ ទោះបីជា​យ៉ាងនេះ​ក្តី អ្នកវិភាគ​នយោបាយ​រូបនេះ អះអាងថា វា​ជាស​ញ្ញា​ប្រាប់​ទៅ​ចលនា​ប្រឆាំង​ទាំងឡាយ រួមទាំង​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ថា នេះ​ជា​សម្បទាន​របស់​រដ្ឋាភិបាល​ថៃ ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន ដែល​ទំនងជា​បាន«យល់ព្រម​មិន​លើក​អំពី​បញ្ហា​ប្រាសាទព្រះវិហារ​ក្នុងជំនួប​ទ្វេភាគី​នោះ» និង«បានទទួល​ស្គាល់​រដ្ឋាភិបាល​យោធា​របស់​លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ចា»។ លើសពីនេះ​ទៀត បើតាម​លោក សុខ ទូច រដ្ឋាភិបាល​កម្ពុជា​រប​ស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ទំនងជា​បាន​សន្យា​មិន​ឱ្យមាន​រដ្ឋាភិបាល​និរទេស​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅលើ​ទឹកដី​កម្ពុជា​ផងដែរ៕    

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ